អ្នកប្រហែលជាបានឃើញព័ត៌មានអំពីគ្រុនឈីកជាច្រើននាពេលថ្មីៗនេះ។ តើអ្វីទៅជាជំងឺគ្រុនឈីក?
ក្រសួងសុខាភិបាល បានចេញផ្សាយសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី០១ ខែសីហា លើកទឹកចិត្តដល់សាធារណជនឱ្យអនុវត្តនូវវិធានការបង្ការចំនួន៥ ដើម្បីការពារខ្លួនពីការផ្ទុះឡើងនៃជំងឺគ្រុនឈីកនៅខណៈនេះ។ ក្នុងនោះរួមមាន ការចូលរួមកម្ចាត់ដង្កូវទឹកនៅតាមកន្លែងដែលមានទឹកដក់ ការប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត និងការនាំអ្នកដែលបង្ហាញរោគសញ្ញាគ្រុនក្តៅទៅពិនិត្យឱ្យបានត្រឹមត្រូវជាដើម។
ជំងឺគ្រុនឈីកបានចាប់ផ្តើមកើតមានឡើងនៅក្នុងខែកក្កដា។ ក្រសួងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ករណីជំងឺគ្រុនឈីកមានសរុបចំនួន ១.០២០ករណី ដែលនៅក្នុងនោះ ៤០៧ករណីកើតឡើងនៅក្នុងខេត្តសៀមរាប។
តើជំងឺគ្រុនឈីកជាអ្វី?
ជំងឺគ្រុនឈីក គឺជាជំងឺម្យ៉ាងដែលបណ្ដាលមកពីមេរោគឈីគុនហ្គូនយ៉ា (Chikungunya Virus=CHIKV) នៅក្នុងគ្រួសារមេរោគ Togaviridae។ ជំងឺនេះបានផ្ទុះឡើងដំបូងនៅភាគខាងត្បូងនៃប្រទេសតង់ហ្សានី (Tanzania) ក្នុងទ្វីបអាហ្រ្វិក ក្នុងឆ្នាំ១៩៥២។ កម្ពុជាបានរកឃើញករណីគ្រុនឈីកដំបូងបង្អស់នៅក្នុងឆ្នាំ១៩៦១។ មកទល់បច្ចុប្បន្ននេះ ជំងឺគ្រុនឈីកត្រូវបានគេរកឃើញនៅក្នុង ៦០ប្រទេស ក្នុងទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ជំងឺនេះឆ្លងមកមនុស្សតាមរយៈមូសខ្លាញីខាំភាគច្រើននៅពេលថ្ងៃ ដែលមានផ្ទុកមេរោគខាងលើ។ ទន្ទឹមនឹងនេះ មូសខ្លាញីក៏ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ហ្ស៊ីកា និងគ្រុនលឿងផងដែរ។ មូសខ្លាញីដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីកភាគច្រើនមានជម្រកនៅកន្លែងសើម ហើយមានទឹកដក់ ដូចជាសំបកកង់ កំប៉ុង ពាងទឹក និងធុងទឹកជាដើម។
រោគសញ្ញានៃជំងឺគ្រុនឈីក
យោងតាមអង្គការសុខភាពពិភពលោក (WHO) រោគសញ្ញាចម្បងទូទៅរបស់គ្រុនឈីក រួមមានក្ដៅខ្លួនខ្លាំង និងឈឺសន្លាក់។ ក្រៅពីនេះ អ្នកឆ្លងក៏អាចបង្ហាញរោគសញ្ញាផ្សេងទៀតដូចជាឈឺក្បាលខ្លាំង ឈឺសាច់ដុំ ហើមប្រអប់ដៃនិងជើង ឈឺសន្លាក់ម្រាមដៃម្រាមជើង ចេញស្នាមកន្ទួលក្រហមលើស្បែក និងអស់កម្លាំងជាដើម។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៃសហរដ្ឋអាមេរិកបានចង្អុលបង្ហាញថា