ប្រហុក ជាម្ហូបមួយប្រភេទដែលបានបង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរយើង ដោយសារតែរសជាតិប្លែកមាត់និងក្លិនរបស់វា អមជាមួយនឹងវត្តមានដ៏យូរលង់ណាស់មកហើយនៅលើទឹកដីសុវណ្ណភូមិនេះ ហើយប្រជាជនខ្មែរនៅតែបន្តទម្លាប់នៃការធ្វើប្រហុកនេះមកទល់សព្វថ្ងៃ។
ដោយសារតែមានវដ្ដធម្មជាតិ នៅចន្លោះពីខែវិច្ឆិកាដល់មករា គឺជាអំឡុងពេលមួួយដែលកម្ពុជាសម្បូរទៅដោយផលត្រីយ៉ាងច្រើន ដូច្នេះហើយទើបប្រជាជនខ្មែរនិយមធ្វើប្រហុក ពីផលត្រីដ៏បរិបូរណ៍ដែលទទួលនេះ ដើម្បីកុំឱ្យមានការខ្ជះខ្ជាយនូវផលត្រី និងទុកជាស្បៀងបម្រុងសម្រាប់ពេលដែលមានភាពខ្វះខាត។ ការនិយមធ្វើប្រហុកត្រូវបានប្រទះឃើញថា មាននៅពាសពេញក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅតំបន់ដែលមានទីតាំងជាប់ប្រភពទឹកធំៗដូចជាទន្លេមេគង្គ និងបឹងទន្លេសាបជាដើម។
បឹងទន្លេសាប គឺជាប្រភពទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ហើយវាជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន ។ លាតសន្ធឹងប្រមាណជាង១២០គីឡូម៉ែត្រ ទន្លេសាបជាប្រភពទឹកមួយដ៏សំខាន់ និងជាទីតាំងធ្វើចរាចរផ្លាស់ទីរបស់មច្ឆជាតិដ៏ធំបំផុតក្នុងលោក ដែលអាចឱ្យត្រីធ្វើការបំលាស់ទីទៅវិញទៅមករវាងទន្លេមេគង្គ និងទន្លេសាបបាន។
ជាពិសេសបឹងទន្លេសាបជួយសម្រួលនូវការរស់នៅ និងផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្ដល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុងប្រទេស។ ជាមួយគ្នានេះ ត្រីទឹកសាប និងពពួកភាវៈរស់ក្នុងទឹកផ្សេងៗទៀតបានផ្គត់ផ្គង់នូវជីវជាតិប្រូតេអ៉ីដល់ប្រជាជនកម្ពុជា រហូតដល់ទៅ ៧៦%នៃជីវជាតិសរុប។
ក្នុងចំណោមខេត្តទាំង៥ ដែលមានព្រំប្រទល់ជាប់ទន្លេសាប ខេត្តពោធិ៍សាត់ជាខេត្តមួយ ស្ថិតនៅភាគខាងលិចនៃទន្លេសាប និងជាតំបន់កំណើតរបស់ភូមិអណ្ដែតទឹកកំពង់លួង។
ខ្លះៗ អំពីភូមិបណ្ដែតទឹកកំពង់លួង
