កូវីដ១៩ ពិតណាស់ ជាប្រធានបទដ៏ធំមួយប្រចាំឆ្នាំ២០២០ ដែលពេលខ្លះក៏ធ្វើឱ្យមនុស្សម្នាធុញទ្រាន់នឹងវាដែរ ព្រោះវាជារឿងមួយ មិនចេះចប់មិនចេះហើយ។ ក្រៅពីកូវីដ១៩ យើងមើលឃើញថា មាននិន្នាការជាច្រើនបានកើតឡើងក្នុងឆ្នាំ២០២០ដែរ ជាពិសេសនៅលើបណ្តាញអ៊ីនធើណិត។
ពេលនឹកដល់ឆ្នាំ២០២០ ការរាតត្បាតនៃជំងឺកូវីដ១៩ ប្រហែលជាប្រធានបទដំបូងៗ ដែលគេផងតែងតែគិតដល់ ព្រោះវាជាវិបត្តិសុខភាពសាធារណៈពិភពលោកមួយ ក្នុងប្រវត្តិសាស្ត្រសម័យទំនើប (Modern History)។
ដោយសារវត្តមាននៃកូវីដ១៩នេះ ឆ្នាំ២០២០ អាចចាត់ទុកបានជាឆ្នាំមួយ ដែលពោរពេញដោយការភ្ញាក់ផ្អើលមួយសម្រាប់មនុស្សគ្រប់រូប ដែលតម្រូវឱ្យយើងបត់បែនតាមជានិច្ច ទោះបីយើងមិនទាន់បានត្រៀមខ្លួនសម្រាប់វាក៏ដោយ។ ហើយពេលខ្លះ យើងប្រហែលជាធ្លាប់គិតចង់ឆ្លងផុតឆ្នាំនេះឱ្យលឿនៗ។
ប៉ុន្តែ ក្រៅពីការពិភាក្សាពីកូវីដ១៩ ការរស់នៅតាមបែបគន្លងថ្មីផ្សេងៗ ការបង្អាក់ដំណើរទេសចរណ៍ទៅក្រៅប្រទេសយើងក៏ឃើញមាននិន្នាការថ្មីៗមួយចំនួនក្នុងសង្គមកម្ពុជា ក្នុងឆ្នាំ២០២០នេះផងដែរ។ ក្នុងនោះ Focus សង្កេតឃើញមាន១០ប្រធានបទធំៗ រួមមាន៖
៦ ចំណាប់អារម្មណ៍លើការជិះកង់
កង់ ជាពិសេសក្នុងទីក្រុងភ្នំពេញ ពីមុនភាគច្រើនត្រូវបានគេចាត់ទុកជាយានជំនិះ មួយប្រភេទ ដែលឆ្លុះបញ្ចាំងពីវណ្ណៈនៅក្នុងសង្គម។ អ្នកជិះកង់ភាគច្រើនត្រូវបានគេវាយតម្លៃជា ប្រជាជនក្រីក្រ មិនដែលមិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញយានយន្ត ដូចជាម៉ូតូ ឬ រថយន្តជិះសម្រាប់ធ្វើដំណើរ។ ប៉ុន្តែ ប្រជាជនជាច្រើនបានចាប់ផ្តើមនាំគ្នាជិះកង់ ក្នុងទីក្រុងភ្នំពេញ នៅក្នុងឆ្នាំ២០២០នេះ។ ជានិច្ចកាល នៅពេលល្ងាច និងចុងសប្ដាហ៍ នៅតាមដងផ្លូវធំៗនានា យើងឃើញមានអ្នកជិះកង់ទាំងក្មេងទាំងចាស់។ គោលដៅពេញនិយមសម្រាប់អ្នកជិះកង់ រួមមាន ម្តុំវិមានឯករាជ្យ មជ្ឈមណ្ឌលកោះពេជ្រ និងតំបន់ត្រើយម្ខាងទៀតទន្លេ ដូចជាអរិយក្សត្ស កោះដាច់ ឬ កៀនស្វាយ ។ មកទល់បច្ចុប្បន្នយើងនៅតែមិនដឹងពីដើមហេតុពិតប្រាកដនៃនិន្នាការនៃការជិះកង់នេះនៅឡើយទេ។ ប៉ុន្តែ ទំនោរនៃការជិះកង់ប្រហែលជាអាចប្រាប់ថា ប្រជាជនខ្មែរចាប់ផ្ដើមឱ្យតម្លៃលើសុខភាពជាងមុន និងមានជម្រើសកាន់ច្រើនក្នុងការហាត់ប្រាណ។
៧ ចំណាប់អារម្មណ៍លើការដើរព្រៃ ឬឡើងភ្នំបោះតង់
ចំនួននៃការវេចបង្វេចគេចពីទីក្រុង ដើម្បីដើរព្រៃ ឬឡើងភ្នំបោះតង់ បានកើនឡើងគួរឱ្យគត់សម្គាល់ក្នុងឆ្នាំ២០២០នេះ ថ្វីត្បិតថាវាមិនមែនទើបតែចាប់ផ្តើមក្នុងឆ្នាំ២០២០នេះក៏ដោយ។ ណាមួយ ការរិតត្បិតដំណើរកំសាន្តក្រៅប្រទេស បានធ្វើឱ្យមនុស្សជាច្រើនងាកមកចាប់អារម្មណ៍លើសកម្មភាពបែបផ្សងព្រេងនេះ ច្រើនមែនទែន ជាពិសេសទៅកាន់តំបន់អភិរក្ស និងឧទ្យានជាតិនានា នៅតាមបណ្តាខេត្តជាប់ភ្នំនានា ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ យើងឃើញថា មនុស្សជាច្រើន បានចាត់ទុកខ្លួនឯងជាអ្នកដើរព្រៃ ទាំងធ្លាប់បានដើរព្រៃបោះតង់បានតែម្តង ឬពីរដង។ សួរថា តើដូចម្តេច កំណត់ហៅថា អ្នកដើរព្រៃផ្សងព្រេងពិតប្រាកដ? ទន្ទឹមនឹងនេះ ចំណាប់អារម្មណ៍លើការដើរព្រៃ ឬឡើងភ្នំបោះតង់ ក៏បានបង្កើតឱ្យមាន ក្រុមហ៊ុនទទួលរៀបចំសេវាដំណើរកំសាន្តផ្សេងព្រេងបែបនេះ និងអាជីវកម្មលក់សម្ភារៈ ឡើងភ្នំ និងបោះតង់ នេះដែរ។
