នេះគឺជាការឆ្លើយតបទៅនឹងសំណួរមួយចំនួនដែលបានលើកឡើងជាញឹកញាប់ពីទំនាក់ទំនងរវាងជំងឺបេះដូង និងជំងឺកូវីដ១៩។
តើស្ថានភាពជំងឺបេះដូងរបស់ខ្ញុំអាចធ្វើឱ្យខ្ញុំប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ដែរឬទេ?
ជំងឺកូវីដ១៩ គឺជាជំងឺដែលងាយនឹងឆ្លងខ្លាំង ហើយអាចប៉ះពាល់ដល់អ្នកដែលកំពុងតែមានឬគ្មានជំងឺប្រចាំកាយក្តី។ អ្នកជំងឺភាគច្រើនដែលមានជំងឺកូវីដ១៩ នឹងមិនអាចចេញរោគសញ្ញា ឬមានអាការៈ «ដូចនឹងជំងឺផ្ដាសាយស្រាល» ដែរ។
ទោះជាយ៉ាងណាក៏ដោយ មានការប៉ាន់ស្មានថាប្រមាណពី ១០-២០ភាគរយនៃអ្នកជំងឺដែលឆ្លង អាចនឹងបង្កទៅជាអាការៈធ្ងន់ធ្ងរបានដូចជាជំងឺរលាកសួត និងជំងឺផ្សេងៗទៀតដែលអាចប៉ះពាល់ដល់អាយុជីវិត រួមមានរោគសញ្ញានៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ការមិនដំណើរការនៃប្រព័ន្ធរាងកាយផ្សេងៗ និងអាចបណ្តាលឱ្យស្លាប់។
អ្នកមានជំងឺបេះដូងក៏មានហានិភ័យស្មើគ្នាក្នុងការឆ្លងជំងឺកូវីដ១៩ ដូចអ្នកគ្មានជំងឺបេះដូងដែរ។ ក៏ប៉ុន្តែប្រសិនបើពួកគេឆ្លងមេរោគកូរ៉ូណានេះ ពួកគេមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺខ្លាំង ហើយអាចវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរ ដែលនេះត្រូវបានគេប៉ាន់ស្មានថាហានិភ័យនៃការស្លាប់ដោយសារជំងឺកូវីដ១៩ គឺខ្ពស់ជាង ៥ដងសម្រាប់អ្នកដែលមានជំងឺបេះដូង។
ដោយសារខ្ញុំមានជំងឺបេះដូងស្រាប់ ដូច្នេះតើការឆ្លងមេរោគកូរ៉ូណាអាចបណ្តាលឱ្យស្ថានភាពជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរដែរឬយ៉ាងណា?
អ្នកដែលមានជំងឺបេះដូងស្រាប់ដែលរាប់បញ្ចូលនូវជំងឺសរសៃឈាម ធ្លាប់គាំងបេះដូង ជំងឺខ្សោយបេះដូងឬជំងឺបេះដូងដែលមានតាំងពីកំណើត ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺខ្លាំង ប្រសិនបើពួកគេឆ្លងមេរោគកូរ៉ូណា។ ដូចគ្នានេះដែរ ស្ថានភាពជំងឺផ្សេងៗដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងការជក់បារី ក៏នឹងអាចបង្កើនហានិភ័យនៃការវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរ ប្រសិនបើឆ្លងជំងឺ។
អ្នកដែលមានការឆ្លងមេរោគកូរ៉ូណាខ្លះអាចរងនូវការវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរផ្នែកបេះដូងបាន ដូចជាការរងរបួសនៃសរសៃសាច់ដុំបេះដូង ចង្វាក់បេះដូងលោតមិនទៀងទាត់ និងបេះដូងមានការចុះខ្សោយ។
ដូច្នេះ ប្រសិនបើអ្នកដែលមានជំងឺបេះដូងស្រាប់ វាពិតជាមានហានិភ័យខ្ពស់ដែលជំងឺកូវីដ១៩អាចធ្វើឱ្យជំងឺបេះដូងកាន់តែធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យគាំងបេះដូង ព្រមទាំងចង្វាក់បេះដូងលោតមិនត្រឹមត្រូវដែលបង្កគ្រោះថ្នាក់ដល់ជីវិត ឬបេះដូងចុះខ្សោយយ៉ាងធ្ងន់ធ្ងរ។
ផលប៉ះពាល់រយៈពេលយូរនោះលើស្ថានភាពបេះដូង គឺមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
តើវេជ្ជបណ្ឌិតនឹងព្យាបាលខ្ញុំយ៉ាងដូចម្តេច ប្រសិនបើខ្ញុំឆ្លងជំងឺកូវីដ១៩ និងរងការប៉ះពាល់បេះដូង?
ការគ្រប់គ្រងស្ថានភាពជំងឺបេះដូងដូចជាជំងឺខ្សោយបេះដូង ជំងឺគាំងបេះដូងឬចង្វាក់បេះដូងលោតខុសចង្វាក់ គឺមិនខុសគ្នាពីថាតើមានឬគ្មានការឆ្លងមេរោគកូរ៉ូណានោះទេ។ អ្នកជំងឺបេះដូងនៅតែត្រូវការថ្នាំ ការវះកាត់ និងការព្យាបាលផ្សេងពីខាងមន្ទីរពេទ្យ។ ទោះជាយ៉ាងណាក៏ដោយក៏គ្រូពេទ្យ និងគិលានុបដ្ឋាយិការបស់អ្នកនឹងមានការប្រុងប្រយ័ត្នជាពិសេសដោយប្រើឧបករណ៍ការពារខ្លួន ដើម្បីធានាថាបុគ្គលិកថែទាំសុខភាពមិនបានឆ្លងមេរោគផងដែរ។
បញ្ហាចម្បងនៃជំងឺកូវីដ១៩ គឺការប៉ះពាល់សួតដែលជាមូលហេតុឱ្យមានផលវិបាកដល់បេះដូង ព្រមទាំងបណ្តាលមកពីជំងឺខ្វះអុកស៊ីសែន និងការរលាកប្រព័ន្ធផ្សេងៗ ហើយតិចតួចមកពីការរងរបួសដោយផ្ទាល់លើបេះដូង។
ភាពធ្ងន់ធ្ងរនៃជំងឺបេះដូងមកពីករណីជំងឺកូវីដ១៩ ដែលបានរាយការណ៍មកនេះ គឺភាគច្រើនកើតចេញពីកង្វះអុកស៊ីសែនដោយសារជំងឺរលាកសួត និងការចុះខ្សោយនៃសរីរាង្គកាយផ្សេងៗជាច្រើនទៀត។
ហេតុដូច្នេះហើយ គោលដៅសំខាន់ក្នុងការព្យាបាលជំងឺកូវីដ១៩ គឺត្រូវដោះស្រាយបញ្ហាសួត និងប្រតិកម្មរលាកប្រព័ន្ធរាងកាយផ្សេងៗដោយការទ្រទ្រង់ប្រព័ន្ធទាំងនោះ។
គោលការណ៍ទាំងនេះពាក់ព័ន្ធទៅនឹងទីមួយ គឺការផ្គត់ផ្គង់អុកស៊ីសែនឱ្យបានគ្រប់គ្រាន់តាមរយៈបំពង់អុកស៊ីសែនផ្សេងៗ ឬតាមរយៈអុកស៊ីសែនភ្នាសខាងក្រៅ (ការព្យាបាលប្រើ ECMO) និងទីពីរគឺទាក់ទងនឹងការឆ្លើយតបទៅនឹងការរលាកខ្លាំង។ ការព្យាបាលទាំងនេះរួមមានការព្យាបាលដោយប្រើប្រព័ន្ធភាពស៊ាំ ការប្រើស្តេរ៉ូយ (steriod) ការព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគ ការព្យាបាលតាមរយៈអង់ទីគ័រ (immunoglobulin) និងការប្រើប្រាស់ថ្នាំប្រឆាំងនឹងសាយតូឃីន (anticytokines) ដែលជាប្រភេទនៃប្រូតេអ៊ីនម្យ៉ាង ប៉ុន្តែគេនៅតែមិនទាន់ច្បាស់នៅឡើយទេថាតើវិធីព្យាបាលណាមួយប្រសើរបំផុតលើការរងការរលាកប្រព័ន្ធរាងកាយធ្ងន់ធ្ងរ។
ដោយសារស្ថានភាពកូវីដ១៩នៅជុំវិញពិភពលោក តើខ្ញុំគួរពន្យារពេលការព្យាបាលជំងឺបេះដូងរបស់ខ្ញុំដែរឬទេ?
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានបញ្ជាក់ថា ស្ថានភាពបេះដូងរបស់អ្នកមានសភាពធ្ងន់ធ្ងរ ឬបន្ទាន់ នោះអ្នកគប្បីមិនគួរពន្យារពេលនៃការព្យាបាលទេ ហើយជាពិសេសប្រសិនបើវេជ្ជបណ្ឌិតថាការពន្យារពេលក្នុងការព្យាបាលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នក។ ឧទាហរណ៍ប្រសិនបើរោគសញ្ញារបស់អ្នកមិននឹងនរដូចជាភាពមិនស្រួលក្នុងទ្រូង ឬការដកដង្ហើមខ្លីៗនៅពេលសម្រាក ឬប្រសិនបើអ្នកមានរោគសញ្ញាថ្មី និងមានអាការៈធ្ងន់ធ្ងរទៅៗ នោះជាចាំបាច់អ្នកត្រូវតែទទួលការព្យាបាលជាបន្ទាន់។
ចំពោះបញ្ហានេះធ្លាប់មានរបាយការណ៍ថាអ្នកសង្ស័យមានជំងឺគាំងបេះដូង បានពន្យារពេលទៅមន្ទីរពេទ្យ ហើយប្រហែលជាអាចបានបណ្តាលឱ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរបន្ថែមទៀតរហូតដល់ជំងឺខ្សោយបេះដូង និងត្រូវឆ្លងកាត់ការវះកាត់បេះដូងថែមទៀតផង។ ក៏ប៉ុន្តែប្រសិនបើគ្រូពេទ្យបានបញ្ជាក់ថាការព្យាបាលឬការវះកាត់មិនមានសភាពបន្ទាន់នោះទេ ហើយប្រសិនបើរោគសញ្ញាជំងឺបេះដូងរបស់អ្នកមានសភាពនឹងនរ ដូចជាឈឺទ្រូងតិចៗ ឬពុំសូវដកដង្ហើមចេញច្រើន នោះអ្នកប្រហែលជាអាចពន្យារពេលការវះកាត់បាន។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែចាំបាច់ក្នុងការបន្តប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតរបស់អ្នក។
អ្នកក៏អាចធ្វើឱ្យស្ថានភាពរបស់អ្នកកាន់តែប្រសើរឡើងដោយមានការគ្រប់គ្រងត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីកត្តាហានិភ័យមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺមានជាតិកូលេស្តេរ៉ុលខ្ពស់ (high cholesterol) តាមរយៈរបបអាហារត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ព្រមទាំងកាត់ផ្តាច់នូវការជក់បារី។
សម្រាប់ព័ត៌មានបន្ថែមពីការព្យាបាលជំងឺផ្សេងៗ សូមចុចត្រង់នេះ៕