បច្ចុប្បន្ន មានវេទិកាផ្សព្វផ្សាយនៅលើបណ្ដាញសង្គមជាច្រើន ដែលវេទិកាទាំងនោះត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្សេងៗ និងខុសដាច់ដោយឡែកពីគ្នា។
ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិកំពុងខិតជិតមកដល់ Focus សូមណែនាំមាតិកាឌីជីថលចំនួន៦ ដែលផ្ដួចផ្ដើមដោយនារីៗកម្ពុជានិងកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ។

អ្នកទាំងអស់គ្នា អាចចូលទៅទស្សនា និងសិក្សាស្វែងយល់អំពីប្រធានបទសំខាន់ៗ នៅក្នុងសង្គមកម្ពុជា៖
ដុះស្លាប – Dosslarb

«ដុះស្លាប» គឺជាវេទិកាផ្សព្វផ្សាយមួយលើទំព័រហ្វេសប៊ុក ដែលផ្ដោតសំខាន់ទៅលើសុខភាពយុវជន ជាពិសេសគឺទៅលើសុខភាពផ្លូវភេទ និងបន្តពូជ ក៏ដូចជាសិទ្ធនានាទាក់ទងនឹងរឿងទាំងអស់នេះ។
កញ្ញា ប៊ុន សៅសុភនាថ ដែលជាសហស្ថាបនិកបានប្រាប់ FOCUS ឱ្យដឹងថា មូលហេតុនៃការបង្កើតគម្រោងមួយនេះឡើង គឺដោយសារតែក្រុមកញ្ញាយល់ឃើញថា ការនិយាយ និង ពិភាក្សាអំពីបញ្ហាសុខភាពផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា មិនទាន់មានភាពទូលំទូលាយនៅឡើយ។
កញ្ញានិយាយថា៖ «យុវជនតាមពិតគាត់ចង់ដឹងច្រើន ប៉ុន្តែគាត់អត់ហ៊ានសួរ គាត់អត់ហ៊ានបើចំហនិយាយ គាត់អត់ដឹងទៅសួរពីណាគេ អ៊ីចឹងយើងចង់បង្កើតវេទិកានេះឡើង ដើម្បីឱ្យយុវជនគាត់មានអារម្មណ៍ថា ឥឡូវមានយុវជនមួយក្រុមដូចគាត់ដែរ ហើយកំពុងធ្វើការនៅលើរឿងហ្នឹង»។
ការងារដែល ដុះស្លាប កំពុងធ្វើបច្ចុប្បន្ន គឺការផលិតជាផ្ទាំងរូបភាព(Poster) ខ្សែវីដេអូខ្លីៗ ជាមួយនឹងមាតិកានានា ដែលទាក់ទងនឹងសុខភាពផ្លូវភេទ និងបន្តពូជ ដើម្បីផ្ដល់ជាព័ត៌មាន ដល់យុវជនដែលមានចម្ងល់។
ក្រៅពីនេះ ដុះស្លាប ក៏ទើបតែបានបញ្ចប់នូវយុទ្ធនាការរបស់ខ្លួនមួយ ដែលក្រោមប្រធានបទ «ការជួបជុំជាមួយដុះស្លាប» ដែលបានផ្ដល់ឱកាស ឱ្យក្រុមយុវជនជួបជុំគ្នា ពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ទាក់ទងនឹងបញ្ហាសុខភាពបន្តពូជរបស់ពួកគេ។
គោលដៅ និងការរំពឹងទុករបស់ ដុះស្លាប គឺចង់ឱ្យយុវជនគ្រប់រូប ជាពិសេសនារីៗ ចៀសផុតពីការមានផ្ទៃពោះដោយចៃដន្យ ការរំលូតកូនដោយគ្មានសុវត្ថិភាព ការផ្ទុក ឬឆ្លងជំងឺកាមរោគ និងការបង្ខិតបង្ខំផ្សេងៗជាដើម នេះបើតាមការបញ្ជាក់របស់កញ្ញា ប៊ុន សៅសុភនាថ។
អាន៖ បុគ្គលឆ្នើម៥រូបគួរតាមដានឆ្នាំ ២០២១
ZEROW

