ព័ត៌មានក្នុងឆ្នាំ២០២០ ពោរពេញទៅដោយព្រឹត្តិការណ៍តានតឹង ដោយសារតែមានការផ្ទុះឡើងជាបន្តបន្ទាប់នៃវិបត្តិនានានៅជុំវិញពិភពលោក។ តើយើងអាចទ្រាំបានទៅនឹងស្ថានភាពទាំងនេះបានដល់ពេលណា?

ការនឿយហត់នឹងវិបត្តិដែលត្រូវបានគេហៅថាជាភាពនឿយកាយនឿយចិត្តនេះ កើតឡើងនៅពេលដែលមនុស្សអស់កម្លាំងខាងផ្លូវកាយ និងផ្លូវចិត្ត ដែលឆ្លើយតបទៅនឹងព្រឹត្តិការណ៍គ្រោះមហន្តរាយ ការប៉ះទង្គិចផ្លូវចិត្ត ឬជំងឺឆ្លងផ្សេងៗដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។
ពាក្យថាការនឿយហត់នឹងវិបត្តិ គេជឿថាត្រូវបានបង្កើតឡើងដោយលោក ខាឡា ជ័នសាន់ (Carla Joinson) នៅក្នុងអត្ថបទមួយបោះពុម្ពក្នុងទស្សនាវដ្ដីថែទាំឆ្នាំ១៩៩២ ដើម្បីពិពណ៌នាអំពីស្ថានភាពរបស់គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យដែលរងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ដោយការជួបប្រទះជាប្រចាំទៅនឹងអាការៈផ្សេងៗរបស់អ្នកជំងឺ។ ស្ត្រីរូបនោះក៏បានគូសបញ្ជាក់ពីលក្ខណៈនៃការនឿយហត់រ៉ាំរ៉ៃ ភាពឆាប់ខឹង ការមិនរារែកក្នុងការទៅធ្វើការ និងកង្វះភាពរីករាយក្នុងជីវិត។
លោក Firdaus S. Dhabhar ដែលជាសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រ និងអាកប្បកិរិយានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Miami Miller បាននិយាយអំពីភាពនឿយហត់នឹងវិបត្តិទៅកាន់ Healthline ដែលជាគេហទំព័រព័ត៌មានសុខភាពថា៖ «ការឆ្លើយតបដោយការវាយប្រហារ ឬដកថយដែលជាភាពតានតឹងរយៈពេលខ្លី គឺជាមិត្តរបស់យើង។ ការឆ្លើយតបទៅនឹងភាពតានតឹងនៅក្នុងសារពាង្គកាយយើង អាចការពារយើងពេលមានបញ្ហា ឬវិបត្តិអ្វីមួយ»។
«ទោះបីជាយ៉ាងណាក៏ដោយ នៅពេលភាពតានតឹងប្រែក្លាយទៅជាអាការៈរ៉ាំរ៉ៃដែលបានបន្តកើតឡើងអស់រយៈពេលជាច្រើនសប្តាហ៍ ខែ ឬច្រើនឆ្នាំនោះ វាអាចជះឥទ្ធិពលអាក្រក់ ហើយក្នុងស្ថានភាពធ្ងន់ធ្ងរវាអាចនាំឱ្យមានការនឿយហត់នឹងវិបត្តិ»។
ខណៈដែលករណីទាំងនេះត្រូវបានគេមើលឃើញថាជាទូទៅកើតមានឡើងក្នុងវិជ្ជាជីវៈ «ការថែទាំ» ដូចជាផ្នែកថែរក្សាសុខុមាលភាព ឬផ្នែកអនុវត្តច្បាប់ អ្នកវិភាគផ្នែកសារព័ត៌មានបានអះអាងថាភាពងាយស្រួលក្នុងការទទួលព័ត៌មានបានយ៉ាងទូលំទូលាយពីបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម អាចបណ្តាលឱ្យសាធារណជនទូទៅជួបប្រទះនូវផលប៉ះពាល់ផ្សេងៗ ព្រមទាំងការនឿយហត់នឹងវិបត្តិ។
តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយលើភាពនឿយហត់នឹងវិបត្តិ
មជ្ឈមណ្ឌល Dart សម្រាប់សារព័ត៌មាន និងការរងគ្រោះផ្លូវចិត្ត (The Dart Center for Journalism and Trauma) ដែលជាមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់អ្នកកាសែតដែលរាយការណ៍អំពីហិង្សា ជម្លោះ និងសោកនាដកម្មនៅជុំវិញពិភពលោក បានបោះពុម្ពផ្សាយថា៖ «មនុស្សមានប្រតិកម្មខុសៗគ្នាចំពោះការប៉ះទង្គិចផ្លូវចិត្ត និងភាពតានតឹង។ អ្នកខ្លះអាចដោះស្រាយបញ្ហានេះបានដោយធម្មតា ក៏ប៉ុន្តែមនុស្សភាគច្រើននឹងអាចរងគ្រោះបញ្ហាផ្លូវចិត្ត ហើយអាចធូរស្រាលបានឆាប់រហ័សដែលជាធម្មតាក្នុងរយៈពេលពីរឬបីខែ។ មនុស្សមួយភាគតិចដែលរាប់បញ្ចូលទាំងអ្នកកាសែត និងអ្នកបង្កើតកម្មវិធីក៏នឹងអាចជួបប្រទះនូវបញ្ហាផ្លូវកាយ និងភាពតានតឹងផ្លូវចិត្តកម្រិតធ្ងន់ផងដែរ។ វាពិតជាចាំបាច់ណាស់ដែលបញ្ហានេះត្រូវគេទទួលស្គាល់ ឈ្វេងយល់ និងទទួលយក»។
ទោះបីជាការប៉ះទង្គិចផ្លូវចិត្ត ឬវិបត្តិផ្សេងៗដែលកើតមានឡើងនៅជុំវិញពិភពលោកប្រហែលជាមិនបានផ្តល់ផលប៉ះពាល់ដោយផ្ទាល់ទៅលើសុខុមាលភាពរបស់ប្រជាជនជារួមក៏ដោយ ការទទួលបានព័ត៌មានតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់មនុស្សផងដែរ ជាពិសេសដោយសារតែបណ្ដាញផ្សព្វផ្សាយសង្គមបានធ្វើឱ្យការចែករំលែកព័ត៌មានទាំងនោះភ្លាមៗទាន់ហេតុការណ៍។
ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី កាលពីដើមឆ្នាំនេះបានបង្ហាញពីវីដេអូនៃផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានឆេះបំផ្លិចបំផ្លាញ និងបំផ្លាញទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋដោយពុំបានបន្សល់អ្វីទាំងអស់។ ទន្ទឹមនឹងនេះដែរ សត្វព្រៃគ្រប់ប្រភេទព្យាយាមរត់គេច និងស្វែងរកជម្រកជាមួយប្រជាជនយ៉ាងប្រថុយប្រថាន ដោយសារតែជម្រករបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញអស់ដោយសារភ្លើងឆេះព្រៃនេះ។
នៅពេលដែលការលាក់បាំងរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន ស្ដីពីកម្រិតនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសរបស់ខ្លួន ហើយនៅពេលដែលមេរោគកូរ៉ូណាបានឆ្លងពាសពេញតំបន់អឺរ៉ុប ជាពិសេសនៅក្នុងប្រទេសអ៊ីតាលី ដែលមានការរីករាលដាលខ្លាំងនោះ ពិភពលោកចាប់ផ្តើមមានការតានតឹងយ៉ាងខ្លាំងលើជំងឺរាតត្បាតមួយនេះ។
ជាមួយគ្នានេះដែរ បណ្ដាញផ្សព្វផ្សាយសង្គមក៏បានបង្ហាញពីរូបភាពរំខានជាច្រើននៃគ្រួសារអ្នកជំងឺកូវីដ១៩រង់ចាំអាជ្ញាធរមកទទួលយកសាកសពរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួន ដែលបានទទួលមរណភាពដោយសារជំងឺដ៏កាចសាហាវនេះ។ បន្ថែមពីនេះទៀត ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញពីប្រជាជននៅជុំវិញពិភពលោកធ្វើការរក្សាគម្លាតសង្គម និងមានភាពភ័យខ្លាចយ៉ាងខ្លាំងនៃជំងឺនេះ ហើយវីដេអូមួយចំនួនទៀតក៏បញ្ចាំងពីក្រុមប៉ូលិស និងអាជ្ញាធរចាប់ផ្តើមបិទទីក្រុងធំៗនៅជុំវិញពិភពលោក ព្រមទាំងបានពង្រឹងនូវបទបញ្ជាស្នាក់នៅផ្ទះឱ្យកាន់តែតឹងរ៉ឹងជាងមុនទៀតទៅកាន់ប្រជាជននៅគ្រប់តំបន់ផ្សេងៗ។
