ឈ្វេងយល់ពីរបៀបនៃការកាត់បន្ថយការខ្ជះខ្ជាយអាហារ
ដោយសារតែការដាក់កំហិតនៃការចេញចូលនៅតាមតំបន់ផ្សេងៗជុំវិញពិភពលោក ត្រូវបានបន្ធូរបន្ថយជាងមុន កាកសំណល់អាហារត្រូវបានគេសង្កេតឃើញថាមានការកើនឡើងយ៉ាងខ្លាំង។ សារព័ត៌មាន The Guardian បានរាយការណ៍ពីកាកសំណល់អាហារនៅក្នុងប្រទេសអង់គ្លេស ថាមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងខែមិថុនា បើប្រៀបធៀបទៅនឹងខែមុនៗនៃអំឡុងពេលការចេញបញ្ជាមិនឱ្យចេញទៅក្រៅ។ យោងតាមរបាយការណ៍ឆ្នាំ២០១៩ បានឱ្យដឹងថាកម្ពុជាមានកាកសំណល់អាហារចំនួន ៦៣,៣% នៃសំណល់រឹងសរុបនៅទីក្រុងភ្នំពេញ។
«ការខ្ជះខ្ជាយអាហារ» មានអត្ថន័យខុសគ្នាៗពីប្រទេសមួយទៅប្រទេសមួយ។ អង្គការសហប្រជាជាតិ (UN) បានកំណត់កាកសំណល់អាហារថាជាការដកចេញនូវ «ខ្សែសង្វាក់ផ្គត់ផ្គង់អាហារដែលពេលមួយបានផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្ស ឬអាហារដែលផុតកំណត់ ឬខូចដែលបណ្តាលមកពីសេដ្ឋកិច្ច ការគ្រប់គ្រងស្តុកមិនបានល្អ ឬការធ្វេសប្រហែស»។
សម្រាប់ប្រទេសជាច្រើនបានកំណត់និយមន័យសាមញ្ញជាងនេះដោយថាជាអាហារសម្រាប់បំពេញតម្រូវការរបស់មនុស្សដែលជារឿយៗត្រូវបានគេបោះចោលនៅតាមផ្សារទំនើប ភោជនីយដ្ឋានឬដោយអ្នកប្រើប្រាស់ផ្សេងៗ។ និយាយម្យ៉ាងទៀតវាជាការខ្ជះខ្ជាយអាហារនៅពេលដែលប្រជាពលរដ្ឋបោះចោលអាហារដែលអាចបរិភោគបានដោយចេតនា ព្រោះពួកគេមិនបានរៀបចំផែនការអាហារឱ្យបានត្រឹមត្រូវ និងទុកអាហារចោលរហូតដល់ខូច ឬហួសកាលបរិច្ឆេទ ហើយពេលខ្លះទៀតការខ្ជះខ្ជាយអាហារកើតឡើងដោយសារតែឥរិយាបថរបស់បុគ្គលផ្ទាល់។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានឱ្យដឹងថារៀងរាល់ឆ្នាំ អាហារដែលអាចបរិភោគបានប្រហែល ១,៣ពាន់លានតោនដែលស្មើនឹងមួយភាគបីនៃចំនួនអាហារសរុបសម្រាប់បំពេញតម្រូវការរបស់ប្រជាជននៅជុំវិញពិភពលោក គឺមានភាពខ្ជះខ្ជាយជារៀងរាល់ឆ្នាំ។
នៅក្នុងដំណាក់កាលដំបូងនៃជំងឺកូវីដ១៩ ការប្រជែងគ្នាទិញសម្ភារៈគឺជាប្រធានបទដ៏ក្តៅគគុកនៅលើសារព័ត៌មាន។ អ្នកដែលមានជីវភាពធូរធារ និងមានប្រាក់ចំណូលមធ្យមគឺសុទ្ធតែព្យាយាមស្តុកអាហារ និងសម្ភារៈចាំបាច់មួយចំនួន។ នៅពេលនោះដែរ មានហាងជាច្រើនលក់របស់របរអស់ពីស្តុក។ ទោះបីជាយ៉ាងណាក៏ដោយ មានការស្ទង់មតិមួយធ្វើឡើងដោយទីប្រឹក្សារបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានរកឃើញថាប្រជាជនជាទូទៅមានការយកចិត្តទុកដាក់ខ្ពស់ទៅលើចំណីអាហារក្នុងអំឡុងពេលបញ្ជាបិទទីក្រុង បើប្រៀបធៀបទៅនឹងពេលវេលាធម្មតា។ អ្វីដែលជំរុញឱ្យពួកគេមានអាកប្បកិរិយា និងការគិតបែបនេះគឺដោយសារតែការភ័យខ្លាចក្នុងការចេញទៅទិញអីវ៉ាន់ និងកង្វះការផ្គត់ផ្គង់ម្ហូបអាហារនៅលើទីផ្សារ។
