ឈ្វេងយល់បន្ថែមអំពីជំងឺគ្រុនឈាម ដើម្បីការពារខ្លួនអ្នកឱ្យបានប្រសើរជាងមុន។
រដូវវស្សាគឺជាពេលនៃការចាប់ផ្តើមយុទ្ធនាការរបស់រដ្ឋាភិបាល ឬអាជ្ញាធរសុខាភិបាលមូលដ្ឋានទៅកាន់សាធារណជនពីការប្រុងប្រយ័ត្ន និងការការពារជំងឺផ្សេងៗនៅគ្រប់តំបន់ ដោយសារមនុស្សជាច្រើនតែងតែធ្លាក់ខ្លួនឈឺព្រោះតែការធ្លាក់ចុះនៃសីតុណ្ហភាព ជាពិសេសប្រជាពលរដ្ឋត្រូវបានរំលឹកលើបញ្ហា «ជំងឺគ្រុនឈាម» នៅក្នុងរដូវកាលនេះ។
ក្រសួងសុខាភិបាល បានចេញផ្សាយនូវសេចក្តីជូនដំណឹងមួយនៅថ្ងៃទី២៨ ខែឧសភា លើកទឹកចិត្តដល់សាធារណជនឱ្យអនុវត្តនូវវិធានការបង្ការចំនួន ៨ ដើម្បីកម្ចាត់មូសដែលផ្ទុកជំងឺគ្រុនឈាមដោយមានការលើកកម្ពស់សកម្មភាពក្នុងការកម្ចាត់ជម្រកនៃមូសខ្លាដែលមានប្រភពមកពីដង្កូវទឹក។
ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីជំងឺគ្រុនឈាមមានចំនួនរហូតទៅដល់ជាង ២ពាន់ (២.១៧២) ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ១៩សប្តាហ៍ដំបូងក្នុងឆ្នាំ២០២០ ដែលតួលេខនេះទាបជាងបើប្រៀបធៀបទៅនឹងកាលពីឆ្នាំមុនមានចំនួនជាង ១ម៉ឺន ៣ពាន់ (១៣.៨៤៣) ករណីនៅក្នុងរយៈពេល ២១សប្តាហ៍ដំបូងក្នុងឆ្នាំ២០១៩។ ចំនួនករណីជំងឺគ្រុនឈាមក្នុងឆ្នាំនេះអាចកើនឡើងគ្រប់ពេល ប្រសិនបើសាធារណជនមិនមានការប្រុងប្រយ័ត្នជាមុន។
វិធានការការពារអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព លុះត្រាតែប្រជាពលរដ្ឋយល់ដឹងច្បាស់ពីជំងឺនេះ។
ជំងឺគ្រុនឈាម
អង្គការសុខភាពពិភពលោក (WHO) បានកំណត់និយមន័យនៃជំងឺគ្រុនឈាមដែលគេហៅថា backbone fever នៅតាមប្រទេសមួយចំនួនតាមរយៈការឆ្លងមេរោគពីសត្វមូស។ មេរោគនៃជំងឺគ្រុនឈាមអាចឆ្លងទៅមនុស្សបានតាមរយៈមូសខ្លាញី។ ចំណែកឯមូសខ្លាឈ្មោលក៏អាចចម្លងមេរោគនេះទៅកាន់មនុស្សផងដែរ ប៉ុន្តែមានករណីតិចជាងមូសខ្លាញី។ ជំងឺគ្រុនឈាមបណ្តាលមកពីមេរោគមួយស្ថិតនៅក្នុងគ្រួសារ Flaviviridae ដែលគេហៅថា DENV។ មេរោគនេះបែងចែកជាបួនប្រភេទរួមមាន DENV-1 DENV-2 DENV-3 និង DENV-4។
