ត្រួតពិនិត្យការប្រើប្រាស់អ៊ីនធឺណិតរបស់កូនៗរបស់អ្នក និងយល់ដឹងពីរបៀបរក្សាសុវត្ថិភាពរបស់ពួកគេនៅលើប្រព័ន្ធអ៊ីនធឺណិត។
សព្វថ្ងៃនេះគេសង្កេតឃើញថាក្មេងៗអាយុ ៤ ឬ ៥ឆ្នាំ កំពុងប្រើប្រាស់អ៊ីនធឺណិតស្ទើរតែគ្រប់គ្នា។ ពួកគេចាប់ផ្តើមចំណាយពេលវេលាកាន់តែច្រើនទៅៗលើប្រព័ន្ធអ៊ីនធឺណិត ជាពិសេសក្នុងពេលបច្ចុប្បន្នដែលសាលារៀនកំពុងបង្វែរទិសការសិក្សាទៅតាមប្រព័ន្ធអនឡាញ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមទិន្នន័យរបស់អង្គការយូណេស្កូ (UNESCO) និងធនាគារពិភពលោក (World Bank) បានបង្ហាញថា កុមារនិងយុវជនចំនួន ១.៥០០លាននាក់នៅទូទាំងពិភពលោកត្រូវបានរងផលប៉ះពាល់ដោយសារការបិទសាលារៀន។ ជាមួយគ្នានេះ របាយការណ៍ជាច្រើនរបស់បណ្តាអង្គការពិភពលោកផ្សេងៗបានបង្ហាញថា ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ចរាចរណ៍នៃការប្រើប្រាស់អ៊ីនធឺណិតបានកើនឡើងជាង ២៥% គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២០។
ទោះបីជាអ៊ីនធឺណិតត្រូវបានគេដឹងថាអាចជួយសម្រួលដល់ការប្រាស្រ័យសម្រាប់ទាក់ទងនៅក្នុងសហគមន៍ និងការសិក្សាផ្សេងៗ ព្រមទាំងអាចបម្រើជាប្រភពនៃការកម្សាន្តក្តី អ៊ីនធឺណិតពិតជាអាចបង្កគ្រោះថ្នាក់ដល់កុមារក្នុងទម្រង់ផ្សេងៗជាច្រើន។
យោងទៅតាមអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០១៩ ប្រមាណ ៨៦% (៨៥,៧) នៃកុមារក្នុងប្រទេសកម្ពុជាចន្លោះពីអាយុ ១៥ ដល់ ២៤ឆ្នាំកំពុងប្រើប្រាស់អ៊ីនធឺណិតយ៉ាងសកម្ម។ របាយការណ៍នេះក៏បានបញ្ជាក់បន្ថែមទៀតថា ៤,៥% នៃអ្នកប្រើប្រាស់អ៊ីនធឺណិតសរុបគឺជាកុមារដែលមានអាយុក្រោម ១៥ឆ្នាំ។
កុមារអាចប្រើប្រាស់អ៊ីនធឺណិតធ្វើការស្រាវជ្រាវខ្លឹមសារមិនសមស្របជាច្រើនទៅនឹងវ័យរបស់ខ្លួន ព្រមទាំងអាចទទួលរងការវាយប្រហារពាក្យសម្ដី និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ការរំខានឯកជនភាព ការកេងប្រវ័ញ្ចផ្លូវភេទ និងការយាយីផ្សេងៗតាមប្រព័ន្ធឌីជីថល។
លោក Geeseeny Sawmy ដែលជាអ្នកចិត្តវិទ្យាផ្នែកគ្លីនិកមួយ (clinical psychologist) បានឱ្យដឹងថា ការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតសម្រាប់កុមារអាចបណ្តាលឱ្យមានភាពឯកោ និងការបាក់ទឹកចិត្ត។ ដូច្នេះហើយ ដោយពុំមានការយកចិត្តទុកដាក់ពីឪពុកម្តាយ ឬអាណាព្យាបាល កុមារអាចក្លាយជាជនរងគ្រោះនៃអ្នកប្រើប្រាស់អ៊ីនធឺណិត ដែលនេះនឹងអាចបង្កជាបន្ទុកមួយកម្រិតទៀតដល់ឪពុកម្តាយនិងអាណាព្យាបាល