សម្រស់ជាអំណោយដ៏មានតម្លៃដែលអ្នកទទួលបានឥតព្រាងទុកពីធម្មជាតិ ផ្ទុយពីស្តង់ដារសម្រស់ដែលជាការរំពឹងទុកដ៏មានឥទ្ធិពលដែលអ្នកទទួលបានពីសង្គម។

ភាពស្រស់ស្អាត គឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានមិនថាស្រីឬប្រុស ចាស់ឬក្មេង ហើយដើម្បីសម្រេចបានភាពស្រស់ស្អាតនេះ មនុស្សមួយចំនួនបានធ្វើការផ្លាស់ប្ដូរខ្លួនឯងទាំងកាយ និងចិត្ត ដើម្បីទទួលបាននូវអ្វីដែលគេគិតថាមានភាពទាក់ទាញ ឬទៅតាមស្តង់ដារសម្រស់ដែលត្រូវបានគេឱ្យតម្លៃក្នុងសង្គម។ ជាអកុសល ការកំណត់ស្តង់ដារសម្រស់នេះក៏បានបង្កឱ្យមានបញ្ហាសម្រាប់បុគ្គល និងសង្គមទាំងមូលតាមរយៈការរើសអើង ការប៉ះពាល់ដល់សុខភាពផ្លូវចិត្ត បញ្ហាសុខភាពរាងកាយ និងអសន្តិសុខសង្គមជាដើម។
តើស្តង់ដារសម្រស់គឺជាអ្វី?
ស្តង់ដារសម្រស់ត្រូវបានឱ្យនិយមន័យខុសគ្នាទៅតាមប្រទេសនីមួយៗ ហើយវាជាការរំពឹងទុកដែលបង្កើតដោយសង្គម។ ការសិក្សារបស់លោក អាន់តូនីអូ ហ្វិនតេ ដេល ខេមប៉ូ (Antonio Fuente del Campo) ដែលជាគ្រូពេទ្យជំនាញវះកាត់កែសម្ផស្ស (International Editor of Aesthetic Surgery Journal) ដ៏ល្បីមួយមកពីប្រទេសប្រេស៊ីល បានបង្ហាញថាស្តង់ដារសម្រស់របស់ប្រទេសនីមួយៗមានភាពខុសប្លែកពីគ្នាទៅតាមបរិបទនៃប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ខ្លួន។ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះ គឺដោយសារឥទ្ធិពលនៃការរីកលូតលាស់នៃប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដូចជាទស្សនាវដ្ដី ខ្សែភាពយន្ត ការផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រព័ន្ធទំនាក់ទំនងក្នុងសង្គម បានធ្វើឱ្យមានការផ្លាស់ប្ដូរ និងប៉ះពាល់ទៅលើតម្លៃ និងនិយមន័យនៃសម្រស់របស់ជាតិនីមួយៗ ហើយភាគច្រើននៃអ្នកដែលចង់ផ្លាស់ប្ដូរខ្លួនឯង គឺតែងតែទទួលរងឥទ្ធិពលពីហេតុផលទាំងនោះដែរ។
តើស្តង់ដារសម្រស់មានប្រភពមកពីណា?
តាមការសិក្សារបស់សាស្ត្រាចារ្យ ឌីទ្រីច វ៉ន ប៉ូមែ (Dr. Dietrich von Bothmer) ដែលជាអ្នកគ្រប់គ្រងដេប៉ាតឺម៉ង់អាណាចក្រក្រិក និងរ៉ូម៉ាំង របស់សារមន្ទីរសិល្បៈនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានរកឃើញថា ស្តង់ដារសម្រស់របស់លោកខាងលិចត្រូវបានបង្កើតប្រហែលតាំងពី ២៤០០ឆ្នាំមុនមកម្ល៉េះនៅក្នុងទីក្រុងក្រិក និងរ៉ូម។ ប៉ុន្តែតម្លៃនៃភាពស្រស់ស្អាតមានការប្រែប្រួលពីសម័យកាលមួយទៅមួយដូចគ្នា។
មូលហេតុអ្វីបានជាត្រូវមានស្តង់ដារសម្រស់?
