គោលដៅនៃការអប់រំផ្លូវភេទ គឺដើម្បីការពារសិស្សានុសិស្សពីជំងឺឆ្លងតាមរយៈការរួមភេទ ការយាយីផ្លូវភេទ និងការប៉ះពាល់អវិជ្ជមានផ្សេងៗទៀតដែលអាចជះឥទ្ធិពលដល់ជីវិតផ្ទាល់ខ្លួន និងអនាគតរបស់ពួកគេ។
ការធ្វើទំនាក់ទំនងច្បាស់លាស់នៅក្នុងថ្នាក់អប់រំផ្លូវភេទ អាចជួយឱ្យសិស្សយល់ច្បាស់នូវវិធីការពារខ្លួនពីឧប្បត្តិហេតុនាពេលអនាគត និងចៀសវាងនូវទស្សនៈអវិជ្ជមានលើប្រធានបទ។
តើអ្វីទៅជាការអប់រំផ្លូវភេទ?
ការអប់រំផ្លូវភេទសំដៅទៅលើការបង្រៀនសិស្សានុសិស្សអំពីការរួមភេទ និងផ្នែកទាំងអស់ទាក់ទងនឹងបញ្ហានៃការរួមភេទ។ វាអាចផ្ដោតលើអ្វីៗទាំងអស់ដែលទាក់ទងនឹងផ្លូវភេទតាំងពីសារពាង្គកាយ និងការបន្តពូជរហូតដល់ការឆ្លងជំងឺ និងនិន្នាការភេទ។ នៅសាលារៀនវាអាចគ្របដណ្តប់លើសិទ្ធិបន្តពូជ និងទំនួលខុសត្រូវ ព្រមទាំងភាពពេញវ័យដើម្បីជួយយុវជនតម្រង់ទិសជីវិតផ្ទាល់ខ្លួន និងក្លាយជាមនុស្សពេញវ័យដែលមានសុខភាពផ្លូវភេទល្អ។
គោលការណ៍នៃការអប់រំផ្លូវភេទ
យោងតាម «Streetwise to Sexwise» ដែលជាការបោះពុម្ពផ្សាយដំបូងបង្អស់បញ្ជាក់ពីគោលការណ៍ស្នូលរបស់មជ្ឈមណ្ឌលអប់រំផ្លូវភេទដែលចេញផ្សាយក្នុងឆ្នាំ១៩៩៣ បានឱ្យដឹងថា ទស្សនវិជ្ជានិងគរុកោសល្យចម្បងចំពោះការអប់រំផ្លូវភេទរួមមាន៖
- សិទ្ធិសេរីភាពក្នុងការទទួលបាននូវការអប់រំផ្លូវភេទ
- ការគោរពគ្នាក្នុងការពិភាក្សាលើប្រធានបទផ្លូវភេទ
- ការទទួលយកនូវភាពខុសគ្នារបស់បុគ្គលម្នាក់
- ការសិក្សាពីគ្នាទៅវិញទៅមក
- ការយល់ឃើញវិជ្ជមាន
- ការចែករំលែកព័ត៌មានត្រឹមត្រូវ និងទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់
- ការទទួលស្គាល់និន្នាការផ្លូវភេទ និងការកំណត់អត្តសញ្ញាណយេនឌ័រ
- បរិបទនៃការយល់ព្រមនូវការរួមភេទ
- ការពិចារណាពីចំណុចរសើបទាក់ទងលើប្រធានបទអប់រំផ្លូវភេទរបស់អ្នកចូលរួម និងត្រូវគិតពីប្រវត្តិនៃការប៉ះទង្គិចផ្លូវចិត្ត
- ប្រធានបទផ្សេងៗលើការអប់រំផ្លូវភេទ ដូចជាការរួមភេទតាមប្រដាប់ភេទស្ត្រី រន្ធគូទ និងតាមមាត់
លក្ខណៈនៃការអប់រំផ្លូវភេទដែលប្រកបដោយប្រសិទ្ធភាព
ការអប់រំផ្លូវភេទគឺជាប្រធានបទសំខាន់មួយនៅក្នុងកម្មវិធីសិក្សានៅវិទ្យាល័យ។ ក៏ប៉ុន្តែប្រសិនបើមិនបានកំណត់លក្ខណៈនៃការអប់រំផ្លូវភេទប្រកបដោយប្រសិទ្ធភាពនោះទេ វាអាចជំរុញឱ្យមានការរើសអើង ការបកស្រាយ និងការយល់ឃើញមិនត្រឹមត្រូវ និងគំនិតមិនសមរម្យលើប្រធានបទផ្លូវភេទ។
