ការប្រើប្រាស់ឡេនភ្នែកមិនមានរបៀបរបប និងពុំមានស្តង់ដារគុណភាពត្រឹមត្រូវតាមការណែនាំរបស់អ្នកជំនាញ អាចផ្តល់ផលប៉ះពាល់ដល់សុខភាពភ្នែករបស់អ្នកយ៉ាងធ្ងន់ធ្ងរ។
ចក្ខុវិញ្ញាណគឺជាញាណមួយដែលដើរតួយ៉ាងសំខាន់ក្នុងសារពាង្គកាយរបស់មនុស្ស។ វាមានសមត្ថភាពពិសេសដែលអាចឱ្យអ្នកបានមើលឃើញភាពស្រស់បំព្រងនៃពិភពលោក និងដើម្បីបំពេញតម្រូវការផ្សេងៗនៅក្នុងជីវិតប្រចាំថ្ងៃ។ បច្ចុប្បន្ន យើងមើលឃើញថាការប្រើប្រាស់ឡេនការពារភ្នែកកំពុងទទួលបានការគាំទ្រនៅក្នុងប្រទេសកម្ពុជា ជាពិសេសចំពោះស្រទាប់យុវវ័យដែលមានបញ្ហាភ្នែក។ វាមិនត្រឹមតែអាចជួយសម្រួលដល់ការមើលឃើញច្បាស់ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកខ្លះទៀតថែមទាំងបានប្រើប្រាស់វាក្នុងគោលបំណងសំខាន់ ដើម្បីតុបតែងភ្នែករបស់ខ្លួនឱ្យមានភាពស្រស់ស្អាតមួយបែបផ្សេងទៀត ដោយប្រើប្រាស់នូវប្រភេទឡេនដែលមានរូបភាពប្លែកៗ និងពណ៌ចម្រុះជាដើម។
ការសិក្សារបស់ Insight Vision Center ដែលជាស្ថាប័នឯកទេសព្យាបាលជំងឺទាក់ទងនឹងបញ្ហាភ្នែកនាំមុខគេនៅសហរដ្ឋអាមេរិកបានបង្ហាញថា ការប្រើប្រាស់ឡេនភ្នែកមិនបានត្រឹមត្រូវអាចបង្កឱ្យមានហានិភ័យ និងបញ្ហាដល់ភ្នែក ដូចជាការរារាំងអុកស៊ីសែនមិនឱ្យចូលទៅក្នុងភ្នែកដែលចូលទៅចិញ្ចឹមគ្រាប់ភ្នែក (Blockage of Oxygen) បញ្ហាភ្នែកស្ងួត (Dry Eyes) រលាកភ្នែក (Irritation) ភ្នែកឡើងក្រហម (Conjunctivitis) រមាស់និងហើមត្របកភ្នែក (Corneal Abrasion) និងដុះសាច់ក្នុងភ្នែក (Corneal Ulcer) ជាដើម។ បញ្ហាទាំងអស់នេះអាចបណ្តាលឱ្យអ្នកពិការភ្នែកថែមទៀតផង ប្រសិនបើមិនមានការព្យាបាលទាន់ពេលវេលា។
តើការប្រើប្រាស់ឡេនភ្នែកបែបណា ទើបមិនបង្កឱ្យមានបញ្ហាដល់សុខភាពភ្នែករបស់អ្នក?
ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលបានណែនាំដោយអ្នកជំនាញភ្នែកមកពី London Vision Clinic ដែលជាស្ថាប័នជំនាញនាំមុខគេពីបញ្ហាភ្នែករបស់ចក្រភពអង់គ្លេស ក្នុងការការពារភ្នែករបស់អ្នកពីបញ្ហាប្រឈមដោយសារការប្រើប្រាស់ឡេនភ្នែក៖
- ការសម្អាត
ជាទូទៅការសម្អាតដៃឱ្យបានស្អាតមុននឹងប៉ះពាល់ទៅនឹងភ្នែករបស់អ្នក ពិតជាមានសារសំខាន់ណាស់ ព្រោះវាអាចសម្លាប់មេរោគផ្សេងៗដែលស្ថិតនៅនឹងដៃរបស់យើង។ ហេតុនេះ អ្នកគួរលាងដៃឱ្យស្អាតជាមួយសាប៊ូ ឬផលិតផលសម្លាប់មេរោគជាប្រចាំ ដើម្បីឱ្យប្រាកដថាដៃរបស់អ្នកពិតជាមិនបាននាំមេរោគទៅក្នុងភ្នែករបស់អ្នក។ ម្យ៉ាងទៀត អ្នកគួរជៀសវាងការសម្អាតភ្នែកដោយប្រើទឹកមិនស្អាតមកលុបលាងភ្នែក និងឡេនភ្នែករបស់អ្នក។ អ្នកត្រូវប្រើក្រណាត់ស្អាត និងជូតថ្នមៗទៅលើភ្នែករបស់អ្នក។ រីឯឡេនភ្នែកនោះ អ្នកអាចប្រើប្រាស់ទឹកសម្រាប់លាងឡេនដោយធ្វើតាមការណែនាំរបស់អ្នកជំនាញភ្នែក។ - អ្នកមិនត្រូវគេងពេលដែលពាក់ឡេនភ្នែក
អ្នកប្រហែលជាអាចដឹងខ្លះហើយថាការពាក់ឡេនភ្នែករយៈពេលយូរមិនល្អចំពោះភ្នែក ហើយអ្នកមិនគួរពាក់វាលើសពី ១២ម៉ោងក្នុងមួយថ្ងៃនោះទេ ជាពិសេសការគេងលក់នៅពេលដែលអ្នកកំពុងពាក់ឡេន ឬចូលគេងដោយមិនដោះឡេនភ្នែកចេញ វាអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ភ្នែករបស់អ្នក ដោយសារនៅពេលអ្នកបិទភ្នែកសម្រាកនោះ មេរោគឬបាក់តេរីដែលទំជាប់នៅនឹងឡេននោះអាចធ្វើឱ្យភ្នែករបស់អ្នកឡើងក្រហម រមាស់ និងឆ្លងមេរោគបាន។ - ការតុបតែងមុខ
ការពាក់ឡេនភ្នែកនៅពេលដែលអ្នកតុបតែងមុខ ពិតជាមានការពេញនិយមនាពេលបច្ចុប្បន្ន ព្រោះវាអាចលើកសម្រស់ផ្ទៃមុខរបស់អ្នកឱ្យកាន់តែប្លែក។ ប៉ុន្តែអ្នកគួរតែចងចាំផងដែរថា នៅពេលដែលអ្នកមិនបានប្រើប្រាស់ខ្មៅដៃ និងគ្រឿងសម្អាងទាំងអស់នោះឱ្យបានត្រឹមត្រូវទេ នៅពេលដែលវាអាចចូលទៅក្នុងកែវភ្នែក វាអាចបង្កឱ្យមានបញ្ហាជាច្រើន ប្រសិនបើអ្នកមិនបានធ្វើការសម្លាប់មេរោគ និងសម្អាតភ្នែក និងឡេនឱ្យបានត្រឹមត្រូវភ្លាមៗនោះ។ - ទឹក