យោងតាម កញ្ញា ឱក សុចិន្ដា បានឱ្យដឹងថា គោលដៅរបស់គម្រោង ZEROW គឺចង់ឱ្យប្រទេសកម្ពុជាបានដឹង និងស្គាល់ នូវការរស់នៅក្នុងបរិបទមួយដែលគ្មានសំរាម។ ម៉្យាងវិញទៀត គម្រោងនេះក៏ផ្ដោតសំខាន់ទៅលើដំណោះស្រាយសាមញ្ញៗ ដើម្បីដោះស្រាយបញ្ហាកាកសំណល់ នៅក្នុងប្រទេសកម្ពុជា។
កញ្ញានិយាយថា៖ «ចង់ឱ្យពួកគាត់ដឹងថាបញ្ហាសំរាម បើសិនជាយើងអត់កាត់បន្ថយវាពីដំបូងទេ គឺយើងពិបាក ហើយពិបាកគ្រប់គ្រងវា»។
ZEROW បានផលិតជាខ្សែវីដេអូខ្លីៗជាច្រើន ដើម្បីបញ្ជ្រាបជាសារដល់មហាជនទូទៅ ឱ្យបានយល់ដឹងពីការកែច្នៃកាកសំណល់ឡើងវិញ ក៏ដូចជាដំណោះស្រាយនានាក្នុងការកាត់បន្ថយសំរាម។
់នាពេលអនាគត កញ្ញា ឱក សុចិន្ដា ដែលជាស្ថាបនិកចង់ឱ្យវេទិកា ZEROW ក្លាយជាបណ្ដុំនៃក្រុមមនុស្ស ដែលចង់ផ្លាស់ប្ដូរការរស់នៅរបស់ពួកគេ មិនថាជីវិតដែលគ្មានសំរាម ឬជីវិតដែលមានសំរាមតិចតួចក្ដី។
ទម្លុះ – Breakthrough

«ទម្លុះ» គឺជាចលនាមួយដែលត្រូវបានបង្កើតឡើងដោយក្រុមនារីមួយក្រុម មានសមាជិក ១១នាក់ ដែលមានគោលដៅផ្ដល់ជាវេទិកាមួយនៅលើទំព័រហ្វេសប៊ុក សម្រាប់យុវជនបានទម្លាយ នូវរឿងរ៉ាវរបស់ពួកគេ មកកាន់ពិភពលោកខាងក្រៅ។
កញ្ញា អ៊ុំ រាជនិធម៌ ដែលជាស្ថាបនិកនៃចលនាទម្លុះ បានឱ្យដឹងថា ដោយមើលឃើញអំពីគម្លាតដ៏ច្រើនរវាងស្ត្រី និងបុរសនៅកម្ពុជា ការមិនហ៊ាននិយាយចេញជាសាធារណរបស់ស្ត្រី ទើបក្រុមរបស់កញ្ញាមានគំនិតបង្កើតវេទិកានេះឡើង ដើម្បីទុកសម្រាប់ជាកន្លែង ដែលស្ត្រីអាចបញ្ចេញ និងផ្ដល់ជាយោបល់ដែលពួកមានជាសាធារណៈ។
កញ្ញានិយាយថា៖ «ខ្ញុំមើលឃើញថា ក្នុងសង្គមបច្ចុប្បន្ន វាមានអង្គការមួយចំនួនធ្វើទៅលើរឿងស្ត្រីហើយ ប៉ុន្តែវាអត់ទាន់មានអង្គការណា ឬក៏ស្ថាប័នណា សមាគមមួយណា ដែលឱ្យពួកគាត់ហ៊ាននិយាយចេញមកបានអ៊ីចឹង»។
បច្ចុប្បន្ន បេសកកម្មរបស់ ទម្លុះ គឺព្យាយាមដោះស្រាយ នូវបញ្ហាផ្នត់គំនិតមួយចំនួន ដូចជាការយល់ឃើញថាស្ត្រីមិនអាចធ្វើអ្វីបាន ឬក៏បុរសមិនអាចធ្វើការងារអ្វីមួយបាន ដោយ ទម្លុះ ចង់ឱ្យអ្នកទាំងនោះហ៊ានសម្រេចចិត្ត ទៅលើជីវិតរបស់ពួកគេ។
ទម្លុះ មានសេចក្ដីរំពឹងថា នាពេលអនាគត ពួកគេអាចសម្រេចបាននូវសមភាព និងសមធម៌យេនឌ័រសម្រាប់ស្ត្រី នៅក្នុងប្រទេសកម្ពុជា។
នារី – Neary

«នារី» ជាវេទិកាផ្សព្វផ្សាយមួយនៅលើទំព័រហ្វេសប៊ុក ដែលត្រូវបានបង្កើតឡើងដោយមានកញ្ញា ជាតិ ចាន់សូលីនដា ជាស្ថាបនិក។
ដោយមានការងឿងឆ្ងល់ អំពីភាពមិនស្មើគ្នារវាងបុរស និងស្ត្រីនៅក្នុងសង្គមកម្ពុជាពេលបច្ចុប្បន្ន ការបែងចែកតួនាទីរវាងបុរស និងស្ត្រី និងការប្រកាន់យកផ្នត់គំនិតមួយចំនួន ដែលមិនត្រឹមត្រូវសម្រាប់បុរស និងស្ត្រី កញ្ញា ជាតិ ចាន់សូលីនដា ជាស្ថាបនិក បានបង្កើតគម្រោង «នារី» នេះឡើងដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីដំណោះស្រាយលើបញ្ហាទាំងអស់នេះ។
កញ្ញាថ្លែងថា៖ «អញ្ចឹង នារី ដូចជាទីកន្លែងមួយ សម្រាប់និយាយអំពីផ្នត់គំនិត ហើយអាចជាសំឡេងសម្រាប់មនុស្សផ្សេងៗទៀត»។
កញ្ញាបន្ថែមថា វេទិការបស់ នារី មិនមែនជាវេទិកា ដែលនិយាយតែអំពីបញ្ហារបស់នារីដូចឈ្មោះ ដែលបានដាក់មកនោះទេ។ ផ្ទុយទៅវិញ នារី សង្កត់ធ្ងន់ទៅបញ្ហាដែលភេទទាំងពីរកំពុងជួបប្រទះ។
សព្វថ្ងៃ នារី បានផលិតជាអត្ថបទ ដែលនិយាយអំពីផ្នត់គំនិតសង្គម ការផលិតជាផ្ទាំងរូបភាព និងវីដេអូខ្លីផ្សេងៗ ដើម្បីផ្សព្វផ្សាយនូវមាតិការបស់ខ្លួន និងបញ្ជ្រាបជាសារផ្សេងៗដែលខ្លួនមាន ទៅកាន់អ្នកស្រឡាញ់ និងគាំទ្រវេទិការបស់ខ្លួន។
នាពេលខាងមុខ នារី ចង់ឱ្យអ្វីដែលខ្លួនបានផលិតត្រូវបានទទួលស្គាល់ និងដឹងលឺពីសំណាក់មនុស្សទូទៅឱ្យបានកាន់តែច្រើន ពីព្រោះ នារី ចង់ឱ្យពួកគេបានស្វែងយល់ពីបញ្ហាទាំងអស់នេះ និងក្លាហានហ៊ានចេញមុខនិយាយពីបញ្ហាដែលពួកគេកំពុងជួបប្រទះ។
គិតករ – The Thinkist