ទិន្នន័យស្ដីពីជំងឺគ្រុនឈាមបានបង្ហាញថាមនុស្សម្នាក់អាចឆ្លងមេរោគនៃជំងឺនេះរហូតដល់បួនដងក្នុងមួយជីវិត។ មូសខ្លាញី និងមូសខ្លាឈ្មោលក៏ជាភ្នាក់ងារចម្លងចម្បងនៃជំងឺហ្ស៊ីកា (Zika) ជំងឺឈីគុនហ្គូនយ៉ា (Chikungunya) ជំងឺគ្រុនលឿង (Yellow fever) និងជំងឺផ្សេងៗទៀត។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ជំងឺគ្រុនឈាមកើតមាននៅក្នុងប្រទេសជាង ១០០ប្រទេសនៅជុំវិញពិភពលោក ហើយជាពិសេសនៅតំបន់ត្រូពិច ដូចជាតំបន់អាស៊ីអាគ្នេយ៍ ប៉ែកខាងត្បូងប្រទេសចិន កោះតៃវ៉ាន់ ឧបទ្វីបឥណ្ឌា ប្រជុំកោះប៉ាស៊ីហ្វិក ប្រទេសម៉ិកស៊ីកូ និងតំបន់អាហ្វ្រិក។ល។ ជារៀងរាល់ឆ្នាំ មនុស្សមានចំនួនរហូតដល់ទៅ ៤០០លាននាក់បានឆ្លងជំងឺគ្រុនឈាម ហើយមនុស្សប្រមាណជាង ១០០លាននាក់ធ្លាក់ខ្លួនឈឺដោយសារជំងឺឆ្លង និងមនុស្សប្រហែលជា ២ម៉ឺន ២ពាន់នាក់បានស្លាប់ដោយសារករណីធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម។ ជំងឺនេះកើតឡើងទាំងនៅទីក្រុង តំបន់ជនបទ និងតំបន់ជាយក្រុងផងដែរ ហើយនៅប្រទេសកម្ពុជា ជំងឺគ្រុនឈាមបានកើនឡើងខ្ពស់ចាប់ពីខែឧសភា រហូតដល់ខែតុលា។
រោគសញ្ញានៃជំងឺគ្រុនឈាម
អ្នកដែលឆ្លងជំងឺគ្រុនឈាមបង្ហាញរោគសញ្ញាមួយចំនួនស្រដៀងទៅនឹងជំងឺគ្រុនផ្តាសាយដែរ និងលេចចេញនូវរោគសញ្ញាផ្សេងទៀតដូចជា៖
- ឈឺភ្នែក
- ឈឺក្បាល
- ឈឺសាច់ដុំ
- មានកន្ទួលរមាស់ និងស្នាមអុចៗក្រហម
- ឈឺឆ្អឹង
- ឈឺសន្លាក់
- ក្អួត
ជាទូទៅ រោគសញ្ញាទាំងនេះអាចកំណត់សម្គាល់បានក្នុងពីរយៈបីឬប្រាំពីរថ្ងៃបន្ទាប់ពីការឆ្លង ហើយជំងឺគ្រុនឈាមក៏អាចវិវឌ្ឍទៅជាអាការៈធ្ងន់ធ្ងរដែលគេហៅថាជំងឺគ្រុនឈាម DHF និងជំងឺគ្រុនឈាម DSS។ ការសិក្សាជាច្រើនបានបង្ហាញថា ៨០% នៃអ្នកកើតជំងឺគ្រុនឈាមស្ថិតក្នុងស្ថានភាពស្រាល ហើយមានករណីតិចតួចប៉ុណ្ណោះដែលវិវឌ្ឍទៅជាអាការៈធ្ងន់ធ្ងរ។ ការសិក្សាក៏បានបង្ហាញទៀតដែរថា មានតែមនុស្សម្នាក់ក្នុងចំណោមមនុស្ស ២០នាក់ប៉ុណ្ណោះដែលឆ្លងមេរោគនៃជំងឺគ្រុនឈាម ហើយវិវឌ្ឍទៅជាអាការៈធ្ងន់ធ្ងរ DHF។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា អ្នកដែលធ្លាប់ឆ្លងជំងឺគ្រុនឈាមគឺមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅជាជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរ DHF ប្រសិនបើឆ្លងមេរោគប្រភេទផ្សេងនៃជំងឺនេះ។ ប៉ុន្តែប្រសិនបើអ្នកឆ្លងមេរោគប្រភេទដដែលនៃជំងឺគ្រុនឈាម ខ្លួនអ្នកអាចមានភាពស៊ាំទៅនឹងជំងឺ ហើយវាមានឱកាសតិចតួចណាស់ក្នុងការវិវឌ្ឍទៅជាកម្រិតធ្ងន់បាន។
សញ្ញាណអំពីករណីជំងឺគ្រុនឈាមធ្ងន់ធ្ងរ DHF រួមមាន៖
