គួរយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់របស់អ្នក។ គប្បីអង្កេត និងប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃជំងឺបាក់ទឹកចិត្តបែបមុខញញឹម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះមានការផ្ដួចផ្ដើមជាច្រើនដែលបានជំរុញឱ្យមានការពិភាក្សាជាសាធារណៈលើប្រធានបទនៃការបាក់ទឹកចិត្ត។ ប្រហែលជាអ្នកធ្លាប់បានឃើញពីព័ត៌មាន ឬយុទ្ធនាការផ្សព្វផ្សាយក្នុងនិងក្រៅប្រព័ន្ធអ៊ីនធឺណិតស្ដីពីការយល់ដឹងរោគសញ្ញានៃជំងឺបាក់ទឹកចិត្តដែលរួមមានដូចជា អារម្មណ៍សោកសៅស្ទើរតែគ្រប់ពេលវេលា ការបាត់បង់ចំណាប់អារម្មណ៍លើអ្វីដែលខ្លួនធ្លាប់ចូលចិត្ត ការគិតមិនបានរហ័សរហួនដូចមុន ការខ្វះការផ្ដោតអារម្មណ៍និងការយកចិត្តទុកដាក់ ភាពនឿយហត់អស់កម្លាំងឬអារម្មណ៍មិនសប្បាយចិត្តស្ទើរតែពេញមួយថ្ងៃ ហើយធ្ងន់ធ្ងរនោះមានគំនិតធ្វើអត្តឃាត។
ទន្ទឹមគ្នានេះដែរក៏មានជំងឺបាក់ទឹកចិត្តមួយប្រភេទដែលអ្នកជំងឺមិនឬមិនសូវបង្ហាញរោគសញ្ញាដូចដែលមានរៀបរាប់ទៅខាងក្រៅ។ អ្នកជំងឺក៏ប្រហែលជាមិនដឹងពីប្រភេទជំងឺបាក់ទឹកចិត្តបែបនេះដែរដែលសំដៅលើ «ជំងឺបាក់ទឹកចិត្តបែបមុខញញឹម» ឬ «Smiling Depression»។
យោងតាមគេហទំព័រ Healthline Media របស់សហរដ្ឋអាមេរិកស្ដីពីបញ្ហាសុខភាពបានឱ្យដឹងថា ជំងឺបាក់ទឹកចិត្តនេះជារួមមានចំនួន ៩ប្រភេទ ដូចជា៖
- ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ (major depression)
- ជំងឺបាក់ទឹកចិត្តរ៉ាំរ៉ៃ (persistent depression)
- ជំងឺបាក់ទឹកចិត្តបែបការផ្លាស់ប្ដូរអារម្មណ៍ខ្លាំង (manic depression or bipolar)
- ជំងឺវិកលចរិត (depressive psychosis)
- ជំងឺបាក់ទឹកចិត្តលើស្ត្រីអំឡុងពេលពពោះ និងក្រោយផ្តល់កំណើត (perinatal depression)
- ជំងឺបាក់ទឹកចិត្តមុនពេលមានរដូវ (premenstrucal dysphoric disorder)
- ជំងឺបាក់ទឹកចិត្តតាមរដូវកាល (seasonal depression)
- ជំងឺបាក់ទឹកចិត្តតាមស្ថានភាព (situational depression)
- និងជំងឺបាក់ទឹកចិត្តខុសធម្មតាដែលអាចជះឥទ្ធិពលលើអារម្មណ៍ ការគិតនិងការបញ្ចេញអាកប្បកិរិយា (atypical depression)។
យោងទៅតាមគ្លីនិកម៉ាយ៉ូ (Mayo) ដែលជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា មនុស្សប្រហែលជាអាចមានបទពិសោធន៍លើជំងឺបាក់ទឹកចិត្តក្នុងលក្ខណៈផ្សេងៗគ្នា ដូចជា៖
- លក្ខណៈតប់ប្រមល់អន្ទះអន្ទែង (anxious distress)
- លក្ខណៈច្របូកច្របល់ (mixed features)
- លក្ខណៈស្រពាប់ស្រពោន (melacholic features)
- លក្ខណៈខុសធម្មតា (atypical features)
- លក្ខណៈចិត្តសាស្ត្រ (psychotic features)
- លក្ខណៈអាកប្បកិរិយា និងចលនាខុសប្រក្រតី (catatonia)
- លក្ខណៈបាក់ទឹកចិត្តធ្ងន់ធ្ងរជាវគ្គៗ (peripartum onset)
- និងលក្ខណៈបាក់ទឹកចិត្តតាមរដូវកាល (seasonal pattern)
ជំងឺបាក់ទឹកចិត្តទាំងនេះទោះមានលក្ខណៈដូចគ្នាជាច្រើនក៏ដោយ ប៉ុន្តែគេក៏អាចបែងចែកយោងតាមភាពខុសគ្នាបន្តិចបន្តួចរបស់វាដែរ។
នៅក្នុងសៀវភៅមួយស្ដីពីការធ្វើរោគវិនិច្ឆ័យ និងស្ថិតិនៃជំងឺផ្លូវចិត្តបានបង្ហាញថា «ជំងឺបាក់ទឹកចិត្តបែបមុខញញឹម» មិនត្រូវបានគេទទួលស្គាល់ជាផ្លូវការនោះទេ ក៏ប៉ុន្តែអ្នកជំនាញអាចធ្វើរោគវិនិច្ឆ័យថាជាជំងឺបាក់ទឹកចិត្តខុសធម្មតា (atypical depression) ដោយសារភាពប្រហាក់ប្រហែលគ្នានៃលក្ខណៈរបស់ជំងឺទាំងពីរនេះ។
គ្រប់ប្រភេទនៃជំងឺបាក់ទឹកចិត្តតម្រូវឱ្យមានការឆ្លើយតបយ៉ាងរហ័ស ហើយជាពិសេសនោះជំងឺបាក់ទឹកចិត្តបែបញញឹមអាចបង្កគ្រោះថ្នាក់ខ្លាំង ព្រោះអ្នកជំងឺខ្លះប្រហែលជាមិនដឹងថាពួកគេមានជំងឺ និងត្រូវការជំនួយនោះទេ។ ជាមួយគ្នានេះដែរ វាពិបាកក្នុងការកត់សម្គាល់ថាបុគ្គលណាមួយកំពុងតែទទួលរងនូវជំងឺបាក់ទឹកចិត្តប្រភេទនេះ។
អ្នកស្រី អូលីវៀ រេមេស (Olivia Remes) ដែលជាបណ្ឌិតស្រាវជ្រាវនៅសាកលវិទ្យាល័យ Cambridge បានចង្អុលបង្ហាញថា អ្នកដែលរងគ្រោះដោយសារជំងឺបាក់ទឹកចិត្តបែបញញឹម ជាធម្មតាពុំបានទទួលជំនួយណាមួយឡើយ «ពីព្រោះពួកគេប្រហែលជាគិតថាពួកគេមិនមានបញ្ហាអ្វីនោះទេ»។
ជំងឺបាក់ទឹកចិត្តបែបមុខញញឹម (Smiling Depression)
ជំងឺបាក់ទឹកចិត្តបែបមុខញញឹមត្រូវបានគេប្រើជាទូទៅដើម្បីពិពណ៌នាបុគ្គលដែលកំពុងទទួលរងការបាក់ទឹកចិត្ត ហើយមិនបញ្ចេញរោគសញ្ញាទៅខាងក្រៅ (តាមរយៈទឹកមុខ ឬអាកប្បកិរិយា) ហើយអាចគ្រប់គ្រងអារម្មណ៍បានល្អធម្មតាឬមានទឹកមុខរីករាយនៅខាងក្រៅ។ អ្នកដែលមានជំងឺបាក់ទឹកចិត្តប្រភេទនេះ មើលទៅហាក់ដូចជាគ្មានហេតុផលណាមួយដែលគួរធ្វើឱ្យពួកគេមានជំងឺនោះទេ ហើយជាធម្មតាពួកគេមានការងារអចិន្ត្រៃយ៍ មានគ្រួសារ និងសូម្បីតែដៃគូស្នេហាផងដែរ។
