ហាយដ្រូស៊ីលក្លរ៉ូគីន (Hydroxychloroquine) ត្រូវបានគេចាត់ទុកថាជាការផ្លាស់ប្ដូរដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប៉ុន្តែតើវាពិតជាអព្ភូតហេតុដូចអ្វីដែលគេបានពិពណ៌នាមែនឬទេ?
អាថ៌កំបាំង
ការលេបថ្នាំព្យាបាលជំងឺគ្រុនចាញ់ ហាយដ្រូស៊ីលក្លរ៉ូគីន (Hydroxychloroquine) នឹងអាចជួយការពារការឆ្លងមេរោគកូរ៉ូណា ហើយនឹងអាចជួយកាត់បន្ថយរោគសញ្ញារបស់អ្នកជំងឺកូវីដ១៩នេះ។
ការពិត ឬការប្រឌិត?
ការប្រឌិត
អ្វីដែលអ្នកត្រូវដឹង៖
កាលពីថ្ងៃទី១៨ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងជាសាធារណៈថា លោកបានលេបថ្នាំហាយដ្រូស៊ីលក្លរ៉ូគីន (Hydroxychloroquine) ជាថ្នាំដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ និងឱសថសាស្ត្រ (FDA) របស់សហរដ្ឋអាមេរិកសម្រាប់ព្យាបាល ឬការពារជំងឺគ្រុនចាញ់ ព្រមទាំងជំងឺមួយចំនួនទៀតផងដែររួមមាន ជំងឺលូផើស (Lupus) ដែលជាជំងឺម្យ៉ាងដែលប្រព័ន្ធភាពស៊ាំរបស់ខ្លួនវាយប្រហារកោសិការាងកាយ និងជំងឺសន្លាក់ដៃជើង។
រហូតមកដល់ពេលនេះពុំទាន់មានភស្តុតាង ឬតិចតួចបំផុតបង្ហាញថាហាយដ្រូស៊ីលក្លរ៉ូគីន (Hydroxychloroquine) អាចជួយការព្យាបាលការឆ្លងមេរោគកូរ៉ូណាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ទោះបីជាមានការអះអាងជាច្រើនដងដោយអ្នកគាំទ្រថ្នាំនេះក៏ដោយ។
រដ្ឋបាលចំណីអាហារ និងឱសថសាស្ត្រ (FDA) របស់សហរដ្ឋអាមេរិកបានព្រមានជាច្រើនលើកច្រើនសាមកហើយថា ថ្នាំប្រភេទនេះអាចបណ្តាលឱ្យមានបញ្ហាបេះដូងធ្ងន់ធ្ងររួមមាន ចង្វាក់បេះដូងលោតខុសចង្វាក់ និងចង្វាក់បេះដូងលោតលឿនខុសប្រក្រតីដែលហៅថាជំងឺវិនទ្រីក្ចូឡា តាកឆ៊ីខាដៀរ (Ventricular Tachycardia)។
ស្ត្រីម្នាក់នៅក្នុងរដ្ឋវីសស្កន់សុន (Wisconsin) សហរដ្ឋអាមេរិក បានប្រាប់បណ្ដាញសារព័ត៌មានអេប៊ីស៊ី (ABC) ថាគាត់បានធ្វើតេស្ដវិជ្ជមានលើមេរោគកូរ៉ូណា ទោះបីជាខ្លួនបានប្រើថ្នាំនេះអស់រយៈពេលជាង ១៩ឆ្នាំមកហើយសម្រាប់ព្យាបាលជំងឺលូផើស (Lupus) ក៏ដោយ។ អ្នកស្រី គីម (Kim) ដែលមិនចង់បញ្ចេញឈ្មោះពេញរបស់គាត់បាននិយាយថា៖ «ខ្ញុំឆ្ងល់ថាតើខ្ញុំឈឺបានយ៉ាងដូចម្តេច? ដោយរបៀបណា? ខ្ញុំលេបថ្នាំហាយដ្រូស៊ីលក្លរ៉ូគីន (Hydroxychloroquine) ជាប្រចាំ»។
រដ្ឋបាលចំណីអាហារ និងឱសថសាស្ត្រ (FDA) និយាយថា៖ «គ្មាននរណាម្នាក់ធ្លាប់និយាយថាវាជាថ្នាំព្យាបាលទេ ឬថាវានឹងអាចធ្វើឱ្យអ្នកមានសុវត្ថិភាពពីមេរោគកូរ៉ូណានោះទេ ហើយវាពិតជាមិនអាចនោះទេ»។
យោងទៅតាមគេហទំព័ររបស់រដ្ឋបាលចំណីអាហារ និងឱសថសាស្ត្រ (FDA) ពួកគេបានអនុញ្ញាតនូវការប្រើប្រាស់ថ្នាំហាយដ្រូស៊ីលក្លរ៉ូគីន (Hydroxychloroquine) នៅពេលដែលអ្នកផ្តល់សេវាថែទាំសុខភាព ឬវេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យដល់អ្នកជំងឺកូវីដពេញវ័យដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះបីជាយ៉ាងនេះក្តី ពួកគេគួរគូសបញ្ជាក់ឱ្យច្បាស់ថា ថ្នាំប្រភេទនេះទទួលបានវេជ្ជបញ្ជាឱ្យប្រើប្រាស់បានសម្រាប់តែប្រជាជនណាដែលមិនអាចចូលរួមការសាកល្បងគ្លីនិកប្រើប្រាស់ថ្នាំហាយដ្រូស៊ីលក្លរ៉ូគីន (Hydroxychloroquine) ហើយប្រសិនបើអ្នកផ្តល់សេវាថែទាំសុខភាព ឬវេជ្ជបណ្ឌិតគិតថាអ្នកជំងឺនឹងអាចទទួលបានអត្ថប្រយោជន៍លើសលុបជាងហានិភ័យនៃការប៉ះពាល់ដែលអាចកើតមាន។