វីដេអូពីការស្លាប់របស់លោក ចច ផ្លយ (George Floyd) ដោយក្រុមប៉ូលិសសង្កត់ក ក៏ត្រូវបានចាក់ផ្សាយរាប់លានដងលើបណ្ដាញផ្សព្វផ្សាយសង្គម និងប្រភពផ្សព្វផ្សាយព័ត៌មានដែលបង្កឱ្យមានការតវ៉ាប្រឆាំង និងការផ្ទុះឡើងនូវបាតុកម្មទូទាំងសហរដ្ឋអាមេរិក និងទីក្រុងធំៗនានានៅជុំវិញពិភពលោក។
គ្រោះមហន្តរាយធំៗផ្សេងទៀតរួមមានការបំផ្លិចបំផ្លាញដំណាំក្នុងតំបន់អាហ្រ្វិក ការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអ៊ុយក្រែន (Ukrain) ដោយកងកម្លាំងរបស់ប្រទេសអ៊ីរ៉ង់ (Iran) ការទម្លាក់តំណែងមន្ត្រីដោយប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ព្រមទាំងការលេចឡើងសត្វល្អិតនៅតំបន់ប៉ែកពាយព្យក្នុងសហរដ្ឋអាមេរិកដែលហៅថា «ឪម៉ាល់ពិឃាត» មានកំណើតនៅតំបន់អាស៊ី។ ព័ត៌មានទាំងនេះជាបញ្ហាតូចនៅក្នុងពិភពលោក ប៉ុន្តែជាធម្មតាគឺជាបញ្ហាចម្បងនៅក្នុងបណ្ដាញសារព័ត៌មាន។
ការផ្ទុះឡើងជាបន្តបន្ទាប់នៃវិបត្តិគ្រោះមហន្តរាយ បានធ្វើឱ្យមនុស្សជាច្រើននៅជុំវិញពិភពលោកមានភាពនឿយហត់ទាំងកាយទាំងចិត្ត ហើយសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ទាំងអស់នេះក៏បានបាត់បង់ និងក៏ពុំមានការខ្វល់ខ្វាយទៅតាមនេះផងដែរ។
តើបញ្ហានឿយហត់នឹងវិបត្តិ អាចជះឥទ្ធិពលអ្វីខ្លះដល់មនុស្ស?
ការសិក្សាថ្មីមួយធ្វើឡើងនៅប្រទេសកាណាដា ផ្ដោតលើការឆ្លើយតបរបស់ប្រជាពលរដ្ឋលើជំងឺកូវីដ១៩ បានបង្ហាញថា ៣១% នៃចំនួនអ្នកឆ្លើយតបសរុបបានបង្ហាញពីអារម្មណ៍នឿយហត់តាំងពីពេលប៉ុន្មានសប្តាហ៍មុនពេលនៃការសិក្សាលើបញ្ហានេះ ហើយ ២៨% ទៀតបាននិយាយថាពួកគេមានអារម្មណ៍ញាប់ញ័រ និងភាពថប់បារម្ភ។ បញ្ហានេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើភាពប្រុងប្រយ័ត្នរបស់ពួកគេដែលមានតែ ៣៦% ប៉ុណ្ណោះដែលនៅឆ្ងាយពីទីកន្លែងសាធារណៈដូចពេលការផ្ទុះឡើងដំបូងនៃជំងឺកូវីដ១៩ ហើយមានតែ ៥៦% ប៉ុណ្ណោះដែលបន្តរក្សាគម្លាតសង្គមបន្ថែម។
វេជ្ជបណ្ឌិត Petros Levounis ប្រធានផ្នែកចិត្តសាស្ត្រនៅសាលាវេជ្ជសាស្ត្រ Rutgers New Jersey បានបង្ហាញរោគសញ្ញានៃភាពនឿយហត់នឹងវិបត្តិទៅកាន់គេហទំព័រ Healthline ថាជាទូទៅមានទិសដៅពីរដែលភាពនឿយហត់នឹងវិបត្តិអាចទៅបាន។
