ការព្រមព្រៀង គឺជាតម្លៃសំខាន់នៅក្នុងការរួមភេទ។ បើភាគីណាមួយមិនបានព្រមព្រៀងទោះបីជាដៃគូសង្សារឬប្តីប្រពន្ធក្តី វាត្រូវចាត់ចូលជាការរំលោភសេពសន្ថវៈដូចគ្នា។
ពាក្យថា «ទេ» គឺជាពាក្យដែលជនរងគ្រោះក្នុងករណីរំលោភសេពសន្ថវៈច្រើនតែនិយាយនៅពេលដែលការរំលោភបានកើតឡើង។
បទល្មើសរំលោភសេពសន្ថវៈសំដៅទៅលើគ្រប់អំពើបញ្ចូលអង្គជាតតាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាតដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ។ នេះបើយោងតាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ឯកសារស្រាវជ្រាវស្តីអំពី «អំពើហិង្សាលើស្ត្រី និងអាជីវកម្មផ្លូវភេទ» នៃក្រសួងកិច្ចការនារី ដែលបានចុះផ្សាយនៅលើគេហទំព័រព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជាកាលពីខែមេសា ឆ្នាំ២០២០ បានបង្ហាញថា ការកើតមានឡើងនៃការរំលោភសេពសន្ថវៈមានការរាយការណ៍តិចជាងចំនួនដែលកើតមានពិតប្រាកដ ហើយមានការលំបាកនៅក្នុងការប៉ាន់ប្រមាណអំពីអត្រានៃការរាលដាលនៃបញ្ហានេះផងដែរ។
ទាក់ទិននឹងបញ្ហានេះ នៅក្នុងច្បាប់ក៏បានចែងផងដែរថា ការផ្ដន្ទាទោសទៅលើអំពើរំលោភសេពសន្ថវៈត្រូវបានកំណត់ទៅលើស្ថានទម្ងន់នៃទោសដែលមានចាប់ពី ៥ឆ្នាំដល់ ៣០ឆ្នាំ។
ប៉ុន្តែហេតុអ្វីបានជាជនរងគ្រោះដែលត្រូវគេរំលោភតែងតែមិនហ៊ាននិយាយរកជំនួយ?
អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ (SILAKA) ដែលជាអង្គការមិនមែនរដ្ឋាភិបាលធ្វើការដើម្បីពង្រឹងសិទ្ធិអំណាចស្ត្រី ពង្រឹងសមត្ថភាព និងអភិបាលកិច្ចល្អ បានលើកឡើងថា នៅក្នុងសង្គមកម្ពុជា ឫសគល់ដែលធ្វើឱ្យជនរងគ្រោះមិនហ៊ានប្តឹងតវ៉ានៅពេលដែលមានករណីរំលោភកើតឡើងមកលើខ្លួនអាចបណ្តាលមកពី៖
- ទំនាក់ទំនង និងសម្ព័ន្ធភាពជិតស្និទ្ធ
ករណីរំលោភដែលកើតមានឡើងមិនមែនសុទ្ធតែបង្កដោយជនប្លែកមុខ ឬមកពីចម្ងាយនោះទេ គឺភាគច្រើនវាបានកើតមានឡើងនៅក្នុងរង្វង់គ្រួសារ សាច់ញាតិបងប្អូន ពូមីង ជីដូនជីតានិងចៅ និងអ្នកដែលស្គាល់គ្នាពីមុន។ នៅក្នុងករណីបែបនេះ គឺមានការលំបាកខ្លាំងក្នុងការដោះស្រាយ ដោយសារជនរងគ្រោះ ឬក្រុមគ្រួសារអាណាព្យាបាលពិបាកក្នុងការសម្រេចចិត្តក្នុងការប្តឹងផ្តល់ទៅលើជនជាប់ចោទដែលជាសាច់ញាតិ ព្រោះវាអាចប៉ះពាល់ដល់សម្ព័ន្ធភាព ហើយពេលខ្លះទៀតជនរងគ្រោះក៏ទទួលបានសម្ពាធ និងការរិះគន់ពីអ្នកជុំវិញខ្លួនផងដែរ ដោយសារវាអាចប៉ះពាល់ដល់ទំនាក់ទំនងជាដើម។ - វប្បធម៌ក្នុងការបន្ទោសជនរងគ្រោះ និងការអាម៉ាស់
