«ប្រសិនបើគាត់ (ប្រជាជន) ងាកមកទេសចរណ៍ក្នុងស្រុក វាគឺជាចំណុចដ៏ល្អប្រសើរបំផុត ព្រោះវាអាចជួយដល់សេដ្ឋកិច្ចប្រទេសយើង»។
យោងតាមរបាយការណ៍ពាក់កណ្តាលឆ្នាំ២០១៩ របស់ធនាគារជាតិ បង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកើនឡើងដោយសារការរីកចម្រើនក្នុងវិស័យធំៗ រួមមានវិស័យនាំចេញ វិស័យសាងសង់ វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍។ ក្នុងនោះ ១២,១% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០១៩ បានមកពីវិស័យទេសចរណ៍។
ចំណែករបាយការណ៍របស់ក្រសួងទេសចរណ៍ ឱ្យដឹងថានៅក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិសរុប ៦,៦លាននាក់ កើនជាងឆ្នាំ២០១៨ ដែលមាន ៦,២លាននាក់។ តួលេខនេះបានធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៧ លើពិភពលោកជាទិសដៅដែលមានភ្ញៀវទេសចរអន្តរជាតិចូលចិត្តមកទស្សនាជាងគេនៅក្នុងឆ្នាំ២០១៨។ ប្រទេសកម្ពុជា ទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍សរុប ៤,៣៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨។
វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារដល់ប្រជាជនកម្ពុជាជាង ៦៣០.០០០នាក់ក្នុងវិស័យបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងអ្នករស់នៅក្នុងសហគមន៍ផ្ទាល់ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយភាពក្រីក្រក្នុងស្រុក។
ក្នុងឆ្នាំ២០២០ នេះផ្ទាល់ កម្ពុជារំពឹងនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៧លាននាក់ ដែលចំនួននេះអាចផ្តល់ប្រាក់ចំណូលប្រមាណជាង ៤,៣ពាន់លានដុល្លារដល់វិស័យទេសចរណ៍ប្រទេសកម្ពុជា។
ប៉ុន្តែការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងធ្វើឱ្យកម្ពុជាមានការលំបាកក្នុងការទទួលបានភ្ញៀវទេសចរអន្តរជាតិដូចការរំពឹងទុក។ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ បានថ្លែងកាលពីខែមីនា ថារយៈពេល ២ខែដើមឆ្នាំ២០២០ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះក្នុងរង្វង់ ១៥% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ការធ្លាក់ចុះនៃភ្ញៀវទេសចរនេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងជាប្រព័ន្ធដល់ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន មគ្គុទ្ទេសក៍ទេសចរ ក្រុមហ៊ុនដឹកជញ្ជូន អ្នកផលិតវត្ថុអនុស្សាវរីយ៍ និងអាជីវកម្មតូចធំជាច្រើនទៀតដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