លោក ជីន លីប៊ត (Jean Liebault) ដែលជាគ្រូពេទ្យជំនាញល្បីម្នាក់របស់បារាំង បានបញ្ជាក់ថា មូលហេតុចម្បងនៃការបង្កើតស្តង់ដារសម្រស់ដោយសារតែកត្តាឋានៈ សេដ្ឋកិច្ច និងនយោបាយ។ បើក្រឡេកមកបរិបទនៅក្នុងប្រទេសកម្ពុជាវិញ កាលពីសម័យកាលបុរាណគេមិនសូវឱ្យតម្លៃខ្លាំងទៅលើរូបសម្បត្តិខាងក្រៅ និងការតុបតែងខ្លួនដោយប្រើប្រាស់គ្រឿងសម្អាងនោះទេ។ ទោះបីជាមានពិធីចូលម្លប់ក៏ពិតមែន តែវាត្រូវបានបង្កើតឡើងសម្រាប់តែកូនស្រីដើម្បីសិក្សាពីច្បាប់ក្បួនក្នុងនាមជាស្ត្រីមេផ្ទះ និងបន្ទំរាងកាយក្នុងរយៈពេលខ្លីប៉ុណ្ណោះទៅតាមលទ្ធភាពនៃគ្រួសារ។ នៅពេលបច្ចុប្បន្ននេះ ទោះបីជាគេពុំសូវឃើញមានការអនុវត្តពិធីចូលម្លប់បែបនេះទៀតក្តី ប៉ុន្តែតម្លៃនៃសម្រស់កាន់តែមានការផ្លាស់ប្ដូរខ្លាំងជាងមុន ដោយពេលនេះទាំងបុរសនិងនារីបានងាកមកប្រើប្រាស់ផលិតផលគ្រឿងសម្អាង និងធ្វើការផ្លាស់ប្ដូររូបរាងកាយខ្លួនឯងតាមបែបវិទ្យាសាស្ត្រត្រឹមតែរយៈពេលខ្លី ដើម្បីបំពេញសេចក្តីត្រូវការរបស់ខ្លួនឯង និងបង្កើតឱ្យមានភាពទាក់ទាញនៅក្នុងសង្គម ដោយសារមនុស្សនៅក្នុងសង្គមនាពេលនេះយល់ថាភាពស្រស់ស្អាតនៅរូបរាងខាងក្រៅបានតំណាងឱ្យឋានៈ និងស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ។
តើអ្វីដែលគេចាត់ទុកថាជាភាពស្រស់ស្អាត ឬស្តង់ដារសម្រស់នៅក្នុងសង្គមកម្ពុជា?
ប្រភពនៃការកំណត់ស្តង់ដារសម្រស់នៅកម្ពុជាមានការជាប់ទាក់ទិននឹងរបត់នៃការផ្លាស់ប្ដូរជាច្រើន។ វាអាចបណ្តាលមកពីការទទួលយក និងការមើលឃើញពីលំហូរចូលនៃការផ្សព្វផ្សាយពីផលិតផល និងវប្បធម៌បរទេស។
លើសពីនេះទៅទៀត កត្តាជំរុញសំខាន់ដែលបានចាក់ឫសចាក់គល់នោះ គឺផ្នត់គំនិតនៃបុព្វសិទ្ធិពណ៌សម្បុរនៅក្នុងសង្គមដែលគេសង្កេតឃើញថាមានកំណើតចាប់តាំងពីសម័យមុនអាណានិគមមកម្ល៉េះ។ មិនត្រឹមតែកម្ពុជាតែមួយនោះទេ គឺវាបានលាតសន្ធឹងនៅក្នុងតំបន់អាស៊ី ដែលគេផ្តល់ការគោរពទៅលើបរទេសដែលមានសម្បុរស ព្រោះវាតំណាងឱ្យក្រុមអ្នកមានអំណាច មានទ្រព្យសម្បត្តិ ឬយសសក្តិខ្ពស់។ ចំណែកបុគ្គលដែលមានសម្បុរមិនសូវជ្រះថ្លា ត្រូវបានគេចាត់ទុកជាអ្នកពុំសូវមានមាសប្រាក់ និងមានឋានៈតូចទាប ព្រោះត្រូវធ្វើការហត់នឿយក្រោមពន្លឺព្រះអាទិត្យច្រើន ដូចជាកសិករ និងកម្មករ ជាដើម។ ស្រមោលអន្ធការនេះ ក៏នៅតែបន្តគ្របដណ្តប់លើមនុស្សមួយចំនួននៅក្នុងសង្គមកម្ពុជាមកទល់សព្វថ្ងៃនេះដែរ។
ក្នុងពេលបច្ចុប្បន្ននេះ នារីត្រូវបានគេកំណត់ភាពស្រស់ល្អផូរផង់ទៅលើពណ៌សម្បុរសជ្រះ កម្ពស់ខ្ពស់សមសួន រូបរាងស្រលូន ដើមទ្រូងធំ និងភាពទាក់ទាញនៅលើផ្ទៃមុខរលោងដែលមានច្រមុះឈរស្រួច មុខដូចពងក្រពើឬដូចអក្សរ V ត្របកភ្នែកពីរជាន់ ធ្មេញសចែងចាំង និងសក់ក្រាស់វែងរលោងជាដើម។ ចំណែកឯបុរសត្រូវបានគេកំណត់ទៅលើរូបរាងខ្ពស់ស្រលះ មានសាច់ដុំមាំមួន មុខមាត់សមសួន និងមានសម្បុរស្រអែមឬសជាដើម។ ចំពោះបុរសពុំសូវមានបញ្ហាប្រឈមដូចមនុស្សស្រីនោះទេចំពោះបញ្ហាសម្បុរខាងក្រៅ។
ដោយធ្វើការផ្នែកលក់សម្លៀកបំពាក់នារី និងធ្លាប់ផ្តល់សេវាកម្មទៅដល់មនុស្សរាប់រយរួចមកហើយនោះ អ្នកស្រី រស់ សុជាតា បានចែករំលែកពីការយល់ឃើញរបស់ខ្លួនទៅលើនិយមន័យនៃស្តង់ដារសម្រស់ដែលកំពុងពេញនិយមនៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ។
អ្នកស្រីកត់សម្គាល់ថា៖ «មនុស្សភាគច្រើនឥឡូវទាល់តែស បានគេថាស្អាត ជាពិសេសមនុស្សស្រីវិញទាល់តែមានសាច់សខ្ចី រាងស្លីម ច្រមុះស្រួចតិច សក់វែងតិច ដើមទ្រូងរាងធំតិច ទើបមើលទៅឃើញស្អាត និងមានភាពទាក់ទាញ។ តែបើមនុស្សប្រុសវិញសម្រាប់ខ្ញុំយល់ថា ១,៧៥ម៉ែត្រអីឡើងទៅ មានសាច់ដុំតិចៗទៅស្អាតហើយ មិនសូវរើសច្រើនដូចស្រីទេ»។