មានចម្ងាយ ១៥៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅជិតស្រុកក្រគរក្នុងខេត្តពោធិ៍សាត់ ភូមិអណ្ដែតទឹក គឺជាទីតាំងបន្ទាប់ ក្នុងការផលិតវីដេអូភាគថ្មីសម្រាប់កម្មវិធី«ឱជារសតំបន់» សម្រាប់ក្រុមការងារ Focus។ ដោយឡែក ការរឹតត្បិតក្នុងការធ្វើដំណើរដោយសារតែការឆ្លងជាសហគមន៍នៃជំងឺកូវីដ-១៩ Covid-19 គម្រោងក្នុងការធ្វើដំណើរទៅតំបន់មួយនេះក៏ត្រូវបានលុបចោល។ ប៉ុន្តែ វាក៏មិនមែនបានន័យថា ខ្ញុំពុំមានឱកាសក្នុងការការសិក្សាស្វែងយល់អំពីការធ្វើប្រហុក និងរបៀបរបររស់នៅរបស់ប្រជាជននាបឹងទន្លេសាបនោះឡើយ។
ចម្ងាយត្រឹមតែ៧គីឡូម៉ែត្រពីស្រុកក្រគរ ទិដ្ឋភាពជុំវិញភូមិពោរពេញទៅដោយផ្ទះជាច្រើន ដែលបានបណ្ដែតខ្លួននៅលើផ្ទៃទឹកដល់ធំល្វឹងល្វើយនៃបឹងទន្លេសាប ដោយផ្ទះទាំងនោះសុទ្ធសឹងជាផ្ទះរបស់ប្រជាជនដែលរស់នៅទីនោះ។ សហគមន៍ភូមិអណ្ដែតទឹកជាភូមិមួយដែលមានប្រជាជនប្រមាណជា ១៣០០គ្រួសារជាងកំពុងរស់នៅ ដោយក្នុងនោះរួមមានជនជាតិខ្មែរ វៀតណាម ចាម និងចិនរស់នៅផ្ដុំគ្នា។ ពួកគេប្រកបរបរផ្សេងៗពីគ្នាដោយអ្នកខ្លះជួយដូរទំនិញផ្សេងៗ ឯអ្នកខ្លះទៀតប្រកបរបរនេសាទ និងដាក់មងជាដើម។ នៅទីនេះ មានសេវាកម្មជួលទូក សម្រាប់ដឹកភ្ញៀវទេសចរណ៍ ជិះគយគន់ទិដ្ឋភាពនានា នៅក្នុងភូមិបណ្ដែតទឹកផងដែរ។
នៅទីនេះមានសេវាកម្មជួលទូកសម្រាប់ដឹកភ្ញៀវទេសចរណ៍ ជិះគយគន់ទិដ្ឋភាពនានា នៅក្នុងភូមិបណ្ដែតទឹកផងដែរ។ ដោយទទួលបានអត្ថប្រយោជន៍ពីការរស់នៅជិតប្រភពត្រីទឹកសាបធំបំផុត កំពង់លួងគឺជាតំបន់មួយដ៏ល្អ ដែលអាចផ្ដល់ឱកាសឱ្យខ្ញុំបានសិក្សាស្វែងយល់ អំពីដំណើរការនៃការធ្វើប្រហុក។
ប្រហុក និងជីវិត
ជាមួយនឹងអំណោយផលត្រីធម្មជាតិពីប្រភពទឹកទន្លេសាប ប្រហុកបានក្លាយជាមុខរបរចម្បងមួយរបស់ប្រជាពលរដ្ឋភាគច្រើនដែលកំពុងរស់នៅសហគមន៍ភូមិអណ្ដែតទឹក និងសម្រាប់អ្នកស្រី សឹង សៀម ដោយវាជាប្រភពចំណូលសំខាន់មួយ។
លោក ប៊ុនធឿន ដែលជាអ្នករកស៊ីជួលទូកម្នាក់ក្នុងសហគមន៍នេះ បានណែនាំខ្ញុំឱ្យស្គាល់ អ្នកស្រី សឹង សៀម វ័យ ៦៣ឆ្នាំ ដែលអ្នកស្រីគឺជាអ្នកចេះធ្វើប្រហុកយ៉ាងស្ទាត់ជំនាញ និងប៉ិនប្រសប់ម្នាក់ ដោយសារគាត់បានប្រកបរបរមួយនេះអស់រយះពេលជាង១០ឆ្នាំទៅហើយ។
បច្ចុប្បន្នអ្នកជំនាញធ្វើប្រហុករូបនេះ កំពុងរស់នៅក្នុងផ្ទះលើទូកបណ្ដែតទឹកមួយក្នុងភូមិអណ្ដែតទឹកកំពង់លួង ជាមួយនឹងកូនស្រីតែមួយគត់របស់គាត់ ។ ដោយសារតែជីវភាពមិនសូវធូរធារ និងមានតែគ្នាពីរនាក់ម្ដាយនិងកូន អ្នកស្រីសម្រេចចិត្តចាប់យករបរធ្វើប្រហុកមួយនេះដើម្បីជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។