ពីព្រោះការរក្សាសុវត្ថិភាពខាងរាងកាយដល់កុមារ មិនគ្រប់គ្រាន់ទេ គឺចាំបាច់ត្រូវការពារសុវត្ថិភាពតាមអ៊ីនធឺណិតផងដែរ។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានចេញផ្សាយរបាយការណ៍មួយក្នុងឆ្នាំ២០១៨ ដោយបានអះអាងថា ចំនួន ៥៩% នៃកុមារក្នុងសហរដ្ឋអាមេរិកបានទទួលរងការគំរាមកំហែងតាមបណ្ដាញអ៊ីនធឺណិតនៅពេលប្រើវា។ មិនតែប៉ុណ្ណោះ ផ្អែកលើរបាយការណ៍របស់អង្គការយូនីសេហ្វ បានឱ្យដឹងថាចំនួនកុមារនិងយុវជនជាងពាក់កណ្តាលដែលត្រូវបានស្ទង់មតិនៅអាហ្វ្រិកខាងត្បូង បាននិយាយថាពួកគេប្រទះឃើញមាតិកាផ្លូវភេទជាច្រើនក្នុងអ៊ីនធឺណិត ហើយ ៣៥% នៃចំនួនកុមារសរុបដែលត្រូវបានស្ទង់មតិនៅក្នុងប្រទេសអ៊ីតាលី (Italy) និងអ៊ុយរ៉ាហ្គាយ (Uruguay) វិញបាននិយាយថា ពួកគេមានបទពិសោធន៍ទៅនឹងការវាយប្រហារ និងសម្ដីស្អប់ខ្ពើមតាមប្រព័ន្ធអ៊ីនធឺណិត។
អ្នកស្រី គីម គឹមលី ជាម្តាយដែលមានកូនពីរនាក់ ម្នាក់អាយុ ៨ឆ្នាំ និងម្នាក់ទៀតអាយុ ១០ឆ្នាំ បាននិយាយថា អ្នកស្រីព្រួយបារម្ភលើការប្រើប្រាស់អ៊ីនធឺណិតរបស់កូនៗរបស់អ្នកស្រី ប៉ុន្តែអ្នកស្រីមានការព្រួយបារម្ភខ្លាំងជាងនេះទៅទៀតចំពោះក្មួយរបស់អ្នកស្រីដែលមិនត្រឹមតែបាត់បង់នូវការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃនោះទេ ថែមទាំងនៅតែក្នុងបន្ទប់ប្រើប្រាស់ទូរស័ព្ទទៀត។ សម្រាប់ការសិក្សាវិញ អ្នកស្រីឱ្យកូនរៀនតាមទូរទស្សន៍ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដែលអ្នកស្រីជឿជាក់ថាជាវិធីដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយប្រព័ន្ធអ៊ីនធឺណិតនេះ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំអនុញ្ញាតឱ្យកូនៗខ្ញុំប្រើអ៊ីនធឺណិតនៅពេលចុងសប្តាហ៍តែប៉ុណ្ណោះ។ ខ្ញុំអាចនិយាយបានថា ពួកគេចំណាយពេលប្រហែល ២ ឬ ៣ម៉ោងលើអ៊ីនធឺណិតក្នុងមួយថ្ងៃ។ ខ្ញុំក៏គិតទៀតដែរថា មកពីអ៊ីនធឺណិតនេះហើយ កូនៗរបស់ខ្ញុំឥឡូវរឹងរូសណាស់។ ប៉ុន្តែខ្ញុំក៏កំពុងព្យាយាមកាត់បន្ថយពេលវេលាដែលពួកគេចំណាយលើអ៊ីនធឺណិតផងដែរ»។
កម្មវិធីប្រើប្រាស់មួយចំនួនដូចជា Zoom និង Tik Tok មានចំនួនអ្នកប្រើប្រាស់កើនឡើងយ៉ាងខ្លាំងក្នុងពេលមានការរក្សាគម្លាតសង្គមដោយសារជំងឺកូវីដ១៩។ បើប្រៀបធៀបទៅនឹងតួលេខខែធ្នូ ឆ្នាំ២០១៩ អ្នកប្រើប្រាស់កម្មវិធី Zoom បានកើនឡើងពី ១០លាននាក់នៃអ្នកប្រើប្រាស់ប្រចាំថ្ងៃរហូតដល់ ៣០០លាននាក់គិតត្រឹមខែមេសា ឆ្នាំ២០២០។ យោងតាមទិន្នន័យក្រុមហ៊ុន