វិធានការក៏ដូចជាផែនការដើម្បីជួយស្ដារដង្ហើមវិស័យទេសចរណ៍ត្រូវបានពិចារណាដោយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ។ មួយក្នុងចំណោមនោះ គឺការលើកកម្ពស់ និងជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក។ ការលើកកម្ពស់ទេសចរណ៍ក្នុងស្រុកនេះ អាចធ្វើទៅបានតាមរយៈការរៀបចំតំបន់គោលដៅទេសចរណ៍ក្នុងស្រុកឱ្យកាន់តែប្រសើរ ការកែលម្អប្រព័ន្ធដឹកជញ្ជូនភ្ញៀវ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំឧទ្យានបន្ថែមជាដើម។
ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាទិសដៅទេសចរណ៍ក្នុងស្រុកមិនមែនជាជម្រើសចម្បងរបស់ប្រជាជនខ្មែរនោះទេ ជាពិសេសចំពោះអ្នកមានធនធានសមល្មមក្នុងការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ប្រជាជនកម្ពុជាប្រមាណ ២លាននាក់បានធ្វើដំណើរទៅក្រៅប្រទេសក្នុងគោលបំណងទេសចរណ៍ក្នុងឆ្នាំ២០១៩។
លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ យល់ថាបញ្ហានេះគឺជារឿងធម្មតា ព្រោះពាក្យថាទេសចរណ៍តែងតែមានចេញនិងចូល ដែលហៅថាចលនាទេសចរណ៍ពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមើលឃើញថាប្រជាពលរដ្ឋដែលគាត់មានធនធាន មានជីវភាពធូរធារចូលចិត្តធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗច្រើនជាងមុន។ ប៉ុន្តែក្នុងស្ថានភាពបែបនេះ ក្រសួងលើកទឹកចិត្តឱ្យប្រជាជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលធ្លាប់តែទៅលេងនៅក្រៅប្រទេស ហើយខកខានដោយសារជំងឺកូវីដ១៩ ឱ្យងាកមកធ្វើដំណើរទេសចរណ៍នៅក្នុងស្រុកវិញម្តង ព្រោះទេសចរណ៍ក្នុងស្រុកជួយប៉ះប៉ូវសេដ្ឋកិច្ចបាន។
លោកមានប្រសាសន៍ថា៖ «ក្នុងដំណាក់កាលនេះគាត់មិនអាចចេញ (ក្រៅប្រទេស) បាននោះទេ ប្រសិនបើគាត់ងាកមកទេសចរណ៍ក្នុងស្រុក វាគឺជាចំណុចដ៏ល្អប្រសើរបំផុត ព្រោះវាអាចជួយដល់សេដ្ឋកិច្ចប្រទេសយើង។ ថ្វីត្បិតថាវាមិនអាចជួយទាំងស្រុងបាន ក៏ប៉ុន្តែវាអាចរួមចំណែកមួយយ៉ាងហោចណាស់ឱ្យពួកគាត់បានប្រាក់ចំណូលខ្លះៗសម្រាប់ដោះស្រាយថ្លៃទឹក ភ្លើង ឬថ្លៃបុគ្គលជាដើម»។
លោកបានបន្ថែមថា៖ «ទោះជាយ៉ាងណា កម្ពុជានៅតែជាគោលដៅទេសចរណ៍សុវត្ថិភាពមួយសម្រាប់ប្រជាពលរដ្ឋ។ យើងមានទិសដៅទេសចរណ៍សំបូរបែប រួមមានទេសចរណ៍បេតិកភណ្ឌ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍។ អ្វីដែលសំខាន់នោះ គឺគាត់ត្រូវគោរពទៅតាមគោលការណ៍ណែនាំជារួមរបស់ប្រមុខរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ពិសេសជាងនេះទៅទៀត គឺការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ដែលក្រសួងទេសចរណ៍ បានដាក់ចេញ»។
សម្រាប់អ្នកដែលចង់ធ្វើដំណើរទេសចរណ៍ក្នុងស្រុកទៅទិសដៅទេសចរណ៍ថ្មីៗដែលអ្នកប្រហែលជាមិនទាន់បានស្គាល់ឬទៅទស្សនាពីមុនមក Focus នឹងណែនាំឱ្យអ្នកស្គាល់ទំព័រហ្វេសប៊ុកទេសចរណ៍ពីរ គឺ «Runaway- រត់ចោលស្រុក» និង «Freedom Travel Consultant – FTC» ដែលនឹងប្រាប់អ្នកពីកន្លែងទេសចរណ៍សរុបចំនួន ១០កន្លែង។