ទាក់ទងនឹងជីវិតផ្ទាល់ខ្លួន អ្នកស្រី សុជាតា ក៏ធ្លាប់ជួបប្រទះដោយសារបញ្ហាស្តង់ដារសម្រស់នេះដែរ ដែលវាបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងភាពសុទិដ្ឋិនិយមទៅលើរូបរាងកាយរបស់ខ្លួន ហើយចង់ផ្លាស់ប្ដូរខ្លួនឯងដើម្បីតម្រូវទៅតាមការនិយមនៅក្នុងសង្គម។
អ្នកស្រី សុជាតា បាននិយាយបន្ថែមថា៖ «ពេលខ្លះខ្ញុំអន់ចិត្តនឹងខ្លួនឯងដែលកើតមកមិនមានច្រមុះស្រួចស្អាត និងសាច់សខ្ចីដូចគេ។ មិត្តភក្ដិខ្ញុំខ្លះតែងតែនិយាយលេង និងបង្អាប់ពីច្រមុះធំរបស់ខ្ញុំ វាធ្វើឱ្យខ្ញុំមានអារម្មណ៍អៀនខ្មាស និងចង់ទៅកែច្រមុះឱ្យស្អាត»។
ក្រៅពីនេះ អ្នកស្រី សុជាតា ក៏ធ្លាប់ប្រើប្រាស់គ្រឿងសម្អាង និងវិធីសាស្ត្រជាច្រើនដើម្បីកែប្រែពណ៌សម្បុរធម្មជាតិរបស់ខ្លួន ដើម្បីឱ្យស័ក្តិសមទៅនឹងសម័យថ្មីដែលហាក់បីដូចជាពេញនិយមទៅលើសម្បុរស៖ «ខ្ញុំតែងតែលាបឡេជាប្រចាំដើម្បីជួយឱ្យសាច់ខ្ញុំសជាងមុន ព្រោះមនុស្សឥឡូវទាល់តែស ទើបបានមើលទៅស្អាត ហើយស្លៀកពាក់អីក៏សម ហើយពេលចេញទៅក្រៅឃើញគេសៗស្អាត ធ្វើឱ្យខ្ញុំចង់សដែរ»។

តើស្តង់ដារសម្រស់បានជះឥទ្ធិពលអាក្រក់អ្វីខ្លះ?
ផ្អែកតាមការសិក្សារបស់មជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានបច្ចេកវិទ្យាជីវៈ (The National Center for Biotechnology Information) ដែលជាស្ថាប័នសិក្សាពីផ្នែកសុខភាព និងវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថាការប្រើប្រាស់ផលិតផលដែលមិនត្រូវតាមស្តង់ដារសុខភាពអាចបណ្តាលឱ្យមានប្រតិកម្ម (allergic) បញ្ហារមាស់ និងការប៉ះពាល់ទៅលើបញ្ហាសុខភាព ជាពិសេសផលិតផលដែលមានសារធាតុជាតិដែកខ្ពស់ ដូចជា កាដម្ញូម (Cadmium) និងស័ង្កសី និងសារធាតុផ្សេងៗទៀតដែលភាគច្រើនគឺបានផ្ទុកនៅក្នុងក្រែមលាបមាត់ ថ្នាំលាបសក់ និងគ្រឿងសម្អាងផាត់មុខជាដើម។
ការស្រាវជ្រាវរួមគ្នារបស់គ្រូពេទ្យជំនាញបរទេសមកពីសាកលវិទ្យាល័យអន្តរជាតិ (IU) និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅកម្ពុជា កាលពីឆ្នាំ២០១៥ បានបង្ហាញថានៅកម្ពុជាការប្រើប្រាស់ផលិតផលធ្វើឱ្យស្បែកសដែលមានផ្ទុកនូវជាតិបារតមានកម្រិតលើសការណែនាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) មានរហូតដល់ ៣៥.០០០ដងក្នុងផលិតផល ធ្វើឱ្យប៉ះពាល់ដល់សុខភាពជាខ្លាំង។ សារធាតុបារតត្រូវបានគេយកមកប្រើប្រាស់នៅក្នុងគ្រឿងសម្អាង និងជាពិសេសផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដូចជាឡេលាបខ្លួន ក្រែម (Cream) លាបដើម្បីធ្វើឱ្យស្បែកស និងកាត់បន្ថយសារធាតុមេឡានីន (Melanin) នៅក្នុងស្បែក។
តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា សារធាតុបារតក៏បានជាប់ក្នុងតារាងសារធាតុគ្រោះថ្នាក់ទាំង១០ ក្នុងវិស័យសុខភាពសាធារណៈ ព្រោះអាចបង្កឱ្យមានបញ្ហាដូចជាការប៉ះពាល់ដល់ប្រព័ន្ធប្រឆាំងមេរោគ (nervous) ប្រព័ន្ធភាពស៊ាំ (immune system) ការរំលាយអាហារ (digestion) ជាពិសេសដល់សួត តម្រងនោម ស្បែក និងភ្នែក។ សម្រាប់ស្ត្រីដែលមានផ្ទៃពោះ វាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃថែមទៀតផង (child in utero and early in life)។
ការលក់ផលិតផលគ្រឿងសម្អាងនៅលើទីផ្សារកម្ពុជា ជាពិសេសផលិតផលដែលធ្វើឱ្យស្បែកសក្នុងរយៈពេលខ្លី ដូចជាឡេលាបស្បែក និងថ្នាំលេបឱ្យសក្នុងរយៈពេលមួយសប្តាហ៍ និងផលិតផលផ្សេងៗជាច្រើនមុខទៀតកំពុងមានការរីកលូតលាស់ដូចផ្សិត ជាពិសេសនៅតាមអនឡាញ ដោយសារតម្រូវការនៃការប្រើប្រាស់ផលិតផលបែបនេះមានការរីកចម្រើន។
កាលពីឆ្នាំ២០១៨ កន្លងទៅនេះដែរ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានធ្វើការដុតកម្ទេចផលិតផលក្លែងក្លាយ និងគ្រឿងសម្អាងចំនួន ៦០តោន ដែលបានរឹបអូសមកពីបីទីតាំងក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាល មានដូចជាថ្នាំលាបសក់ ថ្នាំអប់សក់ សាប៊ូលាងមុខ សាប៊ូកក់សក់ ម្សៅលាបមុខ ឡេលាបស្បែក ក្រែមលាបមាត់ ស្ព្រៃយ៍ (Spray) បាញ់សក់ ទឹកអប់។ល។
ទោះបីសម្រស់ជាបញ្ហារូបរាងខាងក្រៅក៏ពិតមែន តែវាក៏បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់មនុស្ស ដូចជាការព្រួយបារម្ភផ្នែកផ្លូវចិត្ត គុណភាពនៃការរស់នៅ និងទម្លាប់មិនល្អដែលអាចប៉ះពាល់ដល់សុខភាព ដូចជាការបរិភោគមិនទៀងទាត់។ នេះបើតាមការបង្ហាញរបស់ The British Psychological Society ដែលជាមជ្ឈមណ្ឌលសិក្សាពីចិត្តសាស្ត្ររបស់ចក្រភពអង់គ្លេស។
ក្រៅពីនេះ ស្តង់ដារសម្រស់ក៏បង្កឱ្យមានការរើសអើងនៅក្នុងសង្គមផងដែរ ដូចជាការរើសអើងក្នុងកន្លែងការងារ សាលារៀន ទីសាធារណៈ និងនៅក្នុងគ្រួសារថែមទៀតផង។
និស្សិតជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា តាន់ សុមេធា បានលើកឡើងនូវបទពិសោធន៍ដែលខ្លួនធ្លាប់ជាជនរងគ្រោះនៃការរើសអើងដោយសារស្តង់ដារសម្រស់នៅក្នុងសង្គម និងការនិយាយបង្អាប់ពីសំណាក់ក្រុមគ្រួសារខ្លួនឯងផ្ទាល់ផងដែរ។