មនុស្សមិនគួរត្រូវការមេរោគកូរ៉ូណាដើម្បីយល់ដឹងពីការខ្ជះខ្ជាយអាហារដែលជាទម្លាប់មិនល្អនោះទេ។ ទាក់ទិនទៅនឹងបញ្ហាបរិស្ថាន ការខ្ជះខ្ជាយអាហារនិងកាកសំណល់អាហារនឹងត្រូវបញ្ចប់នៅកន្លែងចាក់សំរាម ហើយវានឹងអាចផលិតសារធាតុមេតានដែលជាឧស្ម័នផ្ទះកញ្ចក់បណ្តាលឱ្យមានការកើនឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ។ បើនិយាយពីសុជីវធម៌វិញ វាពិតជាអសីលធម៌ក្នុងការខ្ជះខ្ជាយអាហារ ពីព្រោះមនុស្សមួយចំនួនមិនអាចរកម្ហូបសម្រាប់ចិញ្ចឹមខ្លួនគេ និងគ្រួសាររបស់ពួកគេបានផង។
គួរឱ្យកត់សម្គាល់ផងដែរ ភោជនីយដ្ឋានអាហារប៊ូហ្វេ (Buffet) កំពុងមានការរីកដុះដាលនៅក្នុងប្រទេសកម្ពុជា។ ភោជនីយដ្ឋានអាហារប៊ូហ្វេមួយចំនួនមានគោលការណ៍ កាត់បន្ថយកាកសំណល់ និងការខ្ជះខ្ជាយអាហារដោយគិតថ្លៃសេវាបន្ថែម ប្រសិនបើអតិថិជនមិនអាចបរិភោគអាហារអស់ ឬខ្ជះខ្ជាយ ដែលនេះត្រូវបានគេមើលឃើញថាជាផែនការដ៏ល្អមួយដែលធ្វើឱ្យមនុស្សមានការប្រុងប្រយ័ត្នបន្ថែមទៅនឹងការខ្ជះខ្ជាយអាហារ ហើយបរិភោគអាហារតាមបរិមាណដែលខ្លួនអាចទទួលយកបានប៉ុណ្ណោះ។
នេះជាវិធីមួយចំនួនដែលប្រជាពលរដ្ឋអាចធ្វើទៅបានដើម្បីចូលរួមកាត់បន្ថយការខ្ជះខ្ជាយអាហារ៖
- មិនគួរទិញអាហារច្រើនពេកក្នុងពេលដើរទិញអីវ៉ាន់ ហើយគួរទិញតែរបស់ដែលអ្នកត្រូវការប៉ុណ្ណោះ។
- មិនថានៅផ្ទះ នៅភោជនីយដ្ឋាន កន្លែងធ្វើការ ឬសាលារៀនឡើយ យើងមិនគួរទទួលទានអាហារហួសកម្រិត និងខ្ជះខ្ជាយនោះទេ។ យើងគួរចងចាំថាយើងអាចសុំអាហារបន្ថែមនៅពេលទទួលទានម្ហូបអស់ជាមុនសិន ហើយត្រូវចាប់ផ្តើមពីបរិមាណតូចជានិច្ច។
- រក្សាទុកម្ហូបដែលនៅសល់ ឬមិនទាន់បរិភោគនៅក្នុងទូទឹកកក ហើយត្រូវប្រាកដថាបរិភោគវាឱ្យអស់ក្នុងពេលឆាប់ៗ។
- ទុកម្ហូប និងគ្រឿងទេសនៅកន្លែងផ្សេងៗគ្នាឱ្យបានត្រឹមត្រូវដែលអាហារខ្លះចាំបាច់ត្រូវរក្សាទុកក្នុងទូទឹកកក ដើម្បីកុំឱ្យខូចហើយខ្លះទៀតគួរតែទុកនៅកម្រិតសីតុណ្ហភាពបន្ទប់ ២៥អង្សាសេ។
- ត្រូវរក្សាទូទឹកកករបស់អ្នកឱ្យស្អាត និងមានរបៀបរៀបរយ ព្រោះវានឹងផ្តល់ភាពងាយស្រួលដល់អ្នកស្រួលមើល និងដឹងថាអាហារណាគួរបរិភោគមុន។
- ចែករំលែកអាហារជាមួយអ្នកដទៃ។ មនុស្សជាច្រើនកំពុងរស់នៅក្នុងភាពអត់ឃ្លាន ដូច្នេះវាមិនមែនជាគំនិតមិនល្អនោះទេក្នុងការបរិច្ចាគអាហារខ្លះឱ្យពួកគេមុនពេលអាហារទាំងនោះមិនល្អ និងមិនអាចទទួលទានបាន៕