អ្វីទៅជាប័ណ្ណឥណទាន? ហើយលោកអ្នកអាចគ្រប់គ្រងការប្រើប្រាស់វាបានយ៉ាងដូចម្តេច?
ប័ណ្ណឥណទាន (Credit Card) គឺជាកាតសម្រាប់ទូទាត់ប្រាក់មួយប្រភេទដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថវិកាសម្រាប់តម្រូវការប្រចាំថ្ងៃបាន ឬការចំណាយទ្រង់ទ្រាយធំ (Big Purchase) បានដោយមិនចាំបាច់មានលុយផ្ទាល់ខ្លួននៅក្នុងធនាគារ។ ក៏ប៉ុន្តែអ្នកចាំបាច់ត្រូវទូទាត់ចំណាយរបស់អ្នកជាមួយធនាគារនៅរាល់មួយខែ ឬមួយឆ្នាំម្តងអាស្រ័យទៅតាមកិច្ចព្រមព្រៀងរវាងអ្នក និងធនាគារផ្ទាល់។ លុយទាំងនោះនឹងត្រូវគិតរួមបញ្ចូលទាំងការប្រាក់ បើអ្នកធ្វើការទូទាត់ជាមួយធនាគារយឺត អ្នកអាចនឹងត្រូវបង់ការប្រាក់ច្រើនតាមនោះដែរ។
យោងតាមទិន្នន័យរបស់ធនាគារបម្រុងសហព័ន្ធនៅទីក្រុងញូវយ៉ក (Federal Reserve Bank of New York) កាលពីឆ្នាំ២០១៩ បានឱ្យដឹងថា ជនជាតិអាមេរិកជាង ៥៥% ជំពាក់បំណុលធនាគារដោយសារការប្រើប្រាស់ប័ណ្ណឥណទានដោយមិនមានការគ្រប់គ្រងបានល្អ។
ចំណែកនៅប្រទេសកម្ពុជាវិញ ប័ណ្ណប្រភេទនេះមិនសូវទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានោះទេ។
អ្នកស្រី កៅ សិរីរ័ត្ន បុគ្គលិកផ្នែកទូទាត់ពាណិជ្ជករដៃគូ (Staff of Merchant Settlement Unit) ប្រាក់កម្ចីរបស់ធនាគារ អេស៊ីលីដា (ACLEDA) មានប្រសាសន៍ថា ប្រជាជនខ្មែរដែលមកបើកប័ណ្ណទូទាត់ប្រាក់ភាគច្រើនចូលចិត្តបើកជាប្រភេទប័ណ្ណឥណពន្ធ (Debit Card) ជាងប័ណ្ណឥណទាន (Credit Card)។
អ្នកស្រីកត់សម្គាល់ថា៖ «ក្នុងបរិបទស្រុកយើងខុសពីស្រុកគេ អតិថិជនគាត់និយមប្រើប្រាស់ប័ណ្ណឥណពន្ធជាងប័ណ្ណឥណទាន ដោយសារគាត់ពុំបានធ្វើការស្វែងយល់ស៊ីជម្រៅទៅលើការប្រើប្រាស់វា»។
ស្រដៀងគ្នានឹងប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ គឺជាប័ណ្ណសម្រាប់ទូទាត់ប្រាក់ម្យ៉ាងដែលអនុញ្ញាតឱ្យអ្នកទូទាត់ប្រាក់លើការចាយវាយប្រចាំថ្ងៃតាមទឹកប្រាក់ដែលអ្នកមាននៅក្នុងគណនីធនាគារផ្ទាល់ខ្លួនម្នាក់ៗ។ វាប្រៀបបាននឹងការចាយវាយដែលមិនប្រើសាច់ប្រាក់សុទ្ធ។
កញ្ញា អ៊ាន មុនីលក្ខណ៍ អាយុ ២៣ឆ្នាំ ដែលធ្លាប់ប្រើប្រាស់ប័ណ្ណឥណទានឱ្យដឹងថា កញ្ញាបានផ្លាស់ប្ដូរពីការប្រើប្រាស់ប័ណ្ណឥណទានមកប្រើប័ណ្ណឥណពន្ធវិញនៅក្នុងឆ្នាំ២០១៩។ កញ្ញាថាការផ្លាស់ប្ដូរនេះដោយសារតែពេលប្រើប្រាស់ប័ណ្ណឥណទានវាតម្រូវឱ្យអ្នកប្រើប្រាស់សងលុយទៅធនាគារវិញរាល់ខែ ហើយពេលខ្លះវាកើនការប្រាក់នៅពេលភ្លេចសង។
