តើសមុទ្រមានតួនាទីអ្វីខ្លះក្នុងជីវភាពប្រចាំថ្ងៃរបស់យើង? តើយើងអាចធ្វើអ្វីខ្លះដើម្បីការពារសមុទ្រ?
ទិវាសមុទ្រពិភពលោក ៨ មិថុនា គឺជាថ្ងៃមួយដែលពិភពលោករំលឹកគុណតួនាទីរបស់សមុទ្រនៅក្នុងជីវភាពប្រចាំថ្ងៃ បំផុសបំផុលសកម្មភាពផ្សេងៗដើម្បីការពារដែនសមុទ្រ ព្រមទាំងស្វែងរកវិធីសាស្ត្រនានាដើម្បីប្រើប្រាស់ធនធានសមុទ្រប្រកបទៅដោយនិរន្តរភាព។
ទិវាសមុទ្រពិភពលោកត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍សមុទ្រអន្តរជាតិប្រទេសកាណាដា (ICOD) និងវិទ្យាស្ថានសិក្សាពីសមុទ្រប្រទេសកាណាដា ក្នុងកិច្ចប្រជុំកំពូលស្ដីពីពិភពលោកមួយនៅទីក្រុងរីយ៉ូដឺហ្សានេរ៉ូ (Rio De Janeiro) ប្រទេសប្រេស៊ីល ក្នុងឆ្នាំ១៩៩២។ បន្ទាប់មក ទិវានេះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ២០០៨។
មកទល់បច្ចុប្បន្ននេះ ប្រធានបទខុសៗគ្នាជាច្រើនត្រូវបានលើកឡើងមកពិភាក្សាដែលក្នុងនោះរួមមាន «សមុទ្រយើង ទំនួលខុសត្រូវយើង» «សមុទ្រយើង ឱកាសនិងបញ្ហាប្រឈម» «សមុទ្រ និងមនុស្ស» និង «សមុទ្រយើង អនាគតយើង»។ល។ ដោយឡែកប្រធានបទឆ្នាំនេះនិយាយអំពី «ការច្នៃប្រឌិតថ្មីសម្រាប់មហាសមុទ្រប្រកបដោយនិរន្តរភាព ២០២០»។
ទិវាសមុទ្រពិភពលោកឆ្នាំនេះមានបំណងបង្ហាញថាភាពជឿនលឿននៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអាចជួយអ្វីបានខ្លះក្នុងការការពារ និងទ្រទ្រង់សមុទ្រសម្រាប់ក្មេងៗជំនាន់ក្រោយ។ លើសពីនេះទៅទៀត កម្មវិធីឆ្នាំនេះមានបំណងឱ្យអ្នកដឹកនាំក្នុងប្រទេសនានាចាប់ផ្តើមធ្វើសកម្មភាពការពារសមុទ្រឱ្យបាន ៣០% នៅក្នុងឆ្នាំ២០៣០។
សមុទ្រគ្របដណ្ដប់ជាង ៧០% នៃផ្ទៃដី ហើយវាផ្តល់ជីវិតឱ្យសត្វ និងរុក្ខជាតិជាច្រើនប្រភេទទាំងប្រភេទដែលបានរកឃើញ និងមិនទាន់បានរកឃើញ។ បន្ថែមពីលើនេះ សមុទ្រផ្តល់អុកស៊ីសែនដែលយើងដកដង្ហើមជារៀងរាល់ថ្ងៃ ព្រោះវាមានសារាយផលិតអុកស៊ីសែន។
ទោះបីយើងមើលឃើញផ្ទៃសមុទ្រតែ ២០% ក៏ដោយ សមុទ្រគឺជាប្រភពការងារ ម្ហូបអាហារ មធ្យោបាយធ្វើដំណើរ និងការកម្សាន្តដ៏សំខាន់។ យោងតាមអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ៩០% នៃការធ្វើពាណិជ្ជកម្មឆ្លងប្រទេសត្រូវបានធ្វើឡើងតាមនាវាដឹកជញ្ជូនតាមសមុទ្រ។