បរិបទដែលយល់ឃើញថា ការរំលោភគឺជាអំពើអាម៉ាស់សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ជនរងគ្រោះ នៅតែជាឧបសគ្គរារាំងសំខាន់ដល់ការរកភាពយុត្តិធម៌ដល់ជនរងគ្រោះ។ នៅពេលដែលមានករណីរំលោភកើតឡើង ភាពខ្មាសអៀន ភាពបាត់បង់កិត្តិយសមានបន្ទុកធ្ងន់ទៅលើជនរងគ្រោះ ជាពិសេសជនរងគ្រោះជាស្ត្រី ពីព្រោះមនុស្សភាគច្រើនបានមើលឃើញថាការបាត់បង់ព្រហ្មចារីមានទំហំធំធេងជាងយុត្តិធម៌សង្គមដែលជនរងគ្រោះគួរតែទទួលបាន ជាពិសេសសម្រាប់មនុស្សស្រីដែលពេញវ័យបែរជាទទួលបានសំណួរដាក់បន្ទុកត្រឡប់មកវិញទាក់ទងមូលហេតុដែលបង្កឱ្យមានការរំលោភទាក់ទងទៅនឹងការស្លៀកពាក់ អាកប្បកិរិយា និងការវាយតម្លៃពីសង្គមនិងអ្នកនៅជុំវិញខ្លួនជាដើម ជាពិសេសវប្បធម៌ដែលឱ្យតម្លៃមនុស្សស្រីទៅលើព្រហ្មចារីរបស់ពួកគេជាជាងភាពជាមនុស្សរបស់បុគ្គលម្នាក់ៗ។
តាមការសិក្សារបស់ The National Child Traumatic Stress Network (NCTSN) ជាអង្គការរបស់សហរដ្ឋអាមេរិកដែលលើកកម្ពស់ការថែទាំ និងផ្តល់សេវាកម្មផ្នែកវិបត្តិផ្លូវចិត្តទៅដល់កុមារ ក្រុមគ្រួសារ និងសហគមន៍ បានរកឃើញមូលហេតុផ្សេងទៀតដែលទាក់ទងទៅនឹងបញ្ហានេះដូចជា៖
- ភាពភ័យខ្លាចដែលគេមិនជឿទៅលើខ្លួន
ការព្រមព្រៀងគ្នាជាចំណុចសំខាន់ក្នុងការរួមភេទស្របច្បាប់ ហើយវាត្រូវការឱ្យភាគីទាំងសងខាងយល់ស្រប ប៉ុន្តែនៅពេលដែលជនរងគ្រោះដែលជាយុវវ័យ ភាគច្រើនពួកគេអាចមានការព្រួយបារម្ភក្នុងការនិយាយការពិត ព្រោះខ្លាចជនរងគ្រោះត្រូវបានការពារ និងជាពិសេសនៅពេលដែលជនរងគ្រោះមិនមានឬរក្សាទុកភស្តុតាងជាក់លាក់ដើម្បីបញ្ជាក់។ លើសពីនេះ មិនត្រឹមតែមនុស្សស្រីប៉ុណ្ណោះទេដែលជួបប្រទះបញ្ហានេះ ពេលខ្លះជនរងគ្រោះអាចជាមនុស្សប្រុស ឬមកពីសហគមន៍ LGBT ក៏មានការភិតភ័យក្នុងការរាយការណ៍ផងដែរ ដោយសារការភ័យខ្លាចមិនទទួលបានការជឿជាក់មកលើខ្លួន។ - ភាពភ័យខ្លាចក្នុងការទទួលការស្ដីបន្ទោស និងការពិន័យពីក្រុមគ្រួសារ
