អ្នកធ្វើការពេញម៉ោងភាគច្រើនចំណាយពេលអង្គុយធ្វើការយូរ។ តើពួកគេគួរតែធ្វើអ្វី ដើម្បីកាត់បន្ថយហានិភ័យបង្កឡើងពីការអង្គុយ?
ការស្រាវជ្រាវរបស់មូលនិធិ British Heart Foundation ចុះផ្សាយក្នុងឆ្នាំ២០១៥ បានរកឃើញថា ប្រជាជនអង់គ្លេសចំណាយពេលអង្គុយ ៦៧ម៉ោងក្នុងមួយសប្តាហ៍ ក្នុងនោះអ្នកធ្វើការក្នុងការិយាល័យពេញម៉ោងចំណាយពេលអង្គុយធ្វើការ ៧៥% នៃម៉ោងសរុបក្នុងមួយថ្ងៃៗ។ ពួកគេចំណាយពេលអង្គុយធ្វើការជាមធ្យម ៣៥ម៉ោងក្នុងមួយសប្តាហ៍។
ការអង្គុយ គឺជាវិធីម្យ៉ាងដើម្បីសម្រាកខ្លួនប្រាណ ប៉ុន្តែការអង្គុយធ្វើការនៅមួយកន្លែងច្រើនពេកមានទំនាក់ទំនងនឹងបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង និងការស្ទះសរសៃឈាមជាដើម។ មនុស្សដែលអង្គុយលើសពី ៨ម៉ោងក្នុងមួយថ្ងៃមានហានិភ័យខ្ពស់ក្នុងការកើតជំងឺស្ទះសរសៃឈាមជាងអ្នកដែលធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១ម៉ោងក្នុងមួយថ្ងៃ។
ការស្រាវជ្រាវមួយដែលចុះផ្សាយដោយ British Journal of Sports Medicine ក្នុងឆ្នាំ២០១៩ បានរកឃើញថា ការធ្វើចលនា ឬលំហាត់ប្រាណឱ្យបានពី ២០ ទៅ ៤០នាទីក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយគ្រោះថ្នាក់ដែលទាក់ទងនឹងការអង្គុយធ្វើការយូរម៉ោងនេះបាន។ រយៈពេលដែលរកឃើញថ្មីនេះ វាខ្លីជាងការសិក្សាចាស់ៗកន្លងមកដែលអ្នកស្រាវជ្រាវចង្អុលថា អ្នកដែលអង្គុយធ្វើការយូរម៉ោងត្រូវការធ្វើចលនា ឬលំហាត់ប្រាណឱ្យបានពី ៦០ ទៅ ៧៥នាទីក្នុងមួយថ្ងៃ។ អ្នកស្រាវជ្រាវសង្កត់ធ្ងន់ថា ការកាត់បន្ថយម៉ោងអង្គុយមិនមែនជាដំណោះស្រាយចម្បងសម្រាប់ទប់ស្កាត់នឹងហានិភ័យនោះទេ មានតែការធ្វើចលនា ឬលំហាត់ប្រាណប៉ះប៉ូវលើម៉ោងដែលចំណាយលើការអង្គុយតែប៉ុណ្ណោះទើបអាចជួយបាន។
ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកជំនាញណែនាំឱ្យអ្នកដែលធ្វើការក្នុងការិយាល័យពេញម៉ោងអនុវត្ត ដើម្បីទទួលបានបរិយាកាសការងារល្អមួយ ហើយជួយបញ្ចៀសភាពតានតឹងក្នុងពេលអង្គុយបំពេញការងារយូរម៉ោង៖
សម្រាប់សុខភាពរាងកាយ៖
