«បើសិនខ្ញុំមិនមានបទពិសោធន៍ក្នុងការស្រាវជ្រាវពីមុនមកទេ ខ្ញុំគិតថាខ្ញុំអាចនឹងប្រើប្រាស់អារម្មណ៍ច្រើនក្នុងការឆ្លើយតប ឬបញ្ចេញមតិទៅលើបញ្ហាដែលកើតឡើងនៅក្នុងសង្គម»។
ការស្វែងរកទិន្នន័យក្នុងស្រុកជាក់លាក់អំពីប្រធានបទនានាត្រូវបានសិស្សក៏ដូចជានិស្សិតកម្ពុជាជាច្រើនយល់ឃើញថាជារឿងដែលលំបាកមួយ។ ដើម្បីដោះស្រាយបញ្ហានេះ សាស្ត្រាចារ្យ និងអ្នកអប់រំភាគច្រើនបានណែនាំឱ្យសិស្សនិស្សិតប្រើប្រាស់ទិន្នន័យរបស់បណ្តាប្រទេសដទៃទៀត ជាពិសេសប្រទេសដែលមានស្ថានភាពនៃការរស់នៅស្រដៀងគ្នានឹងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ យើងសង្កេតឃើញថាអាជីពជាអ្នកស្រាវជ្រាវមិនសូវទទួលបានភាពពេញនិយមពីសំណាក់និស្សិតនោះទេ។ ភាគច្រើន ពួកគេយល់ឃើញថា វាជាអ្វីដែលគួរឱ្យធុញទ្រាន់ និងស្មុគស្មាញ។
ដើម្បីឈ្វេងយល់ថាហេតុអ្វីបានជាប្រទេសកម្ពុជាមិនមានទិន្នន័យគ្រប់គ្រាន់ និងសារសំខាន់នៃការស្រាវជ្រាវសម្រាប់ប្រទេស Focus បានធ្វើបទសម្ភាសន៍មួយជាមួយបណ្ឌិត សេង សារី ដែលបច្ចុប្បន្នជាអ្នកតាមដានសង្គម អ្នកស្រាវជ្រាវក្រៅម៉ោង និងសាស្ត្រាចារ្យក្រៅម៉ោងមុខវិជ្ជាវិធីសាស្ត្រស្រាវជ្រាវ។ មុនពេលអភិវឌ្ឍខ្លួនមកជាអ្នកតាមដានសង្គម លោកមានបទពិសោធន៍ស្រាវជ្រាវសង្គមជាង ១០ឆ្នាំ។ បទពិសោធន៍ក្នុងការស្រាវជ្រាវបានជួយលោកជាច្រើននៅក្នុងការអនុវត្តតួនាទីជាអ្នកតាមដានសង្គម ព្រោះវាធ្វើឱ្យលោកមានគំនិត និងមើលសង្គមតាមបែបវិទ្យាសាស្ត្រ។
មូលហេតុអ្វីបានជាលោកជ្រើសរើសជំនាញនេះ?
ពេលខ្ញុំរៀនក្នុងឆ្នាំទី៣ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចន្លោះឆ្នាំ១៩៩៩-២០០០ ខ្ញុំមានឱកាសក្លាយជាជំនួយការអ្នកស្រាវជ្រាវសម្រាប់គម្រោងស្រាវជ្រាវរបស់និស្សិតជនជាតិជប៉ុន នៃសាកលវិទ្យាល័យ Nagoya។ និស្សិតថ្នាក់អនុបណ្ឌិតជប៉ុនទាំងនោះចុះមកធ្វើការស្រាវជ្រាវនៅក្នុងខេត្តតាកែវ។ តាមរយៈបទពិសោធន៍ធ្វើជាជំនួយការស្រាវជ្រាវ និងអ្នកបកប្រែនេះ វាធ្វើឱ្យខ្ញុំស្រឡាញ់កិច្ចការជាអ្នកស្រាវជ្រាវនេះ ព្រោះយើងបានចុះទៅសហគមន៍ បានសម្ភាសអ្នកស្រុកអ្នកភូមិ។ ការនិយាយជាមួយពួកគាត់ ធ្វើឱ្យខ្ញុំដឹងរឿងច្រើន ព្រោះរឿងរ៉ាវក៏ដូចជាបញ្ហាសង្គមភាគច្រើន គឺកប់នៅក្នុងសហគមន៍តែម្តង។
ចំណុចមួយទៀតដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍លើអាជីពជាអ្នកស្រាវជ្រាវ ព្រោះកម្មវិធីដដែលនេះអនុញ្ញាតឱ្យខ្ញុំមើលឃើញបញ្ហាមួយពីគ្រប់ជ្រុងជ្រោយជាងមុន។ បទពិសោធន៍នេះធ្វើឱ្យការគិតរបស់យើងមានតុល្យភាពជាងមុន។
ក្នុងតួនាទីជាអ្នកស្រាវជ្រាវ ការងារប្រចាំថ្ងៃរបស់លោកគឺអ្វីខ្លះ? សម្រាប់ជំហានមួយណានៃការស្រាវជ្រាវដែលលោកចូលចិត្តជាងគេ?
ខ្ញុំបានធ្វើជាអ្នកស្រាវជ្រាវពេញម៉ោងអស់រយៈពេលបីឆ្នាំឱ្យសាកលវិទ្យាល័យ Kyoto។ កម្មវិធីស្រាវជ្រាវនោះផ្ដោតទៅលើជំនាញមុខម្ហូប (Food Skill)។ វាជាប្រធានបទមួយដ៏គួរឱ្យចាប់អារម្មណ៍ ព្រោះយើងរកឃើញថាយុវជនសម័យថ្មីមិនចូលចិត្តអាហារបែបបុរាណនោះទេ ពួកគាត់មានទំនោរទៅរកម្ហូបបរទេស។ ចំណុចសំខាន់របស់ការស្រាវជ្រាវនេះ គឺធ្វើយ៉ាងណាឱ្យយុវជនយល់ដឹងអំពីតម្លៃអាហារនៅតាមសហគមន៍។ សម្រាប់គម្រោងមួយនេះ ខ្ញុំមានតួនាទីជាអ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវ (Research Program Manager)។ ក្នុងតួនាទីនេះ ទំនួលខុសត្រូវរបស់ខ្ញុំគឺធ្វើយ៉ាងណាឱ្យគម្រោងស្រាវជ្រាវរបស់យើងបញ្ចប់ទៅដោយពេញលក្ខណៈ ទាន់ពេលវេលា ហើយត្រូវធ្វើឱ្យប្រាកដថាទិន្នន័យដែលយើងរកឃើញជាទិន្នន័យដែលមានគុណភាព។
ខ្ញុំគិតថាអ្នកស្រាវជ្រាវដទៃភាគច្រើនក៏ដូចជារូបខ្ញុំផ្ទាល់ យល់ឃើញថាដរាបណាដែលយើងឆ្លងកាត់ជំហានទីមួយហើយ វារុញយើងទៅជំហានទី២។ វាធ្វើឱ្យយើងចង់តាមដានថាតើលទ្ធផលវានឹងចេញមកដូចម្តេច។ ប៉ុន្តែបើសម្រាប់យុវជន ជាពិសេសនិស្សិតដែលទើបនឹងបញ្ចប់ការសិក្សា ឬនិស្សិតដែលទើបនឹងចូលថ្នាក់ឧត្ដមសិក្សាដំបូងៗ ភាគច្រើនពួកគាត់ចូលចិត្ត Field Work (ការចុះសហគមន៍) ព្រោះពួកគាត់បានចុះទៅតាមសហគមន៍ដើម្បីប្រមូលទិន្នន័យ។ អ្វីដែលខ្ញុំគិតថាពួកគាត់មិនសូវចូលចិត្តនោះ គឺការសរសេររបាយការណ៍ និងជំហានដំបូងគឺការដែលយើងចងក្រង Research Project (គម្រោងស្រាវជ្រាវ) ដែលរួមមានការរៀបចំកម្រងសំណួរ សរសេរ Literature Review (រំលឹកទ្រឹស្ដី)។ល។
ជារួម តើជំនាញស្រាវជ្រាវមានសារសំខាន់ដូចម្តេចខ្លះដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់ប្រទេសមួយ?
