ខ្មោចសង្កត់អាចជាបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចមួយ ប៉ុន្តែក៏មានវិធីសាស្ត្រដែលយើងអាចធ្វើដើម្បីទប់ទល់នឹងបញ្ហានេះបាន។
សុបិនអាក្រក់បំផុតមួយដែលអ្នកអាចជួបប្រទះនៅក្នុងដំណេករបស់អ្នកដែលវាធ្វើឱ្យអ្នកមានការភ័យខ្លាច និងពិបាកក្នុងការដកដង្ហើម រួមផ្សំនឹងការមិនអាចកម្រើកខ្លួនបាននៅពេលអ្នកអាចឮ និងមើលឃើញអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួន និងការមើលឃើញស្រមោល ឬរូបភាពគួរឱ្យខ្លាចផ្សេងៗកំពុងវិលវល់នៅជុំវិញបន្ទប់របស់អ្នក ហើយព្យាយាមសង្កត់ខ្លួនរបស់អ្នកនោះ វាគឺជារោគសញ្ញាទូទៅនៃរោគសញ្ញាម្យ៉ាងដែលគេហៅជាភាសាអង់គ្លេសថា Sleep Paralysis ឬប្រជាជនខ្មែរនិយមហៅថា «ខ្មោចសង្កត់»។
នៅប្រទេសកម្ពុជា អាការបែបនេះតែងត្រូវបានគេហៅថា «ខ្មោចសង្កត់» ដែលត្រូវបានគេមើលឃើញថាជាអព្ភូតហេតុ ឬជំនឿដែលបណ្តាលមកពីសំណាងអាក្រក់ ឬរាសីធ្លាក់ចុះជាជាងបញ្ហាសុខភាព។ តើវាពិតជាទាក់ទងទៅនឹងរាសីរបស់អ្នកដូចដែលគេតំណាលនោះមែនឬទេ?
យោងតាមសេវាសុខភាពជាតិ (National Health Service) ប្រព័ន្ធថែទាំសុខភាពដែលផ្តល់មូលនិធិជាសាធារណៈនៅក្នុងប្រទេសអង់គ្លេស បានបញ្ជាក់ថា អាការដែលប្រជាជនខ្មែរតែងហៅថាខ្មោចសង្កត់នេះ គឺជាស្ថានភាពមួយនៅពេលដែលអ្នកមិនអាចកម្រើកខ្លួន ឬនិយាយបាននៅពេលដែលអ្នកភ្ញាក់ពីដំណេក ឬកំពុងគេងលក់ ព្រោះតែរាងកាយរបស់អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពនៃការគេង ប៉ុន្តែខួរក្បាលរបស់អ្នកបែរជានៅមានសកម្មភាពធម្មតាទៅវិញ។ ទោះបីជាវាមិនអាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពរាងកាយក៏ពិតមែន ប៉ុន្តែវាអាចបង្កភាពភ័យខ្លាចដល់ការចូលដំណេករបស់អ្នក។ យ៉ាងណាមិញ ភាគច្រើនមនុស្សម្នាក់អាចនឹងជួបប្រទះអាការបែបនេះម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយជីវិតរបស់ពួកគេ។
នាង Kendall Jenner ដែលជាតារាបង្ហាញម៉ូដដ៏ល្បីរបស់អាមេរិក បានជាប់ក្នុងតារាងកំពូលដែលរកចំណូលបានខ្ពស់បំផុតនៅលើពិភពលោក ក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍នៃខ្មោចសង្កត់នេះដែរ។ តារាស្រីរូបនេះបានពន្យល់បញ្ហាដែលខ្លួនជួបប្រទះនេះទៅដល់ក្រុមគ្រួសាររបស់នាងនៅលើកម្មវិធីមួយនៅតាមកញ្ចក់ទូរទស្សន៍ដែលមានឈ្មោះថា Keeping up with Kardashian ថាបញ្ហាក្នុងការគេងនេះស្ទើរតែបានបំផ្លាញអាជីពជាតារាបង្ហាញម៉ូដរបស់នាងកាលពីឆ្នាំ២០១៦ ដោយសារតែនាងមានភាពភ័យខ្លាចក្នុងការចូលដំណេក និងមិនហ៊ានធ្វើដំណើរតាមយន្តហោះសម្រាប់ការងាររបស់នាងទៀត។