តាមរយៈការសំណេះសំណាលតាមទូរស័ព្ទ អ្នកស្រី សឹង សៀម បានឱ្យដឹងថាគ្រួសាររបស់អ្នកស្រីផ្ទាល់ផលិតប្រហុកពីរប្រភេទគឺប្រហុកសាច់ និងប្រហុកឆ្អឹង។
ជាមួយគ្នានេះអ្នកស្រីក៏បានបង្ហើបប្រាប់ត្រួសៗអំពីវិធីសាស្រ្ដសម្រាប់ការធ្វើប្រហុកពីរប្រភេទនេះផងដែរ។ តាមរយៈការរៀបរាប់របស់អ្នកស្រី សម្រាប់ប្រហុកឆ្អឹងជាដំបូងគេត្រូវទៅជាវត្រីពីអ្នកនេសាទជាមុនសិន បន្ទាប់មកទៀត ត្រីទាំងអស់នោះត្រូវយកទៅកាត់ក្បាល និងបាញ់ (ជម្រះ) ស្រកាឱ្យស្អាតទើបយកត្រីទាំងអស់នោះទៅលាងទឹកសម្អាត។ ក្រោយពីការលាងសម្អាតត្រីរួច ត្រូវរក្សាទុកត្រីទាំងនោះរហូតដល់ហើមសាច់ជាមុនសិន ទើបយកវាទៅប្រឡាក់ជាមួយអំបិល។
បន្ទាប់ពីប្រឡាក់អំបិលជាលើកទីមួយរួច អ្នកស្រីបានបន្តថាគេត្រូវសម្រកទឹក ដែលមាននៅក្នុងត្រីឱ្យអស់ រួចទើបយកត្រីទាំងអស់នោះទៅដាក់សំដិលហាលថ្ងៃ រហូតដល់ត្រីទាំងអស់នោះស្ងួត ទើបយកវាទៅប្រឡាក់អំបិលម្ដងទៀត។ ហើយគេយកត្រីដែលប្រឡាក់អំបិលម្ដងទៀតនោះ ទៅញាត់ចូលក្រឡដែលបានរៀបចំទុកជាការស្រេច។ តាមការបញ្ជាក់របស់អ្នកស្រី ប្រហុកដែលទុកបានកាន់តែយូរថ្ងៃ គឺកាន់តែមានក្លិនឈ្ងុយ និងមានរសជាតិកាន់តែឆ្ងាញ់។
ចំណែកឯវិធីធ្វើប្រហុកសាច់ អ្នកស្រីបាននិយាយថាមិនមានអ្វីខុសគ្នាខ្លាំងពីប្រហុកឆ្អឹងនោះទេ ដោយគ្រាន់តែថា ប្រហុកសាច់យើងត្រូវយកឆ្អឹងរបស់ត្រីចេញនៅពេលដែលសាច់មានសភាពហើម។
ប្រហុកភាគច្រើនត្រូវបានប្រជាជនខ្មែរយើងនិយមយកទៅធ្វើថាជាគ្រឿងផ្សំគោលសម្រាប់ធ្វើម្ហូប។ យោងតាមសៀវភៅ ម្ហូបក្នុងសង្គមខ្មែរ ចេញផ្សាយដោយវិទ្យាស្ថានរៃយំ ដែលធ្វើការសិក្សាស្រាវជ្រាវពីវប្បធម៌ខ្មែរបានឱ្យដឹងថា មុខម្ហូបដែលត្រូវប្រើប្រាស់ប្រហុកធ្វើជាគ្រឿងផ្សំគោលរួមមាន ប្រហុកដុត ប្រហុកកប់ និងប្រហុកលើជ្រុញជាដើម ដោយមុខម្ហូបទាំងអស់នេះត្រូវការប្រហុកជាចាំបាច់ដោយមិនអាចខ្វះបាន។
ក្រៅពីធ្វើជាគ្រឿងផ្សំគោល ប្រហុកក៏ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាគ្រឿងផ្សំបន្ថែមក្នុងម្ហូបផ្សេងៗ ដើម្បីបង្កើនឱជារសផងដែរ ដោយម្ហូបទាំងនោះរួមមាន ទឹកសម្លនំបញ្ចុក ទឹកគ្រឿង សម្លម្ជូរគ្រឿង និងមុខម្ហូបជាច្រើនដទៃផ្សេងទៀត។
