តើអ្វីទៅជាអាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច មធ្យម? តើសហគ្រាសបែបនេះអាចជួយពង្រឹងសេដ្ឋកិច្ចបានដោយរបៀបណា?

ដោយសារអាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមផ្តល់សារសំខាន់ជាច្រើនដល់ប្រទេសនីមួយៗ និងសេដ្ឋកិច្ចពិភពលោក ពីមួយថ្ងៃទៅមួយថ្ងៃវាមានការទទួលស្គាល់ច្រើនទៅៗទោះបីជាមនុស្សមួយចំនួនពុំទាន់យល់ច្បាស់ពីសហគ្រាសនេះក៏ដោយ។
ជារៀងរាល់ឆ្នាំគេប្រារព្ធទិវាអាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមពិភពលោកនៅថ្ងៃទី២៧ ខែមិថុនា។ទិវានេះត្រូវបានកំណត់ក្នុងឆ្នាំ២០១៧ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ថាជាថ្ងៃសម្រាប់លើកកម្ពស់ការយល់ដឹងពីការចូលរួមចំណែករបស់អាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងដើម្បីលើកកម្ពស់ការច្នៃប្រឌិតថ្មី និងការងារប្រកបដោយចីរភាពសម្រាប់មនុស្សគ្រប់គ្នា។
កាលពីឆ្នាំមុន ទិវាអាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមត្រូវបានគេប្រារព្ធឡើងក្រោមប្រធានបទ «កញ្ចប់ថវិកាធំសម្រាប់អាជីវកម្មខ្នាតតូច»។ ប្រធានបទនេះមានគោលបំណងអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀតទៅក្នុងទម្រង់អាជីវកម្មទាំងនេះ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរ ទិវានេះក៏ជូនដំណឹងដល់សាធារណជនអំពីសារសំខាន់នៃការចូលរួមចំណែករបស់ក្រុមហ៊ុនខ្នាតតូចទៅលើសេដ្ឋកិច្ចពិភពលោក។
ឆ្នាំនេះ អង្គការសហប្រជាជាតិនឹងរៀបចំព្រឹត្តិការណ៍៣ តាមប្រព័ន្ធអ៊ីនធឺណិតដើម្បីអបអរទិវានេះ។ កម្មវិធីទីមួយ គឺកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា «ជំងឺកូវីដ១៩៖ ការបិទឬការរារាំងមិនឱ្យមនុស្សចេញក្រៅផ្ទះ និងផលប៉ះពាល់របស់វាទៅលើអាជីវកម្មខ្នាតតូច»។ ក្នុងការពិភាក្សានេះ គេនឹងអាចឈ្វេងយល់ពីរបៀបដែលសហគ្រិននៃបណ្តាប្រទេសនីមួយៗ និងអ្នកដែលគាំទ្រអាជីវកម្មខ្នាតតូចបានឆ្លើយតបទៅនឹងជំងឺកូវីដ១៩។ ព្រឹត្តិការណ៍ពីរទៀតនោះរួមមាន៖ «អ្នកឆ្លើយតបដំបូងទៅលើតម្រូវការសង្គម» និង «អាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមជាកត្តាជំរុញការស្ដារសេដ្ឋកិច្ចនៅតំបន់អាហ្វ្រិកក្រោយជំងឺកូវីដ១៩»។
ពាក្យ MSME (Micro-, Small and Medium Enterprises) សំដៅទៅលើអាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ហើយមនុស្សភាគច្រើនប្រហែលជាស្គាល់ច្បាស់ពាក្យ SMEs (Small and Medium Enterprises) ដែលសំដៅលើតែសហគ្រាសធុនតូច និងមធ្យម។ យោងតាមអង្គការអន្តរជាតិខាងការងារ (ILO) មនុស្សជាទូទៅប្រើពាក្យ SMEs ដើម្បីសំដៅទៅលើ MSMEs អាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ហើយអត្ថបទខ្លះក៏កំណត់ការប្រើប្រាស់បែបនេះផងដែរ។
តាមពិតទៅ SMEs និង MSMEs មានភាពស្រដៀងគ្នាបើនិយាយពីទំហំប្រតិបត្តិការតូចដែលមាននិយោជិតតិចជាង ២៥០នាក់ ហើយសហគ្រាសបែបនេះបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនីមួយៗ។