- ក្អួតញឹកញាប់ (យ៉ាងហោចណាស់ ៣ដងក្នុងមួយថ្ងៃ)
- ឈាមច្រមុះ ឬឈាមអញ្ចាញធ្មេញ
- ក្អួតចេញឈាម
- បន្ទោបង់ចេញឈាម
- ចុកពោះ
- អស់កម្លាំង
- ចេញឈាមក្នុងស្បែកដែលមើលទៅជាស្នាមជាំ
- ពិបាកក្នុងការដកដង្ហើម
ជំងឺគ្រុនឈាមកម្រិតធ្ងន់ Dengue shock syndrome បានផ្សារភ្ជាប់ទៅនឹងអត្រាមរណភាពខ្ពស់។ ជំងឺគ្រុនឈាម DSS ក៏អាចហៅបានថា Dengue hemorrhagic plus។ រោគសញ្ញានៃកម្រិត DSS រួមមាន៖
- ចង្វាក់បេះដូងខ្សោយ
- សម្ពាធឈាមធ្លាក់ចុះខ្លាំង
- បែកញើសខ្លាំង និងអស់កម្លាំងល្ហិតល្ហៃ
ការការពារ
យើងអាចជៀសវាងជំងឺគ្រុនឈាមបាន ល្គឹកណាយើងការពារកុំឱ្យមូសដែលផ្ទុកមេរោគខាំ ហើយជាពិសេសប្រសិនបើរស់នៅឬធ្វើដំណើរទៅកាន់តំបន់ត្រូពិក។ ជាមួយគ្នានេះដែរ អ្នកត្រូវចងចាំថា មូសដែលមានផ្ទុកមេរោគនៃជំងឺគ្រុនឈាមអាចខាំបានទាំងពេលថ្ងៃ និងយប់។ ដូច្នេះ អ្នកអាចអនុវត្តសកម្មភាពដូចខាងក្រោមដើម្បីការពារកុំឱ្យមូសខាំ៖
- ប្រើថ្នាំបណ្តេញសត្វល្អិត និងថ្នាំបាញ់មូសទាំងក្នុងផ្ទះ និងខាងក្រៅផ្ទះ
- ពាក់អាវដៃវែង និងខោជើងវែង
- ពាក់ស្រោមដៃ ឬស្បែកជើងខ្លុប ហើយក៏អាចយកក្រណាត់មករុំដៃ ជើង ក ឬក្បាលរបស់អ្នកផងដែរ
- ព្យាយាមពាក់ខោអាវដែលមានពណ៌ស្រាលដូចជាពណ៌សាច់ ពណ៌ស ឬពណ៌ប្រផេះ
- ដាក់មុងនៅពេលដែលអ្នកគេង ឬសម្រាកទាំងពេលថ្ងៃ និងពេលយប់
- កម្ចាត់ចោលនូវជម្រករបស់សត្វមូស
ការព្យាបាល និងចាក់វ៉ាក់សាំងជំងឺគ្រុនឈាម
រហូតមកដល់ពេលនេះពុំទាន់មានការព្យាបាលជាក់លាក់សម្រាប់ជំងឺគ្រុនឈាមនោះទេ។ អ្នកជំនាញផ្នែកសុខភាព វេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិកាផ្តល់ថ្នាំ ឬការព្យាបាលដោយផ្អែកលើរោគសញ្ញារបស់អ្នកជំងឺ ដូចជាថ្នាំបន្ថយកម្តៅ និងថ្នាំបំបាត់ការឈឺចុកចាប់ជាធម្មតាត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺគ្រុនឈាម។ បុគ្គលិកសុខាភិបាលក៏ណែនាំឱ្យអ្នកជំងឺបរិភោគទឹក និងសម្រាកឱ្យបានច្រើនផងដែរ។ ចំពោះអ្នកដែលសង្ស័យថាខ្លួនអាចឆ្លងជំងឺគ្រុនឈាម មិនត្រូវបានណែនាំឱ្យប្រើថ្នាំអាស្ពីរីន (Aspirin) នោះទេ ព្រោះវាអាចបណ្តាលឱ្យមានការហូរឈាម ហើយប្រសិនបើកម្តៅពុំធ្លាក់ចុះក្នុងរយៈពេល ២៤ម៉ោង ដំបូងអ្នកគួរតែស្វែងរកការថែរក្សាពីមន្ទីរពេទ្យភ្លាម។
