ជាធម្មជាតិ មនុស្សភាគច្រើនចូលចិត្តភាពរីករាយ ប៉ុន្តែក៏មានអ្នកខ្លះខ្លាចភាពរីករាយដែរ។ នេះជាឧទាហរណ៍មួយនៃប្រភេទជំងឺចម្លែក។
ស្រមៃថាខ្លួនអ្នកកើតជំងឺដ៏កម្រមួយដោយត្រូវនៅឱ្យឆ្ងាយពីមិត្តភក្ដិ ព្រោះអ្នកខ្លាចថាខ្លួនឯងសប្បាយចិត្ត ឃ្លានអាហារណាដែលមិនអាចបរិភោគបានដូចជាខ្សាច់ឬថ្ម ឬមានប្រតិកម្មនឹងទឹក។
អ្នកខ្លះជួបប្រទះនូវបញ្ហាខាងលើនេះដោយកើតជំងឺប្លែកៗដែលធ្វើឱ្យពួកគេឈឺចាប់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែមនុស្សជាច្រើនមិនបានដឹងអំពីបញ្ហា និងផលប៉ះពាល់របស់ជំងឺទាំងនេះលើអ្នកដទៃនោះទេ។
ទាំងនេះគឺជាជំងឺចម្លែកទាំង ១០ ដែលមាននៅក្នុងពិភពលោក។ តោះនាំគ្នាកត់ត្រានូវជំងឺចម្លែកៗទាំងនេះ៖
- ជំងឺ Cherophobia – ភាពភ័យខ្លាចថាមានភាពរីករាយ
អ្នកដែលគ្មានចំណាប់អារម្មណ៍ក្នុងការចូលរួមនូវសកម្មភាពសប្បាយៗ ពីព្រោះថាខ្លាចខ្លួនសប្បាយចិត្ត ត្រូវបានរាប់បញ្ចូលថាជាអ្នកមានជំងឺភ័យខ្លាចភាពរីករាយ ឬ Cherophobia។ ពាក្យ Cherophobia មានឫសគល់មកពីភាសាក្រិកថា hairo ដែលមានន័យថារីករាយក្នុងភាសាអង់គ្លេស។ ប្រសិនបើពួកគេមានអារម្មណ៍ថារីករាយ ពួកគេគិតថាពួកគេជាមនុស្សអាក្រក់។ ពួកគេគិតថារឿងរីករាយអាចបណ្តាលឱ្យទៅជាព្រឹត្តិការណ៍អាក្រក់ ឬការព្យាយាមទទួលបានភាពសប្បាយ គឺជាការខ្ជះខ្ជាយពេលវេលា។ - ជំងឺ Kleptomania – ការជំរុញឱ្យលួចទ្រព្យសម្បត្តិគេ
ការមិនអាចគ្រប់គ្រងខ្លួនឯងបានពីការលួចទ្រព្យសម្បត្តិរបស់អ្នកណាម្នាក់ដែលអ្នកមិនត្រូវការ ឬចង់បាន គឺជាសញ្ញាមួយរបស់ជំងឺ Kleptomania ដែលនេះជាជំងឺផ្លូវចិត្តដ៏កម្រមួយដែលបង្កឱ្យមានអារម្មណ៍ឈឺចាប់ប្រសិនបើមិនបានព្យាបាល។ ការព្យាបាលដោយប្រើថ្នាំ ឬការប្រឹក្សាអាចជួយបញ្ចប់ចំណង់នៃការលួចនេះបាន។ - ជំងឺ Munchausen Syndrome – ធ្វើពុតជាឈឺ
អ្នកដែលធ្វើពុតជាឈឺ ឬចេតនាបង្កើតចេញជារោគសញ្ញាដើម្បីធ្វើបាបខ្លួនឯង ឬដើម្បីទទួលបានការយកចិត្តទុកដាក់ និងចំណាប់អារម្មណ៍ អាចជារោគសញ្ញានៃជំងឺ Munchausen Syndrome។ អ្នកដែលមានជំងឺនេះអាចធ្វើពុតដោយប្រើសកម្មភាពផ្សេងៗគ្នា ដោយនិយាយថាពួកគេឮសំឡេងអ្វីម្យ៉ាង ធ្វើពុតជាមានការឈឺចាប់ខាងផ្នែករាងកាយ ឬព្យាយាមធ្វើជាឈឺដោយយករបស់កខ្វក់ទៅដាក់លើស្នាមរបួសជាដើម។ - ជំងឺ Haemolacria – យំចេញឈាម