ការស្ដីបន្ទោស និងការពិន័យពីក្រុមគ្រួសារ និងការរើសអើងពីមិត្តភក្ដិ និងអ្នកជុំវិញខ្លួនជាហេតុផលមួយដែលធ្វើឱ្យជនរងគ្រោះមានភាពស្ទាក់ស្ទើរក្នុងការលើកឡើងពីបញ្ហារបស់ខ្លួនដូចគ្នា។ បុគ្គលរងគ្រោះមួយចំនួនទទួលបានការរិះគន់ និងការមាក់ងាយពីសំណាក់អ្នកជុំវិញខ្លួនទោះបីខ្លួនជាជនរងគ្រោះក្តី។ - ការប៉ះទង្គិចផ្លូវចិត្ត
អារម្មណ៍រន្ធត់ វង្វេង និងភាពស្រពិចស្រពិលក្នុងការចងចាំព័ត៌មានលម្អិតពីហេតុការណ៍ដ៏អាក្រក់នោះ វាអាចជាលទ្ធផលនៃការប៉ះពាល់ផ្លូវចិត្ត។ ជនរងគ្រោះកាន់តែមានភាពស្ទាក់ស្ទើរក្នុងការបើកកកាយវិបត្តិរបស់ខ្លួន ដោយគិតថាពុំមាននរណាទុកចិត្តទៅលើខ្លួននៅពេលដែលខ្លួនមិនអាចចងចាំនូវព័ត៌មានគ្រប់ជ្រុងជ្រោយ ឬពេលខ្លះពួកគេសម្រេចចិត្តមិនហ៊ានគិត ឬនិយាយពីរបួសចាស់នោះ។ - ការបាក់ទឹកចិត្ត និងមិនឱ្យតម្លៃខ្លួនឯង
ការរំលោភគឺជាសុបិនអាក្រក់ដែលនៅតែអាចដក់ជាប់នៅក្នុងចិត្តរបស់ជនរងគ្រោះ។ ទៀតសោត វាបានធ្វើឱ្យជនរងគ្រោះបាត់បង់ភាពជឿជាក់លើខ្លួនឯង និងការផ្តល់តម្លៃក្នុងភាពជាមនុស្សរបស់ខ្លួន ទាំងដែលខ្លួនជាជនរងគ្រោះក៏ដោយ។ ជំងឺផ្លូវចិត្តគឺជាជំងឺរ៉ាំរ៉ៃដែលនៅតែអាចបន្តយាយីដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ជនរងគ្រោះមួយចំនួន។ ជាក់ស្តែងបុគ្គលខ្លះទៀតក៏មានគំនិតគិតខ្លី ឬសម្រេចចិត្តធ្វើអត្តឃាតដោយសារកំហុសដែលបង្កឡើងដោយអ្នកដទៃក៏មាន។ - ការរក្សាការសម្ងាត់មានកម្រិត
ការរក្សាការសម្ងាត់ពីរឿងអាក្រក់ដែលខ្លួនបានជួបប្រទះ គឺជាអ្វីដែលជនរងគ្រោះតែងតែចង់បាន។ ហេតុនេះ ពេលខ្លះពួកគេបានគិតថា បើសិនជាគេនិយាយប្រាប់នរណាម្នាក់រឿងនោះកាន់តែសុះសាយ ជាពិសេសនៅពេលដែលវាបានរីករាលដាលទៅដល់អាជ្ញាធរ ឬសមត្ថកិច្ចដើម្បីស៊ើបអង្កេត ដែលធ្វើឱ្យវិសាលភាពនៃការរក្សាទុកការសម្ងាត់ និងអត្តសញ្ញាណរបស់ខ្លួនកាន់តែមានការលំបាក។ - ភាពភ័យខ្លាចក្នុងការមិនទទួលបានអ្វីត្រឡប់មកវិញ
