ការប្រឡងបាក់ឌុប ឬប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ជាបទពិសោធន៍ដ៏ភ័យខ្លាច និងដែលមិនអាចបំភ្លេចមួយនៅក្នុងពេលសិក្សាថ្នាក់វិទ្យាល័យ។ សិស្សទាំងអស់ចង់ទទួលបាននិទ្ទេសប្រឡងល្អ គឺពីA ទៅC ដែលអាចឱ្យពួកគេដាក់ពាក្យចូលរៀននៅមហាវិទ្យាល័យធំៗ និងល្បីនៅក្នុងប្រទេសបាន។ តើធ្វើយ៉ាងដូចម្តេចទើបអាចទទួលបាននិទ្ទេស A ?
ការទទួលបានលទ្ធផលប្រឡង និទ្ទេសA មិនមែនជាឯកសិទ្ធនោះទេ ប៉ុន្តែនេះបង្ហាញពីការតាំងចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងរបស់បេក្ខជនប្រឡង។ អ្នកបាននិទ្ទេសAមួយចំនួន ប្រហែលជាក្រោកតាំងពី ពេលព្រលឹមដើម្បីរំលឹកមេរៀន ហើយអ្នកខ្លះទៀតបានខិតខំមើលមេរៀន រហូតដល់យប់អាធ្រាត្រ។ ប៉ុន្តែ វិធីសាស្ត្រនៃការរៀននីមួយ មានចំណុចសំងាត់រួមគ្នាមួយចំនួន។
ការយល់ដឹងពីវិធីសិក្សា ដែលសមស្របទៅនឹងចំណុចខ្លាំងរបស់ខ្លួន ពិតជាអាចធ្វើឱ្យអ្នកទទួលបាននូវលទ្ធផលល្អ នៅសាលារៀន និងជ្រួតជ្រាបចំណេះដឹងកាន់តែប្រសើរ។ យោងតាមម៉ូដែល VARK ដែលជាវិធីនៃការសិក្សាមួយ ត្រូវបានបែងចែកជា ការរៀនតាមចក្ខុវិស័យ (V: vision) សោតវិស័យ (A: auditory) ការអាននិងការសរសេរ (R: reading-writing) និងការអនុវត្តដោយដៃ (K: kinesthetic)។
អ្នករាយការណ៍របស់សារព័ត៌មាន Focus ដែលទទួលបានលទ្ធផលប្រឡងនិទ្ទេស B នៅឆ្នាំ ២០១១ បានធ្វើការសិក្សាពីចំនុចមួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដែលខ្លួនគួរបានត្រៀម ដើម្បីអាចទទួលបាននិទេ្ទស A ។
ខាងក្រោមនេះ គឺជាគន្លឹះនៃការសិក្សា ៖
កុំខ្លាចកង្វក់ដៃនៅពេលសិក្សា និងបន្ទាប់ពីសាលារៀន
មុនពេលសិក្សាមេរៀនណាមួយ នៅថ្នាក់រៀន ប្រសិនជាអាច អ្នកគួរមើលត្រួសៗទុកមុន ដើម្បីទទួលបានព័ត៌មានគោលៗ នៅក្នុងកោសិកាខួរក្បាល។ ដូច្នេះនៅពេល ដែលព័ត៌មានដដែលត្រូវបានលើកឡើងម្តងទៀតនៅក្នុងថ្នាក់រៀន នោះខួរក្បាលរបស់យើង នឹងអាចចាប់យកព័ត៌មានបានកាន់តែរហ័ស។ ហើយចំនុចសំខាន់មួយផ្សេងទៀត គឺការកត់ត្រា ពីព្រោះ នេះអាចជួយជុំរុញដល់ការចងចាំបានកាន់តែច្បាស់ជានេះ មួយកម្រិតថែមទៀត។ ជាពិសេស ដើម្បីរក្សាទុកព័ត៌មានទាំងនោះ នៅក្នុងខួរក្បាលផ្នែកការចងចាំរយៈពេលយូរ ការអនុវត្តគឺជាកត្តាចម្បង ពីព្រោះថា ការអនុវត្តកាន់តែជួយឱ្យយើងទទួលបាននូវភាពល្អឥតខ្ចោះ។
ការថែរក្សាសុខភាព
