ការសហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីអភិរក្សព្រៃឈើដែលកំពុងរងការគំរាមកំហែងរបស់កម្ពុជា គម្រោងស្ទឹងអារ៉ែង (STAR-CBET) កំពុងបន្តចែករំលែកសោភ័ណ្ឌភាពភាពនៃជួរភ្នំក្រវាញដោយអន្លើៗ។

ស្ថិតនៅតំបន់ព្រៃដាច់ស្រយាលតាមជួរភ្នំក្រវាញ សត្វព្រៃដ៏មានតម្លៃ និងព្រៃព្រឹក្សារបស់កម្ពុជាដែលជា កេរដំណែលតាំងពីដូនតាបានធ្លាក់ចូលក្នុងភាពស្រពេចស្រពិល ខណៈដែលអ្នកអភិរក្សខិតខំប្រឹងប្រែងដោះស្រាយឬសគល់នៃបញ្ហាបំផ្លិចបំផ្លាញបរិស្ថាន។ ចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសង្រ្គោះព្រៃឈើដែលនៅសេសសល់ចុងក្រោយបង្អស់ក្នុងតំបន់អាសុីអាគ្នេយ៍ និងបង្កើតការផ្លាស់ប្តូប្រកបដោយនិរន្តរភាព គឺជាបុរសវ័យ ២៦ លោក ឡុង កយ។
ក្នុងនាមជាសហករ និងជាប្រធានគម្រោងសហគមន៍អេកូទេសចរណ៍ ស្ទឹងអារ៉ែង (STAR-CBET) លោក កយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទេសចរណ៍ និងសកម្មភាពនានាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមក លេងកម្សាន្តនៅតំបន់អារ៉ែង។ លោកក៏ជាអ្នកគ្រប់គ្រងមូលធនពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលជាមូលនិធិសហគមន៍។ រៀងរាល់ថ្ងៃ គាត់បានចូលរួមប្រជុំជាមួយមន្រ្តី ជួសជុលផ្លូវ និងទទួលផ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តសប្បាយ និងចង់ស្វែងយល់ពីតំបន់អារ៉ែង។ យើងបានសន្ទនាជាមួយលោក កយ ពីហេតុផលដែលស្ថិតនៅពីក្រោយយុទ្ធសាស្រ្តរបស់ STAR-CBET។ ផលលំបាកដែលតំបន់អារ៉ែងកំពុងប្រឈម និងវិធីសាស្រ្តដែលគម្រោងនេះជួយឱ្យសហគមន៍ស្ថិតស្ថេរគង់វង្ស និងរុងរឿង។

គម្រោង STAR-CBET គឺជាមធ្យោបាយប្រសើរបំផុតមួយដើម្បីលើកស្ទើយសារៈសំខាន់នៃធនធានធម្មជាតិ ការពារតំបន់ទាំងនេះ និងគាំពារសហគមន៍មូលដ្ឋាន។ តើមានមូលហេតុអ្វីដែលជំរុញទឹកចិត្តឱ្យលោកបង្កើតគម្រោងនេះនៅស្ទឹងអារ៉ែង?
មូលហេតុដែលជំរុញឲ្យខ្ញុំបង្កើតសហគមន៍នេះឡើងព្រោះតែ បើសិនជាយើងកាប់ទន្រ្ទានព្រៃឈើអស់ យើងបានប្រយោជន៍ត្រឹមរយៈពេលខ្លី។ ប៉ុន្តែ ប្រសិនបើយើងថែរក្សាវាទុក យើងអាចទទួលបានប្រយោជន៍ពីសត្វព្រៃ និងព្រៃឈើជានិរន្តរ៍ តដល់កូនចៅជំនាន់ក្រោយ។មុនពេលគម្រោងត្រូវបានបង្កើត ផ្លូវមានសភាពយ៉ាប់យឺនខ្លាំងដែលពិបាកធ្វើដំណើរ។ សេវាទូរស័ព្ទល្អប្រសើរជាងមុន ហើយពលរដ្ឋទទួលបានប្រយោជន៍ដូចជា ការកសាងអណ្តូងទឹកសម្រាប់ប្រជាជនក្នុងសហគមន៍ដែលត្រូវបានគាំទ្រដោយ Redd+ [កម្មវិធីដៃគូរបស់អង្គការសហប្រជាជាតិ]។ ក្នុងមួយឃុំទទួលបានអណ្តូង ៨ ដូច្នេះអណ្តូងចំនួន ១៦ បានកសាងនៅឃុំចំនួន ២។
យើងទទួលបានបង្គន់ចំនួន ៧០ ពីអង្គការ Redd+ ផងដែរ។
អេកូទេសចរណ៍ គឺជាមធ្យោបាយដ៏ប្រសើរកន្លងសម្រាប់ទេសចរសិក្សារស្វែងយល់ពីសម្រស់ជួរភ្នំក្រវាញ និងសារៈសំខាន់នៃអេកូធម្មជាតិទាំងនេះ។ តើយុទ្ធសាស្ត្រនេះជួយប្រជាជនក្នុងសហគមន៍របស់អ្នកដោយវិធីណា?
វាជួយបានច្រើនសម្បើមណាស់។ ទីមួយ តាមរយៈសកម្មភាពនេះ វាបានជួយសហគមន៍របស់ខ្ញុំ ដោយផ្តល់ចំនូលបន្ថែមដល់ពួកគាត់ដើម្បីទ្រទ្រង់ជីវភាព មានន័យថាពួកគាត់មានឱកាសច្រើនដើម្បីរកចំនូលបន្ថែមលើសពីការធ្វើកសិកម្ម ដូចជា ការធ្វើស្រែ ការដាំបន្លែ និងការចិញ្ចឹមបសុបក្សី។ រីឯដំណាំហូបផ្លែមានដូចជា ទុរេន និងសាវម៉ាវ ពួកគាត់ដាក់លក់ជូនភ្ញៀវទេសចរណ៍ដែលបានមកលេងកម្សាន្តនៅទីនេះ។ទីពីរ វាបានជួយលុបបំបាត់ការឡើងភ្នំ [ដើម្បីកាប់ឈើខុសច្បាប់] ពីព្រោះវាមានហានិភ័យ និងអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិត បញ្ហាប្រឈមមានដូចជា កើតជំងឺគ្រុនចាញ់ គ្រុនឈាម សត្វសាហាវ និងសត្វទាក។ ទាក់ទិននឹងព្រៃឈើ មគ្គុទ្ទេសក៍គឺជាអតីតព្រានព្រៃ និងកម្មករកាប់ឈើខុសច្បាប់។ យើងជ្រើសរើសតែអតីតព្រានព្រៃឱ្យធ្វើជាមគ្គុទ្ទេសក៍។ យើងបានប្រែក្លាយអ្នកបំផ្លាញឱ្យទៅជាអ្នកការពារ អញ្ចឹងយើងកាត់បន្ថយការបំផ្លិចបំផ្លាញព្រៃឈើ។
នៅជុំវិញពិភពលោក ដែនជម្រកធម្មជាតិបានស្ថិតក្រោមបញ្ហាគំរាមគំហែងប្លែកពីគ្នាយ៉ាងច្រើន។
តើអ្វីទៅជាបញ្ហាចម្បងដែលសហគមន៍របស់លោកកំពុងជួបប្រទះ?
វាមានបញ្ហាច្រើនណាស់។ ទីមួយ គឺការអភិវឌ្ឍរបស់វិស័យឯកជន។ នេះមានន័យថា ពួកគេបានសាងសង់រីសត និងផ្តល់សេវាកម្មទេសចរណ៍ក្បែរៗនេះ ដូច្នេះអ្នកទេសចរប្រហែលជាទៅលេងកម្សាន្តនៅទីនោះព្រោះអ្នកខ្លះគាត់ត្រូវការអ្វីដែលឆើតឆាយ រីឯសហគមន៍របស់យើងគឺកសាងឡើងដើម្បីផ្សារភ្ជាប់មនុស្សជាមួយធម្មជាតិ។
ទីពីរ គឺហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្មៅដុះលើផ្លូវបង្ករជាការរំខាន ហើយយើងមិនអាចកាត់វាទាន់ពេលវេលា។
ទីបី គឺការចោលសំរាម។ [សំរាម] ដែលអ្នកទេសចរមកលេងសហគមន៍ដោយគ្មានក្រុមមគ្គុទ្ទេសក៍របស់យើងនាំផ្លូវ មានន័យថាគាត់មកទីនេះដោយខ្លួនឯង។ ពេលគាត់មកដោយគ្មានមគ្គទ្ទេសក៍ ឬអ្នកបើកម៉ូតូនាំផ្លូវទេ គាត់ទំនងជានឹងចោលសំរាមផ្តេសផ្តាសបន្ទាប់ពីពិសារួច។ គាត់មិនយកប្លាស្ទិក និងកាកសំណល់អាហារទៅជាមួយឡើយពេលគាត់ត្រឡប់ទៅផ្ទះវិញ។
ទេសចរណ៍ប្រកបដោយចីរភាព គឺជាបេះដូងនៃយុទ្ធសាស្ត្រអភិរក្សរបស់ STAR-CBET។
តើសកម្មភាពបែបណាខ្លះដែលភ្ញៀវអាចមកកម្សាន្តសប្បាយនៅសហគមន៍ ស្ទឹងអារ៉ែង ហើយហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះកិច្ចការរបស់លោក?
ខ្ញុំបានធ្វើការជាមួយភ្ញៀវទេសចរណ៍ដើម្បីបញ្ជាក់ថា គាត់ទទួលបានសេវាកម្មល្អពេលដែលមកលេងកម្សាន្តនៅសហគមន៍នេះ។ ពេលភ្ញៀវមកដល់គាត់ត្រូវចុះឈ្មោះសិន។ បន្ទាប់មក គាត់អាចជ្រើសយកសកម្មភាពមួយណាដែលគាត់ពេញចិត្តដើម្បីលេងកម្សាន្តនៅក្នុងសហគមន៍ មិនថាឡើងភ្នំ បោះជំរុំ ឬជិះទូកកាយ៉ាក់នោះឡើយ។ ចំពោះអ្នកដែលចូលចិត្តផ្សារភ្ជាប់ជាមួយធម្មជាតិ គាត់អាចមកទីនេះ ព្រោះយើងមានធម្មជាតិស្រស់ស្អាត ទឹកជ្រោះច្រើនកន្លែង និងថូបុរាណដែលមានអាយុកាល ៥០០ឆ្នាំ [វត្ថុបុរាណ និងការបញ្ចុះសព] ដែលបង្ហាញពីកុលសម្ព័ន្ធក្នុងតំបន់ [នាសម័យអង្គរ]។
ខ្ញុំបានឃើញយុវជនចូលរួមឥតស្រាកស្រាន្ត ជាពិសេសគឺបច្ចុប្បន្ន។ ពួកគាត់ហាក់មានភាពសប្បាយរីករាយក្រៃលែងក្នុងដំណើរកម្សាន្តតាមដងភ្នំ ហើយគាត់ថែមទាំងបានរួមចំណែកក្នុងកិច្ចការអភិរក្សបរិស្ថានផងដែរ។ ពេលដែលអ្នកទេសចរមកដល់ក្នុងព្រៃ ពិភពលោកខាងក្រៅនឹងបានស្គាល់ពីសហគមន៍របស់យើង។