ទឹកដោះគោមានសារធាតុម្យ៉ាងដែលអាចធ្វើឱ្យអ្នកមិនស្រួលខ្លួនក្រោយទទួលទាន តែអ្នកក៏អាចទប់ស្កាត់បញ្ហានេះបានដែរ។
ការទទួលទានទឹកដោះគោមានសារសំខាន់ណាស់ចំពោះសុខភាពរាងកាយ និងការលូតលាស់របស់មនុស្ស ដោយសារជាតិប្រូតេអ៊ីន វីតាមីន កាល់ស្យូម ប៉ូតាស្យូម និងសារធាតុជាច្រើនមុខទៀតដែលមានគុណប្រយោជន៍ដែលមានរួមបញ្ចូលនៅក្នុងទឹកដោះគោនោះ។
ក្នុងនោះដែរមានសារធាតុម្យ៉ាងដែលត្រូវបានគេហៅថា សារធាតុឡាក់តូស (lactose) ជាជាតិស្ករម្យ៉ាងដែលមានស្រាប់នៅក្នុងទឹកដោះគោស្រស់ និងផលិតផលទឹកដោះគោផ្សេងៗ ដូចជាម្សៅទឹកដោះគោ ប៊័រ (Butter) ការ៉េម ហ្វ្រូម៉ា (Cheese) នំខេក (Cake) ជាដើម។
សារធាតុឡាក់តូស បានដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ និងជំនួយដល់រាងកាយមនុស្ស។ ប៉ុន្តែសារធាតុឡាក់តូសនេះក៏អាចបង្កឱ្យមានផលវិបាកដល់សុខភាពរបស់មនុស្សមួយចំនួនផងដែរ ដូចជារាករូស ក្អួតចង្អោរ ឈឺពោះ ហើមពោះ និងការបញ្ចេញជាតិហ្គាស៍ពីក្នុងខ្លួនច្រើនជាដើមដែលជាទូទៅវាត្រូវបានគេហៅថាការមិនអាចរំលាយជាតិឡាក់តូស ឬ Lactose intolerance។
មូលហេតុអ្វីបានជាបញ្ហានេះកើតមានឡើង?
យោងទៅតាមការសិក្សារបស់ Mayo Clinic ដែលជាអង្គការមិនរកប្រាក់ចំណេញផ្នែកវេជ្ជសាស្ត្រដ៏ល្បីរបស់អាមេរិក បានបង្ហាញថា មូលហេតុដែលបង្កឱ្យមានបញ្ហាក្នុងការរំលាយជាតិឡាក់តូសនេះបណ្តាលមកពីពោះវៀនតូចរបស់អ្នកមិនអាចផលិតសារធាតុអង់ស៊ីម (enzyme) គ្រប់គ្រាន់ដើម្បីធ្វើការរំលាយសារធាតុជាតិស្ករនៅក្នុងទឹកដោះគោ ឬសារធាតុឡាក់តូសនេះបានល្អ។
ជាធម្មតា សារធាតុអង់ស៊ីមឡាក់តេសនេះ (lactase) មានតួនាទីបំបែកជាតិស្ករនៅក្នុងទឹកដោះគោ ឬអាហារមានជាតិទឹកដោះគោ។ ប៉ុន្តែប្រសិនបើអ្នកខ្វះសារធាតុអង់ស៊ីមឡាក់តេសនេះ វាបានធ្វើឱ្យសារជាតិឡាក់តូសដែលមាននៅក្នុងទឹកដោះគោ ឬអាហារដែលមានជាតិទឹកដោះគោនឹងផ្លាស់ទីទៅក្នុងពោះវៀនធំដោយពុំទទួលបានការស្រូបយកជីវជាតិទៅតាមសរសៃឈាមដោយស្រទាប់ពោះវៀនតូច។ ក្នុងពោះវៀនធំរបស់យើងមានបាក់តេរីធម្មតា វាបានធ្វើឱ្យសារធាតុឡាក់តូស ឬជាតិស្ករដែលមិនអាចរំលាយបង្កទៅជារោគសញ្ញា និងប្រតិកម្មផ្សេងៗដោយក្នុងរយៈពេលពី ៣០នាទីទៅ ២ម៉ោង បន្ទាប់ពីការទទួលទានអាហារទាំងអស់នោះ ដូចជាចុកពោះ រាករូស និងក្អួតជាដើម។
តើអ្វីខ្លះជាកត្តាជំរុញឱ្យមានបញ្ហានេះកើតមានឡើង?