៨ ការរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
ក្រៅពីកូវីដ១៩ បញ្ហាទាក់ទងនឹងប្លាស្ទិកក៏ជាប្រធានរសើបមួយដែរ ក្នុងឆ្នាំ២០២០។ តាមពិតទៅ កន្លងមក យើងឃើញមាន គម្រោង សកម្មភាព និង កម្មវិធីផ្សេងៗ ដែលធ្វើឡើង ដើម្បីលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់របស់ប្លាស្ទិក មកលើបរិស្ថាន ជាយូរមកហើយ។ ប៉ុន្តែ ការខិតខំទាំងនោះ ដូចជាចាប់ផ្ដើមបានផ្លែផ្កា ចេញជារូបរាងច្រើននៅក្នុងឆ្នាំ២០២០នេះ។ ដោយសារ យើងមើលឃើញថា ចំនួននៃអ្នកងាកមកប្រើប្រាស់ដបទឹកផ្ទាល់ខ្លួនពេលចេញក្រៅផ្ទះ ការយកប្រអប់បាយមិនមែនប្លាស្ទិកតាមខ្លួន និងការយកថង់ក្រណាត់តាមខ្លួនពេលទៅផ្សារមានច្រើនជាមុន។ ប្រសិនបើ ប្រជាជនប្រកាន់ទម្លាប់នេះបាន ខ្ជាប់ខ្ជួន បញ្ហាសំរាមប្លាស្ទិកប្រើបានតែម្តងនៅប្រទេសកម្ពុជា អាចនឹងមានស្ថានភាពប្រសើរឡើង។
៩ ការទូទាត់ប្រាក់អេឡិចត្រូនិក
ក្នុងឆ្នាំ២០២០នេះផ្ទាល់ យើងមើលឃើញចំនួនអ្នកចាំផ្តើមចេះទូទាត់ប្រាក់អេឡិចត្រូនិចកើនឡើង ទាំងក្មេងទាំងចាស់ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ អ្វីដែលនៅតែជាបញ្ហាចោទនោះ គឺការដែលមិនមែនគ្រប់កន្លែងទទួលទូទាត់ប្រាក់អេឡិចត្រូនិចនោះទេ។ ហើយ វាធ្វើឱ្យយើងឃើញថា កម្ពុជាត្រូវការពេលច្រើនទៀត ដើម្បីក្លាយទៅជាសង្គមមួយដែលមិនប្រើប្រាស់ក្រដាសប្រាក់ (Cashless Society)។
១០ សេវាកម្មដឹកជញ្ជូនម្ហូប និងអីវ៉ាន់
វត្តមានរបស់សេវាកម្មដឹកជញ្ជូនម្ហូប និងអីវ៉ាន់ មិនមែនទើបតែកើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០នេះទេ។ ប៉ុន្តែសេវានេះបានទទួលការចាប់អារម្មណ៍ និងការទទួលយកច្រើនជាងមុនពីសាធារណជននៅក្នុងឆ្នាំនេះ។ រដូវកាលស្នាក់នៅផ្ទះ ធ្វើការពីផ្ទះ បង្កើតឱកាសឱ្យមនុស្សសាកល្បងប្រើប្រាស់សេវា ដឹកជញ្ជូនកាន់តែច្រើនឡើង។ កត្តាដែលមានក្រុមហ៊ុនផ្ដល់សេវាកម្មប្រភេទនេះ កាន់តែច្រើនក្នុងពេលបច្ចុប្បន្ន អាចចាត់ទុកថា សេវាកម្មបែបនេះមានការប្រកួតប្រជែងខ្លាំងនៅប្រទេសកម្ពុជា។ សេវាកម្មនេះ ពិតណាស់បានផ្ដល់ភាពងាយស្រួលដល់ប្រជាជន និងបានផ្ដល់ការងារដល់ប្រជាជនបានមួយកម្រិត ប៉ុន្តែកត្តាគួរពិចារណានៅពេលប្រើសេវានេះគឺ ការវេចខ្ចប់ភាគច្រើន នៅតែប្រើប្រាស់ប្លាស្ទិកប្រើប្រាស់បានតែម្ដងនៅឡើយ ដែលនៅចោទជាបញ្ហាដល់ការបង្កើនសំរាម នៅក្នុងទីក្រុង៕
នេះគឺអត្ថបទទី២ ដែលជាអត្ថបទចុងក្រោយនៃកម្រងអត្ថបទអំពី និន្នាការកើតឡើងក្នុងឆ្នាំ២០២០ ក្រៅពីកូវីដ១៩។
អានអត្ថបទទី១នៅទីនេះ។