ខ្ញុំមើលឃើញវិធីស្រាវជ្រាវ Action Research។ ការស្រាវជ្រាវប្រភេទនេះគឺជាការស្រាវជ្រាវរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហា។ ឧទាហរណ៍បើយើងធ្វើការស្រាវជ្រាវឱ្យស្ថាប័នណាមួយ មានន័យថាទិន្នន័យក៏ដូចជាលទ្ធផលនៃការស្រាវជ្រាវនោះអាចដោះស្រាយបានតែបញ្ហាក្នុងស្ថាប័ននោះប៉ុណ្ណោះ។ យើងមិនអាចយកវាទៅប្រើនៅក្នុងស្ថាប័នផ្សេងបានទេ។ ក៏ប៉ុន្តែយើងមានវិធីសាស្ត្រស្រាវជ្រាវមួយទៀតដែលយើងហៅថា Research and Development (R&D)។ ការស្រាវជ្រាវប្រភេទនេះមានភាពស្មុគស្មាញ ព្រោះយើងទៅស្រាវជ្រាវលើរឿងអ្វីមួយដើម្បីយកមកអភិវឌ្ឍប្រទេស។
និយាយឱ្យចំ យើងធ្វើការស្រាវជ្រាវដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរ (Make Change)។ បើយើងមើលពីការវិវឌ្ឍរបស់សង្គម យើងចាំបាច់ត្រូវកែប្រែបញ្ហាហើយ ទើបយើងអាចអភិវឌ្ឍបាន។ ដូចនេះ Action Research វាត្រូវដើរមុន Research and Development។
តើជំនាញស្រាវជ្រាវអាចជួយអ្វីខ្លះដល់ប្រទេសកម្ពុជា?
ក្រៅពីការដោះស្រាយបញ្ហា អ្វីដែលការស្រាវជ្រាវជួយប្រទេសកម្ពុជាបានជាងគេនោះ ការបង្កើតនូវការគិតពិចារណាប្រកបដោយភាពស៊ីជម្រៅ (Critical Thinking)។ ប្រទេសណាក៏ដោយនៅពេលដែលប្រជាជនមានការគិតបែបស៊ីជម្រៅ មានការគិតប្រកបដោយវិចារណញ្ញាណច្រើន ពលរដ្ឋទាំងនោះមិនបង្កើតបញ្ហាទេ។
ទី២ ពួកគាត់នឹងក្លាយជាមនុស្សដែលចូលចិត្តប្រើដំណោះស្រាយជាងការត្អូញត្អែរពីបញ្ហាដែលកើតឡើង ពីព្រោះពួកគាត់ចេះមើលទៅបញ្ហាតាមមុំផ្សេងៗ។
ឧទាហរណ៍ការចោលសំរាម ប្រសិនគាត់មិនមានការគិតស៊ីជម្រៅ ជំហានទី១ ពួកគាត់នឹងធ្វើការត្អូញត្អែរទៅរដ្ឋាភិបាល។ មួយវិញទៀត ពួកគាត់នឹងធ្វើការតិះដៀលឥរិយាបថរបស់ប្រជាជនគ្នាឯង។ យើងចោទគ្នាទៅវិញទៅមក ពីប្រជាជនទៅរដ្ឋាភិបាល តទៅក្រុមហ៊ុនសំរាម។ ប៉ុន្តែបើយើងធ្វើការពិចារណាឱ្យគ្រប់ជ្រុងជ្រោយ យើងប្រហែលជាអាចរកឃើញថា វាជាអវត្តមាននៃកម្មវិធីសិក្សាទាក់ទងនឹងការគ្រប់គ្រងកាកសំណល់នៅក្នុងការអប់រំក៏ថាបាន។ មួយទៀតយើងអាចរកឃើញថាសមត្ថភាពរបស់ក្រុមហ៊ុនប្រមូលសំរាមនៅមានកម្រិត ព្រោះពេលខ្លះរបៀបរបបនៃការប្រមូលរបស់គាត់មិនមានស្តង់ដារច្បាស់លាស់។ មួយទៀត វាអាចថា Master Plan (ផែនការមេ) របស់ទីក្រុងយើងវាមិនមានគម្រោងច្បាស់លាស់។ វាលូតលាស់ដោយមិនមានការរៀបចំទុក។ នៅពេលយើងយល់ដឹងពីកត្តាផ្សេងៗ វាធ្វើឱ្យដឹងថាបញ្ហានីមួយៗវាទាមទារការដោះស្រាយជាប្រព័ន្ធ។
សូមរៀបរាប់ពីស្ថានភាពជំនាញស្រាវជ្រាវក្នុងប្រទេសកម្ពុជា?