ភាពចន្លោះប្រហោងនៃការអនុវត្តច្បាប់ ការមិនទទួលបានការការពារពីអ្នកជុំវិញខ្លួន និងសង្គម ភាពលម្អៀងនៃយុត្តិធម៌សង្គម ជាកត្តាជំរុញដែលធ្វើឱ្យករណីរំលោភត្រូវបានបំភ្លេចចោល និងមិនបានដោះស្រាយតាមប្រព័ន្ធយុត្តិធម៌ត្រឹមត្រូវ។ ការសិក្សារបស់ស្ថាប័ននេះបានបង្ហាញផងដែរថាមានទិន្នន័យតិចជាង ២ភាគរយប៉ុណ្ណោះដែលជនរងគ្រោះបានទទួលជោគជ័យក្នុងការកាត់ទោសជនបង្កទៅតាមផ្លូវច្បាប់។ - កត្តាប្រពៃណី និងសាសនា
ទំនុកចិត្តរបស់ជនរងគ្រោះក្នុងការស្វែងរកយុត្តិធម៌មានភាពតានតឹង នៅពេលដែលមានវត្តមានរបស់ប្រពៃណីនិងសាសនារួមចំណែកក្នុងបញ្ហានេះ ដូចជាកម្រិតនៃការអនុវត្តច្បាប់ ឥទ្ធិពលនៃប្រពៃណី សាសនា និងគាំទ្រពីសំណាក់ក្រុមគ្រួសារ និងសង្គមជាដើម។ - ការគំរាមកំហែង
ជនរងគ្រោះភាគច្រើនដែលត្រូវបានគេរំលោភតែងតែទទួលរងការសម្លុត និងគំរាមកំហែងដោយជនបង្កដើម្បីមិនឱ្យទម្លាយពីបទឧក្រិដ្ឋរបស់ខ្លួន វាអាចជាការគំរាមទៅកាន់ជនរងគ្រោះដោយផ្ទាល់ និងសមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលវាអាចប៉ះពាល់ដល់ការងារ មុខមាត់ និងការបំផ្លាញដល់កេរ្តិ៍ឈ្មោះ និងអាយុជីវិតជាដើម។
ការព្រមព្រៀង គឺជាតម្លៃសំខាន់នៅក្នុងការរួមភេទ។ ប្រសិនបើភាគីណាមួយមិនបានព្រមព្រៀងចំពោះការរួមភេទនេះទេ ទោះបីជាដៃគូសង្សារស្រឡាញ់គ្នាស្មោះស្ម័គ្រ ឬប្តីប្រពន្ធដែលស្ថិតនៅក្នុងចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ក្តី វាត្រូវចាត់ចូលជាការរំលោភសេពសន្ថវៈដូចគ្នា។
ប្រសិនបើអ្នកជួបប្រទះ ឬបានដឹងពីករណីរំលោភណាមួយ សូមធ្វើការទាក់ទងទៅអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ឬក៏អាចទាក់ទងទៅកាន់ក្រសួងកិច្ចការនារីតាមមធ្យោបាយទំនាក់ទំនងនៅលើគេហទំព័រក្រសួង ដើម្បីរាយការណ៍ព័ត៌មានទាំងនោះ ឬក៏ទាក់ទងទៅកាន់អង្គការសង្គមស៊ីវិលផ្សេងៗដើម្បីជួយអន្តរាគមន៍ពីបញ្ហានេះភ្លាមៗ។
ការរាយការណ៍ពីករណីរំលោភ គឺជាដំណោះស្រាយមួយដែលត្រឹមត្រូវ និងល្អបំផុតក្នុងការដោះស្រាយបញ្ហាដំបៅសង្គមមួយនេះ វាអាចផ្តល់សារប្រយោជន៍ជាច្រើនទៅដល់ជនរងគ្រោះ ដូចជាការទទួលបានការពិនិត្យសុខភាព ការប្រឹក្សាយោបល់សុខភាពផ្លូវចិត្ត និងការដោះស្រាយចំពោះមុខច្បាប់ជាដើម៕
This post is also available in:
EN