លោកបានមានប្រសាសន៍ថា៖ «ទិសដៅទីមួយគឺការថប់បារម្ភខ្លាំងជាពេលដែលមនុស្សឆាប់ខឹង ហើយសូម្បីតែរឿងតូចតាចក៏អាចធ្វើឱ្យពួកគេផ្ទុះកំហឹងផងដែរ។ សូម្បីតែការរំលឹកពីវិបត្តិដែលកើតមានឡើងក៏អាចនាំឱ្យមានការឆ្លើយតបខាងផ្លូវចិត្តទាំងមិនត្រឹមត្រូវផងដែរ»។
លោក Levounis បានបន្តថា៖ «ទិសដៅម្ខាងទៀតដែលសំខាន់និងធ្ងន់ធ្ងរ ហើយមិនងាយនឹងធ្វើការកត់សម្គាល់នោះទេ គឺនៅពេលដែលមនុស្សដកថយពីស្ថានភាពថប់បារម្ភខ្លាំង។ ពួកគេឈប់ខ្វាយខ្វល់ពីវិបត្តិ ឬស្ថានភាពទាំងនោះ។ ពួកគេលែងបារម្ភពីអ្វីដែលត្រូវធ្វើ និងពីផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះមហន្តរាយទាំងនោះទៀតហើយ»។
ការសិក្សារបស់ប្រទេសកាណាដា ក៏បានបង្ហាញពីបញ្ហាដែលមនុស្សភាគច្រើននៅក្នុងប្រទេសរបស់ខ្លួនមានអារម្មណ៍ព្រួយបារម្ភ និងនឿយហត់ទៅលើអ្វីដែលកំពុងកើតឡើងផងដែរ។ ក្រុមដែលបានចូលរួមការសិក្សាបានចាប់ផ្តើមព្រងើយកន្តើយទៅលើការប្រុងប្រយ័ត្ននឹងការឆ្លងជំងឺកូវីដ១៩ និងការរក្សាគម្លាតសង្គមដែលពួកគេហាក់ដូចជាឈប់ខ្វាយខ្វល់ពីបញ្ហាទាំងនេះហើយ។ នេះក៏បានឆ្លុះបញ្ចាំងដូចអ្វីដែលលោក Levounis បានពិពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ផងដែរ។
វិធីនៃការដោះស្រាយភាពនឿយហត់នឹងវិបត្តិ
ខណៈដែលភាពនឿយហត់នឹងវិបត្តិហាក់ដូចជាមិនអាចជៀសផុតបាននោះ មានវិធីមួយចំនួនដែលមនុស្សអាចកាត់បន្ថយភាពតានតឹងបាន៖
- ផ្ដោតលើសុខុមាលភាពរាងកាយ៖ ការធ្វើលំហាត់ប្រាណ និងការទទួលទានអាហារូបត្ថម្ភបានត្រឹមត្រូវ ព្រមទាំងការគេងឱ្យបានគ្រប់គ្រាន់មានសារសំខាន់ណាស់ក្នុងការគ្រប់គ្រងកម្រិតនៃភាពតានតឹង។
- ភ្ជាប់ទំនាក់ទំនង៖ ត្រូវប្រាកដរក្សាទំនាក់ទំនងជាមួយមិត្តភក្ដិ និងក្រុមគ្រួសារ។ ការប្រាស្រ័យទាក់ទងអាចផ្តល់ប្រយោជន៍ជាច្រើនក្នុងការបំបាត់ភាពតានតឹង។
- រក្សាទម្លាប់របស់អ្នក៖ ប្រកាន់ខ្ជាប់តាមដែលអាចធ្វើបាននូវសកម្មភាពប្រចាំថ្ងៃរបស់អ្នកដែលនឹងអាចជួយឱ្យអ្នកមានអារម្មណ៍ធម្មតាបាន។
- កំណត់ការតាមដានព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយ៖ ការដាក់កម្រិតលើពេលវេលាដែលចំណាយលើការទទួលព័ត៌មានផ្សេងៗតាមបណ្ដាញផ្សព្វផ្សាយសង្គម ក៏អាចជួយសម្រួលនូវភាពតានតឹង និងការថប់បារម្ភផងដែរ។
- ធ្វើអ្វីដែលអ្នកចូលចិត្ត៖ ចំណង់ចំណូលចិត្ត និងការរំខានផ្សេងៗក៏អាចទាញយកការផ្ដោតអារម្មណ៍លើចំណុចអវិជ្ជមានចេញ និងអាចឱ្យអ្នកផ្ដោតលើអ្វីមួយផ្សេងៗដែលអាចបង្កឱ្យមានអារម្មណ៍ប្រសើរជាងមុន។
- ការធ្វើសមាធិ៖ ការបែងចែកពេលវេលាខ្លះទៅលើការតាំងសមាធិធ្វើឱ្យមានអារម្មណ៍ស្ងប់ក៏អាចជួយកាត់បន្ថយកម្រិតនៃភាពតានតឹងផងដែរ៕