កញ្ញាប្រាប់ថា៖ «ប្រើប័ណ្ណឥណទានហ្នឹងវាពិបាកក្នុងការបង់លុយទៅធនាគារវិញ ព្រោះដល់ខែយើងត្រូវសងជាប្រចាំ។ ទោះជាវារាំងខ្ទប់ (Block) ជាង ៥០០ដុល្លារពីគណនីសន្សំហ្នឹងក៏ដោយ»។
កញ្ញា មុនីលក្ខណ៍ បានប្រាប់បន្ថែមថា ការផ្លាស់ប្ដូរមកប្រើប័ណ្ណឥណពន្ធវាមានភាពងាយស្រួលជាង ព្រោះកញ្ញាចាយទៅតាមទឹកលុយដែលមាន។ កញ្ញាបានឱ្យដឹងទៀតថា តាមបទពិសោធន៍ប្រើប្រាស់ប័ណ្ណឥណទាន វាមានចំណុចល្អសម្រាប់អ្នកដែលត្រូវចំណាយច្រើន។ ក៏ប៉ុន្តែចំណុចល្អនោះក៏អាចធ្វើឱ្យអ្នកប្រើប្រាស់មានផលពិបាកទៅថ្ងៃមុខដែរ។
កញ្ញាបញ្ជាក់ទៀតថា៖ «ប័ណ្ណឥណទានអាចជាជម្រើសដ៏ល្អមួយសម្រាប់អ្នកដែលត្រូវការចាយវាយច្រើន។ ឧទាហរណ៍ការកក់សំបុត្រយន្តហោះដោយមិនមានលុយក្នុងដៃ។ ប៉ុន្តែវាក៏អាចធ្វើឲ្យអ្នកជំពាក់បំណុលធនាគារដែរ បើសងវិញមិនទាន់ថ្ងៃកំណត់»។
ទោះបីជាប្រជាជនកម្ពុជាមិនទាន់ពេញនិយមប្រើប្រាស់ប័ណ្ណឥណទានក្នុងពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែគេហទំព័រផ្នែកអង្កេតផលិតផលហិរញ្ញវត្ថុមួយហៅថា Fortunly បានព្យាករថា ការប្រើប្រាស់ប័ណ្ណឥណទាននៅក្នុងប្រទេសកម្ពុជានឹងមានការកើនឡើងនៅក្នុងថ្ងៃអនាគត។
ខាងក្រោមនេះជាចំណុចមួយចំនួនដែលស្ថាប័នហិរញ្ញវត្ថុណែនាំដល់អ្នកដែលបានប្រើប្រាស់ និងមានបំណងប្រើប្រាស់ប័ណ្ណឥណទាន (Credit Card) ដើម្បីបញ្ចៀសហានិភ័យក្នុងការប្រើប្រាស់កាតប្រភេទនេះ។
ចំណុចគួរអនុវត្តនៅពេលប្រើប្រាស់៖
១- សិក្សារកប័ណ្ណដែលល្អសម្រាប់អ្នក៖ មុននឹងបង្កើតប័ណ្ណឥណទាន អ្នកត្រូវសិក្សាឱ្យច្បាស់ថាតើប័ណ្ណឥណទានរបស់ធនាគារណាមួយដែលមានការប្រាក់ទាប និងថ្លៃសេវាប្រចាំឆ្នាំថោក។ ទន្ទឹមនេះ អ្នកចាំបាច់គួរតែរកមើលធនាគារណាដែលអនុញ្ញាតឱ្យចាយប្រាក់មានដែនកំណត់សមល្មម។ ការធ្វើដូចនេះ នឹងធ្វើឱ្យប្រាកដថាអ្នកមានលទ្ធភាពអាចសងធនាគារវិញបានទាន់ពេល។
២- គួរតែកំណត់ការចំណាយប្រចាំខែរបស់ខ្លួនឯង ហើយអនុវត្តតាម៖ ការធ្វើតារាងលើការចាយវាយរបស់អ្នកប្រចាំខែបានល្អ អាចជួយឱ្យអ្នកចេះគិតគូរនៅពេលត្រូវចំណាយលើរបស់ផ្សេងៗប្រសើរជាងមុន។
៣- បង់ប្រាក់ទៅធនាគារឱ្យទាន់ពេលវេលា៖ អ្នកគួរតែបង់ប្រាក់ដែលបានចាយនោះទៅធនាគារវិញឱ្យបានទាន់ពេលកំណត់ ពីព្រោះការដែលអ្នកបង់យឺតអាចធ្វើឱ្យអ្នកមានទម្លាប់បែបនេះទៅខែក្រោយៗទៀតដែលនឹងអាចធ្វើឱ្យអ្នកជំពាក់បំណុលធនាគារច្រើន។