ការប៉ះពាល់ជាមួយនឹងទឹកដោយផ្ទាល់ ដូចជាទឹកភ្លៀង ងូតទឹក ការហែលទឹក និងសំណើមទឹកក្តី វាមិនល្អនោះឡើយសម្រាប់ភ្នែកដែលកំពុងប្រើប្រាស់ឡេន។ ទឹកស្ទើរតែអាចបង្កបញ្ហាជាងដៃទាំងពីររបស់អ្នកទៅទៀត ដោយវាមានបាក់តេរី និងអាម៉ូបេ (amoebae) ដែលជាសរីរាង្គមេរោគតូចដែលមិនអាចមើលឃើញដោយភ្នែកទទេបាន ដែលចូលទៅបំផ្លាញប្រព័ន្ធចក្ខុ និងកែវភ្នែករបស់អ្នក។ - ការប៉ះផ្ទាល់ និងញីភ្នែក
ការចំណាយពេលក្នុងការប្រឹងមើលអ្វីមួយ ដូចជាអេក្រង់រយៈពេលយូរអាចធ្វើឱ្យភ្នែករបស់អ្នកឈឺចុករោយ ហើយការញីភ្នែកជាមធ្យោបាយមួយដែលមនុស្សតែងតែធ្វើដោយមិនដឹងខ្លួន។ ទម្លាប់មិនល្អនេះអាចបង្កឱ្យកើតមានជំងឺភ្នែកម្យ៉ាងដែលហៅថា កឺរ៉ាតូកូនុស (keratoconus) មិនថាសម្រាប់ភ្នែកធម្មតានោះទេ។ កឺរ៉ាតូកូនុស គឺជាជំងឺភ្នែកម្យ៉ាងដែលធ្វើឱ្យកញ្ចក់ភ្នែករបស់អ្នកមានសភាពប៉ោងខ្លាំងទៅខាងមុខ វាអាចបណ្តាលមកពីការញីភ្នែកខ្លាំង និងញឹកញយ។ ជាពិសេស ភ្នែកដែលពាក់ឡេន គឺអាចប្រឈមនឹងជំងឺនេះច្រើន ពីព្រោះការពាក់ឡេនអាចធ្វើឱ្យភ្នែកអ្នករមាស់ និងស្រកាំជាដើម។ - ការសម្អាតសម្ភារឡេនភ្នែក
បាក់តេរី និងមេរោគផ្សេងៗមិនត្រឹមតែអាចទំជាប់នៅនឹងឡេនភ្នែកនោះទេ វាក៏អាចស្ថិតនៅប្រអប់ឡេនដែលអ្នកបានប្រើប្រាស់ផងដែរ។ ហេតុដូចនេះ អ្នកត្រូវធ្វើការសម្អាតសម្ភារទាំងនោះឱ្យបានត្រឹមត្រូវ និងញឹកញាប់ ដូចជាការលាងសម្អាតឱ្យបានស្អាតរួចទុកឱ្យស្ងួតមុននឹងប្រើប្រាស់ឡើងវិញ ហើយមិនគួរទុកដាក់សម្ភារទាំងនោះនៅកន្លែងដែលសើម និងងងឹតនោះទេ ព្រោះអាចធ្វើឱ្យបាក់តេរីអាក្រក់ទាំងឡាយនោះអាចកើតមានឡើងកាន់តែច្រើន។ - ការមិនយកចិត្តទុកដាក់ចំពោះសុខភាពភ្នែក
ទោះបីជាអ្នកមិនមានអារម្មណ៍ថាភ្នែករបស់អ្នកមិនមានភាពឈឺចាប់ ឬមិនស្រកាំក្តី ប៉ុន្តែមិនមានន័យថាវាមិនបានបំផ្លាញសុខភាពភ្នែកនោះទេ។ ឡេនភ្នែកបានរារាំងអុកស៊ីសែនមិនឱ្យចូលទៅចិញ្ចឹមភ្នែក និងផ្តល់សំណើមគ្រប់គ្រាន់ដល់ភ្នែករបស់អ្នក។ អ្នកគួរតែផ្លាស់ប្រើប្រាស់ប្រភេទឡេនដែលមានស្តង់ដារត្រឹមត្រូវតាមការណែនាំរបស់ក្រុមអ្នកជំនាញក្នុងការប្រើប្រាស់ ជាពិសេសធ្វើការពិនិត្យសុខភាពភ្នែករបស់អ្នកឱ្យបានញឹកញាប់ មិនមែនទាល់តែមានបញ្ហានោះទេ៕