បញ្ហាប្រឈម
ក្រោយពីបានរៀបរាប់អំពីវិធីសាស្រ្ដធ្វើប្រហុកយ៉ាងក្បោះក្បាយរួចមកអ្នកស្រី សឹង សៀម ក៏បានចែករំលែងនូវបញ្ហាដែលខ្លួនបានជួបប្រទះក្នុងពេលប៉ុន្មានឆ្នាំកន្លង ទាក់ទងនឹងជីវភាពអ្នកស្រីដែលពឹងផ្អែកលើការធ្វើប្រហុកនេះ។
អ្នកស្រីមានប្រសាសន៍ថា៖ «ឆ្នាំមុនៗខ្ញុំកាប់ពីរនាក់ម៉ែកូនខ្ញុំ ២០០ជាង ៣០០ (គីឡូក្រាម) ឆ្នាំនេះអត់ទេបាន៨០គីឡូអីទេព្រោះគេអ្នករកគេរកអត់បានដែរ ត្រីវាក្រហាស៎»។
ដោយបានស្ដាប់លឺពីការរៀបរ៉ាប់អំពីផលវិបាករបស់អ្នកស្រី សឹង សៀម និងស្ថានភាពដែលប្រជានេសាទកំពុងជួបប្រទះ វាបានធ្វើឱ្យខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំងអំពីដើមហេតុនៃបញ្ហានេះ។ ខ្ញុំបានសាកសួរបន្ត រកលេខទំនាក់ទំនងរបស់ប្រជានេសាទនៅក្នុងតំបន់នោះ ដើម្បីបានស្ដាប់លឺផ្ទាល់អំពីបញ្ហាដែលពួកគេជួបប្រទះ។
លោក ថឿន រី អាយុ ៣៧ឆ្នាំ ជាប្រជានេសាទម្នាក់ ដែលបានប្រកបរបរនេះអស់រយៈពេលជិត១០ឆ្នាំមកហើយ ក្នុងភូមិអណ្ដែតទឹកកំពង់លួង ក៏បានមានត្អូញត្អែរដូចគ្នា ទៅលើបញ្ហាខ្សត់ខ្សោយត្រីនេះផងដែរ។
ប្រជានេសាទម្នាក់នេះបានថ្លែងប្រាប់ខ្ញុំថា៖ «ឆ្នាំទៅមិញឆ្នាំអី ទឹកវាដាក់ខ្លាំងពេកទៅ វាបាត់ត្រីបាត់អីផង»។
បញ្ហារាំងស្ងួតក្នុងបឹងទន្លេសាប បានបន្តកើតមានឡើងកើតមានអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ទឹកទន្លេមេគង្គមានការថយចុះនូវកម្រិតទឹក ដែលវាធ្វើឱ្យមានការប៉ះពាល់ជាខ្លាំងទៅដល់បឹងទន្លេសាប និងប្រជាជនដែលរស់នៅតាមបណ្ដោយតំបន់នោះ។
យោងតាមរបាយការណ៍ក្នុងឆ្នាំ២០២០របស់គណៈកម្មការទន្លេមេគង្គ បានឱ្យដឹងថា លំហូរទឹកទាបពីទន្លេមេគង្គ និងដៃទន្លេនាររដូវវស្សាដើមឆ្នាំ ២០២០នេះ បណ្ដាលឱ្យស្ថានភាពទឹកក្នុងបឹងទន្លេសាបមានភាពមិនប្រក្រតី។
ក្រៅពីបញ្ហាការថយចុះនូវកម្រិតទឹក បញ្ហានេសាទហួសប្រមាណក៏ជាបញ្ហាមួយដែលប្រជានេសាទរូបនេះជួបប្រទះផងដែរដោយលោកលើកឡើងថា បច្ចុប្បន្នឡូសម្រាប់ដាក់នេសាទត្រីមានចំនួនកើនឡើង ដោយសាតែអត្រាកំណើននៃប្រជាជនរស់នៅក្នុងភូមិបណ្ដែតទឹកមានការកើនឡើងជាលំដាប់។