The National Sleep Foundation ដែលជាអង្គការមិនរកប្រាក់ចំណេញមួយធ្វើការដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងសុវត្ថិភាពតាមរយៈការយល់ដឹងជាសាធារណៈអំពីបញ្ហាដែលទាក់ទិននឹងបញ្ហាដំណេកផ្សេងៗ បានរកឃើញថា អាការខ្មោចសង្កត់ (Sleep Paralysis) នេះ អាចបណ្តាលមកពីជំងឺគេងមិនលក់ ជំងឺ Narcolepsy ជំងឺតានតឹងផ្លូវចិត្ត (Stress) ជំងឺថប់បារម្ភទូទៅ ជំងឺភ័យស្លន់ស្លោ ប្រវត្តិគ្រួសារដែលធ្លាប់ជួបប្រទះខ្មោចសង្កត់ និងការរំខានដល់ដំណេកដោយសារតែការផ្លាស់ប្ដូរម៉ោងការងារ និងការនឿយហត់ក្នុងការហោះហើរច្រើនជាដើម។
ការសិក្សាពីវិទ្យាស្ថានសុខភាពជាតិ (National Institute of Health) ដែលជាទីភ្នាក់ងារស្រាវជ្រាវវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិកដើម្បីលើកកម្ពស់សុខភាព និងជួយសង្គ្រោះជីវិតបានបង្ហាញថា ក្នុងចំណោមប្រជាជនវិកលចរិតដែលជាជនភៀសខ្លួនកម្ពុជា ១០០នាក់ យ៉ាងហោចណាស់មាន ៤២% ដែលមានម្តងក្នុងមួយឆ្នាំបានជួបប្រទះនឹងបញ្ហាខ្មោចសង្កត់នេះ ព្រោះវាអាចបណ្តាលមកពីការចងចាំនៃហេតុការណ៍អាក្រក់ដែលខ្លួនធ្លាប់ឆ្លងកាត់នៅមុនពេលក្លាយជាជនភៀសខ្លួន។
នេះគឺជាគន្លឹះសំខាន់ៗដែលបានណែនាំដោយអ្នកជំនាញក្នុងការដោះស្រាយបញ្ហាខ្មោចសង្កត់៖
- កុំប្រឹងធ្វើចលនា និងរើបម្រះខ្លាំងជាមួយរាងកាយរបស់អ្នក ព្រោះវានឹងកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច និងពិបាកក្នុងការដកដង្ហើម។ អ្នកគួរតែធ្វើអារម្មណ៍ឱ្យស្ងប់ ហើយព្យាយាមក្រើនរំឭកខ្លួនឯងថា វាគ្រាន់តែជាបញ្ហាធម្មតា ហើយបន្ធូរអារម្មណ៍និងសាច់ដុំរបស់អ្នកបន្តិចម្តងៗដើម្បីចេញផុតពីបញ្ហានេះ។
- កម្រើកម្រាមដៃ ឬម្រាមជើងតិចៗដើម្បីបញ្ជូនសញ្ញាទៅខួរក្បាលរបស់អ្នក និងជួយឱ្យអ្នកដឹងខ្លួនបានដូចធម្មតាវិញ។
- ទោះបីជារាងកាយរបស់អ្នកមិនអាចកម្រើកបានក៏ពិតមែន ប៉ុន្តែអ្នកគួរចងចាំថា សួតរបស់អ្នកនៅតែដំណើរការធម្មតា។ ដូចនេះអ្នកអាចព្យាយាមក្អក ព្រោះវិធីសាស្ត្រនេះអាចជួយឱ្យអ្នកដែលគេងនៅជិតខ្លួនរបស់អ្នកភ្ញាក់ឡើងដើម្បីជួយអ្នក ឬអាចពញ្ញាក់ស្មារតីរបស់អ្នកដើម្បីឱ្យរាងកាយអ្នកក្រោកឡើងបានដូចគ្នា។
- ព្យាយាមគេងឱ្យបានទៀងទាត់ និងគ្រប់គ្រាន់ពី ៦ ទៅ ៨ម៉ោងក្នុងមួយថ្ងៃ។
- រក្សាម៉ោងចូលដំណេក និងក្រោកពីដំណេកឱ្យបានទៀងទាត់។
- ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ប៉ុន្តែមិនគួរហាត់ប្រាណ ៤ម៉ោងមុនពេលចូលគេង។
- ធ្វើអារម្មណ៍ឱ្យធូរស្រាល ហើយកុំគិតពីរឿងអាក្រក់ និងបទពិសោធន៍មុនពេលចូលគេង។
- កុំទទួលទានអាហារឆ្អែតពេក កុំជក់បារី ឬកុំផឹកស្រា ឬជាតិកាហ្វេអ៊ីនក្នុងរយៈពេលខ្លី ឬ ២ម៉ោងមុនពេលចូលគេង។
- ព្យាយាមកុំគេងផ្ងារច្រើនពេក ព្រោះវាធ្វើឱ្យស្ថានភាពនៃខ្មោចសង្កត់នេះងាយនឹងកើតឡើង។
- ផឹកតែធម្មជាតិដែលជួយធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ ដូចជា តែផ្កាធម្មជាតិ (Chamomile Tea) និងលាបប្រេងដែលមានក្លិនឈ្ងុយត្រង់ដៃ និងកដៃរបស់អ្នក ដើម្បីជួយឱ្យអ្នកគេងលក់ស្រួលជាដើម៕