អ្នកវិទ្យាសាស្ត្រព្យាករថា សត្វផ្សេងៗជាង ១លានប្រភេទមានជម្រកក្នុងសមុទ្រ។ ម្យ៉ាងវិញទៀត មានរបាយការណ៍ថាមនុស្សជាង ៦០លាននាក់ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីសមុទ្រ ដោយសារពួកគេប្រកបរបរទាក់ទងទៅនឹងការនេសាទ និងជលផលវារីវប្បកម្ម។ បើយោងតាមអង្គការស្បៀងអាហារ និងកសិកម្មពិភពលោក (FAO) ក្នុងឆ្នាំ២០១៤ បានឱ្យដឹងថា ប្រជាជនទូទាំងពិភពលោកសរុបជាង ១០% ពឹងផ្អែកទាំងស្រុងលើការនេសាទជាមុខរបរចិញ្ចឹមជីវិត។ ទន្ទឹមគ្នានេះដែរ មនុស្សជាង ៣ពាន់លាននាក់ ទទួលទានត្រីនៅក្នុងរបបអាហាររបស់ពួកគេ។
ថ្មីៗនេះ ប្រព័ន្ធអេកូឡូស៊ីសមុទ្រកំពុងស្ថិតនៅក្នុងការគំរាមកំហែងពីកត្តាជាច្រើនរួមមាន ការបំពុលដោយប្លាស្ទិក ការបំពុលខ្យល់ បម្រែបម្រួលអាកាសធាតុ កាកសំណល់រោងចក្រ និងកសិកម្ម ការនេសាទលើសកំណត់ ការបំពុលដោយប្រេង ការរុករានសត្វ និងការកាប់បំផ្លាញព្រៃឈើ។ យោងតាមរបាយការណ៍របស់ National Geographic ៨០% នៃបញ្ហាប្រឈមនៅក្នុងសមុទ្រត្រូវបានបង្កឡើងដោយសកម្មភាពរបស់មនុស្ស។
អ្នកស្រាវជ្រាវបានរកឃើញថា កាកសំណល់ និងសំរាមប្រមាណជាង ៨លានតោនពីប្រទេសដែលនៅជាប់សមុទ្រត្រូវបានចាក់ចូលសមុទ្រជារៀងរាល់ឆ្នាំ។ សំរាម និងកាកសំណល់ទាំងនោះត្រូវបានគេសន្មតថា ដំបូងឡើយវាត្រូវបានមនុស្សចោលទៅលើដី ឬទន្លេ ហើយបន្ទាប់មកទៀតវាហូរចូលសមុទ្រ។ វិបត្តិសំរាមប្លាស្ទិកបានសម្លាប់សត្វរាប់លានក្បាល បូករួមទាំងសត្វក្នុងសមុទ្រជារៀងរាល់ឆ្នាំ។ ផ្អែកតាមទិន្នន័យរបស់អង្គការ WWF ចុះផ្សាយក្នុងឆ្នាំ២០១៨ សត្វសមុទ្រប្រមាណ ១០ ម៉ឺនក្បាលបានបាត់បង់ជីវិតជារៀងរាល់ឆ្នាំដោយសារបញ្ហាប្លាស្ទិកនេះ ហើយ ៤០% នៃសត្វទាំងនោះស្លាប់ដោយសារការស៊ីប្លាស្ទិកដោយច្រលំថាប្លាស្ទិកគឺជាអាហារ។
ចំណែកឯដែនសមុទ្រប្រទេសកម្ពុជាវិញ អ្នកជំនាញផ្នែកបរិស្ថានក៏កំពុងបារម្ភពីការគំរាមកំហែងទៅលើសមុទ្រដែរ។
អ្នកស្រី ឡេង ផល្លា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ផ្នែកជីវសាស្ត្រសមុទ្រនៃអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានថ្លែងថា៖ «ក្នុងចំណោមការគំរាមកំហែងទាំងអស់ អ្វីដែលជាបញ្ហាចម្បងសម្រាប់សមុទ្រកម្ពុជា គឺការកាប់ដើមកោងកាងដើម្បីយកជាដីកម្មសិទ្ធិ និងការនេសាទខុសច្បាប់»។
អ្នកស្រីបានបន្តថា៖ «សត្វសមុទ្រកំពុងតែជួបប្រទះដូចជាការបាត់បង់ទីជម្រកដោយការនេសាទខុសច្បាប់ក្នុងជម្រករបស់ពួកវា។ ការកាប់ព្រៃកោងកាង ការបំផ្លាញស្មៅសមុទ្រ និងការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រមូលទាំងកូនតូចៗ»។