បើយោងតាម ជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ ចេញផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិ ខេត្តពោធិ៍សាត់មានប្រជាជនរស់ចំនួន ៣៩៧.១៦១នាក់ កាលពីឆ្នាំ២០០៨ និងមានការកើនឡើងរហូតដល់ ៤១១.៧៥៩នាក់ នៅក្នុងឆ្នាំ២០១៩។ ចំពោះសហគមន៍អណ្ដែតទឹកកំពង់លួងមានកើនឡើងចំនួនប្រជាជនពី ១ ១៤៣គ្រួសារ ក្នុងឆ្នាំ២០០៨ មកដល់ត្រឹមប្រមាណជា ១៣០០គ្រួសារជាងក្នុងឆ្នាំ២០២០។
លោក ថឿន រី បានបន្តថា ការនេសាទរបស់អ្នកមានមួយចំនួន ដែលមានលក្ខណៈជាទ្រង់ទ្រាយធំ បានផ្ដល់ផលនេសាទដ៏ច្រើនហួសដល់ពួកគេ ដែលជាហេតុធ្វើឱ្យប្រជានេសាទលក្ខណៈគ្រួសារដូចលោក មិនសូវទទួលបានផលច្រើនឡើយ។ ការនេសាទហួសហេតុមិនត្រឹមតែបានជះឥទ្ធិពលអាក្រក់ ដល់ជីវភាពរបស់ប្រជានេសាទមួយចំនួន ដែលរស់នៅតាមតំបន់ដងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ដល់ប៉ះពាល់ដល់បរិមាណត្រី ក្នុងភូមិអណ្ដែតទឹកដែលរស់នៅក្នុងបឹងទន្លេសាបថែមទៀតផង។
ដើម្បីស្វែងយល់បន្ថែមទៀតទៅលើបញ្ហាដែលលើកឡើងដោយប្រជានេសាទខ្ញុំបានបន្តបេសកកម្មរបស់ដើម្បីស្វែងបន្ថែមពីដើមហេតុនៃបញ្ហាទាំងអស់នេះ តាមរយៈព័ត៌មានពីអាជ្ញាធរមូលដ្ឋាន។ លោក កែវ សុវណ្ណរ៉េត គឺជាមេឃុំ និងជាប្រធានសហគមន៍នៃភូមិអណ្ដែតទឹកកំពង់លួង។ គាត់សង្កេតឃើញថា ការខ្វះខាតត្រីដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ វាកើតឡើងដោយសារតែការរួមបញ្ចូលគ្នានៃកត្តាផ្សេងៗ។
លោកនិយាយថា៖ «វាមានកត្តាពីរ ទីមួយកត្តាធម្មជាតិ ទន្លេវាប្រែវាប្រួលអីចឹងទៅ។ អានឹងបើយើងនិយាយពីកត្តាធម្មជាតិ។ ហើយទីពីរកត្តាមនុស្ស ដោយសារថាត្រីវាចេះតែថយចុះ ហើយការរកនេសាទរបស់ប្រជាពលរដ្ឋចេះតែមានការកើនឡើង»។
លោកបានលើកឡើងពីកង្វល់លើបញ្ហាចំណាកស្រុក ដែលអាចនឹងក្លាយជាបញ្ហាប្រឈមមួយរបស់ប្រជាជនជនក្នុងសហគមន៍អណ្ដែតទឹក ប្រសិនបើបញ្ហានេះនៅតែបន្តក្នុងរយៈពេល៥ឆ្នាំតទៅមុខទៀត។ លោកបានបន្ថែមថា បច្ចុប្បន្នមានប្រជាជនមួយភាគតូចរួចទៅហើយ ដែលបានធ្វើចំណាកស្រុកចេញពីតំបន់នោះ ទៅរកការងារនៅផ្សេងៗដែលរួមមានភ្នំពេញជាដើម ដោយសារតែបញ្ហាថយចុះនូវផលនេសាទនេះ។