ចាប់ផ្ដើមពីការងារស្ម័គ្រចិត្ត កញ្ញា ប៊ុត ចរិយា បានឃើញអំពីបញ្ហាជាច្រើនដែលបានកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ន ដោយហេតុនេះហើយទើបកញ្ញាសម្រេចចិត្តបង្កើត «គិតករ» ឡើង។
គិតករ ឬ The Thinkist គឺជាវេទិកាផ្សព្វផ្សាយមួយ ដោយសរសេរជាសំណេរប្លក់ នៅលើវេទិកាសរសេរប្លក់ Medium និងចែករំលែកមកលើទំព័រហ្វេសប៊ុក។ សំណេរប្លក់ទាំងនោះ សង្កត់ធ្ងន់ទៅលើបញ្ហាសង្គមមួយចំនួនដូចជា ទំនាក់ទំនងយុវជន បរិស្ថាន និងការអភិវឌ្ឍខ្លួន។
បើទោះបីជាការអានមិនសូវមានប្រជាប្រិយភាព សម្រាប់មនុស្សទូទៅក៏ដោយ កញ្ញា ប៊ុត ចរិយា ដែលជាស្ថាបនិកនិយាយថា៖ «យើងកំពុងស្វែងរកវិធីសាស្ត្រណាដែលមានអ្នកអានច្រើន ព្រោះខ្ញុំគិតថាឥឡូវប្រហែលជាអត់សូវមានអ្នកចូលចិត្តអានទេ តែអ្វីដែលខ្ញុំគិត គឺផ្ទុយវិញថា បើសិនជាមានអ្នកអត់សូវចូលចិត្តអាន តែទម្លាប់អានគឺវាល្អ អញ្ចឹងយើងចង់លើកទឹកចិត្តឱ្យគាត់ចូលទៅអានច្រើនជាង»។
ក្រៅពីការសរសេរជាប្លក់ (Blog) គិតករ ក៏បានផលិតជាផ្ទាំងរូបភាព និងវីដេអូខ្លីផ្សេងៗទាក់ទងជាមួយនឹងបញ្ហាដូចបានរៀបរាប់ខាងលើផងដែរ។
ទៅថ្ងៃមុខ គិតករ មានគម្រោងប្រើប្រាស់នូវវេទកាមួយនេះ ក្នុងការផ្លាស់ប្ដូរឥរិយាបថអវិជ្ជមានរបស់ប្រជាជន ក្នុងសង្គមបច្ចុប្បន្ន បើទោះបីជាវាត្រូវចំណាយពេលយូរក៏ដោយ។
Avytravel

សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត ក៏ដូចជាដំណើរផ្សងព្រេងផ្សេងៗ Avytravel គឺជាវេទិកាដ៏សាកសមមួយ សម្រាប់អ្នកក្នុងការទទួលបានការជំរុញចិត្ត និងព័ត៌មានបន្ថែម។
Avytravel គឺជាប្លក់មួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងគេហទំព័រ ដែលផ្ដោតសំខាន់ទៅលើការធ្វើដំណើររុករកកន្លែងថ្មីៗ វិធីសាស្ត្រចំណាយតិចអំឡុងពេលធ្វើដំណើរកម្សាន្ត និងគន្លឹះផ្សេងៗក្នុងការដើរលេង។
វេទិកាផ្សព្វផ្សាយមួយនេះ ត្រូវបានបង្កើតឡើងដោយកញ្ញា រស់ សុធាវី បន្ទាប់ពីកញ្ញាត្រឡប់មកពីកម្មវិធីមួយ ឈ្មោះថា Social Influencers 2017 នៅឯប្រទេសម៉ាឡេស៊ី។ កម្មវិធីមួយនេះតម្រូវឱ្យកញ្ញាធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ រហូតដល់រដ្ឋ Perak និងត្រឡប់មកវិញ ហើយសរសេរពីមតិយោបល់របស់កញ្ញាសម្រាប់ដំណើរកម្សាន្តមួយនេះ។
ក្រោយត្រលប់ពីដំណើរកម្សាន្ត កញ្ញាបានចែករំលែក រូបថតស្អាតៗ វីដេអូផ្សេងៗដែលទាក់ទងនឹងការធ្វើដំណើរ និងការចែករំលែកបទពិសោធន៍របស់កញ្ញា ដែលវាបានធ្វើឱ្យមាតិការបស់កញ្ញាមានភាពលេចធ្លោ និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។
កញ្ញា រស់ សុធាវី ថ្លែងប្រាប់អំពីគម្រោងរបស់កញ្ញាថា៖ «ពេលដែលអ្នកអានគាត់អានទៅ គាត់បានទាំងទទួលបទពិសោធន៍ដើរលេងតាមការអាន និងបានទាំងដឹងថាទៅមុននឹងទៅកន្លែងនោះ គួរត្រៀមអីខ្លះ ហើយទៅដល់កន្លែងនោះមានអីធ្វើខ្លះ»។
កញ្ញាសង្ឃឹមថានាពេលអនាគត នឹងមានមនុស្សជាច្រើន ចាប់ផ្ដើមស្វែងរកនូវអ្វីដែលពួកគេចូលចិត្ត និងធ្វើអ្វីដែលបានផ្ដល់ជាប្រយោជន៍ដល់ពួកគេ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