១- ឧស្សាហ៍ងើបពត់ពេនខ្លួន៖ អ្នកគួរតែរកពេលសម្រាប់ងើបពត់ពេនខ្លួនឱ្យបានញឹកញាប់ ឬនៅរាល់ ១ ទៅ ២ម៉ោងម្តង ព្រោះការធ្វើដូចនេះអាចជួយរំសាយភាពតានតឹង និងធ្វើឱ្យខ្លួនអ្នកមានសកម្មភាព។
២- ព្យាយាមដើរឱ្យបានច្រើន៖ អ្នកគួរតែកាត់បន្ថយការទទួលទានអាហារ ឬអាហារសម្រន់នៅលើតុធ្វើការ ដោយការដើរចេញទៅទទួលទានអាហារនៅក្នុងបន្ទប់បរិភោគ។ ការធ្វើដូចនេះ អាចជួយឱ្យអ្នកមានពេលក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយមិត្តរួមការងារផងដែរ។
៣- ប្រើប្រាស់ជណ្តើរជើង៖ ប្រសិនបើអាចទៅរួច អ្នកគួរតែព្យាយាមប្រើប្រាស់ជណ្តើរជើងឱ្យបានច្រើនជាងជណ្តើរយន្ត ព្រោះការធ្វើបែបនេះផ្តល់ឱកាសឱ្យខ្លួនរបស់អ្នកមានចលនា។
សម្រាប់សុខភាពផ្លូវចិត្ត៖
១- ប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ៖ ឧស្សាហ៍និយាយលេង ឬសួរមិត្តរួមការងារពីនេះពីនោះក្នុងពេលធ្វើការ ពីព្រោះការធ្វើដូចនេះអាចជួយកាត់បន្ថយភាពតានតឹងនៅក្នុងការិយាល័យធ្វើការបាន។
២- សម្រាកខ្លី ហើយសមាធិ៖ នៅរាល់ ២ ទៅ ៣ម៉ោងម្តង អ្នកគួរតែសម្រាកភ្នែកពីអេក្រង់កុំព្យូទ័រឱ្យបានយ៉ាងហោចណាស់ ៥ ទៅ ១០នាទី។ ក្នុងចន្លោះពេលនោះ អ្នកអាចធ្វើសមាធិខ្លីដោយគ្រាន់តែបិទភ្នែកមួយភ្លែតក៏បានដែរ។
ទាក់ទងនឹងអាហារូបត្ថម្ភ៖
១- ទទួលទានទឹកឱ្យបានច្រើន៖ អ្នកគប្បីទទួលទានទឹកឱ្យបានពី ៨ ទៅ ១០កែវក្នុងពេលអង្គុយធ្វើការ ដើម្បីឱ្យមានជាតិទឹកនៅក្នុងខ្លួន។ ផ្លែឈើមួយចំនួនដូចជា ក្រូច ក្រូចថ្លុង ទំពាំងបាយជូរ ឪឡឹក និងប៉ោម ក៏ជាប្រភពទឹកដ៏ល្អសម្រាប់ខ្លួនប្រាណអ្នកដែរ។
២- ទទួលទានប្រភេទអាហារដែលល្អសម្រាប់រាងកាយ៖ កាត់បន្ថយការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន ហើយងាកមកទទួលទានបន្លែ និងអាហារដែលមានជាតិប្រូតេអ៊ីន។ អ្នកជំនាញណែនាំឱ្យអ្នករៀបចំអាហារដោយខ្លួនឯង ព្រោះអ្នកអាចកំណត់បរិមាណកម្រិតជាតិខ្លាញ់បានល្អជាងការដែលទិញនៅតាមហាងផ្សេងៗ។
៣- កាត់បន្ថយការទទួលទានជាតិផ្អែម៖ ព្យាយាមកាត់បន្ថយការទទួលភេសជ្ជៈកំប៉ុងដែលមានជាតិស្ករខ្ពស់នៅពេលធ្វើការ។ ទន្ទឹមនឹងនេះ អ្នកក៏គួរតែកាត់បន្ថយជាតិស្ករនៅក្នុងកាហ្វេរបស់អ្នកផងដែរ៕