កូវីដ១៩ ពិតណាស់ ជាប្រធានបទដ៏ធំមួយប្រចាំឆ្នាំ២០២០ ដែលពេលខ្លះក៏ធ្វើឱ្យមនុស្សម្នាធុញទ្រាន់នឹងវាដែរ ព្រោះវាជារឿងមួយ មិនចេះចប់មិនចេះហើយ។ ក្រៅពីកូវីដ១៩ យើងមើលឃើញថា មាននិន្នាការជាច្រើនបានកើតឡើងក្នុងឆ្នាំ២០២០ដែរ ជាពិសេសនៅលើបណ្តាញអ៊ីនធើណិត។
ពេលនឹកដល់ឆ្នាំ២០២០ ការរាតត្បាតនៃជំងឺកូវីដ១៩ ប្រហែលជាប្រធានបទដំបូងៗ ដែលគេផងតែងតែគិតដល់ ព្រោះវាជាវិបត្តិសុខភាពសាធារណៈពិភពលោកមួយ ក្នុងប្រវត្តិសាស្ត្រសម័យទំនើប (Modern History)។
ដោយសារវត្តមាននៃកូវីដ១៩នេះ ឆ្នាំ២០២០ អាចចាត់ទុកបានជាឆ្នាំមួយ ដែលពោរពេញដោយការភ្ញាក់ផ្អើលមួយសម្រាប់មនុស្សគ្រប់រូប ដែលតម្រូវឱ្យយើងបត់បែនតាមជានិច្ច ទោះបីយើងមិនទាន់បានត្រៀមខ្លួនសម្រាប់វាក៏ដោយ។ ហើយពេលខ្លះ យើងប្រហែលជាធ្លាប់គិតចង់ឆ្លងផុតឆ្នាំនេះឱ្យលឿនៗ។
ប៉ុន្តែ ក្រៅពីការពិភាក្សាពីកូវីដ១៩ ការរស់នៅតាមបែបគន្លងថ្មីផ្សេងៗ ការបង្អាក់ដំណើរទេសចរណ៍ទៅក្រៅប្រទេសយើងក៏ឃើញមាននិន្នាការថ្មីៗមួយចំនួនក្នុងសង្គមកម្ពុជា ក្នុងឆ្នាំ២០២០នេះផងដែរ។ ក្នុងនោះ Focus សង្កេតឃើញមាន១០ប្រធានបទធំៗ រួមមាន៖
១ ការកកើតឡើងនៃផេក Confession លើហ្វេសប៊ុក (ទម្លាយអាថ៌កំបាំងដោយមិនបញ្ចេញមុខ)
ពេលដែលអ្នកអូសមើលហ្វេសប៊ុកក្នុងរយៈពេលចុងក្រោយនេះ ក្នុងឆ្នាំ២០២០ អ្នកប្រហែលជាធ្លាប់បានប្រទះឃើញការចែករំលែកតៗគ្នា ពីការសារភាពបែបអនាមិក អំពីបទពិសោធន៍ប្លែកៗ ដែលពេលខ្លះអស់សំណើច ពេលខ្លះហួសចិត្ត ហើយពេលខ្លះទៀតអ្នកប្រហែលជាមានអារម្មណ៍ទាក់ទងនឹងខ្លួនឯង (Relateable)។ សារបង្ហោះបែបអនាមិកទាំងនោះ ទទួលបានការបញ្ចេញមតិជាច្រើន ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម នៅពេលណាដែលប្រកាសទាំងនោះ ទាក់ទងនឹងប្រធានបទរសើប ឬគួរឱ្យហួសចិត្តខ្លាំង ដែលមនុស្សមិនហ៊ាននិយាយដោយចេញមុខផ្ទាល់។ ផេកសារភាព ទាំងនោះភាគច្រើនបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០នេះផ្ទាល់ ជាពិសេសនៅតាមសាកលវិទ្យាល័យធំៗក្នុងរាជធានីភ្នំពេញ។ យើងមិនដឹងថា មូលហេតុអ្វីទើប ផេកសារភាពទាំងនោះកកើតច្រើនក្នុងឆ្នាំនេះនោះទេ ប៉ុន្តែបាតុភូតនេះអាចបង្ហាញឱ្យយើងឃើញថា មនុស្សតែងតែជួបរឿងប្លែកៗជាច្រើនក្នុងជីវិត ដែលយើងនឹកស្មានមិនដល់។ ហើយពេលខ្លះ ការសារភាពអនាមិកទាំងនោះ អាចឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងមួយ អំពីយុវជនខ្មែរបច្ចុប្បន្ន។
២ ប្រជាប្រិយភាពនៃ Tik Tok
យោងតាមគេហទំព័រ Geek In Cambodia គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានអ្នកប្រើប្រាស់បណ្តាញសង្គមTik Tok ៥០មុឺននាក់ ដែលក្នុងនោះភាគច្រើនជាយុវជន និងក្មេងៗថ្នាក់វិទ្យាល័យ និងបឋម។ នៅតាមហាងកាហ្វេ និងទីសាធារណៈនានា មានឪពុកម្ដាយខ្លះ រអ៊ូប្រាប់គ្នា ថាមួយថ្ងៃៗកូនឃើញលេងតែ Tik Tok។ តាមពិតទៅ ក្នុងឆ្នាំ២០២០នេះ Tik Tok មិនមែនទទួលបានការពេញនិយម តែក្នុងប្រទេសកម្ពុជានោះទេ នៅតាមបណ្ដាប្រទេសជាច្រើនក៏ដូចគ្នាដែរ។