Zoom កម្មវិធីមួយនេះត្រូវបានសាលារៀនចំនួន ៩ម៉ឺននៅក្នុងប្រទេសចំនួន២០ បានប្រើប្រាស់ដើម្បីបង្រៀន។ សូម្បីតែមុនពេលចំនួនអ្នកប្រើប្រាស់មានការកើនឡើងក៏ដោយ បញ្ហាទាក់ទិនទៅនឹងសុវត្ថិភាពរបស់ពួកគេត្រូវបានគេយកមកវែកញែកពិភាក្សា ដែលមានដូចជាមានពួកហេគឃឺ (Hacker) អាចចូលទៅក្នុងការប្រជុំជាលក្ខណៈឯកជនបានដោយមិនមានការអនុញ្ញាតពីអ្នករៀបចំ ហើយអ្នកប្រើប្រាស់កុំព្យូទ័រ Mac ហៅចូលការប្រជុំផ្សេងៗដោយមិនដឹងខ្លួន។
ចំណែកឯកម្មវិធី Tik Tok វិញដែលជាបណ្ដាញសង្គមមួយរបស់ប្រទេសចិន ក្នុងការចែករំលែកវីដេអូ ត្រូវបានគេសង្កេតឃើញពីការពេញនិយមនៃការប្រើប្រាស់គួរឱ្យកត់សម្គាល់នៅក្រៅប្រទេស ជាពិសេសនៅតំបន់អាស៊ីមានអ្នកទាញយកលេងលើសពី ១០លាននាក់នៅក្នុងប្រទេសថៃ ខណៈនៅកម្ពុជាវិញចំនួនអ្នកប្រើប្រាស់បានកើនឡើងរហូតទៅដល់ ៥០ម៉ឺនក្នុងឆ្នាំ២០១៩។ យោងទៅតាម Business Insider កម្មវិធីនេះត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិករិះគន់ពីបញ្ហាការបិទសិទ្ធិក្នុងការចែករំលែក ការត្រួតពិនិត្យឯកជនភាព និងសុវត្ថិភាពកុមារ។
ដោយបានសង្កេតឃើញនូវការកើនឡើងការចំណាយពេលលើប្រព័ន្ធអ៊ីនធឺណិតរបស់កុមារក្នុងអំឡុងពេលមានជំងឺកូវីដនេះ អង្គការយូនីសេហ្វបានអំពាវនាវឱ្យរដ្ឋាភិបាលមូលដ្ឋាន ឪពុកម្តាយ អ្នកអប់រំ និងឧស្សាហកម្មអាយស៊ីធី (ICT) ព្យាយាមកាត់បន្ថយហានិភ័យក្នុងការប្រើប្រាស់អ៊ីនធឺណិតសម្រាប់កុមារ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅខែមេសា ឆ្នាំ២០២០ របស់អង្គការយូនីសេហ្វ បានបញ្ជាក់ថា កុមាររាប់លាននាក់កំពុងប្រឈមនឹងគ្រោះថ្នាក់នៅពេលដែលមានការផ្លាស់ប្ដូររបៀបរស់នៅដោយងាកទៅប្រើប្រាស់អ៊ីនធឺណិតស្ទើរតែគ្រប់វិស័យ។
អ្នកស្រី Henrietta Fore ដែលជានាយកប្រតិបត្តិអង្គការយូនីសេហ្វ បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «យើងអំពាវនាវដល់រដ្ឋាភិបាល និងអាជីវកម្មផ្សេងៗដើម្បីចូលរួមសហការក្នុងការរក្សាសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតដល់កុមារនិងយុវជន ដោយមានការពង្រឹងកម្មវិធីការពារសុវត្ថិភាព និងជួយឪពុកម្តាយ និងអ្នកអប់រំពីរបៀបនៃការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពដល់កុមារ»។
