តើអ្វីទៅជាជំងឺផ្ដាសាយ? វាមានប៉ុន្មានប្រភេទ? តើកត្តាភូមិសាស្ត្ររបស់ប្រទេសកម្ពុជាមានទំនាក់ទំនងទៅនឹងជំងឺនេះដែរឬទេ?

ជំងឺផ្ដាសាយ គឺជាជំងឺឆ្លងផ្លូវដង្ហើមម្យ៉ាងដែលបង្កមកពីមេរោគផ្ដាសាយ (Influenza Virus)។ មេរោគផ្ដាសាយដែលបង្កឱ្យមានជំងឺផ្ដាសាយស្ថិតនៅក្នុងក្រុមមេរោគ អរសូរម៉ាយហ្សូវីរីដេរ (Orthomyxoviridae)។
មេរោគនេះភាគច្រើនទំក្នុងច្រមុះ បំពង់ក និងពេលខ្លះលើសួតរបស់អ្នកជំងឺ។ ពេលខ្លះវាបញ្ចេញរោគសញ្ញាដែលមានសភាព ឬស្ថានភាពស្រាល ហើយពេលខ្លះទៀតវាបញ្ចេញរោគសញ្ញាធ្ងន់ធ្ងរដល់ថ្នាក់ធ្វើឱ្យអ្នកជំងឺបាត់បង់ជីវិតក៏មាន។ ជំងឺផ្ដាសាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈតំណក់ទឹកតូចៗចេញពីការក្អក កណ្ដាស់ ឬនិយាយទៅកាន់មនុស្សម្នាក់ទៀតដោយមិនពាក់ម៉ាស់ ឬខ្ទប់មាត់របស់អ្នកជំងឺ។ មានភាគរយតិចណាស់ដែលមេរោគនេះអាចឆ្លងតាមការប៉ះពាល់ផ្ទៃនៃវត្ថុ ហើយយកមកប៉ះមាត់ ច្រមុះ ឬភ្នែក។
មេរោគនៃជំងឺផ្ដាសាយមាន ៤ប្រភេទ៖
- ប្រភេទ A ជាប្រភេទដែលឆ្លងទៅមនុស្សច្រើនជាងសត្វ។ ប៉ុន្តែវាក៏អាចឆ្លងទៅសត្វដែរ។ ការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា មានតែមេរោគផ្ដាសាយប្រភេទ A នេះទេដែលអាចបង្កទៅជាជំងឺរាតត្បាតសកលបាន។
- ប្រភេទ B ត្រូវបានគេរកឃើញថាឆ្លងតែចំពោះមនុស្សទេ។ មេរោគប្រភេទ B ធ្វើឱ្យអ្នកជំងឺមានរោគសញ្ញាស្រាលជាងមេរោគប្រភេទ A ហើយវាមិនអាចបង្កទៅជាជំងឺរាតត្បាតសកលបាននោះទេ។
- ប្រភេទ C មិនត្រូវបានគេរកឃើញញឹកញាប់នោះទេ ហើយវាធ្វើឱ្យអ្នកជំងឺមានអាការៈមានរោគសញ្ញាស្រាលជាងមេរោគប្រភេទ A និងប្រភេទ B។
- ប្រភេទ D ជាប្រភេទដែលឆ្លងរវាងសត្វពាហនៈ។ មេរោគប្រភេទ D មិនទាន់ត្រូវបានគេរកឃើញករណីឆ្លងពីសត្វមកមនុស្សនោះទេ។ ក៏ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាវាមានសក្ដានុពលក្នុងការឆ្លងទៅមនុស្សនៅថ្ងៃអនាគត។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានសម្គាល់ថា រោគសញ្ញារបស់ជំងឺផ្ដាសាយទូទៅរួមមាន៖ រងាស្រៀវស្រាញ ក្អក ស្ងួតបំពង់ក ហូរសំបោរ ឈឺខ្លួន ឈឺសាច់ដុំ ឈឺក្បាល ហត់នឿយ និងក្អួតចង្អោរ ឬរាករូស (ករណីនេះភាគច្រើនកើតលើកុមារច្រើនជាងមនុស្សពេញវ័យ)។
មេរោគនៃជំងឺផ្ដាសាយបានបង្កឱ្យមានជំងឺច្រើនទម្រង់នៅក្នុងពិភពលោកដូចជា៖
- ផ្ដាសាយតាមរដូវ (Seasonal Flu) បង្កឡើងដោយមេរោគប្រភេទ A និង B។ ផ្ដាសាយតាមរដូវនេះកើតមានឡើងនៅពេលមានបម្រែបម្រួលសីតុណ្ហភាពក្នុងខ្លួន និងមជ្ឈដ្ឋានខាងក្រៅ។
