ការប្រើប្រាស់ផលិតផលក្នុងស្រុកតាមតម្រូវការប្រចាំថ្ងៃ គឺជាជម្រើសដ៏ល្អមួយ ដែលអាចជួយឱ្យអ្នករកបាននូវផលិតផល ដែលមានគុណភាពល្អ។ លើសពីនេះវាជាសញ្ញាបញ្ជាក់ពីការគាំទ្រដល់ប្រជាកសិករក្នុងស្រុក និងភាពយូរអង្វែងថែមទៀតផង។
ផលិតផល បន្លែ ផ្លែឈើហូបផ្លែ ដែលមានលក់នៅតាមទីផ្សារនាពេលបច្ចុប្បន្ននេះ មានភាពសម្បូរហូរហៀរ អាចស្វែងរកបានគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
ប៉ុន្តែមុននឹងសម្រេចចិត្តទិញផលិតផលទាំងនេះ អ្នកគួរស្វែងយល់អំពីប្រភពនៃផលិតផលទាំងនោះបានច្បាស់លាស់ ដើម្បីជៀសវាងផលិតផលដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នក និងក្រុមគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ ការគាំទ្រផលិតផលក្នុងស្រុក ដែលគោរពតាមបទដ្ឋានសុវត្ថិភាព ក៏មានន័យថា ជួយប្រជាជនក្នុងសហគមន៍ឲ្យមានប្រភពចំណូលថែមទៀត។
Focus សូមធ្វើការចែករំលែកទីតាំងបីកន្លែង ដែលមានលក់ និងចែកចាយ បន្លែ ផ្លែឈើ ដែលដាំដុះនៅក្នុងស្រុកផ្ទាល់ ដោយបងប្អូនប្រជាកសិករជុំវិញប្រទេសកម្ពុជា៖
ហាងពិភពបន្លែ ផ្លែឈើ ខេត្តមណ្ឌលគិរី
បន្លែ ផ្លែឈើ ស្រស់បំព្រង ដែលបានដាំដុះនៅលើផ្ទៃដីក្រហមនៃភូមិភាគ ឦសាន ខេត្តមណ្ឌលគិរី ដោយបងប្អូនប្រជាជនដែលរស់នៅខេត្តនេះផ្ទាល់ ត្រូវបានយកមកដាក់លក់ដោយលោក មុយ រ៉ាដូ ដែលជាម្ចាស់ចម្ការផ្ទាល់ នៅក្នុងទីក្រុងភ្នំពេញ ក្នុងហាងពិភពបន្លែ ផ្លែឈើ ខេត្តមណ្ឌលគិរី។ បន្លែ និងផ្លែឈើស្រស់ទាំងនេះត្រូវបានដាំដុះ ទៅតាមរដូវកាលនីមួយៗ តាមការអំណោយផលនៃធម្មជាតិ និង អាកាសធាតុនៅលើដីក្រហមដែលសម្បូរទៅដោយជីវជាតិ។ ហាងនេះមានលក់ដុំ និងរាយ នៅលើផ្លូវ កម្ពជាក្រោម ផ្ទះលេខ 292 ខាងកើតស្តុបណានជីន។
The Happy Farm
ប្រសិនបើអ្នកត្រូវការ បន្លែ ផ្លែឈើ ចម្រុះ មានឈ្មោះល្បីរន្ទឺតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា The Happy Farm គឺជាទីតាំងដែលអ្នកគួរពិចារណា ព្រោះវា បន្លែ ផ្លែឈើទាំងនោះ ត្រូវបានដាំដុះ ដោយបងប្អូនប្រជាជនដែលរស់នៅតាមបណ្តាខេត្តនីមួយៗ។ The Happy Farm មានទីតាំងនៅ ផ្ទះលេខ ១B ផ.៣៣៧ សង្កាត់ បឹងកក់១ ក្បែរអង់តែនទួលគោក។
Green O-Farm
ប្រជាកសិករប្រមាណ ៨០ រូប មកពី ៦ស្រុកខុសៗគ្នា ក្នុងខេត្តកំពង់ស្ពឺ បានសហការគ្នាជាមួយហាង Green O-Farm ដោយធ្វើការផ្គត់ផ្គង់លក់នូវបន្លែ ផ្លែឈើ ល្អស្រស់ ដែលបានអះអាងថា មិនមានជាតិគីមី និងប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។ ត្រូវបានដាក់លក់នៅ ផ្ទះលេខ 216C, វិថី ព្រះត្រសក់ផ្អែម ផ្លូវលេខ (63), សង្កាត់បឹងកេងកង ១, ខ័ណ្ឌចំការមន, រាជធានីភ្នំពេញ។ មិនត្រឹមត្រូវតែប៉ុណ្ណោះ ហាងនេះក៏មានផ្តល់សេវាបញ្ជាទិញតាមប្រព័ន្ធអនឡាញ និងសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានថែមទៀតផង។