នៅចុងខែមេសា នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីការបាញ់ថ្នាំសម្លាប់មេរោគចូលក្នុងខ្លួនមនុស្សដែលអាចជួយសម្លាប់មេរោគកូរ៉ូណាបាន។
អាថ៌កំបាំង
ការផឹកឬចាក់ថ្នាំសម្លាប់មេរោគនឹងអាចជួយការពារអ្នកពីការឆ្លងជំងឺកូវីដ១៩។
ការពិតឬការប្រឌិត?
ការប្រឌិត
អ្វីដែលអ្នកត្រូវដឹង៖
ថ្នាំសម្លាប់មេរោគប្រភេទផ្សេងៗគ្នាត្រូវបានប្រើប្រាស់យ៉ាងសម្បូរបែបចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩មកម្ល៉េះ។ លទ្ធភាពរបស់ថ្នាំទាំងនេះក្នុងការសម្លាប់មេរោគ និងបាក់តេរីជាច្រើនប្រភេទរួមទាំងមេរោគកូរ៉ូណាផងដែរបាន ធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រភេទមួយក្នុងចំណោមថ្នាំសម្លាប់មេរោគដែលត្រូវបានគេប្រើយ៉ាងច្រើនបំផុតនោះ គឺទឹកថ្នាំអូសាវ៉ែល (bleach) ដែលស្ទើរតែមាននៅក្នុងគ្រប់ក្រុមគ្រួសារទាំងអស់។ ខណៈដែលទឹកថ្នាំអូសាវ៉ែលអាចធ្វើឱ្យសម្លៀកបំពាក់ពណ៌សរបស់យើងកាន់តែភ្លឺជាងមុននោះ វាក៏ត្រូវបានគេអះអាងថាអាចសម្លាប់មេរោគរហូតដល់ទៅ ៩៩,៩% ផងដែរ។ ដោយសារលក្ខណៈសម្បត្តិបែបនេះហើយ ទើបធ្វើឱ្យវាបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកដែលប្រើវាមិនត្រឹមត្រូវ។
ទឹកថ្នាំអូសាវ៉ែលក៏ដូចជាសារធាតុសម្លាប់មេរោគផ្សេងៗទៀតដែរ គឺមានផ្ទុកសារធាតុគីមីដែលកាត់បំផ្លាញភ្នាសកោសិការបស់មនុស្ស ហើយដោយសារតែសារធាតុទាំងនេះហើយដែលសម្លាប់មេរោគបាន និងបណ្តាលឱ្យមានគ្រោះថ្នាក់ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ។ ការផឹកចូល ឬសូម្បីតែការប៉ះផ្ទាល់ជាមួយនឹងសារធាតុទឹកថ្នាំអូសាវ៉ែលខាប់ ក៏អាចផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សារពាង្គកាយផងដែរ។
វេជ្ជបណ្ឌិត Rais Vohra ប្រធានផ្នែកវេជ្ជសាស្ត្រនៃប្រព័ន្ធគ្រប់គ្រងការបំពុលនៃរដ្ឋកាលីហ្វ័រញ៉ា បាននិយាយជាមួយកាសែត Los Angeles Times ថាការផឹកទឹកថ្នាំអូសាវ៉ែលអាចបណ្តាលឱ្យរលាកមាត់ បំពង់អាហារ និងក្រពះ។ ប្រសិនបើស្រូបចូលដោយចៃដន្យពេលឈ្លក់ឬក្អក វាអាចនឹងបណ្តាលឱ្យខូចខាតដល់កោសិកាសួតរបស់មនុស្ស។