៤- យកចិត្តទុកដាក់ទៅលើកំណត់ត្រាចំណាយរបស់អ្នក៖ រាល់ពេលអ្នកប្រើប្រាស់ប័ណ្ណឥណទានសម្រាប់ទិញអ្វីមួយ ខាងធនាគារនឹងប្រាប់ឱ្យអ្នកដឹង។ អ្នកត្រូវតាមដានការចាយវាយរបស់ខ្លួនឯងឱ្យបានជាប់លាប់ ដើម្បីធ្វើឱ្យប្រាកដថាខ្លួនឯងមិនចាយច្រើនពេក។
៥- ត្រូវប្រុងប្រយ័ត្នទៅលើកាតឥណទានរបស់អ្នក៖ គួរតែទុកប័ណ្ណឥណទានអ្នកជាប់ខ្លួន ហើយជៀសវាងការឱ្យអ្នកផ្សេងខ្ចីបើមិនចាំបាច់ខ្លាំង។ ត្រូវធ្វើការរាយការណ៍ទៅធនាគារភ្លាមៗក្នុងករណីបាត់ ឬមានគេលួចប័ណ្ណឥណទានរបស់អ្នក។
៦- គួរតែកំណត់ឱ្យធនាគារកាត់លុយសន្សំអ្នក៖ ការធ្វើបែបនេះអាចជួយអ្នកមិនឱ្យធនាគារគិតការប្រាក់ខ្ពស់នៅពេលដែលអ្នកបង់ប្រាក់កម្ចីមិនទាន់ ព្រោះពេលដែលអ្នកបង់ឱ្យធនាគារមិនទាន់ ធនាគារនឹងកាត់ប្រាក់សន្សំរបស់អ្នកដោយមិនគិតការប្រាក់បន្ថែម។
ចំណុចមិនគួរអនុវត្តនៅពេលប្រើប្រាស់៖
១- ជៀសវាងការបើកប័ណ្ណឥណទានលើសពីមួយ៖ នៅពេលណាដែលអ្នកមានប័ណ្ណឥណទានច្រើន វាអាចធ្វើឱ្យអ្នកចង់ចាយវាយច្រើនជាងប្រាក់ដែលអ្នកអាចបង់ទៅធនាគារវិញបាន។ ការធ្វើបែបនេះ នឹងបង្កើតជាហានិភ័យដល់អ្នកទៅថ្ងៃក្រោយ។
២- បង់ប្រាក់ទៅធនាគារមិនទាន់ពេលវេលា៖ ការបង់ប្រាក់យឺតជារឿយៗនឹងធ្វើឱ្យកិត្តិយសរបស់អ្នកធ្លាក់ចុះ (Credit)។ ជាលទ្ធផល អ្នកអាចនឹងជំពាក់ធនាគារច្រើនឡើងៗ។
៣- មិនយកចិត្តទុកដាក់ទៅលើកំណត់ត្រាចំណាយរបស់អ្នក៖ អ្នកចាំបាច់ត្រូវតែយកចិត្តទុកដាក់ទៅលើកំណត់ត្រាចាយវាយរបស់អ្នកដែលធនាគារផ្ញើមក ព្រោះការធ្វើដូចនេះអាចជួយមិនឱ្យអ្នកចាយច្រើនលើសពីអ្វីដែលខ្លួនអាចសងធនាគារបាន។
៤- ការមិនប្រុងប្រយ័ត្នទៅលើកាតឥណទានរបស់អ្នក៖ ការដែលទុកកាតចោលដោយមិនយកចិត្តទុកដាក់ និងការឱ្យអ្នកផ្សេងខ្ចីប័ណ្ណផ្ដេសផ្ដាស អាចនឹងបង្កជាហានិភ័យយ៉ាងខ្លាំងដល់អ្នក។
៥- មិនធ្វើការកំណត់លើការចំណាយប្រចាំខែរបស់ខ្លួនឯង៖ ការដែលមិនបានធ្វើតារាងលើការចាយវាយរបស់អ្នកប្រចាំខែបានល្អ អាចនឹងធ្វើឱ្យអ្នកយកលុយធនាគារច្រើនជាងលុយដែលអ្នកមានសមត្ថភាពសងឱ្យធនាគារវិញពេលដល់ថ្ងៃកំណត់បង់ប្រាក់។ អ្នកត្រូវចាំថា លុយនៅក្នុងប័ណ្ណនោះមិនមែនជាលុយដែលបានមកដោយឯកឯងនោះទេ វាគឺជាការដែលអ្នកខ្ចីធនាគារ ហើយអ្នកត្រូវសងវិញ។
៦- មិនកំណត់ឱ្យធនាគារកាត់លុយសន្សំអ្នក ឬប្រើប្រាស់ការបង់ដោយស្វ័យប្រវត្តិ (Auto Pay)៖ ការធ្វើបែបនេះ អាចនឹងធ្វើឲ្យធនាគារគិតការប្រាក់ពីអ្នកនៅពេលអ្នកបង់ប្រាក់យឺត៕