ចំពោះការស្រាវជ្រាវ យើងបែងចែកជាពីរ គឺការស្រាវជ្រាវបែបវិទ្យាសាស្ត្រពិត និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រសង្គម។
យើងឃើញថាការស្រាវជ្រាវបែបវិទ្យាសាស្ត្រសង្គមវាមានភាពទូលំទូលាយជាងនៅក្នុងស្រុកយើង។ ចំណែកឯការស្រាវជ្រាវបែបវិទ្យាសាស្ត្រពិតមិនសូវមាន ដោយសារបញ្ហាធនធាន។ សូម្បីតែក្រសួងអប់រំ ក៏ដឹងពីបញ្ហានេះដែរ ហើយគាត់ក៏បានព្យាយាមរុញកូនខ្មែរនៅថ្ងៃអនាគតឱ្យក្លាយទៅជា technocrats (អ្នកជំនាញបច្ចេកទេស)។ ជាក់ស្តែង ការបញ្ចូលកម្មវិធី STEM (Science, Technology, Engineering, Mathematics) បង្កើតសាលាជំនាន់ថ្មីជាដើម។ មូលហេតុសំខាន់នោះ គឺបើយើងក្រលេកមើលសង្គមក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ យើងឃើញថាជំនួយមនុស្សធម៌ចូលច្រើន ពេលហ្នឹង Action Research កើតច្រើននៅក្នុងគ្រប់វិស័យ។
តើប្រទេសកម្ពុជាមានទិន្នន័យលើវិស័យផ្សេងៗគ្រប់គ្រាន់ឬនៅ? ប្រសិនបើមិនទាន់មាន តើមកពីមូលហេតុអ្វី?
ខ្ញុំមើលឃើញថាវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះយើងមិនទាន់មានធនាគារគំនិតនៅក្នុងវិស័យនីមួយៗទេ (Think Tank)។ ប៉ុន្តែថ្មីនេះៗ ខ្ញុំឃើញថារដ្ឋាភិបាលកំពុងមានគម្រោងបង្កើត Data Centre (មជ្ឈមណ្ឌលទិន្នន័យ) ដើម្បីក្លាយជាកន្លែងស្តុកទិន្នន័យជាតិ។
តើលោកគិតថាប្រទេសកម្ពុជាមានធនធានមនុស្សផ្នែកនេះគ្រប់គ្រាន់ឬនៅ? ប្រសិនបើនៅ តើមកពីមូលហេតុអ្វី?
ខ្ញុំគិតថាយើងសំបូរធនធានស្រាវជ្រាវ ក៏ប៉ុន្តែចំណុចចម្បងសួរថាយើងបង្កើតវប្បធម៌ស្រាវជ្រាវបានឬនៅ។ នៅទីនេះវាមានន័យថា ការធ្វើយ៉ាងណាឱ្យប្រជាជនយើងមានការគិតទូលំទូលាយជាងមុន។ ការចេះមើលបញ្ហាប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដោយមិនប្រើប្រាស់អារម្មណ៍នៅក្នុងការដោះស្រាយ និងមើលបញ្ហា។ ពួកគាត់មិនចាំបាច់ទៅធ្វើជាអ្នកស្រាវជ្រាវនោះទេ ប៉ុន្តែគួរតែចាប់ផ្តើមមើលបញ្ហាប្រសើរជាងមុន ដើម្បីធ្វើឱ្យការរស់នៅប្រកបដោយតុល្យភាព។
តើលោកសង្កេតឃើញថាក្មេងៗជំនាន់ក្រោយចូលចិត្តមុខវិជ្ជាស្រាវជ្រាវដែរឬទេ?