លោកមានប្រសាសន៍ទៀតថា៖ «រឿងដ៏គួរឱ្យរន្ធត់បំផុតនោះ គឺខ្ញុំបានឃើញគ្រូពេទ្យសង្គ្រោះបន្ទាន់ និងអ្នកជំនាញផ្នែកជាតិពុលបានត្រួតពិនិត្យបុគ្គលម្នាក់ដែលបានលេបសារធាតុគីមីនេះ ហើយក្នុងរយៈពេលតែ ៩០នាទីទៅ ១២០នាទីប៉ុណ្ណោះ ម្នាក់នោះមានប្រតិកម្មដែលប៉ះពាល់ដល់អាយុជីវិត ឬឈានដល់ការស្លាប់ផង»។
ក្រុមហ៊ុន Reckitt Benckiser Group ដែលផលិតផលិតផលសម្អាត Lysol និង Dettol បានចេញសេចក្តីថ្លែងការណ៍មួយក្រោយពេលលោកប្រធានាធិបតី ត្រាំ បានណែនាំឱ្យប្រើប្រាស់ថ្នាំសម្លាប់មេរោគចូលទៅក្នុងខ្លួន ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ថា៖ «ក្នុងនាមជាអ្នកផលិតផលិតផលសុខភាព និងអនាម័យលំដាប់ពិភពលោក យើងចង់បញ្ជាក់ប្រាកដឱ្យច្បាស់មិនថាក្នុងករណី ឬកាលៈទេសៈណាក៏ដោយ ផលិតផលរបស់យើងទាំងនេះគឺមិនអនុញ្ញាតឱ្យប្រើប្រាស់លើខ្លួនមនុស្សនោះទេ (តាមរយៈការចាក់បញ្ចូល លេបចូល ឬតាមវិធីផ្សេងៗទៀត)។ ដូច្នេះផលិតផលទាំងនេះគឺអាចប្រើប្រាស់បានស្របតាមការណែនាំរបស់ក្រុមហ៊ុនប៉ុណ្ណោះ»។
ទោះបីជាយ៉ាងណាក៏ដោយ ការព្រមានទាំងនេះក៏មិនបានរារាំងមនុស្សខ្លះពីការបង្កគ្រោះថ្នាក់ដល់ខ្លួនឯងជាមួយនឹងសារធាតុទាំងនេះឡើយ។
យោងតាមការស្ទង់មតិតាមអ៊ីនធឺណិតដោយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លង (CDC) កាលពីខែឧសភា នេះបានឱ្យដឹងថា ៣៩% នៃអ្នកឆ្លើយតបនឹងសំណួរទាំងអស់ចំនួន ៥០២នាក់បានប្រើប្រាស់ថ្នាំលាងសម្អាតតាមវិធីផ្សេងៗដែលពុំមានការណែនាំពីក្រុមហ៊ុននោះទេ ហើយ ២៥% នៃចំនួនអ្នកដែលបានស្ទង់មតិទាំងអស់ក៏បានរាយការណ៍ដែរថា «យ៉ាងហោចណាស់ក៏មានផលប៉ះពាល់ដល់សុខភាពមួយដែរកាលពីខែមុន» ដោយសារពួកគេជឿថាវាបណ្តាលមកពីផលិតផលសម្អាតទាំងនេះ។
របាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងការបំពុលរបស់សហរដ្ឋអាមេរិក (AAPCC) បានបង្ហាញពីករណីនៃមនុស្សរងការប៉ះពាល់ដោយសារសារធាតុទឹកថ្នាំអូសាវ៉ែលបានកើនឡើង ៤១% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៧ ខែមិថុនា។ របាយការណ៍មួយតាមដាននូវផលប៉ះពាល់ដោយសារថ្នាំសម្អាតទាំងនេះក្នុងអំឡុងពេលដូចគ្នានេះ បានបង្ហាញពីកំណើន ៥៩% នៃករណីមនុស្សរងការប៉ះពាល់ដែលបានរាយការណ៍។
ស្លាកព្រមានស្ដីពីផលិតផលសម្អាតត្រូវតែអានដោយការយកចិត្តទុកដាក់មុនពេលប្រើប្រាស់ ដើម្បីកាត់បន្ថយហានិភ័យនៃការប្រើប្រាស់មិនត្រឹមត្រូវ៕