ការសិក្សារបស់ National Institute of Health (NIH) ដែលជាស្ថាប័នសិក្សាពីបញ្ហាសុខភាព និងជីវៈវេជ្ជសាស្ត្រធំជាងគេនៅក្នុងសហរដ្ឋអាមេរិក បានបញ្ជាក់ថាកត្តាដែលបណ្តាលឱ្យបញ្ហានេះកើតមានឡើងដោយសារ៖
- អាយុ
ការមិនអាចរំលាយជាតិឡាក់តូសនេះ ច្រើនកើតមានឡើងទៅលើមនុស្សពេញវ័យ រីឯទារក និងកុមារមិនសូវជួបប្រឈមនឹងបញ្ហានេះទេ ដោយសារហ្សែន (Gene) ម្យ៉ាងដែលហៅថា LCT gene ដែលមនុស្សគ្រប់គ្នាមានតាំងពីកំណើតនោះមានតួនាទីជួយផលិតសារធាតុអង់ស៊ីមនោះមានភាពអសកម្មជាងមុន។ - អំបូរ
ដើមកំណើតរបស់មនុស្សម្នាក់ៗក៏អាចជាកត្តាធ្វើឱ្យមានបញ្ហានេះផងដែរ។ បញ្ហានេះច្រើនកើតមានឡើងទៅលើក្រុមមនុស្សដែលមានប្រភពមកពីតំបន់អាហ្វ្រិក អាស៊ី តំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង និងជនជាតិដើមឥណ្ឌាស្បែកក្រហមនៅអាមេរិក ដោយសារតែកត្តាហ្សែនធម្មជាតិរបស់អំបូរនីមួយៗ។ - កំណើតមិនគ្រប់ខែ
ចំពោះកុមារដែលមានកំណើតមិនគ្រប់ខែ អាចជួបប្រទះនូវបញ្ហានេះដោយសារតែកម្រិតនៃឡាក់តេសត្រូវបានកាត់បន្ថយ ស្របពេលដែលពោះវៀនតូចដែលជាទីកន្លែងសម្រាប់រំលាយជាតិស្ករដែរនោះមិនមានពេលគ្រប់គ្រាន់ក្នុងការរីកលូតលាស់ពេញលេញដូចកុមារដទៃ។ - បញ្ហាពោះវៀនតូច
ហានិភ័យនៃការជួបប្រទះបញ្ហានេះមានអត្រាខ្ពស់ ប្រសិនបើអ្នកមានបញ្ហាទៅលើពោះវៀនតូចដូចជាបាក់តេរីច្រើននៅក្នុងពោះវៀន និងជំងឺផ្សេងៗដែលទាក់ទងទៅនឹងពោះវៀនតូច ព្រោះវាបានធ្វើឱ្យសុខភាពពោះវៀនតូចរបស់អ្នកមានភាពចុះខ្សោយ ជាពិសេសបើអ្នកធ្លាប់ទទួលការព្យាបាលជំងឺពោះវៀនតូចតាមរយៈការប្រើប្រាស់កាំរស្មី និងការព្យាបាលដោយប្រើថ្នាំគីមីផងដែរ។
ទោះបីបញ្ហានៃការមិនអាចរំលាយជាតិឡាក់តូសនេះមិនទាន់អាចធ្វើការព្យាបាលបានក្តី ប៉ុន្តែមានវិធីសាស្ត្រជាច្រើនដែលអាចជួយកាត់បន្ថយបញ្ហានេះកុំឱ្យកើតមានឡើង ដូចជាកាត់បន្ថយការទទួលទានអាហារដែលមានជាតិទឹកដោះគោច្រើន ការប្រើប្រាស់ឱសថដែលជំនួយដល់ប្រព័ន្ធរំលាយអាហារ និងថ្នាំដែលអាចបង្កើនសារជាតិអង់ស៊ីមឡាក់តេសនៅក្នុងខ្លួន និងការបរិភោគអាហារ និងបន្លែផ្លែឈើដែលមានសារធាតុចិញ្ចឹមទៅក្នុងរាងកាយ និងវីតាមីនផ្សេងទៀតជាដើម។
គួរបញ្ជាក់ផងដែរថា បញ្ហានៃការមិនអាចរំលាយជាតិឡាក់តូសនេះខុសគ្នាពីការប្រតិកម្ម ឬអាឡែរហ្សី (Allergy) ទឹកដោះគោ។ ការមិនអាចរំលាយជាតិឡាក់តូសនេះបណ្តាលមកពីការកង្វះជាតិអង់ស៊ីមដែលមានតួនាទីរំលាយជាតិស្ករ ឬឡាក់តូសដែលមាននៅក្នុងទឹកដោះគោ។ ចំណែកឯការអាឡែរហ្សីទឹកដោះគោវាជាបញ្ហាដែលកើតមានដោយសារការប្រតិកម្មជាមួយអាហារ និងជាតិប្រូតេអ៊ីននៅក្នុងទឹកដោះគោដែលវាអាចបញ្ចេញរោគសញ្ញា ដូចជារមាស់ស្បែក ក្អួត ថប់ដង្ហើម ហើមបបូរមាត់ឬអណ្តាត រមាស់ភ្នែកនិងចេញទឹកភ្នែកជាដើម ហើយវាមានគ្រោះថ្នាក់ជាងបញ្ហានៃការមិនអាចរំលាយជាតិឡាក់តូស៕