គណៈកម្មការអឺរ៉ុបកំណត់ប្រភេទអាជីវកម្មបែបនេះដោយចំនួនបុគ្គលិកដែលមានតិចជាង ១០នាក់ គឺហៅថាអាជីវកម្មមីក្រូសហគ្រាសវិញ។ ចំពោះសហគ្រាសខ្នាតតូចវិញ គឺជាអាជីវកម្មដែលមាននិយោជិតតិចជាង ៥០នាក់ ហើយអាជីវកម្មដែលមានបុគ្គលិកតិចជាង ២៥០នាក់ត្រូវបានចាត់ថ្នាក់ជាសហគ្រាសធុនមធ្យម។
ចំណែកគោលនយោបាយអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា កំណត់ថា សហគ្រាសខ្នាតតូច គឺជាសហគ្រាសដែលមានបុគ្គលិកតិចជាង ១០នាក់ ឬមានទ្រព្យសកម្ម (start-up capital) តិចជាង ៥ម៉ឺនដុល្លារ។ ចំណែកឯសហគ្រាសខ្នាតតូចមានបុគ្គលិកចាប់ពី ១១ ទៅ ៥០នាក់ ឬមានទ្រព្យសកម្មពី ៥ម៉ឺនដុល្លារទៅ ២៥ម៉ឺនដុល្លារ។ សហគ្រាសខ្នាតមធ្យមមានបុគ្គលិកពី ៥១ ទៅ ១០០នាក់ ឬមានទ្រព្យសកម្មពី ២៥ម៉ឺនដុល្លារទៅ ៥០ម៉ឺនដុល្លារ។ សម្រាប់សហគ្រាសធុនធំ បុគ្គលិកមានច្រើនជាង ១០០នាក់ដែលមានទ្រព្យសកម្មលើសពី ៥០ម៉ឺនដុល្លារ។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាត្រូវបានបែងចែកជា ៣វិស័យរួមមាន៖
- វិស័យផលិតកម្មរួមមានការកែច្នៃ ផលិតផលកសិកម្ម កម្មន្តសាល (ការផលិតទ្រង់ទ្រាយធំ) និងរ៉ែ
- វិស័យសេវាកម្ម
- វិស័យពាណិជ្ជកម្មរួមមានការលក់ដុំ និងរាយ
ក្រុមប្រឹក្សាអន្តរជាតិសម្រាប់អាជីវកម្មខ្នាតតូច (ICSB) បានបង្ហាញថា ក្នុងប្រទេសមួយដែលមានក្រុមហ៊ុនច្រើនជាង ៩០% ដែលជាប្រភេទនៃអាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមអាចផ្តល់ការងារជាមធ្យមពី ៦០-៧០% នៃចំនួនការងារសរុប ហើយរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុប (GDP)។ យោងតាមធនាគារពិភពលោក អាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមមានតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារ ការផ្តល់ប្រាក់ចំណូលសម្រាប់ប្រជាជនដែលមានចំណូលទាប និងងាយរងការប៉ះពាល់ (ស្ត្រី យុវជន និងប្រជាជននៅក្នុងសហគមន៍ក្រីក្រ) និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម ក៏ដូចជារួមចំណែកធ្វើឱ្យមានកំណើនវិស័យឯកជន។
ផ្អែកទៅលើទិន្នន័យរបស់អង្គការសហប្រជាជាតិ អាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមគឺជាប្រភពការងារតែមួយគត់សម្រាប់តំបន់ជនបទមួយចំនួន។ ដោយសារចំណុចនេះហើយទើបអាជីវកម្មប្រភេទនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមបញ្ចូលសមាជិកទាំងអស់ក្នុងសហគមន៍ ដែលនេះមានន័យថានៅពេលដែលមានសហគ្រាសប្រភេទនេះកាន់តែច្រើននៅក្នុងប្រទេស អត្រាអ្នកអត់ការងារធ្វើកាន់តែទាប។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានចេញផ្សាយនៅឆ្នាំ២០១៨ បានឱ្យដឹងថា សហគ្រាសខ្នាតតូចនិងមធ្យមមានចំនួនស្មើនឹង ៧០% នៃចំនួនការងារសរុបនៅក្នុងប្រទេសកម្ពុជា និងបានរួមចំណែកប្រហែលជា ៥៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសផងដែរ។ បើផ្អែកលើទិន្នន័យដែលមាននៅក្នុងរបាយការណ៍ស្រាវជ្រាវទីផ្សារមួយមានចំណងជើងថា «ការឈ្វេងយល់ពីឱកាសរបស់ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យមនៅប្រទេសកម្ពុជា» បោះពុម្ពផ្សាយដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងឆ្នាំ២០១៩ បានបង្ហាញថា ប្រទេសកម្ពុជាមានអាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមសរុបរហូតទៅដល់ជាង ៥សែន (៥១៣.៧៥៩)។
អ្នកស្រី លឹម លីដា សហស្ថាបនិក និងអ្នកគ្រប់គ្រងគម្រោងនៃក្រុមហ៊ុនវិនិយោគ SHE ដែលជាសហគ្រាសសង្គមមួយសម្រាប់ការបណ្តុះបណ្តាល និងគាំទ្រដល់សហគ្រិនជាស្ត្រីនៅកម្ពុជាបាននិយាយថា វិស័យសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាមានការកើនឡើងច្រើនក្នុងរយៈពេល ៦ឆ្នាំកន្លងចុងក្រោយនេះ ហើយអ្នកស្រីក៏ស្ងើចសរសើរ និងត្រេកអរចំពោះការកើនឡើងនេះផងដែរ។ ក្នុងនាមជាមនុស្សម្នាក់ដែលចូលរួមក្នុងវិស័យនេះ អ្នកស្រីរីករាយដែលឃើញមានវេទិកាសហគ្រាស និងសមាគមជាច្រើនកំពុងធ្វើការរួមគ្នាដើម្បីសម្រេចគោលដៅរួមគ្នាមួយ គឺការគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម។
អ្នកស្រីបានមានប្រសាសន៍ទៀតថា៖ «នៅពេលដែលប្រទេសមួយមានការរីកលូតលាស់នូវវិស័យសហគ្រាសខ្នាតតូច និងមធ្យម ប្រទេសនោះទំនងជាមានផលិតផលក្នុងស្រុកសរុបខ្ពស់ ហើយលំហូរសាច់ប្រាក់នឹងមានភាពប្រសើរជាងមុន។ ភាពកើនឡើងនៃសហគ្រាសខ្នាតតូចនិងមធ្យម មានន័យថាមនុស្សច្រើននឹងប្រើប្រាស់ផលិតផលក្នុងស្រុកដែលនាំឱ្យមានការនាំចូលតិច និងការនាំចេញច្រើន»។
ចំណែកកញ្ញា ទ្រី សុជាតា ដែលជាអ្នកប្រើប្រាស់ផលិតផលក្នុងស្រុកអស់រយៈពេលជាង ៣ឆ្នាំបានលើកឡើងថា ដំបូងកញ្ញាចាប់ផ្តើមប្រើសាប៊ូផលិតដោយដៃនិងសរីរាង្គ ហើយបន្ទាប់ពីការប្រើផលិតផលនេះមក កញ្ញាពេញចិត្តយ៉ាងខ្លាំងនិងបន្តប្រើប្រាស់ផលិតផលបែបនេះរហូតមកទល់សព្វថ្ងៃ។
កញ្ញាបាននិយាយថា៖ «ខ្ញុំបន្តប្រើប្រាស់ផលិតផលក្នុងស្រុករបស់យើង ព្រោះវាមានគុណភាពល្អទោះបីជាផលិតផលខ្លះមិនសូវល្បីដូចផលិតផលរបស់សហគ្រាសអន្តរជាតិដែលល្បីធំៗក៏ដោយ។ លើសពីនេះទៀតនោះ ខ្ញុំគាំទ្រសហគ្រាសក្នុងស្រុក ពីព្រោះខ្ញុំចង់ឱ្យផលិតផលក្នុងស្រុកមានការរីកលូតលាស់កាន់តែធំទៅៗ ព្រោះប្រជាជនខ្មែរភាគច្រើនបានចាប់អារម្មណ៍ខ្លាំងនឹងផលិតផលអន្តរជាតិជាយូរមកហើយ»។
រីឯកញ្ញា ហុងថុល្លី សុនីត អាយុ ២១ឆ្នាំដែលជាអ្នករស់នៅទីក្រុងភ្នំពេញវិញបានចាប់ផ្តើមប្រើប្រាស់ផលិតផលថែរក្សាសម្រស់ក្នុងស្រុកតាមរយៈការណែនាំរបស់មិត្តភក្ដិរបស់គាត់ ព្រោះតែផលិតផលនោះមានគុណភាពល្អ និងល្បីអស់រយៈពេលជាងពីរឆ្នាំមកហើយ។
កញ្ញាបាននិយាយថា៖ «នៅពេលបច្ចុប្បន្ននេះនាងខ្ញុំកំពុងប្រើប្រាស់ប្រដាប់ជូតក្លៀក និងក្រែមលាបមាត់ឱ្យរលោងផលិតពីសហគ្រាសតូចមួយឈ្មោះលម្អអង្គ។ ខ្ញុំគិតថាផលិតផលនេះល្អ ព្រោះរូបខ្ញុំមានភាពប្រសើរឡើង ហើយថែមទាំងគ្មានសញ្ញារមាស់ ឬប្រតិកម្មអ្វីនោះឡើយ។ បើនិយាយពីគុណភាពវិញខ្ញុំគិតថាយើងនៅខ្វះខាតបន្តិចបន្តួច ប៉ុន្តែខ្ញុំជឿថាវានឹងមានភាពល្អប្រសើរឡើង។ ប្រសិនបើយើងទាំងអស់គ្នាបន្តគាំទ្រផលិតផលក្នុងស្រុកនោះ ខ្ញុំគិតថាផលិតផលទាំងនោះនឹងពង្រឹងនូវគុណភាពផលិតផលរបស់ខ្លួនដូចផលិតផលអន្តរជាតិដែរ ដោយសារមានការប្រើប្រាស់កាន់តែច្រើន»។