នៅឆ្នាំ២០១៩ អង្គការយូណេស្កូ (UNESCO) បានចេញផ្សាយលក្ខណៈសំខាន់ៗនៃកម្មវិធីអប់រំផ្លូវភេទប្រកបដោយប្រសិទ្ធភាព ដែលចំណុចទាំងនោះមានដូចជា៖
- អនុវត្តកម្មវិធីទាក់ទងនឹងការអប់រំផ្លូវភេទនៅក្នុងសាលារៀន និងនៅតាមស្ថាប័នយុវជនផ្សេងៗ
- អនុវត្តកម្មវិធីដែលមានមេរៀនយ៉ាងតិចណាស់ចំនួន ១២មេរៀនដែលមួយមេរៀនបង្រៀនក្នុងរយៈពេល ៥០នាទី
- ដាក់បញ្ចូលនូវមេរៀនជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ឬ ៤ឆ្នាំ
- ត្រូវបង្រៀនមេរៀនដែលមានប្រធានបទតាមលំដាប់លំដោយសមស្រប
- ត្រូវមានវិធីសាស្ត្រប្រកបដោយវិជ្ជាជីវៈបង្រៀនដែលតម្រូវឱ្យមានការចូលរួមយ៉ាងសកម្មពីអ្នកសិក្សា និងជួយពួកគេឱ្យភ្ជាប់ទៅនឹងបញ្ហាផ្ទាល់ខ្លួន
- ត្រូវមានវិធីសាស្ត្រពាក់ព័ន្ធជាមួយនឹងសកម្មភាព និងអាកប្បកិរិយា
- ត្រូវរួមបញ្ចូលនូវកិច្ចការផ្ទះដើម្បីបង្កើនទំនាក់ទំនងជាមួយឪពុកម្តាយ
- សង្កត់ធ្ងន់លើបញ្ហាយេនឌ័រ និងចំណុចរសើបផ្សេងៗទាំងនៅក្នុងខ្លឹមសារ និងវិធីនៃការបង្រៀន
- ធានានូវបរិយាកាសដោយមានការគាំទ្រគ្នាទៅវិញទៅមក
- ជ្រើសរើសគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ដើម្បីសម្រេចបាននូវគោលដៅរបស់កម្មវិធី
- ផ្តល់អ្នកបង្ហាត់ដែលមានសមត្ថភាពសម្រាប់គ្រូបង្រៀន
- ផ្តល់នូវការគ្រប់គ្រង ការប្រឹក្សាយោបល់ជាបន្តបន្ទាប់
- បង្កើតនូវបរិយាកាសសុវត្ថិភាពដល់អ្នកចូលរួម និងអ្នកសិក្សា
- ត្រូវរួមបញ្ចូលអ្នកជំនាញផ្នែកផ្លូវភេទ សុខភាពផ្លូវភេទ និងអាកប្បកិរិយាផ្លូវភេទរបស់មនុស្សវ័យជំទង់
- ត្រូវរួមបញ្ចូលមតិរបស់មនុស្សវ័យជំទង់ក្នុងការបង្កើតនូវកម្មវិធីសិក្សាការអប់រំផ្លូវភេទ
- វាយតម្លៃលើធនធាន និងតម្រូវការខុសៗគ្នារបស់ក្រុមសិស្សានុសិស្ស ដូចជាទាក់ទងទៅនឹងអាយុ ចំណេះដឹង ជំនឿ អត្តចរិត និងជំនាញ រួមទាំងចំណង់ផ្លូវភេទរបស់ពួកគេ
- ទទួលយកមតិកែលំអពីអ្នកសិក្សានូវរបៀបដែលកម្មវិធីគួរតែអនុវត្ត ដើម្បីបំពេញនូវតម្រូវការរបស់ពួកគេ
ការអប់រំផ្លូវភេទនៅក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យ