ជំងឺនេះស្តាប់មើលទៅដូចជាការបង្កើតឡើងក្នុងរឿងប្រលោមលោក ប៉ុន្តែជំងឺ Haemolacria មានន័យថាមានតែឈាម ហើយគ្មានទឹកភ្នែកនៅពេលយំ។ ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ឈ្មោះ Lennie Ikeda បានកើតជំងឺនេះចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ ដំបូងឡើយ កុមារីម្នាក់នេះក្អកមានឈាម ហើយបន្ទាប់មកចាប់ផ្តើមចេញឈាមនៅក្នុងទឹកភ្នែក។ ជំងឺនេះកម្រណាស់ ហើយប៉ះពាល់ដល់សុខភាព។ - ជំងឺបញ្ចេញសំឡេងដូចជនជាតិបរទេស – អាចចេះនិយាយភាសាបរទេស
ជាជំងឺផ្នែកនិយាយដ៏កម្រមួយដែលច្រើនកើតមានឡើងបណ្តាលមកពីជំងឺដាច់សរសៃឈាមខួរក្បាល ឬរបួសផ្សេងៗដែលធ្វើឱ្យអ្នកអាចនិយាយភាសាបរទេសដែលអ្នកមិនធ្លាប់រៀន ឬនិយាយពីមុនបាន។ នៅឆ្នាំ១៩៤១ Astrid L. ត្រូវបានអំបែងគ្រាប់ខ្ទាតត្រូវចំក្បាលក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដោយបានជ្រាបចូលទៅក្នុងខួរក្បាលរបស់នាង។ ដោយសារគ្រោះថ្នាក់នេះ នាងបានអភិវឌ្ឍសមត្ថភាពក្នុងការនិយាយទាំងភាសាបារាំង និងអាល្លឺម៉ង់។ អ្នកស្រាវជ្រាវជឿជាក់ថាវាមិនមែនជាការអភិវឌ្ឍភាសាថ្មីនោះទេ ប៉ុន្តែការបំផ្លាញខួរក្បាលដែលគ្រប់គ្រងមុខងារនៃខួរក្បាលរបស់អ្នក មានន័យថាអ្នកអាចនិយាយបានយ៉ាងច្បាស់តាមភាសាបរទេសដែលអ្នកធ្លាប់បានជួបពីមុន។ - ជំងឺ Pica – ការចង់ញ៉ាំអាហារដែលមិនអាចទទួលទានបាន
អ្វីក៏ដោយ ខ្ញុំចង់ញ៉ាំទាំងអស់ ដែលនេះជាចំណុចសំខាន់នៃរោគសញ្ញារបស់ជំងឺ Pica។ អ្នកកើតជំងឺនេះបង្កើតចំណង់អាហារលើសារធាតុដែលមិនមានជីវជាតិដូចជាថ្នាំលាប ដីឥដ្ឋ និងភក់។ ម៉្យាងទៀត ពួកគេក៏ចង់បរិភោគគ្រឿងផ្សំជាជាងម្ហូបអាហារ ដូចជាអង្ករឆៅ ម្សៅ ឬអំបិល។ - ជំងឺ Cotard Syndrome – មានអារម្មណ៍ថាខ្លួនឯងជាសាកសព
អ្នកដែលកើតជំងឺ Cotard រស់នៅដោយអារម្មណ៍បាក់ទឹកចិត្ត គេងមិនលក់ស្រួល និងញ៉ាំតិច និងមានអារម្មណ៍ថាខ្លួនឯងអត់ប្រយោជន៍។ គួរឱ្យកត់សម្គាល់ផងដែរ អ្នកជំងឺជារឿយៗអាចគិតថាខ្លួនឯងបានស្លាប់ហើយ ក្នុងករណីជាងពាក់កណ្តាលនៃអ្នកជំងឺនេះក៏គិតថាពួកគេមានជីវិតអមតៈផងដែរ។ អ្នកជំងឺអាចទទួលបានការព្យាបាលតាមរយៈការប្រើប្រាស់ថ្នាំសម្រាប់ជំងឺបាក់ទឹកចិត្ត (antidepressants) ថ្នាំបំបាត់ការស្រមើស្រមៃ (antipsychotic) និងការព្យាបាលដោយប្រើរំញោចអេឡិចត្រូនៃខួរក្បាល (Electroconvulsive Therapy)។ - ជំងឺដែលលុបចោលនូវក្រូម៉ូសូមទី៦ – ការបាត់បង់នូវសារធាតុក្រូម៉ូសូម