ខ្ញុំមិនហ៊ានធ្វើការសន្និដ្ឋានថាក្មេងបច្ចុប្បន្ននេះមិនចូលចិត្តការស្រាវជ្រាវឬយ៉ាងណានោះទេ ព្រោះយើងមិនទាន់បានធ្វើការសិក្សាថាតើគាត់យល់យ៉ាងដូចម្តេចលើការស្រាវជ្រាវ។ ដំបូង យើងត្រូវសួរថា តើពួកគាត់យល់ឬនៅថាអ្វីទៅការស្រាវជ្រាវ។ អ្នកខ្លះយកទូរស័ព្ទមកចុចរកឃើញព័ត៌មាន ថាខ្លួនជាអ្នកស្រាវជ្រាវ។ ទីមួយ យើងត្រូវដឹងឱ្យច្បាស់ថាតើអ្វីទៅជាអ្នកស្រាវជ្រាវ។ ទីពីរ យើងត្រូវដឹងថាវាជាចំណុចមួយដែលអាចកែបាន ប្រសិនបើយើងបង្កើតជាវប្បធម៌ការស្រាវជ្រាវក្នុងកម្រិតសាកលវិទ្យាល័យតាំងពីឆ្នាំមូលដ្ឋាន។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យភាគច្រើនដាក់មុខវិជ្ជាវិទ្យាសាស្ត្រស្រាវជ្រាវនៅក្នុងឆ្នាំទី៤ ដែលបង្កឱ្យមានការលំបាកយ៉ាងខ្លាំងដល់ពួកគាត់។ យើងគួរតែបញ្ជ្រាបវប្បធម៌ការសិក្សាស្រាវជ្រាវនៅក្នុងសរសៃឈាមរបស់បញ្ញវន្ត។ នៅពេលដែលគាត់មានវប្បធម៌ស្រាវជ្រាវ ពេលដែលគាត់ចង់ដឹងរឿងអ្វីមួយ គាត់នឹងឈប់ប្រតិកម្មដោយមិនធ្វើការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ។
តើគ្រឹះស្ថានអប់រំគួរធ្វើយ៉ាងណាដើម្បីអាចឱ្យសិស្សងាកមកចូលចិត្តជំនាញនេះ?
ខ្ញុំចង់បែងចែកជា ៣កម្រិត។ ទីមួយកម្រិតសង្គម។ នៅក្នុងសង្គម យើងគួរតែបង្កើតវប្បធម៌ជជែកគ្នាដែលផ្អែកតាមបែបវិទ្យាសាស្ត្រ។ យើងត្រូវផាត់ចោលអ្នកដែលនិយាយពាសវាលពាសកាល។ មិនគួរលើកទឹកចិត្តអ្នកដែលនិយាយដោយគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់។
ទីពីរនៅក្នុងសាលា។ សាលាត្រូវតែបង្កើតបរិយាកាសការជជែកវែកញែករវាងសិស្សនិងសិស្សឱ្យពួកគាត់មានមូលដ្ឋាននៅក្នុងការតស៊ូមតិ ព្រោះវាទាមទារឱ្យយើងស្រាវជ្រាវដើម្បីស្វែងរកហេតុផលមកគាំទ្រគំនិត។
ទីបីនៅក្នុងគ្រួសារ និងបុគ្គលខ្លួនឯង។ ការដែលយើងនិយាយជាមួយកូនដោយហេតុផលនេះហើយ គឺការគិតបែបវិទ្យាសាស្ត្រ។ ការដែលនិយាយពាសវាលពាសកាល ហើយមិនស្តាប់ហេតុផលរបស់កូន គឺជាការកាច់ត្រួយគំនិតរបស់កូន។
ប្រសិនបើរដ្ឋាភិបាលបែងចែកកញ្ចប់ថវិកាជាតិមួយផ្នែកដាក់លើការស្រាវជ្រាវ ដោយការដាក់ឱ្យអ្នកស្រាវជ្រាវទាំងសង្គម និងវិទ្យាសាស្ត្រសរសេរ Proposal (សំណើ) ស្នើសុំធ្វើការស្រាវជ្រាវទៅលើប្រធានបទណាមួយ វាក៏ជាចំណុចល្អមួយដែរ។ នៅក្នុងសាលារៀនក៏ដូចគ្នា យើងអាចប្រើប្រាស់ថវិកាកម្មវិធី Program Budget (PB) ដើម្បីបង្កើតជាកម្មវិធីឱ្យនិស្សិតសរសេរ Proposal ស្នើសុំកញ្ចប់ថវិកាដើម្បីធ្វើគម្រោងស្រាវជ្រាវតូចជាដើម៕