ប្រទេសកម្ពុជា ដោយសារតែបញ្ហាវប្បធម៌វាមិនមែនជារឿងធម្មតាទេក្នុងការនិយាយអំពីការរួមភេទ ឬការអប់រំផ្លូវភេទជាមួយសមាជិកគ្រួសារ មិត្តភក្ដិ ឬនៅក្នុងថ្នាក់រៀន។ វាត្រូវបានគេចាត់ទុកថាជាប្រធានបទរសើប និងមិនសមរម្យ។ នៅក្នុងប្រទេសកម្ពុជា កម្មវិធីសិក្សាជីវវិទ្យានៅកម្រិតវិទ្យាល័យរួមមានសរីរាង្គបន្តពូជរបស់ស្ត្រី និងបុរស និងការការពារការឆ្លងមេរោគអេដស៍ ហើយចំណុចផ្សេងៗទៀតនៃការអប់រំផ្លូវភេទ មិនត្រូវបញ្ចូលក្នុងកម្មវិធីសិក្សានោះទេ។
ការយល់ឃើញពីការអប់រំផ្លូវភេទរបស់ក្រសួងអប់រំ
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ថ្លែងទទួលស្គាល់ថា ការអប់រំផ្លូវភេទមានសារសំខាន់សម្រាប់សិស្សឈ្វេងយល់ពីជំងឺពាក់ព័ន្ធ ដើម្បីចេះការពារខ្លួនពីជំងឺផ្សេងៗ កាត់បន្ថយហានិភ័យនានាពីការរួមភេទ និងចេះជ្រើសរើសវិធីការពារកុំឱ្យមានកូនមិនតាមប្រាថ្នាក្រោយពេលរៀបការ។
លោកមានប្រសាសន៍ថា សុខភាពបន្តពូជមានបញ្ចូលក្នុងប្រព័ន្ធអប់រំកម្ពុជាតាំងពីឆ្នាំ១៩៩៦។ លោកថាក្រសួងអប់រំ មានតួនាទីមួយក្នុងការលើកកម្ពស់ការអប់រំផ្លូវភេទតាមរយៈកម្មវិធីសិក្សា និងគ្រប់រូបភាពដោយមានកិច្ចសហការវិជ្ជមានជាមួយគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងគ្រប់តួអង្គពាក់ព័ន្ធ។ លោកបន្ថែមថា ក្រសួងអប់រំបានណែនាំគ្រឹះស្ថានសិក្សាទាំងអស់ឱ្យអនុវត្តកម្មវិធីសិក្សា រួមទាំងសុខភាពផ្លូវភេទឱ្យបានពេញលេញ ដើម្បីចូលរួមពង្រឹងសមត្ថភាពសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋសាកលដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃឆ្លើយតបនឹងបរិបទជាតិ តំបន់ និងពិភពលោក។
លោកបញ្ជាក់ថា៖ «ជាទូទៅលោកគ្រូអ្នកគ្រូមិនមានភាពខ្មាសអៀនក្នុងការបង្រៀនលើមុខវិជ្ជានេះទេ។ លោកគ្រូអ្នកគ្រូបំពេញកម្រងការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនដែលមានជាធរមាន។ មុខវិជ្ជាជីវវិទ្យានៅសាលារៀនចំណេះទូទៅបានបញ្ចូលខ្លឹមសារអប់រំផ្លូវភេទ ដូចជាការឱ្យសិស្សដឹងពីជំងឺពាក់ព័ន្ធ និងវិធានការការពារ»។
លោកពន្យល់ថា សុខភាពផ្លូវភេទជាផលិតផលនៃកត្តាធម្មជាតិ និងកត្តាសង្គម។ កត្តាធម្មជាតិសំដៅដល់កំណើតកើតជារបស់បុគ្គល។ កត្តាសង្គមសំដៅដល់សង្គមគ្រួសារ សង្គមមិត្តភក្ដិ សង្គមសាលារៀនជាដើម។ ដូចនេះ លោកថាគុណភាពនៃការអប់រំផ្លូវភេទអាស្រ័យលើការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