- ផ្ដាសាយជ្រូក (Swine Influenza) បង្កឡើងដោយមេរោគផ្ដាសាយប្រភេទ A។ មេរោគប្រភេទនេះបានបង្កឱ្យមានការរាតត្បាតសកលលើសត្វជ្រូករយៈពេលជាង ១៩ខែនៅក្នុងឆ្នាំ២០០៩។ ករណីផ្ដាសាយជ្រូកនេះត្រូវបានគេរកឃើញដំបូងក្នុងប្រទេសអាមេរិកខាងជើង។ មកទល់បច្ចុប្បន្ននេះ ផ្ដាសាយជ្រូកមិនទាន់ត្រូវបានគេរកឃើញករណីឆ្លងមកមនុស្សនៅឡើយទេ។
- ផ្ដាសាយបក្សី (Avian Influenza ឬ Bird Flu) ក៏បង្កឡើងដោយមេរោគផ្ដាសាយប្រភេទ A ដែរ។ មេរោគនេះមានលក្ខណៈកាចសាហាវបំផុតនៅក្នុងប្រភេទសត្វស្លាប។ ទន្ទឹមគ្នានេះដែរ វាក៏មានឥទ្ធិពលក្នុងការឆ្លងមកមនុស្ស និងសត្វដទៃទៀតដែរ។ ករណីជំងឺធ្ងន់គឺបង្កឡើងដោយពពួកមេរោគ H5N1 និង H7N9 ដែលជាប្រភេទងាយឆ្លងពីបក្សីមកមនុស្ស។
- ផ្ដាសាយអេស្ប៉ាញ (Spanish Flu) បង្កឡើងដោយមេរោគប្រភេទ A។ ជំងឺនេះបានបង្កឱ្យមានការរាតត្បាតសកលយ៉ាងមហន្តរាយនៅក្នុងឆ្នាំ១៩១៨។ គេហៅវាថាផ្ដាសាយអេស្ប៉ាញ ព្រោះប្រទេសអេស្ប៉ាញរងគ្រោះខ្លាំងជាងគេពីការរាតត្បាតនេះ បើធៀបនឹងប្រទេសដទៃទៀត។ គេប៉ាន់ស្មានថាមនុស្សជាង ៥០លានទៅ ៧០លាននាក់បានស្លាប់ដោយសារជំងឺនេះទូទាំងពិភពលោក។ អ្នកខ្លះនិយាយថាតួលេខអាចមានច្រើនជាងនេះរហូតដល់ ១០០លាននាក់ ដែលធ្វើឱ្យវាជាជំងឺរាតត្បាតសកលសាហាវបំផុតក្នុងប្រវត្តិសាស្ត្រ។
- ផ្ដាសាយអាស៊ី (Asian Flu) ត្រូវបានគេរកឃើញដំបូងនៅក្នុងខេត្តហ្គីចូវ (Guizhou) ប្រទេសចិន ក្នុងអំឡុងដើមឆ្នាំ១៩៥៦ រហូតដល់ចុងឆ្នាំ១៩៥៧។ ជំងឺនេះបានឆក់យកជីវិតមនុស្សប្រមាណជាង ១លាននាក់ទូទាំងសកលលោក។
- ផ្ដាសាយហុងកុង (Hong Kong Flu) ត្រូវបានគេរាយការណ៍ដំបូងបង្អស់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៦៨។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក ជំងឺនេះបានសម្លាប់មនុស្សប្រមាណជាង ១លាននាក់ទូទាំងពិភពលោក។
រៀងរាល់ឆ្នាំ ករណីឆ្លងជំងឺផ្ដាសាយតាមរដូវ (Seasonal Flu) ដែលបង្កឡើងដោយមេរោគប្រភេទ A និង B កើនឡើងយ៉ាងច្រើននៅក្នុងរដូវត្រជាក់។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ជារៀងរាល់ឆ្នាំទូទាំងពិភពលោកមានករណីផ្ដាសាយតាមរដូវជាង ១ពាន់លានករណី ដែលក្នុងនោះ ៣ ទៅ ៥លានករណីជាករណីធ្ងន់ធ្ងរ ហើយករណីស្លាប់ដោយសារជំងឺផ្ដាសាយដែលប៉ះពាល់ដល់ផ្លូវដង្ហើមជាង ២៩០.០០០ ទៅ ៦៥០.០០០ករណី។
នៅក្នុងប្រទេសកម្ពុជាវិញ បើយោងតាមវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) ករណីជំងឺផ្ដាសាយតាមរដូវនៅក្នុងប្រទេសកម្ពុជាកើនឡើងខ្ពស់ពីខែមិថុនា ដល់ខែធ្នូ។ បើទោះជាមិនមានការពន្យល់បន្ថែមពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាអំពីមូលហេតុនៃការកើតឡើងក្នុងចន្លោះពេលនេះក្តី តែគេដឹងថាវាជារដូវវស្សាដែលមានសីតុណ្ហភាពត្រជាក់។