Runaway- រត់ចោលស្រុក គឺជាទំព័រហ្វេសប៊ុកទេសចរណ៍បង្កើតឡើងដោយយុវជនមួយក្រុមក្នុងគោលបំណងដើម្បីណែនាំកន្លែងទេសចរណ៍ថ្មីដល់សាធារណជនទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងស្ថានភាពបែបនេះ Runaway ចង់ណែនាំកន្លែងទេសចរណ៍ក្នុងស្រុកចំនួនប្រាំដូចខាងក្រោម៖
- Mondulkiri Project៖
Mondulkiri Project គឺជាដែនជម្រករបស់សត្វដំរីចំនួន ៥ក្បាល។ Mondulkiri Project ផ្តល់ជូនជាកញ្ចប់ទេសចរណ៍ដែលលោកអ្នកត្រូវចំណាយ ៥០ដុល្លារសម្រាប់កញ្ចប់ ១ថ្ងៃ និង ៨០ដុល្លារសម្រាប់កញ្ចប់ ១យប់ ២ថ្ងៃ។ Mondulkiri Project ផ្តល់ជូនសកម្មភាពជាច្រើន ដូចជាការបញ្ចុកចំណីដំរី ការដើរជាមួយដំរី ការងូតទឹកឱ្យដំរី ការនាំដើរទស្សនារូងភ្នំ និងទឹកជ្រោះពីមគ្គុទ្ទេសក៍ជនជាតិដើមភាគតិច ការទទួលទានអាហារជនជាតិ។ល។ ថវិកាដែលទទួលបានពីភ្ញៀវទេសចរ នឹងត្រូវយកទៅជួយសង្គ្រោះដំរីបន្ថែម ដើម្បីយកមកថែរក្សា និងជៀសវាងការកេងប្រវ័ញ្ចពលកម្មដំរី។ - រថភ្លើងឫស្សីនៅខេត្តបាត់ដំបង (ណូរី)៖
ត្រូវបានបង្កើតឡើងដំបូងនៅក្នុងអំឡុងឆ្នាំ១៩៨០ រថភ្លើងឫស្សីឬណូរី បានឆ្លងកាត់រឿងរ៉ាវជាច្រើន។ កាលពីមុន យើងធ្លាប់តែឃើញគេជិះណូរីនៅក្នុងរឿង ប៉ុន្តែបច្ចុប្បន្ននេះលោកអ្នកអាចរីករាយជាមួយនឹងការជិះរថភ្លើងឫស្សីបានដោយផ្ទាល់នៅខេត្តបាត់ដំបង ដែលក្នុងនោះលោកអ្នកនឹងអាចមើលជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងភូមិបានផងដែរ។ - ប្រាសាទកោះកេរ្តិ៍៖
មានទីតាំងនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ្តិ៍ គឺជារាជធានីចាស់មួយនៃអាណាចក្រខ្មែរ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងគោលបំណងដើម្បីឧទ្ទិសដល់អាទិទេព។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំដែលមានប្រាំពីរថ្នាក់ ហើយបែរមុខទៅទិសខាងលិច។ ប្រាសាទនេះមានចម្ងាយ ២៣គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ នៅតាមផ្លូវទៅកាន់ប្រាសាទ លោកអ្នកអាចរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតផងដែរ។ - ល្អាងសត្វប្រចៀវភ្នំសំពៅ៖
ប្រសិនបើលោកអ្នកធ្វើដំណើរទៅខេត្តបាត់ដំបង លោកអ្នកមិនគួររំលងភ្នំសំពៅនោះទេ។ ម្យ៉ាងវិញទៀតនោះ គឺការមើលប្រចៀវនៅពេលថ្ងៃលិច។ - កោះស្តេច៖
ស្ថិតនៅក្នុងឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។ លោកអ្នកត្រូវជិះទូកពីកំពង់ផែទេសចរណ៍ខេត្តកោះកុង ដើម្បីទៅដល់កោះនេះ។ នៅលើកោះ អ្នកអាចរីករាយជាមួយនឹងសកម្មភាពជាច្រើន ដូចជាការដើរផ្សារសហគមន៍ ហែលទឹកសមុទ្រ មុជទឹកមើលផ្កាថ្ម និងការទទួលទានគ្រឿងសមុទ្រស្រស់ពីភូមិនេសាទ។
