ការបន្តរីករាលដាលជំងឺកូវីដ១៩ទូទាំងពិភពលោក និងការផ្ទុះឡើងវិញនៅក្នុងតំបន់មួយចំនួនដែលបានគ្រប់គ្រងលើស្ថានភាពនៃជំងឺនេះបានយ៉ាងល្អផងដែរនោះ បានបណ្តាលឱ្យមនុស្សជាច្រើនសម្ដែងការបន្ទោសទៅកាន់ក្រុមមនុស្សមួយចំនួនថាជាមូលហេតុនៃការឆ្លងជំងឺ។
អាថ៌កំបាំង
ជំងឺកូវីដ១៩អាចចម្លងទៅកាន់ក្រុមមនុស្សមួយចំនួនច្រើនជាងក្រុមផ្សេងអាស្រ័យលើពូជសាសន៍ ភេទ សាសនា ជាដើម។
ការពិត ឬការប្រឌិត?
ការប្រឌិត
អ្វីដែលអ្នកត្រូវដឹង៖
ជំងឺកូវីដ១៩ត្រូវបានគេរាយការណ៍ជាលើកដំបូងទៅកាន់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវ៉ូហាន (Wuhan) ប្រទេសចិន។ ជំងឺនេះបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយបានចម្លង និងសម្លាប់មនុស្សរាប់ពាន់នាក់។
ករណីឆ្លងនានាត្រូវបានលេចឡើងក្នុងប្រទេសជាច្រើនទូទាំងពិភពលោក ដែលបានជំរុញឱ្យមានគំនិតប្រឆាំងនឹងជនជាតិចិន ក្នុងចំណោមមនុស្សជាច្រើន ហើយក៏បានបណ្តាលឱ្យមានឧប្បត្តិហេតុ និងការប្រើប្រាស់ពាក្យសម្ដីបង្ហាញការស្អប់ខ្ពើមទៅកាន់ជនបរទេសផ្សេងៗ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានហៅជំងឺកូវីដ១៩ម្តងហើយម្តងទៀតថា «មេរោគចិន» និង «មេរោគវ៉ូហាន»។ បន្ថែមពីលើនេះ មានរបាយការណ៍រាប់ពាន់ករណីនៅទូទាំងពិភពលោកដែលពាក់ព័ន្ធនឹងប្រជាជនដើមដែលមានកំណើតអាស៊ី ត្រូវបានគេរំលោភបំពាន ឬយាយី និងត្រូវបានចោទប្រកាន់ថាជាអ្នកបង្កការរីករាលដាលនៃមេរោគកូរ៉ូណា។ អាជីវកម្មជាច្រើនដែលគ្រប់គ្រងដោយជនជាតិមកពីអាស៊ីនៅជុំវិញពិភពលោក ត្រូវបានគេសង្កេតឃើញថាមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែភាពភ័យខ្លាចរបស់ប្រជាជនដែលរស់នៅក្នុងតំបន់ទាំងនោះ។
ទោះបីជាមានការយល់ឃើញថា «ជនជាតិអាស៊ីទាំងអស់សុទ្ធតែមានជំងឺកូវីដ១៩» ស្ថិតិបានបង្ហាញពីករណីផ្សេងគ្នាដែលបានជំរុញឱ្យមានការស្អប់ខ្ពើមលើជនបរទេស ឬជនជាតិផ្សេងៗគ្នានៅជុំវិញពិភពលោកផងដែរ។
យោងតាមទិន្នន័យរបស់ Our World in Data ដែលជាគម្រោងស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតនៅសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស បានឱ្យដឹងថា នៅប្រទេសចិនក្នុងចំណោមមនុស្ស ១លាននាក់ ជាមធ្យមមានអ្នកឆ្លងជំងឺកូវីដ១៩ប្រមាណ ៥៩ករណី។ ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យនេះនៅមានកម្រិតទាបគួរឱ្យសង្ស័យ ហើយត្រូវបានគេគិតថារដ្ឋាភិបាលចិនមិនបានរាប់បញ្ចូលករណីឆ្លងដែលមិនលេចចេញរោគសញ្ញា។
អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា ប្រហែលជា ៨០% នៃករណីសរុបទាំងអស់ អ្នកជំងឺខ្លះមិនលេចចេញនូវរោគសញ្ញា និងអ្នកជំងឺខ្លះទៀតមានអាការៈស្រាល។ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក គេអាចប៉ាន់ស្មានចំនួនករណីឆ្លងនៅក្នុងប្រទេសចិនមានចំនួនប្រាំដងច្រើនជាងចំនួនដែលបានរាយការណ៍ គឺប្រហែលជាចំនួន ៣០០ករណីក្នុងមួយលាននាក់ដែលអ្នកឆ្លងបានចាកចេញពីប្រទេសចិន នៅអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩។
នៅក្នុងប្រទេសឈីលី (Chile) ជាមធ្យមមានករណីឆ្លងជិត ៩ពាន់ (៨.៧៥៥) ករណីក្នុងចំណោមមនុស្សមួយលាននាក់ ដែលគេអាចគិតបានថាអត្រាឆ្លងជាមធ្យមច្រើនជាងគេក្នុងពិភពលោកគិតត្រឹមថ្ងៃទី១៤ ខែមិថុនា។ ជាមួយគ្នានេះដែរ ប្រទេសជិតខាងឈីលី គឺប្រទេសប៉េរូ (Peru) ស្ថិតនៅក្នុងលំដាប់ទី២ ដែលមានអត្រាឆ្លងជាមធ្យមចំនួនជិត ៧ពាន់ (៦.៨២៨) ករណីក្នុងចំណោមមនុស្សមួយលាននាក់។
ចំណែកឯសហរដ្ឋអាមេរិកវិញស្ថិតនៅក្នុងលំដាប់ទី៣ ប្រហែលជាចំនួន ៦ពាន់ (៦.២៦៧) សម្រាប់មនុស្សមួយលាននាក់ ខណៈដែលបណ្តាប្រទេសធំៗមួយចំនួននៅតំបន់អឺរ៉ុប ដូចជាប្រទេសអេស្ប៉ាញ (Spain) ប្រទេសអៀរឡង់ (Ireland) និងប្រទេសស៊ុយអែត (Sweden) ដែលអត្រាឆ្លងជាមធ្យមខ្ពស់ដោយមានចំនួនជាង ៥ពាន់ករណីក្នុងមួយលាននាក់។
ចំនួនករណីឆ្លងទាំងនេះហាក់ផុសឡើងនៅចំពោះមុខនៃគំនិតដែលគេគិតថា ប្រជាជនអាស៊ីកំពុងតែបង្កការរីករាលដាលជំងឺកូវីដ១៩។ នៅខាងក្រៅតំបន់មជ្ឈិមបូព៌ាគ្មានប្រទេសអាស៊ីណាមានអត្រាឆ្លងច្រើនជាង ១.០០០នាក់ក្នុងចំណោមមួយលាននាក់នោះទេ ដែលជាក់ស្តែងមានអត្រាជាមធ្យមពីពីរទៅបីរយនាក់។
ភេទពុំមែនជាកត្តាពាក់ព័ន្ធទៅនឹងអត្រានៃការឆ្លងជំងឺកូវីដ១៩នោះទេ ប៉ុន្តែវាអាចពាក់ព័ន្ធទៅនឹងសភាព និងអាការៈក្រោយការឆ្លងមេរោគ ដែលមានន័យថាបុរសមានទំនោរនឹងស្ថានភាពសុខភាពធ្ងន់ធ្ងរដោយសារការព្រងើយកន្តើយក្នុងការទទួលការធ្វើរោគវិនិច្ឆ័យ។ អត្ថបទមួយដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដីសុខភាព Frontiers in Public Health បង្ហាញថា៖ «ទន្ទឹមពេលដែលបុរស និងស្ត្រីអាចទទួលអត្រាឆ្លងដូចគ្នា ក៏ប៉ុន្តែបុរសអាចមានហានិភ័យខ្ពស់ជាងដែលអាចមានលទ្ធផលអាក្រក់ និងមរណភាពក្រោយឆ្លងជំងឺដោយមិនអាស្រ័យលើអាយុនោះទេ»។ ជាមធ្យមបុរសអាចទទួលលទ្ធផលអាក្រក់ជាង បើប្រៀបធៀបទៅនឹងស្ត្រីប្រសិនបើឆ្លងជំងឺកូវីដ១៩។
ប្រសិនបើបណ្តាប្រទេសដែលមានអត្រាឆ្លងខ្ពស់រីកសាយភាយពេញពិភពលោកទៅលើគ្រប់ពូជសាសន៍ ជនជាតិ សាសនា និងភេទនោះ កត្តាជាក់លាក់តែមួយគត់នៃការកំណត់ការឆ្លងជំងឺនេះ គឺការទាក់ទងជិតស្និទ្ធជាមួយបុគ្គលណាមួយដែលបានឆ្លង ទោះបីជាបុគ្គលនោះមានចេញរោគសញ្ញា ឬមិនមានចេញរោគសញ្ញាជំងឺក្តី៕