អ្នកបច្ចេកទេសនៅវិទ្យាស្ថានប៉ាស្ទ័រនិយាយថា មិនអាចបង្ហាញតួលេខជាមធ្យមរបស់ប្រជាជនកម្ពុជា ដែលកើតជំងឺផ្ដាសាយជារៀងរាល់ឆ្នាំបាននោះទេ ព្រោះវាជាតួលេខសម្ងាត់របស់វិទ្យាស្ថាន។
ទោះបីជាយ៉ាងណាក៏ដោយ ករណីជំងឺផ្ដាសាយតាមរដូវ (Seasonal Flu) នៅក្នុងប្រទេសកម្ពុជាមិនមានលក្ខណៈធ្ងន់ធ្ងរដូចនៅតាមបណ្តាប្រទេសនៅប៉ែកអឺរ៉ុបនោះទេ ដោយហេតុថាប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ត្រូពិចក្តៅហើយសើម។
លោក ស៊ុំ ជីវ៉ា អតីតអ្នកបច្ចេកទេសមន្ទីរពិសោធន៍ផ្នែកវីរុសសាស្ត្រ ទទួលបន្ទុកជំងឺផ្ដាសាយនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឱ្យដឹងថា៖ «ដោយសារតែយើងស្ថិតនៅក្នុងប្រទេសដែលមានសីតុណ្ហភាពក្តៅ ករណីឆ្លងនៃជំងឺផ្ដាសាយដោយចាញ់អាកាសធាតុមិនមានលក្ខណៈធ្ងន់ធ្ងរដូចនៅប្រទេសដែលមានអាកាសធាតុត្រជាក់ខ្លាំងនោះទេ។ អាកាសធាតុត្រជាក់វាអំណោយផលដល់ពពួកវីរុសក្នុងការបង្កបង្កើនចំនួនវា ហើយឆ្លងទៅមនុស្សបានលឿន។ និយាយរួមទៅ ជំងឺផ្ដាសាយដោយចាញ់អាកាសធាតុវាមិនធន់នឹងសីតុណ្ហភាពលើសពី ៣០អង្សាសេ (°C) នោះទេ។»។
លោកបានបន្ថែមទៀតថា ករណីឆ្លងជំងឺផ្ដាសាយតាមរដូវនៅក្នុងប្រទេសកម្ពុជាភាគច្រើនបង្កឡើងពីមេរោគពពួក A/H1N1 pdm (H1N1 Pandemic) A/H3N2 B/Yamagata ឬ B/Victoria (Seasonal Flu)។
អ្នកជំនាញនៅប៉ែកអឺរ៉ុបភាគច្រើនណែនាំឱ្យប្រជាជនរបស់ខ្លួនចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយប្រចាំឆ្នាំ ដើម្បីការពារជំងឺផ្ដាសាយ។ វ៉ាក់សាំងការពារនេះក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាដែរ ក៏ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើនមិនសូវបានដឹងពីវានោះទេ។
លោក ជីវ៉ា ណែនាំឱ្យប្រជាជនកម្ពុជាចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយ ទោះបីប្រទេសកម្ពុជាមានសីតុណ្ហភាពក្តៅក៏ដោយ។
លោកបញ្ជាក់ថា៖ «យើងគួរតែចាក់វ៉ាក់សាំងការពារ ពីព្រោះវ៉ាក់សាំងអាចជួយធ្វើឲ្យរាងកាយរបស់យើងភ្ញោចបានលឿននៅពេលមានជំងឺចូលមកក្នុងខ្លួន។ សម្រាប់បុគ្គលដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ពួកគាត់អាចនឹងប្រឈមទៅនឹងការឈឺនៅក្នុងរយៈពេលវែង ប្រសិនបើមិនមានការចាក់វ៉ាក់សាំងបង្ការនោះទេ»។
ក្រៅពីចាក់វ៉ាក់សាំង អ្នកជំនាញលើកទឹកចិត្តឱ្យពលរដ្ឋការពារខ្លួនពីជំងឺផ្ដាសាយបាន ដោយការលាងដៃឱ្យបានញឹកញាប់ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ នៅឱ្យឆ្ងាយពីអ្នកជំងឺ ខ្ទប់មាត់ពេលក្អកឬកណ្ដាស់ និងគេងឱ្យបានគ្រប់គ្រាន់នៅក្នុងរដូវផ្ដាសាយ៕