Freedom Travel Consultant – FTC គឺជាទំព័រហ្វេសប៊ុកមួយដែលបង្កើតឡើងក្នុងគោលបំណងជំរុញវិស័យទេសចរណ៍កម្ពុជាក្នុងស្រុកឱ្យកាន់តែរីកចម្រើន តាមរយៈការណែនាំទីតាំងទេសចរណ៍ដែលសាធារណជនមិនសូវស្គាល់។ FTC បានណែនាំទិសដៅទេសចរណ៍ ៥ ខាងក្រោម៖
- ភ្នំក្បាលរមាស ខេត្តកំពត៖
ភ្នំក្បាលរមាស គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលមានទីតាំងក្នុងភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ចំណុចពិសេសរបស់ភ្នំនេះ គឺវាមានថ្មដុះដែលមានរាងដូចសត្វដំរី ស្វា និងខ្លា។ ភ្នំនេះត្រូវបានគេសន្មតថាមានតាំងពីសម័យបុរេប្រវត្តិ ព្រោះគេធ្លាប់ប្រទះឃើញឆ្អឹងមនុស្សនៅទីនោះ។ នៅទីនោះ លោកអ្នកអាចរីករាយជាមួយនឹងការដើរមើលរូងភ្នំ និងការបួងសួងសុំសេចក្តីសុខជាដើម។ - ភូមិវត្តគរ ខេត្តបាត់ដំបង៖
ភូមិវត្តគរ គឺជាភូមិមួយក្នុងខេត្តបាត់ដំបង ដែលមានលំនៅឋានបុរាណយ៉ាងច្រើន។ ទីតាំងនេះស្ថិតនៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ស្របតាមបណ្តោយស្ទឹងសង្កែ។ ភូមិនេះមានសក្ដានុពលក្លាយជាតំបន់កសិទេសចរណ៍បាននៅថ្ងៃអនាគត។ - ទឹកធ្លាក់អន្លង់ស្វាយ ខេត្តកំពង់ឆ្នាំង៖
ត្រូវបានរកឃើញ និងរៀបចំដោយមន្ទីរទេសចរណ៍ខេត្តក្នុងពេលថ្មីៗនេះ។ រមណីយដ្ឋានធម្មជាតិដែលមានទាំងប្រាសាទ និងទឹកធ្លាក់នេះមានចម្ងាយប្រមាណ ៥៧គីឡូម៉ែត្រពីទីរួមខេត្ត។ រមណីយដ្ឋានមានទីតាំងនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ - ប្រាសាទបាយ៉ង់កោរ ខេត្តតាកែវ៖
ប្រាសាទបាយ៉ង់កោរ ស្ថិតនៅលើកំពូលភ្នំបាយ៉ង់កោរ ដែលមានកម្ពស់ ៣១៣ម៉ែត្រពីដី។ ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទភវវ្ម័នទី២ ក្នុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសថ្វាយព្រះសិវៈ។ ប្រាសាទនេះធ្វើឡើងពីថ្មបាយក្រៀម ឥដ្ឋ ថ្មស៊ីស្ត និងថ្មស្រទាប់។ មានចម្ងាយប្រមាណ ១២១គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ប្រាសាទនេះឋិតនៅក្នុងភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ - កោះស្រឡៅ ខេត្តកោះកុង៖
ស្រដៀងគ្នានឹងកោះស្តេច កោះនេះគឺជាកោះសហគមន៍មួយនៅក្នុងខេត្តកោះកុង។ ដើម្បីទៅដល់កោះនេះ អ្នកត្រូវធ្វើដំណើរដោយការជិះអូប័រដែលមានរយៈពេលប្រហែលជា ២ម៉ោងពីទីរួមខេត្តកោះកុង។ នៅតាមផ្លូវ អ្នកអាចរីករាយជាមួយព្រៃកោងកាងអមសងខាងផ្លូវ និងទេសភាពស្ងប់ស្ងាត់នៅតាមដៃសមុទ្រ។ សហគមន៍គឺជាសហគមន៍គំរូមួយដែលមានបរិស្ថានដ៏ស្អាត និងពោរពេញដោយសក្ដានុពលទេសចរណ៍។ សហគមន៍ធម្មជាតិកោះស្រឡៅនេះ ស្ថិតនៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយ ២៣គីឡូម៉ែត្រពីទីរួមខេត្ត៕