សុមេធា បាននិយាយថា៖ «នៅក្នុងគ្រួសារខ្ញុំ ជាពិសេសម៉ាក់និងយាយរបស់ខ្ញុំ តែងតែនិយាយថាមាឌខ្ញុំធំមិនដូចមនុស្សស្រីទេ ថាជើងខ្ញុំមានសាច់ដុំធំៗដូចជើងដំរី ឬប្រដូចទៅនឹងអីផ្សេងជាដើម»។
ការសិក្សាអំពីចិត្តវិទ្យាសង្គម (Social Psychology) របស់លោក ស្ទេហ្វឺនី ចនសាន់ (Stefanie Johnson) ដែលបានចុះផ្សាយនៅលើវេបសាយ Science Daily បានរកឃើញថាមនុស្សដែលមានសម្រស់ស្អាត ភាគច្រើនទទួលបានប្រាក់ខែខ្ពស់ ការវាយតម្លៃការងារល្អ និងទទួលបានឱកាសច្រើនក្នុងកិច្ចការផ្សេងៗ។ ប៉ុន្តែនៅក្នុងនោះ គេក៏រកឃើញថាមនុស្សដែលមានរូបរាងស្អាតខាងក្រៅក៏ជួបប្រទះការរើសអើងក្នុងប្រភេទការងារមួយចំនួនដែលទាក់ទងនឹងការប្រើប្រាស់កម្លាំងខ្លាំងផងដែរ ជាពិសេសសម្រាប់មនុស្សស្រី។
វិសាលភាពនៃស្តង់ដារសម្រស់កាន់តែដើរលឿន និងមានឥទ្ធិពលខ្លាំង ដោយសារភាពសម្បូរបែប និងភាពឆាប់រហ័សក្នុងការចែកចាយព័ត៌មានក្នុងសម័យរីកចម្រើនផ្នែកបច្ចេកវិទ្យា និងទំនាក់ទំនងសង្គមនេះ។ ស្តង់ដារសម្រស់ក៏បានបង្កឱ្យមានការយល់ឃើញមិនត្រឹមត្រូវ និងសីលធម៌សង្គមធ្លាក់ចុះ ដោយសារការវាយតម្លៃមនុស្សទៅលើរូបរាងខាងក្រៅ ការរើសអើងពណ៌សម្បុរជាដើម។ ជាក់ស្តែង ស្តង់ដារសម្រស់ដែលមានប្រភពមកពីប្រទេសខាងក្រៅ វាអាចបង្កឱ្យមានការប៉ះពាល់ដល់វប្បធម៌ខាងក្នុង ដោយសារការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលដែលបំភ្លៃការពិត និងប្រើប្រាស់រូបភាពមិនសមរម្យជាដើម។
ការឱ្យតម្លៃទៅលើភាពស្រស់ស្អាត មិនសុទ្ធតែមានអត្ថន័យដូចគ្នាទាំងអស់នោះទេ។ បុគ្គលម្នាក់ៗផ្តល់និយមន័យ និងការយល់ឃើញពីខ្លឹមសារនៃសម្រស់ផ្សេងៗគ្នា។
កញ្ញា តាន់ សុមេធា បានចាប់ផ្តើមទទួលស្គាល់ភាពស្រស់ស្អាតពីធម្មជាតិរបស់ខ្លួនឯង បន្ទាប់ពីនាងបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងនៅពេលនាងមើលឃើញពីភាពចម្រុះពីធម្មជាតិរបស់មនុស្សនៅក្នុងសង្គម។
កញ្ញាបានសង្កត់ធ្ងន់ថា៖ «សម្រាប់ខ្ញុំ ភាពស្រស់ស្អាតជាការរួមបញ្ចូលគ្នាដោយអត្តចរិតល្អ មានស្មារតីផ្តល់ទឹកចិត្តដល់អ្នកដទៃ និងជំនឿចិត្តលើខ្លួនឯង។ ភាពស្រស់ស្អាតមិនមែនគ្រាន់តែជាការមើលឃើញពីរូបរាងខាងក្រៅនោះទេ ប៉ុន្តែវាបានចេញមកពីខាងក្នុង»៕