ភាគច្រើនអ្នកឆ្លងនឹងបង្ហាញរោគសញ្ញាទាំងនេះពីចន្លោះ ៣ ទៅ ៧ថ្ងៃក្រោយពេលឆ្លងមេរោគនេះ។ ជំងឺនេះអាចធ្វើឱ្យអ្នកជំងឺឈឺក្នុងរយៈពេលប្រហែល ៥ថ្ងៃទៅ ១សប្តាហ៍ ទើបធូរស្បើយ។ មកដល់ពេលបច្ចុប្បន្ននេះ ជំងឺគ្រុនឈីកមិនបណ្តាលឱ្យអ្នកជំងឺស្លាប់នោះទេ ប៉ុន្តែរោគសញ្ញាទាំងនោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ និងពិការបាន បើមិនយកចិត្តទុកដាក់បង្ការលើវា។
អ្នកដែលធ្លាប់ឈឺជំងឺម្តងហើយ ភាគច្រើននឹងបង្កឱ្យមានប្រព័ន្ធការពារសម្រាប់ការឆ្លងជាថ្មី។ ក្រុមមនុស្សដែលមានឱកាសខ្ពស់ក្នុងការវិវឌ្ឍទៅជំងឺធ្ងន់ធ្ងរ គឺទារក មនុស្សដែលមានអាយុពី ៦៥ឆ្នាំ និងអ្នកដែលមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងសម្ពាធឈាមខ្ពស់។
ការព្យាបាល
ដោយហេតុថាជំងឺនេះមានរោគសញ្ញាស្រដៀងគ្នានឹងជំងឺគ្រុនឈាម និងហ្ស៊ីកា វាមានការពិបាកក្នុងការសន្និដ្ឋានថាអ្នកឆ្លងជំងឺមួយណា ប្រសិនបើមិនបានធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ការធ្វើតេស្ដឈាម គឺជាវិធីមួយដើម្បីបង្ការការធ្វើរោគវិនិច្ឆ័យច្រឡំ។ អ្នកជំនាញណែនាំឱ្យអ្នកដែលបង្ហាញរោគសញ្ញាដូចខាងលើ ឱ្យទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទាន់ពេលវេលា ហើយជៀសវាងការលេបថ្នាំអាស្ពីរីន (Aspirin) និងថ្នាំប្រឆាំងនឹងការរលាកផ្សេងៗដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ។
សព្វថ្ងៃនេះ យើងមិនទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ជំងឺនេះនោះទេ ក៏ប៉ុន្តែគ្រូពេទ្យព្យាបាលអ្នកជំងឺដោយការឱ្យថ្នាំតាមរោគសញ្ញា។ ក្រៅពីការព្យាបាល អ្នកជំងឺគួរសម្រាកឱ្យបានច្រើន និងបរិភោគទឹកឱ្យបានច្រើន។
ការការពារ
ដូចគ្នានឹងជំងឺគ្រុនឈាម យើងអាចជៀសវាងការឆ្លងជំងឺគ្រុនឈីកបានដោយការការពារខ្លួនអ្នកកុំឱ្យមូសដែលផ្ទុកមេរោគខាំ។ ដូច្នេះ អ្នកអាចអនុវត្តសកម្មភាពដូចខាងក្រោមដើម្បីការពារកុំឱ្យមូសខាំ៖
- ប្រើថ្នាំបណ្តេញសត្វល្អិត និងថ្នាំបាញ់មូសទាំងក្នុងផ្ទះ និងខាងក្រៅផ្ទះ
- ពាក់អាវដៃវែង និងខោជើងវែង
- ពាក់ស្រោមដៃ ឬស្បែកជើងឃ្លុប ហើយក៏អាចយកក្រណាត់មករុំដៃ ជើង ក ឬក្បាលរបស់អ្នកផងដែរ
- ព្យាយាមពាក់ខោអាវដែលមានពណ៌ស្រាលៗ ដូចជាពណ៌សាច់ ពណ៌ស ឬពណ៌ប្រផេះ
- ដាក់មុងនៅពេលដែលអ្នកគេង ឬសម្រាកទាំងពេលថ្ងៃ និងពេលយប់
- កម្ចាត់ចោលនូវជម្រករបស់សត្វមូសនៅជុំវិញកន្លែងរស់នៅ៕