លោក កែវ សុវណ្ណរ៉េត ថ្លែងថា៖ «ការរស់នៅរបស់ប្រជាជននៅលើផ្ទៃទឹកជាទូទៅ មិនថាតែភូមិខ្ញុំភូមិគេ ការរស់នៅលើផ្ទៃទឹកជាទូទៅនឹងវាពឹងផ្អែកទៅលើផលត្រី តែកាលណាផលត្រីវាធ្លាក់ចុះ វាខ្សោយជីវភាពរបស់ប្រជាជន វាពិបាកទៅតាមនឹង»។
ដំណោះស្រាយ និងការចូលរួម
ដោយមានការចង់ចេះចង់ដឹងអំពីដំណោះស្រាយដែលអាចមាន ចំពោះបញ្ហាទាំងនេះ ខ្ញុំបានធ្វើការទំនាក់ទំនងទៅគម្រោង«អច្ឆរិយភាពនៃទន្លេមេគង្គ» ដែលជាគម្រោងមួយ មានគោលបំណងលើកកម្ពស់ការយល់ដឹងពី សារសំខាន់នៃទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីរបស់វា ដែលជាផ្នែកដ៍សំខាន់ដល់សេដ្ឋកិច្ច និងសុខ ភាពសង្គមនៃតំបន់អាស៊ីអាគ្នេយ៍។
លោក ឈុត ឈាណា អ្នកសម្របសម្រួលទំនាក់ទំនងផ្សព្វផ្សាយ នៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of The Mekong) ដែលបានធ្វើការសិក្សាជាច្រើន ពីបញ្ហាកើតឡើងចំពោះប្រភពទឹកនានានៅក្នុងប្រទេសកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ និងកម្រងឯកសារជាច្រើនទាក់ទងវដ្ដជីវិតត្រី បានធ្វើការពន្យល់ថា ទន្លេសាបជាប្រភពទឹកមួយ ដែលទទួលទឹកពីប្រភពផ្សេងៗតែប៉ុណ្ណោះ ដែលក្នុងនោះប្រភពទឹកដែលហូរចូលបឹងទន្លេសាបរួមមានទន្លេមេគង្គ ទឹកដែលហូរពីតំបន់ជួរភ្នំផ្សេងៗដែលមកពីប្រទេសឡាវ ស្ទឹងសែន និងស្ទឹងសង្កែជាដើម។ ដូចនេះកម្រិតទឹកនៅក្នងបឹងទន្លេសាបមានការកើនឡើង ឬថយចុះវាអាស្រ័យទៅលើប្រភពទាំងអស់នោះ។
លោក ឈុត ឈាណា បានរៀបរាប់អំពីផលប៉ះពាល់ថា៖ «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែ ទីមួយនិយាយឱ្យចំទៅ ដោយសារមានបញ្ហាឥទ្ធិពលនៃការផ្លាស់ប្ដូរបរិស្ថាននៃព្យុះ El Niño អានឹងហើយដែលវាធ្វើឱ្យមានការប៉ះពាល់ខ្លាំង ហើយរបបទឹកពីទីបេមកវាតិច ហើយអារបបទឹកភ្លៀងដែលនៅក្នុងប្រទេសឡាវនឹងដែលត្រូវហូរចូលទន្លេមេគង្គនឹងវាធ្លាក់»។
លោកបន្តថា៖ «ចឹងដែលនាំធ្វើឱ្យទឹកទន្លេរបបទន្លេមេគង្គនឹងពេលខែទឹកឡើងមកនឹងអត់មានទឹកទេ អត់ទឹកតែម្ដង ហើយកាលណាតែទឹកទន្លេមេគង្គអត់មាន ទឹកទន្លេសាបក៏អត់មានដែរ»។