ការព្រួយបារម្ភលើសុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធឺណិតរបស់កុមារ គឺជាប្រធានបទដ៏ក្តៅគគុកមួយទោះបីជានៅមុនពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្តី ពីព្រោះកុមារបានចំណាយពេលភាគច្រើនរបស់ខ្លួនលើបណ្ដាញអ៊ីនធឺណិតរួចមកហើយ។ ដោយផ្អែកលើតួលេខពី Common Sense Media ដែលជាអង្គការមិនរកប្រាក់ចំណេញធ្វើការផ្ដោតសំខាន់ទៅលើវិស័យអប់រំ ដោយជួយក្រុមគ្រួសារផ្សេងៗក្នុងការលើកកម្ពស់នូវការប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា កុមារអាមេរិកដែលមានអាយុចន្លោះពី ១៣ ទៅ ១៨ឆ្នាំចំណាយពេលជាមធ្យម ៩ម៉ោងនៅលើអេក្រង់របស់ពួកគេ ខណៈដែលកុមារអាយុក្រោម ១៣ឆ្នាំជាមធ្យមប្រើទូរស័ព្ទរយៈពេល ៦ម៉ោងក្នុងមួយថ្ងៃ។ តួលេខទាំងនេះមិនបានឆ្លុះបញ្ចាំងពីពេលវេលាដែលពួកគេចំណាយលើការសិក្សា និងការងារផ្ទះនោះទេ តែវាសំដៅលើពេលវេលាដែលពួកគេចំណាយទៅលើការប្រើប្រាស់អ៊ីនធឺណិតក្នុងការកម្សាន្តតែមួយមុខគត់ប៉ុណ្ណោះ។
លោក ហាហ្សាន់ អ៊ីលយ៉ាសគ្គិ (Hazan Illyasak) ដែលជាមន្ត្រីជំនាញកិច្ចការទំនួលខុសត្រូវសង្គម និងចីរភាពរបស់ក្រុមហ៊ុន Smart បានមានប្រសាសន៍ថា លោកមើលឃើញថាសុវត្ថិភាពអ៊ីនធឺណិតគឺជាបញ្ហាចម្បងមួយ។ លោកបានបន្តទៀតថា ក្នុងនាមជាអ្នកបម្រើការងារក្នុងវិស័យទូរគមនាគមន៍ លោកទទួលស្គាល់ថាពុំមានការខិតខំប្រឹងប្រែងគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារក្រុមហ៊ុន Smart កំពុងរៀបចំផែនការដើម្បីឆ្លើយតបនឹងបញ្ហានៅឆ្នាំក្រោយនេះ។
លោកមានប្រសាសន៍បន្ថែមទៀតថា៖ «ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍មួយ យើងមានកម្លាំងគ្រប់គ្រាន់ក្នុងការលើកកម្ពស់ការយល់ដឹង ក៏ដូចជាការបញ្ជូនសារអប់រំអំពីបញ្ហានេះដល់សាធារណជនតាមរយៈវេទិកាឌីជីថល។ ក្នុងពេលបច្ចុប្បន្ននេះ យើងបានគិតពីគម្រោងមួយចំនួនដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពអ៊ីនធឺណិត។ យើងក៏កំពុងគិតពីការចាប់ផ្តើមយុទ្ធនាការមួយដើម្បីជូនដំណឹងដល់ឪពុកម្តាយ អាណាព្យាបាល និងកុមារអំពីហានិភ័យនៃការប្រើប្រាស់អ៊ីនធឺណិត»។
កាលពីមុន ក្រុមហ៊ុន Smart ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រុមហ៊ុន Google និងសមាគមទូរស័ព្ទចល័ត GSMA (Groupe Speciale Mobile Association) បានអនុវត្តកម្មវិធីសាកល្បងមួយស្តីអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធឺណិត ដោយមានគោលបំណងលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពអ៊ីនធឺណិត និងអក្ខរកម្មអ៊ីនធឺណិតតាមទូរស័ព្ទសម្រាប់យុវជនកម្ពុជា។ កម្មវិធីនេះបានរៀបចំសិក្ខាសាលានៅក្នុងទីតាំងចំនួនបី គឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ខែមីនា ឆ្នាំ២០២០ ហើយបានផ្សព្វផ្សាយទៅដល់សិស្សថ្នាក់ទី១០ និងទី១១ ប្រមាណជាង ១.៥០០នាក់។ លើសពីនេះទៀត យុទ្ធនាការតាមអ៊ីនធឺណិតរបស់ពួកគេទទួលបានការទស្សនារហូតទៅដល់ចំនួន ១៩៣.៣០០ដង។