ស្របទៅនឹងការកើនឡើងនៃទីផ្សារសហគ្រាសខ្នាតតូច និងមធ្យមតម្រូវការផលិតផលក្នុងស្រុកហាក់ដូចជាមានការកើនឡើងផងដែរ ជាពិសេសនោះផលិតផលថែរក្សាសម្រស់សរីរាង្គ និងផលិតផលធ្វើដោយដៃផ្សេងៗទៀតក្នុងចំណោមយុវវ័យ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមានដែលរារាំងទីផ្សារសហគ្រាសខ្នាតតូចនិងមធ្យមរបស់កម្ពុជាក្នុងការឈានដល់សក្ដានុពលពេញលេញរបស់ខ្លួន ហើយក្នុងចំណោមបញ្ហាប្រឈមទាំងនោះយោងទៅតាម IFC គឺការចំណាយខ្ពស់ក្នុងការផលិត ភាពមិនស្មើគ្នាក្នុងទីផ្សារ កម្រិតហិរញ្ញវត្ថុមានភាពខ្វះខាត ការផលិតមានកម្រិតទាប កង្វះនូវការចែកចាយ និងការទទួលបានព័ត៌មាន ព្រមទាំងកង្វះក្របខ័ណ្ឌច្បាស់លាស់ផងដែរ។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម (ដែលត្រូវបានប្តូរឈ្មោះទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីខែមីនា ឆ្នាំ២០២០) បានមានប្រសាសន៍កាលពីឆ្នាំ២០១៩ ថា នៅកម្ពុជាមានតែសហគ្រាសខ្នាតតូច និងមធ្យមចំនួន ៥% ប៉ុណ្ណោះដែលបានចុះបញ្ជីត្រឹមត្រូវ។
លោក មៀវ សុខទ្រី ដែលជាប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា គិតថាមានមូលហេតុពីរដែលធ្វើឱ្យមានចំនួនសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាតិចតួចបានចុះបញ្ជី។
លោកបាននិយាយថា៖ «ការចុះបញ្ជីនិងការអនុវត្តបានតម្រូវឱ្យពួកគេចំណាយប្រាក់ច្រើន ប៉ុន្តែអាជីវកម្មបែបនេះពុំបានទទួលការគាំទ្រគ្រប់គ្រាន់ពីសំណាក់រដ្ឋាភិបាលនោះទេ ហើយលើសពីនេះទៅទៀត ប្រតិបត្តិការដោយមិនចុះបញ្ជី គឺមានភាពងាយស្រួលជាង ព្រមទាំងអាចឱ្យម្ចាស់អាជីវកម្មមានភាពបត់បែនបាន»។
ចំពោះការគាំទ្រផលិតផលក្នុងស្រុកវិញ លោកមានប្រសាសន៍ថាវាមិនទាន់គ្រប់គ្រាន់នោះទេ។ យើងត្រូវការការយល់ដឹង និងផ្នត់គំនិតជាតិនិយមបន្ថែមទៀត។
បញ្ហាប្រឈមមួយទៀតសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជានោះ គឺភាពមិនច្បាស់លាស់ពីវិធានការនៃការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
លោក សុខទ្រី មានប្រសាសន៍ថា លោកមានកិច្ចការចាំបាច់ជាច្រើនក្នុងការជួយដល់សហគ្រាសខ្នាតតូចនិងមធ្យមនៅអំឡុងពេលនេះដែលកិច្ចការទាំងនោះរួមមានការកាត់បន្ថយនូវការនាំចូលផលិតផលពីក្រៅស្រុក ការផ្តល់ជូនប្រាក់កម្ចីដោយមានការប្រាក់ទាប៣ ឬ ៤ភាគរយ ការផ្តល់នូវការគាំទ្រខាងបច្ចេកទេសដោយឥតគិតថ្លៃដើម្បីកាត់បន្ថយតម្លៃផលិតកម្ម និងការពង្រឹងគុណភាព និងលើកទឹកចិត្តដល់អ្នកផ្គត់ផ្គង់វត្ថុធាតុដើមក្នុងការធ្វើអាជីវកម្មជាមួយម្ចាស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងតម្លៃពិសេសផងដែរ៕