បើទោះបីជាក្រុមការងារនៃគម្រោងអច្ឆរិយភាពរបស់ទន្លេមេគង្គ(Wonders of The Mekong) មិនមានជាដំណោះស្រាយណាមួយដែលមានឥទ្ធិពលខ្លាំង ឆ្លើយតបនឹងបញ្ហានេះក៏ដោយ ក្រុមការងារមួយនេះ បាននិងកំពុងធ្វើការងារយ៉ាងសកម្មក្នុងការផលិតជាសារវីដេអូខ្លីៗ និងធ្វើការសិក្សាស្រាវជ្រាវផ្សេងៗ ដើម្បីបញ្ជ្រាបដល់មហាជនទូទៅឱ្យបានយល់អំពីផលប៉ះពាល់ និងវិធីសាស្រ្ដដែលពួកគេអាចជួយក្នុងការថែរក្សានូវបរិស្ថានរបស់ពួកគេបាន។
លោក ឈុត ឈាណា ក៏បានពន្យល់ផងដែរអំពីសារៈសំខាន់នៃការចូលរួមរបស់យុវជនថា៖ «រាល់ថ្ងៃនេះខ្ញុំមានក្រុមខាងយុវជនមួយទៀតគឺ Young Eco Abassador នឹងគេចូលរួមមួយដែរ គេចូលរួមមួយផ្នែករបស់គេចឹងទៅគេផ្សព្វផ្សាយជាមួយយុវជន»។
លោកបានបន្ថែមថា ប្រសិនណាបើមានការចូលពីសំណាក់យុវជននៅតាមខេត្ត និងក្នុងតំបន់ វានឹងរឹតតែល្អជាងនេះទៀតផងដែរ។
ទស្សនៈ និងការយល់ឃើញ
បន្ទាប់ពីបានសិក្សា និងស្ដាប់ពីអ្នកពាក់ព័ន្ធជាច្រើនមក រាប់ចាប់តាំងពីអាជីវករដែលជាអ្នកធ្វើប្រហុករហូតដល់អង្គការដែលធ្វើការជុំវិញបញ្ហានេះ។ ខ្ញុំយល់ឃើញថា បឹងទន្លេសាបពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ ជាពិសេសប្រជាជនដែលរស់នៅអាស្រ័យផល ពីបឹងដ៏មានតម្លៃនេះ។ បឹងទន្លេសាបជាប្រភពចំនូលមួួយដ៏សំខាន់ដែលជួយទ្រទ្រង់ និងផ្គត់ផ្គង់ជីវភាព ក៏ដូចជាជីវភាពរស់នៅរបស់ពួកគាត់។
បើទោះបីជាទន្លេសាបមិនមែនជាប្រភពចំណូលរបស់ខ្ញុំក៏ដោយ ប៉ុន្តែ យ៉ាងណាមិញវានៅតែមានសារៈសំខាន់សម្រាប់ការរស់នៅរបស់ខ្ញុំ ដោយវាបានផ្ដល់ទឹកសម្រាប់ឱ្យខ្ញុំប្រើប្រាស់ និងត្រីដែលជាអាហារសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ។
ដូច្នេះក្នុងនាមខ្ញុំជាប្រជាជនខ្មែរនិងជាយុវជនម្នាក់ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលរួមទាំងអស់គ្នាអនុវត្តនូវអ្វីដែលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានផ្សព្វផ្សាយ តាមរយៈវេទិការបស់ពួកគេ ក្នុងការការពារបរិស្ថាន និងថែរក្សានូវសត្វត្រី ក៏ដូចជាភាវៈរស់ផ្សេងៗទៀតដែលមានជីវិតនៅក្នុងបឹងទន្លេសាបមួយនេះ។ បឹងទន្លេសាប មិនត្រឹមតែជាប្រភពចំណូលតែមួយគត់ ដែលបានផ្ដល់ប្រាក់ចំណូលដល់ប្រជានេសាទកម្ពុជាយើងនោះទេ ប៉ុន្តែវាថែមទាំងជាផ្នែកមួយដ៏មានតម្លៃសម្រាប់បរិស្ថាន និងវប្បធម៌កម្ពុជាផងដែរ៕