រដ្ឋបាលចំណីអាហារ និងឱសថ (FDA) សហរដ្ឋអាមេរិក បានផ្តល់អាជ្ញាប័ណ្ណវ៉ាក់សាំងមួយមានឈ្មោះថា ដេងវេកសៀ (Dengvaxia) ដែលត្រូវបានបង្កើតឡើងដោយលោក សានូហ្វី ប៉ាស្ទ័រ (Sanofi Pasteur) ក្នុងឆ្នាំ២០១៥។ គ្លីនិកស្រាវជ្រាវម៉ាយូ (Mayo Clinic) បានឱ្យដឹងថា វ៉ាក់សាំងនៃជំងឺគ្រុនឈាមនេះអាចប្រើប្រាស់បានលើមនុស្សដែលមានអាយុចន្លោះពី ៩ឆ្នាំទៅ ៤៥ឆ្នាំដែលរស់នៅក្នុងតំបន់ប្រឈមខ្ពស់ទៅនឹងជំងឺគ្រុនឈាម ហើយធ្លាប់កើតជំងឺនេះតែប៉ុណ្ណោះ។ មូលហេតុដែលវ៉ាក់សាំងនេះសម្រាប់តែមនុស្សអាយុចន្លោះនេះ ពីព្រោះកុមារដែលមានអាយុតិចជាង ៩ឆ្នាំដែលពុំធ្លាប់កើតជំងឺគ្រុនឈាម អាចមានហានិភ័យខ្ពស់នៃការវិវឌ្ឍទៅជាជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរក្នុងករណីមានទទួលវ៉ាក់សាំង ហើយឆ្លងជំងឺ។
អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា វ៉ាក់សាំងនេះនៅតែមិនមែនជាមធ្យោបាយមានប្រសិទ្ធភាពនោះទេ។ វ៉ាក់សាំងការពារជំងឺគ្រុនឈាមពុំអាចរកបាននៅវិទ្យាស្ថានប៉ាស្ទ័រប្រទេសកម្ពុជានៅឡើយទេ។
បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងណាមួយដែលអាចការពារប្រជាជនទូទៅពីការឆ្លងជំងឺនេះបាននៅឡើយទេ។ ការបង្កើត ឬអភិវឌ្ឍវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពខ្ពស់ក្នុងវិស័យសុខភាពសាធារណៈ។ ភាពខុសប្លែក និងភាពស្មុគស្មាញនៃមេរោគជំងឺគ្រុនឈាមនេះ បានផ្តល់ភាពលំបាកក្នុងការបង្កើតវ៉ាក់សាំងមួយប្រកបដោយប្រសិទ្ធភាពដែលមូលហេតុចម្បងនោះគឺដោយសារមេរោគនេះមានបួនប្រភេទខុសៗគ្នាដូចជា DENV-1 DENV-2 DENV-3 និង DENV-4។
យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា៖ «ការឆ្លងមេរោគនៃជំងឺគ្រុនឈាមមួយក្នុងចំណោមមេរោគទាំងបួននេះត្រូវបានបង្ហាញថា វាអាចផ្តល់ការការពារយូរអង្វែងប្រឆាំងនឹងការឆ្លងមេរោគប្រភេទដូចគ្នានេះសាជាថ្មី ក៏ប៉ុន្តែអាចការពារបានជាបណ្ដោះអាសន្នតែប៉ុណ្ណោះប្រសិនបើឆ្លងមេរោគប្រភេទមួយផ្សេងទៀត។ លើសពីនេះទៅទៀត ការឆ្លងមេរោគប្រភេទមួយផ្សេងទៀតដែលខុសពីមេរោគចាស់នៃជំងឺគ្រុនឈាម ក៏អាចប្រឈមនឹងហានិភ័យខ្ពស់ក្នុងការបណ្តាលឱ្យទៅជាករណីធ្ងន់ធ្ងរផងដែរ»។
ចំណុចសំខាន់ក្នុងការបង្កើតវ៉ាក់សាំងនោះ គឺការពុំមានគំរូសត្វដែលផ្ទុកមេរោគនៃជំងឺគ្រុនឈាមសម្រាប់ការពិសោធន៍របស់អ្នកវិទ្យាសាស្ត្រ៕