គ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំប្រភេទនេះ ឬប្រភេទណាមួយផ្សេងដោយពុំមានវេជ្ជបញ្ជាត្រឹមត្រូវ គឺបង្ហាញយ៉ាងច្បាស់នូវសកម្មភាពដែលមនុស្សមួយចំនួននឹងអាចធ្វើទៅបានអំឡុងពេលដែលពួកគេពុំបានយល់ច្បាស់អំពីហានិភ័យ។
បុរសម្នាក់នៅរដ្ឋអារីហ្សូណា (Arizona) ទទួលមរណភាព ហើយប្រពន្ធរបស់គាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយពេលដែលពួកគេប្រើប្រាស់ក្លរ៉ូគីនផូស្វេត (Chloroquine Phosphate) ដែលជាសារធាតុស្រដៀងគ្នាទៅនឹងថ្នាំហាយដ្រូស៊ីលក្លរ៉ូគីន (Hydroxychloroquine) បន្ទាប់ពីស្តាប់ឮប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) អះអាងថាអាចជួយក្នុងការការពារមេរោគកូរ៉ូណា។ សារធាតុក្លរ៉ូគីនផូស្វេត (Chloroquine Phosphate) នេះ ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជំងឺគ្រុនចាញ់ និងជាសារធាតុញៀនដែលជាទូទៅប្រើដើម្បីសម្អាតអាងចិញ្ចឹមត្រី។
នៅក្នុងបទសម្ភាសន៍មួយជាមួយភ្នាក់ងារព័ត៌មានអ៊ិនប៊ីស៊ី (NBC) នៅរដ្ឋអារីហ្សូណា ស្ត្រីដែលស្នាក់នៅមន្ទីរពេទ្យបានប្រាប់ថា៖ «យើងបានឃើញលោកប្រធានាធិបតី ត្រាំ លើកញ្ចក់ទូរទស្សន៍គ្រប់ប៉ុស្តិ៍ទូរទស្សន៍ទាំងអស់និយាយថា វាពិតជាមានសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំនេះ។ លោក ត្រាំ ក៏បានបន្តដដែលៗទៀតថាថ្នាំនេះគឺពិតជាថ្នាំព្យាបាល»។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ឈប់ការសាកល្បងដំណាក់កាលគ្លីនិកលើថ្នាំហាយដ្រូស៊ីលក្លរ៉ូគីន (Hydroxychloroquine) កាលពីចុងខែឧសភា នេះ បន្ទាប់ពីមានរបាយការណ៍មួយដែលបានចុះផ្សាយដោយកាសែតសុខាភិបាលមួយ The Lancet បានរកឃើញថាអ្នកជំងឺកូវីដ១៩ដែលបានទទួលការព្យាបាលដោយថ្នាំនេះរងការប៉ះពាល់ដល់ជីវិតក្នុងកម្រិតខ្ពស់។ របាយការណ៍នេះបានបញ្ជាក់ទៀតថា ការប្រើប្រាស់ថ្នាំហាយដ្រូស៊ីលក្លរ៉ូគីន (Hydroxychloroquine) ដើម្បីព្យាបាលជំងឺកូវីដ១៩អាចបង្កើនការស្លាប់ ព្រមទាំងបណ្តាលឱ្យចង្វាក់បេះដូងផ្នែកខាងក្រោមលោតខុសធម្មតា។
រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺពុំទាន់មានថ្នាំការពារប្រឆាំងនឹងការឆ្លងមេរោគកូរ៉ូណាដែលទទួលការអនុញ្ញាតដោយរដ្ឋបាលចំណីអាហារ និងឱសថសាស្ត្រ ឬអង្គការសុខភាពពិភពលោក ដាក់ឱ្យប្រើប្រាស់ជាទីសាធារណៈនៅឡើយទេ។
វិធានការលើការអនុវត្តការរក្សាគម្លាតសង្គមរួមជាមួយនឹងការប្រើប្រាស់ម៉ាស់ និងការលាងដៃសម្អាតជាប្រចាំ គឺនៅតែទទួលបានការលើកទឹកចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