នៅខែកុម្ភៈ ឆ្នាំ២០២០ យុទ្ធនាការមួយដែលផ្ដោតលើប្រធានបទស្រដៀងគ្នានេះមានឈ្មោះថា «ការលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិត សីលធម៌សង្គម និងតម្លៃគ្រួសារខ្មែរ» ត្រូវបានធ្វើឡើងដោយអង្គការសកម្មភាពដើម្បីកុមារ (Action Pour Les Enfants) គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស (the National Committee for Counter Trafficking) និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដោយសង្ឃឹមថានឹងអាចជំរុញទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព និងភាពវិជ្ជមានសម្រាប់កុមារ និងយុវវ័យ។
អង្គការនេះក៏បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ឪពុកម្តាយ អាណាព្យាបាល និងគ្រូបង្រៀនគួរណែនាំកុមារឱ្យចេះប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ខណៈដែលផ្តល់ឱ្យពួកគេនូវចំណេះដឹងចាំបាច់លើការជ្រើសរើសប្រើប្រាស់ឱ្យបានប្រសើរជាងមុន»។
ទោះបីជាមានជំនួយពីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធ និងប្រតិបត្តិករផ្នែកទូរគមនាគមន៍មួយចំនួនក៏ដោយ ក៏ឪពុកម្តាយនៅតែដើរតួនាទីសំខាន់ក្នុងការធានាសុវត្ថិភាពអ៊ីនធឺណិតសម្រាប់កុមារ ពីព្រោះពួកគេជាអ្នកដែលនៅក្បែរកុមារផ្ទាល់ ជាពិសេសក្នុងអំឡុងពេលដែលចាំបាច់ត្រូវសិក្សារៀនសូត្រពីផ្ទះ។
អ្នកស្រី អ៊ុក ធីតា ជាម្តាយរបស់កូនស្រីអាយុ ១៣ឆ្នាំ បាននិយាយថាគាត់មិនបានអនុញ្ញាតឱ្យកូនស្រីប្រើប្រាស់ទូរស័ព្ទដៃនោះទេ ដោយសារបារម្ភពីការញៀនទូរស័ព្ទ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីមានស្មាតធីវី (Smart TV) នៅផ្ទះដែលកូនស្រីអាចប្រើប្រាស់បានក្នុងការរៀនសូត្រតាមរយៈកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ។
អ្នកស្រីបាននិយាយថា៖ «ដំបូងខ្ញុំមិនអនុញ្ញាតឱ្យកូនស្រីខ្ញុំប្រើទូរស័ព្ទទេ ព្រោះខ្ញុំខ្លាចគាត់ញៀន ហើយកូនស្រីក៏មិនដែលសុំដែរ។ សម្រាប់ការរៀនតាមប្រព័ន្ធអ៊ីនធឺណិត កូនស្រីអាចប្រើស្មាតធីវីនៅផ្ទះបាន ហើយខ្ញុំគិតថាបញ្ហាកើតមានឡើងពីព្រោះឪពុកម្តាយបានអនុញ្ញាតឱ្យកូនៗពួកគេប្រើប្រាស់ទូរស័ព្ទ និងអ៊ីនធឺណិតតាំងពីដំបូងមកម្ល៉េះ»។
ការមិនអនុញ្ញាតឱ្យកុមារប្រើស្មាតហ្វូន (Smartphone) ឬប្រើអ៊ីនធឺណិតនៅអាយុជាក់លាក់ណាមួយ អាចជាដំណោះស្រាយដ៏ល្អសម្រាប់ឪពុកម្តាយមួយចំនួន។ ទោះជាយ៉ាងណា យោងទៅតាមការស្ទង់មតិលើកុមារប្រហែលជា ១ម៉ឺន ៥ពាន់នាក់នៅក្នុង ១១ប្រទេសរបស់ការិយាល័យស្រាវជ្រាវនៃអង្គការយូនីសេហ្វ បានឱ្យដឹងថា៖ «កុមារប្រើប្រាស់អ៊ីនធឺណិតសូម្បីតែលើការកម្សាន្តក៏ដោយ គេសង្កេតឃើញក៏មានសារសំខាន់ណាស់សម្រាប់ការកសាងជំនាញផ្នែកឌីជីថលផងដែរ»។
ដូច្នេះ ការមិនអនុញ្ញាតឱ្យពួកគេយល់ដឹងអំពីបណ្ដាញអ៊ីនធឺណិត ក៏មិនមែនជាចំណុចល្អផងដែរ ជាពិសេសសម្រាប់ពេលអនាគតដែលការងារភាគច្រើនចាំបាច់ត្រូវការចំណេះដឹងនៃការប្រើប្រាស់អ៊ីនធឺណិត។
ទាំងនេះជាជំហានមួយចំនួនដែលឪពុកម្តាយអាចអនុវត្តតាម ដើម្បីធានាសុវត្ថិភាពរបស់កុមារក្នុងការប្រើប្រាស់អ៊ីនធឺណិត៖
- អប់រំខ្លួនឯងពីវិធីរក្សាសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គម។ នៅពេលខ្លួនអ្នកទទួលបានដំណឹងច្បាស់លាស់ពីបញ្ហានេះ ទើបអ្នកអាចចែករំលែកដំបូន្មានល្អៗទៅកាន់កូនៗរបស់អ្នក។
- និយាយដោយបើកចំហជាមួយកូនៗរបស់អ្នកអំពីចំណុចដែលពួកគេស្រាវជ្រាវតាមអ៊ីនធឺណិត ដោយសួរពីអ្វីដែលពួកគេចូលចិត្តមើលក្នុងអ៊ីនធឺណិត ហើយប្រាប់ពួកគេឱ្យប្រាប់អ្នកភ្លាមៗប្រសិនបើមានអត្ថន័យដែលប៉ះពាល់ដល់អារម្មណ៍ពួកគេ។
- គួរដឹងថាមនុស្សបែបណាដែលកូនរបស់អ្នកនិយាយ ឬផ្ញើសារជាមួយលើប្រព័ន្ធអ៊ីនធឺណិត ហើយបើសិនជាអាច គួរស្គាល់អ្នកដែលកូនៗរបស់អ្នកប្រាប់ថាជា “មិត្តភក្ដិលើអ៊ីនធឺណិត”។
- គួរតែរំឭកកូនរបស់អ្នកពីការចៀសវាងនិយាយ ឬផ្ញើសារជាមួយមនុស្សចម្លែកនៅលើអ៊ីនធឺណិត។ ក្នុងករណីចាំបាច់ណាមួយ ឪពុកម្តាយគួរប្រយ័ត្នជានិច្ចជាមួយមនុស្សដែលកូនរបស់អ្នកនិយាយជាមួយតាមអ៊ីនធឺណិត។
- ដំឡើងឧបករណ៍ដែលអាចត្រួតពិនិត្យការប្រើប្រាស់អ៊ីនធឺណិតរបស់កូនៗរបស់អ្នក ហើយក្នុងករណីណាមួយដែលពួកគេអាចកំពុងប្រឈមនឹងចំណុច ឬអត្ថន័យគ្រោះថ្នាក់ណាមួយ ឪពុកម្តាយត្រូវមានវិធានការភ្លាមៗដើម្បីបញ្ឈប់សកម្មភាពទាំងនោះ។
- គួរបង្រៀនពួកគេពីរបៀបការពារឯកជនភាពរបស់ខ្លួននៅលើបណ្ដាញអ៊ីនធឺណិត ព្រមទាំងប្រាប់ពួកគេពីព័ត៌មានប្រភេទណាដែលអាចចែករំលែកបាន ហើយប្រភេទណាដែលមិនគួរចែករំលែក។ ម្យ៉ាងវិញទៀត វាជាការប្រសើរក្នុងការពិភាក្សាពីមូលហេតុដែលមិនអាចចែករំលែកព័ត៌មានមួយចំនួនបានជាមួយអ្នកដទៃ ឬមិត្តភក្ដិលើប្រព័ន្ធអ៊ីនធឺណិត៕