ដោយសារស្ថានភាពជំងឺកូវីដ១៩ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) មិនបានប្រារព្ធកម្មវិធីអបអរទិវាសមុទ្រពិភពលោកឆ្នាំនេះនោះទេ។ ក៏ប៉ុន្តែកាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ អង្គការ WEA សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពត និងសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត បានចុះទៅដាំដើមកោងកាង ១.០០០ដើម ដើម្បីជំនួសការរៀបចំទិវាសមុទ្រពិភពលោក។ ទន្ទឹងនឹងនេះដែរ «ពិធីពិព័រណ៍បាតសមុទ្រ» ក្នុងខេត្តកំពត នៅក្នុងសហគមន៍ព្រែកត្នោត ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣ ខែមីនា ដើម្បីថ្លែងអំណរគុណដល់សមុទ្រកម្ពុជាដែលបានផ្តល់ជាអាហារ ជម្រក និងបរិស្ថានរស់នៅដ៏ល្អ។
កន្លងមកនេះ សកម្មភាពមួយចំនួនដូចជាការដាំដើមកោងកាង ការសម្អាតឆ្នេរសមុទ្រ ការប្រណាំងទូកប្លាស្ទិក និងការប្រកួតគូរគំនូរពីសមុទ្រ ត្រូវបានបង្កើតឡើងដើម្បីអបអរសាទរពិធីបុណ្យសមុទ្រពិភពលោកនេះ។
អ្នកស្រីបានបន្ថែមថា៖ «កន្លងមកយើងក៏ធ្លាប់ធ្វើការជ្រមុជទឹករើសសំរាមនៅបាតសមុទ្រផងដែរ។ សកម្មភាពនេះត្រូវបានធ្វើដោយក្រុមពួកយើង ព្រោះយើងចេះជ្រមុជទឹកជាមួយឧបករណ៍ជំនួយការដកដង្ហើម។ យើងរើសសំរាម ហើយយើងធ្វើការចែកវាតាមប្រភេទរបស់វា»។
ដើម្បីចូលរួមជាចំណែកក្នុងការជួយសង្គ្រោះសមុទ្រ អ្នកស្រីបានឱ្យដឹងថា រាជរដ្ឋាភិបាល អង្គការ WEA និងអង្គការផ្សេងៗទៀតដែលធ្វើការងារទាក់ទងនឹងសមុទ្រក្នុងខេត្តកំពត បានរួមគ្នាបង្កើតជាតំបន់គ្រប់គ្រងជលផលសមុទ្រខេត្តកំពត ដែលមានទីតាំងនៅក្នុងសហគមន៍ត្រពាំងរពៅ សហគមន៍ព្រែកត្នោត សហគមន៍ចង្ហោន និងភូមិកោះតូច លើផ្ទៃដីប្រមាណជាង ៨.០០០ហិកតារ។
ទាក់ទងទៅនឹងសំណួរថា តើភាពជឿនលឿននៃបច្ចេកវិទ្យាអាចចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាលើសមុទ្របានដែរឬទេ?
អ្នកស្រី ផល្លា បាននិយាយថា៖ «ខ្ញុំគិតថាបាន តែមិនទាំងអស់នោះទេ។ បើច្បាប់មិនអនុវត្តឱ្យបានម៉ឺងម៉ាត់ជាងនេះ ទោះចង់មានបច្ចេកវិទ្យាទំនើបប៉ុនណាក៏ដោយ ក៏ទប់ការបំផ្លាញមិនជាប់ដែរ»។
ដើម្បីកាត់បន្ថយបញ្ហាប្រឈមលើសមុទ្រ National Geographic បានស្នើសកម្មភាពដូចខាងក្រោម៖
- បង្កើតឱ្យមានសួនឧទ្យានសមុទ្រដើម្បីការពារជីវចម្រុះ
- កាត់បន្ថយការនេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញ
- កាត់បន្ថយការប្រើប្រាស់ឧបករណ៍ស្រូបសំឡេង (Military Sonar) ដែលអាចបង្កហានិភ័យ និងសម្លាប់សត្វ
- ជួយអ្នកនេសាទក្នុងការប្រកបរបរចិញ្ចឹមជីវិតដោយប្រឹងប្រែងអភិរក្ស
- បង្កើតវិធានការដើម្បីកាត់បន្ថយបរិមាណត្រីដែលចាប់បានដោយចៃដន្យ៕