ជំងឺដ៏កម្រមួយនេះកើតឡើងនៅពេលដែលអ្នកជំងឺបាត់បង់សារធាតុចុងក្រូម៉ូសូមទាំងពីរនៃក្រូម៉ូសូមទី៦។ រោគសញ្ញាអាចមានភាពខុសប្លែកៗគ្នាជាច្រើន។ ជាធម្មតា អ្នកជំងឺអាចអត់មានអារម្មណ៍ថាឈឺចាប់នោះទេ ប៉ុន្តែមានអារម្មណ៍ថាអត់ឃ្លានមិនចង់បរិភោគអ្វី និងមិនមានភាពភ័យខ្លាច។ នៅឆ្នាំ២០០៦ Olivia Farnworth បានជួបគ្រោះថ្នាក់ចរាចរណ៍អូសខ្លួន ៣០ម៉ែត្រ ហើយ Olivia បាននិយាយថាខ្លួនមិនមានអារម្មណ៍ឈឺចាប់អ្វីទាំងអស់។ - ជំងឺ Aquagenic Urticaria – មានប្រតិកម្ម ឬអាឡែរហ្ស៊ី (Allergy) ទៅនឹងទឹក
រាងកាយរបស់មនុស្សផលិតជាតិប្រេងដើម្បីធ្វើឱ្យស្បែកទន់ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺ Aquagenic Urticaria សារជាតិប្រេងរបស់ពួកគេប៉ះជាមួយទឹក បានប្រែទៅជាសារធាតុពុលដែលធ្វើឱ្យស្បែករលាក និងរមាស់។
បើតាមលោក Marcus Maurer ដែលជាអ្នកជំនាញរោគសើស្បែក និងជាស្ថាបនិកមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់មូលនិធិអាឡែរហ្ស៊ី (European Center for Allergy Foundation) នៅប្រទេសអាល្លឺម៉ង់ រកឃើញថាមានមនុស្សប្រមាណ ៣២នាក់ប៉ុណ្ណោះនៅលើពិភពលោកដែលមានជំងឺប្រភេទនេះ។ វាប្រហែលជាមិនមែនជាបញ្ហាប្រតិកម្ម ឬអាឡែរហ្ស៊ីកម្រិតធ្ងន់នោះទេ ប៉ុន្តែផ្ទុយទៅវិញ វាមានប្រតិកម្មទៅនឹងអ៊ីយ៉ុងដែលមាននៅក្នុងទឹកមិនបានចម្រោះ (non-distilled water)។ អ្នកជំងឺត្រូវជៀសវាងពីទឹកភ្លៀង ហើយអាចងូតទឹកបានតែ ១០ដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ហើយអាចទទួលទានបានតែកូកាកូឡាដែលគ្មានជាតិស្ករ និងកាល់ឡូរី (diet coke)។ ទាំងនេះគឺជាវិធីមួយចំនួនដែលពួកគេអាចកាត់បន្ថយផលប៉ះពាល់បាន។ - ជំងឺ Nomophobia – ភាពភ័យខ្លាចថាអត់មានទូរស័ព្ទ
ជំងឺនេះទាក់ទងទៅនឹងបញ្ហាចិត្តសាស្ត្រមួយដែលបុគ្គលម្នាក់ខ្លាចថាខ្លួនត្រូវគេផ្តាច់ចេញពីទូរស័ព្ទរបស់ពួកគេ។ ភាពទូទៅនៃជំងឺនេះកំពុងតែមានការកើនឡើង ជាពិសេសក្នុងចំណោមយុវជន និងសិស្សានុសិស្ស។ រោគសញ្ញានៃជំងឺនេះអាចរួមបញ្ចូលទាំងការភ័យខ្លាច ឬភាពភិតភ័យនៅពេលដែលអ្នកគិតថាខ្លួនមិនមានទូរស័ព្ទ និងខឹងប្រសិនបើត្រូវដាក់ទូរស័ព្ទចុះ៕