៣ ការនិយាយពី Body Positivity
Body Positivity គឺជាចលនាសង្គមមួយ នៅលើបណ្ដាញសង្គម ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់សិទ្ធិនិង បង្កើតការទទួលយកថា វាជារឿងធម្មតាមួយក្នុងការដែលមនុស្សមានរូបរាងផ្សេងៗ ខុសពីស្តង់ដាសម្រស់ ដែលសង្គមនីមួយៗចង់បាន។ ក្នុងឆ្នាំ២០២០នេះ យើងមើលឃើញថា នៅកម្ពុជាបានចាប់ផ្ដើម កើតមានចលនានេះឡើង ជាបន្តបន្ទាប់ ភាគច្រើនក្នុងទម្រង់មួយ ដែល សកម្មជនផ្នែកនេះ ចេញមកនិយាយ ដើម្បីបញ្ជ្រាបគំនិតនេះ។
៤ ការរៀន ធ្វើការ និងដំណើរការកម្មវិធីផ្សេងៗ អនឡាញ
កូវីដ១៩ ធ្វើឱ្យមនុស្សអនុវត្តនូវកិច្ចការជាច្រើន ដែលពីមុនធ្លាប់គិតថាធ្វើមិនបាន។ ក្នុងនោះយើងមិនអាចមើលរំលង ការរៀន ធ្វើការ និងដំណើរការកម្មវិធីផ្សេងៗអនឡាញបាននោះទេ។ ការអនុវត្តកិច្ចការអនឡាញទាំងនោះ ត្រូវបានធ្វើឡើងជាចម្បង ដើម្បីកាត់បន្ថយការជួបជុំគ្នាដោយផ្ទាល់ មុខនឹងមុខ ដើម្បីចៀសវាងការរីករាលនៃជំងឺកូវីដ១៩។ បទពិសោធន៍ទាំងនោះ ធ្វើឱ្យយើងឃើញថា តាមពិតទៅរឿងខ្លះ អាចធ្វើទៅរួច ដោយមិនចាំបាច់ជួបគ្នាផ្ទាល់។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បានបង្កើតកម្មវិធី ដែលអនុញ្ញាតឱ្យមានការជួបជុំ ឬ រៀនក្នុងថ្នាក់តាមអនឡាញ សម្រាប់ចំនួនមនុស្សច្រើន ដូចជា Google Meet Google Classroom Microsoft Team និង Zoom ជាដើម។ យើងមិនទាន់ដឹងថា និន្នាការនេះនឹងនូវតែបន្តទទួលការចាប់អារម្មណ៍ក្រោយកូវីដ១៩ ឬក៏អត់នោះទេ ព្រោះថាទន្ទឹមនឹងគុណសម្បត្តិដែលកម្មវិធីទាំងនេះផ្តល់ឱ្យ ក៏មានការសិក្សារកឃើញពីគុណវិបត្តិរបស់សកម្មភាពអនឡាញទាំងនោះ នៅពេលអនុវត្តក្នុងរយៈពេលយូរមួយផងដែរ។
៥ ការពិភាក្សាលើអនាគតនៃការងារ
ដោយសារកូវីដ១៩ បានធ្វើឱ្យមានការផ្លាស់ប្ដូរច្រើនលើការបំពេញការងាររបស់មនុស្ស។ មនុស្សជាច្រើនបានចាប់អារម្មណ៍លើការពិភាក្សាលើអនាគតនៃការងារ ព្រោះកូវីដ១៩បានធ្វើឱ្យគេគិតថា តាមពិតទៅការងារខ្លះមិនចាំបាច់ត្រូវការមនុស្សដើម្បីធ្វើនោះទេ។ អ្នកជំនាញក៏បានសិក្សាព្យាករណ៍មើល ដែលថាជំនាញអ្វីដែលចាំបាច់ពិតប្រាកដទៅថ្ងៃអនាគត ហើយអ្វីនឹងត្រូវជំនួសដោយគ្រឿងយន្ត ឬនឹងសាបសូន្យលែងចាំបាច់។ ទន្ទឹមនឹងនេះ ការជិតឈានចូលមកដល់នៃ ឧស្សាហកម្ម ៤.០ ក៏ត្រូវបានយកមកនិយាយច្រើនដែលនៅក្នុងឆ្នាំនេះ ព្រោះវានឹងប៉ះពាល់ដល់ប្រជាជនជាច្រើន ប្រសិនបើយើងត្រៀមខ្លួនមិនទាន់។
នេះគឺអត្ថបទទី១ ដែលជាអត្ថបទទីមួនៃកម្រងអត្ថបទអំពី និន្នាការកើតឡើងក្នុងឆ្នាំ២០២០ ក្រៅពីកូវីដ១៩។
អានអត្ថបទទី២នៅទីនេះ។