សុខភាពរាងកាយគឺ ជាគ្រឹះនៃការទទួលបានលទ្ធផលល្អក្នុងការសិក្សា។ ជាការពិតទៅ សុខភាពជាគុណតម្លៃចម្បង នៃការសម្រេចបានកិច្ចការផ្សេងៗនៅក្នុងជីវិត។ របបអាហារត្រឹមត្រូវ ការគេងឱ្យបានគ្រប់គ្រាន់ និង ការធ្វើលំហាត់ ប្រាណឱ្យបានទៀងទាត់ នឹងអាចជួយពង្រឹងការសិក្សា និងការផ្តោតអារម្មណ៍នៅក្នុងពេលសិក្សា។ របបអាហារត្រឹមត្រូវ សំដៅទៅលើ ការទទួលទានបន្លែឱ្យបានច្រើន ការកាត់បន្ថយកម្រិតជាតិស្ករ ការបរិភោគឱ្យបានទៀងពេល និងការផឹកទឹកឱ្យបានច្រើន។ ទន្ទឹមនឹងនេះផងដែរ អ្នកគួរគេងឱ្យបាន ៨ម៉ោង ហើយត្រូវពង្រឹងនូវគុណភាពនៃដំណេក ដោយព្យាយាមមិនប្រើប្រាស់គ្រឿងអេឡិចត្រូនិក មុនពេលចូលគេង។ ការធ្វើលំហាត់ប្រាណ ត្រូវបានអ្នកវិទ្យាសាស្ត្របង្ហាញថា អាចជួយធ្វើឱ្យការចងចាំ និងជំនាញនៃការគិត កាន់តែប្រសើរឡើង ដូច្នេះអ្នកគួរហាត់ប្រាណឱ្យបានទៀងទាត់ ដូចជា ការរត់ ឬការលេងកីឡាជាដើម។
ការរៀបចំគម្រោង និងការសិក្សាដោយខ្លួនឯង តាមរយៈប្រភពផ្សេងៗ
អ្នកដែលចេះរៀបចំគម្រោងច្បាស់លាស់ ទំនងជាអាចបញ្ចប់ការងារតាមពេលដែលបានកំនត់។ សិស្សានុសិស្សគួរតែចំណាយពេល រៀបចំគម្រោង និងកាលវិភាគសិក្សា ដោយគួរផ្តោតលើមុនវិជ្ជាមួយក្នុងរយៈពេលណាមួយ ដូចជាមុខវិជ្ជាគីមីវិទ្យា ឬគណិតវិទ្យា ហើយចាប់សិក្សាមុនវិជ្ជាណាមួយផ្សេងទៀត នៅពេលក្រោយឬ ថ្ងៃបន្ទាប់។ ប៉ុន្តែ អ្នកត្រូវចេះចំនាយពេលវេលា សម្រាប់ការកំសាន្ត គ្រួសារ និងការលេងកីឡាផងដែរ។ សិស្សានុសិស្សគួរចេះ ចម្រុះប្រភពនៃការសិក្សា តាមប្រព័ន្ធអ៊ីនធឺណិត ដូចជាគេហទំព័រ khanacademy.org ឬគេហទំព័ររបស់ក្រសួងអប់រំ http://lms.moeys.org/។ ប្រភពនៃការសិក្សា និងការស្រាវជ្រាវព័ត៌មានភាគច្រើនជាភាសាអង់គ្លេស ដូច្នេះ អ្នកគួរពង្រឹងនូវកម្រិតភាសាអង់គ្លេស ប្រសិនជាអាច។
កសាងបណ្ដាញ និងចូលរួមក្លឹបសិក្សា
ការស្គាល់មនុស្ស សិស្សច្បង និងមានមិត្តភ័ក្ដិឱ្យបានច្រើន នៅវិទ្យាល័យផ្សេងៗ គឺផ្តល់អត្ថប្រយោជន៍ជាច្រើន។ សិស្សអាចប្រើប្រាស់ទំនាក់ទំនងរបស់ពួកគេ ក្នុងការចែករំលែកគន្លឹះនៃការសិក្សា និងមេរៀនដើម្បីបំពេញនូវចំណុចខ្វះខាតផ្សេងៗ។ ហើយ វិធីសាស្ត្រនៃការសិក្សាសំខាន់មួយទៀត គឺបង្កើតក្រុមសិក្សា ដែលសមាជិកនីមួយៗគួរមានចំណុចខ្លាំងលើមុខវិជ្ជាផ្សេងៗគ្នា ទើបអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។ ការសិក្សាជាក្រុមអាចជួយឱ្យអ្នករៀនឆាប់ចេះ និងឆាប់យល់ ហើយជាពិសេស អាចបញ្ជាក់នូវចម្ងល់ ជាមួយក្រុម។
ធ្វើជាអ្នករៀនសកម្ម និងជៀសវាងការទន្ទេញមេរៀន
ពេលដែលអ្នកសួរច្រើន អ្នកចាំច្រើន។ តាមបែបវិទ្យាសាស្ត្រ នៅពេលដែលមនុស្សភ្ជាប់ទៅនឹងសកម្មភាពមួយ ស្មារតី និងការយកចិត្តរបស់មនុស្សកាន់តែច្បាស់ ដូច្នេះការទទួលបានព័ត៌មានក៏កាន់តែប្រសើរឡើងផងដែរ។ ការសិក្សាដោយការទន្ទេញ អាចជួយអ្នកបានក្នុងអំឡុងពេលខ្លីប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលអ្នកត្រូវសិក្សា មុខវិជ្ជាវិទ្យាសាស្ត្រ ការឈ្វេងយល់ច្បាស់ពីចំណុចសំខាន់ៗ និងការអនុវត្ត គឺជាគោលការណ៍គ្រឹះនៃការសិក្សា និងការទទួលបានពិន្ទុល្អ សម្រាប់ការប្រឡង។