អ្នកស្រី Rita Labeaune ដែលជាវេជ្ជបណ្ឌិតជំនាញផ្នែកចិត្តសាស្ត្រនៅទីក្រុង Los Angeles ផ្ដោតសំខាន់លើការព្យាបាលជំងឺបាក់ទឹកចិត្ត ជំងឺបាក់ទឹកចិត្តបែបមុខញញឹម ជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្តបែបការផ្លាស់ប្ដូរអារម្មណ៍ខ្លាំង បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីចិត្តសាស្ត្រ Psychology Today ថា៖ «ជំងឺបាក់ទឹកចិត្តបែបមុខញញឹម ជាទូទៅពិបាកនឹងកំណត់ថាមានជំងឺឬក៏អត់។ អ្នកដែលមានបញ្ហានេះជាធម្មតាលាក់បាំងអារម្មណ៍ផ្ទាល់ខ្លួន ហើយទុកវាចោលនៅមួយឡែក។ ពួកគេប្រហែលជាមិនបានដឹងអំពីការបាក់ទឹកចិត្ត ឬចង់ទទួលស្គាល់រោគសញ្ញារបស់ពួកគេនោះទេ ព្រោះតែខ្លាចគេគិតថាអន់ហើយខ្សោយ»។
រោគសញ្ញា
ជាទូទៅ អ្នកដែលមានជំងឺបាក់ទឹកចិត្តបែបមុខញញឹមនឹងអាចមានរោគសញ្ញាមួយចំនួន ដូចជាការផ្លាស់ប្ដូរចំណង់អាហារ ការបាត់បង់ចំណាប់អារម្មណ៍ និងភាពរីករាយទៅលើរឿងនិងកិច្ចការដែលពួកគេធ្លាប់ចូលចិត្ត ការខ្វះខាតលើការគោរពខ្លួនឯង ការផ្លាស់ប្ដូរម៉ោងគេង មានអារម្មណ៍ហត់នឿយនិងអារម្មណ៍សោកសៅអន់ចិត្ត។ រោគសញ្ញាទាំងនេះមានតែនៅខាងក្នុងខ្លួនតែប៉ុណ្ណោះ ក៏ប៉ុន្តែនៅទីសាធារណៈឬខាងក្រៅ គេមើលឃើញពួកគេជាបុគ្គលសកម្ម មានភាពរីករាយ និងសុទិដ្ឋិនិយម។ បន្ថែមពីនេះទៀត ពួកគេក៏ប្រហែលជាអាចមានជីវភាពរស់នៅក្នុងសង្គមល្អ និងមានគ្រួសារប្រកបដោយភាពរីករាយផងដែរ។
អ្នកស្រី Remes បានឱ្យដឹងថា រោគសញ្ញានៃជំងឺបាក់ទឹកចិត្តបែបមុខញញឹម យើងក៏អាចឃ្លាំមើលចំណុចខ្លះៗដូចជាការបរិភោគច្រើនហួសកំណត់ មានអារម្មណ៍ថាដៃជើងធ្ងន់ និងងាយទទួលរងផលប៉ះពាល់ផ្លូវចិត្តដោយសារការរិះគន់ ឬការបដិសេធ។ ផ្ទុយទៅវិញ អារម្មណ៍របស់ពួកគេអាចប្រែមកជាប្រសើរឡើងវិញដោយសកម្មភាពសាមញ្ញៗ រួមមានការទទួលសារពីនរណាម្នាក់ដែលពួកគេចង់ឮ ឬការទទួលបានការសរសើរពីកន្លែងធ្វើការ ឬក្នុងជីវិតប្រចាំថ្ងៃ។
បុគ្គលដែលមានជំងឺបាក់ទឹកចិត្តប្រភេទនេះ ជាទូទៅមានអារម្មណ៍ក្រៀមក្រំនៅពេលល្ងាច ហើយមានអារម្មណ៍ថាត្រូវការគេងឱ្យបានច្រើនជាងមុនខុសពីជំងឺបាក់ទឹកចិត្តប្រភេទផ្សេងទៀតដែលអ្នកជំងឺភាគច្រើនតែងមានអារម្មណ៍បាក់ទឹកចិត្តនៅពេលព្រឹក ហើយពុំសូវគេងបាន។ កត្តាមួយទៀតដែលកំណត់ជំងឺប្រភេទនេះ គឺថាពួកគេជាធម្មតាមានគំនិតចង់ធ្វើអត្តឃាត ហើយមានថាមពលគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពបែបហ្នឹង។ ចំណែកឯអ្នកជំងឺបាក់ទឹកចិត្តប្រភេទផ្សេងទៀតក៏អាចមានគំនិតចង់ធ្វើអត្តឃាតដែរ ប៉ុន្តែពួកគេអត់មានកម្លាំងដើម្បីបញ្ចប់ជីវិតខ្លួនឯងនោះទេ។
អ្នកដែលមានជំងឺបាក់ទឹកចិត្តបែបមុខញញឹម អាចសម្រេចចិត្ត «ពាក់ម៉ាស់» មានន័យថាបិទបាំងស្ថានភាពរបស់ខ្លួន ព្រោះពួកគេអាចមានអារម្មណ៍ថា៖
- ការបង្ហាញសញ្ញានៃការបាក់ទឹកចិត្ត គឺបង្ហាញភាពទន់ខ្សោយរបស់ខ្លួន
- ការបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេ គឺជាបន្ទុករបស់អ្នកដទៃទៀត
- មនុស្សផ្សេងទៀតស្ថិតនៅក្នុងស្ថានភាពអាក្រក់ជាងពួកគេទៀត ហើយការគិតបែបនេះបានធ្វើឱ្យពួកគេសម្រេចចិត្តមិនចែករំលែក និងត្អូញត្អែរអំពីជីវិតរបស់ពួកគេ។
ជំងឺបាក់ទឹកចិត្តបែបមុខញញឹម ជាទូទៅកើតឡើងចំពោះបុគ្គលដែល៖
- ជាធម្មតា រំពឹងទុកនូវភាពបរាជ័យជាជាងភាពជោគជ័យ
- មានការគិតពីស្ថានភាពអវិជ្ជមានច្រើនដែលបានកើតឡើងពីមុន
- មានភាពលំបាកក្នុងការទទួលយកស្ថានភាពអាម៉ាស់មុខ ឬការមើលងាយនៅក្នុងជីវិត។
ទោះបីជាកត្តាដែលបានលើកឡើងខាងលើនេះមាននៅក្នុងគំនិតរបស់បុគ្គលមួយៗក៏ដោយ កត្តាខាងក្រៅមួយចំនួនដូចជាការប្រែប្រួលពីរបៀបនៃការរស់នៅ មានគ្រួសារ សហគមន៍ឬសង្គម បណ្ដាញសង្គមដែលចូលចិត្តធ្វើការវាយតម្លៃគ្នា ព្រមទាំងការរំពឹងទុករបស់អ្នកក៏អាចធ្វើឱ្យបុគ្គលទាំងនោះប្រឈមនឹងហានិភ័យខ្ពស់សម្រាប់ជំងឺបាក់ទឹកចិត្តបែបមុខញញឹមផងដែរ។
ការព្យាបាល
ដោយសារវាមានភាពពិបាកក្នុងការសម្គាល់អ្នកដែលមានជំងឺនេះ សម្រាប់ការព្យាបាលគ្រាន់តែអាចឈ្វេងយល់ និងយល់ដឹងថាស្ថានភាពបែបនេះពិតជាមាន ហើយវាអាចបង្កទៅជាអាការៈធ្ងន់ធ្ងរបាន។
ស្រដៀងគ្នាទៅនឹងជំងឺបាក់ទឹកចិត្តប្រភេទផ្សេងទៀតដែរ ជម្រើសនៃការព្យាបាលជំងឺបាក់ទឹកចិត្តបែបមុខញញឹមរួមមាន៖
- ស្វែងរកដំបូន្មានពីអ្នកជំនាញ
- ការព្យាបាលចិត្តសាស្ត្រ
- សមាធិ
- សកម្មភាពរាងកាយផ្សេងៗ
- ការស្វែងរកគោលបំណងក្នុងជីវិត៕