នាពេលដើមខែមេសានេះ លោក នាង កាវិច មានការមមាញឹកយ៉ាងខ្លាំង ដោយចំណាយពេលជាច្រើនចូលរួមក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ទាក់ទងនឹងការផលិតភាពយន្តរបស់លោក។ លោកកំពុងធ្វើការផ្សព្វផ្សាយ ស្នាដៃភាពយន្តថ្មីចុងក្រោយរបស់លោក គឺរឿង ប៊ូឌីញ ស ដែលលោកបានដឹកនាំ និងសរសេរសាច់រឿង ហើយបច្ចុប្បន្នកំពុងចាក់បញ្ចាំង នៅតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជា។
រឿង ប៊ូឌីញ ស ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនខ្មែរ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាននៅក្នុងស្រុកជាច្រើន កាលពីឆ្នាំ ២០២១ កន្លងទៅ ដោយសារតែភាពយន្តខ្មែរមួយនេះ បានទទួលជោគជ័យលើឆាកអន្តរជាតិ។ រឿង ប៊ូឌីញ ស ត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងលើកដំបូង និងសម្រាប់ការប្រកួតប្រជែងដណ្តើមរង្វាន់ នៅក្នុងមហោស្រពភាពយន្តក្រុង Venice លើកទី ៧៨ នៅប្រទេសអ៊ីតាលី ជាទីដែល ដែលបានឈ្នះពានរង្វាន់តារាប្រុសសម្ដែងឆ្នើម «ORIZZONTI PRIZE FOR BEST ACTOR»។
រឿង ប៊ូឌីញ ស ជាស្នាដៃភាពយន្តដែលរៀបរាប់ពីដំណើរជីវិតរបស់យុវជនម្នាក់ឈ្មោះសំណាង រស់នៅក្នុងអគារប៊ូឌីញ ឬអគារ ស ដែលជាអគារស្នាក់នៅសម្រាប់សិល្បករខ្មែរទាំងអស់ ដែលរួចជីវិតពីរបបប្រល័យពូជសាសន៍រស់នៅ។ ភាពយន្តនេះ បានធ្វើការឆ្លុះបញ្ចាំងពីក្តីស្រមៃ ដំណើរជីវិតរបស់គាត់ ការឆ្លងកាត់នូវរឿងរ៉ាវផ្សេងៗ និងទំនាក់ទំនងរបស់សំណាង ជាមួយមនុស្សដែលរស់នៅក្នុងអគារនោះ មុនពេលវាត្រូវបានគេវាយកម្ទេច ដើម្បីយកទីតាំងធ្វើការអភិវឌ្ឍ។
លោក កាវិច មានបទពិសោធន៍ផលិតភាពយន្តឯកសារ និងខ្សែភាពយន្តខ្លីជាច្រើនមកហើយ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ ប៉ុន្តែសម្រាប់រឿង ប៊ូឌីញ ស គឺជាខ្សែភាពយន្តខ្នាតវែងលើកដំបូង ដែលលោកបានដឹកនាំ និងសរសេរសាច់រឿង។
លោកបានរំឭកឡើងវិញពីអារម្មណ៍ច្របូកច្របល់ នៅពេលដែល រឿង ប៊ូឌីញ ស ត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំង នៅមហោស្រពភាពយន្ត Venice លើកទី ៧៨ នៅប្រទេសអ៊ីតាលី។ នោះគឺជាមហោស្រពអន្តរជាតិធំមួយ ដែលមានន័យថា រឿង ប៊ូឌីញ ស របស់លោក កាវិច បានចូលរួមប្រកួតជាមួយនឹងភាពយន្តដទៃទៀត ដែលផលិតដោយផលិតកម្មខ្នាតធំ ដឹកនាំដោយបុគ្គលឆ្នើមៗ លំដាប់ហូលីវូដ មកពីប្រទេសអាមេរិក និងប្រទេសផ្សេងទៀត ក្នុងទ្វីបអឺរ៉ុប។
តើអ្វីដែលកំពុងកើតឡើងនោះ គឺជាការពិតដែរឬទេ? លោកកាវិច មានមន្ទិល សួរខ្លួនឯង។ ប៉ុន្តែផលិតកររូបនេះ បាននិយាយថា ការដែលភាពយន្តខ្លួនផលិត ត្រូវបានគេទទួលស្គាល់ ធ្វើឲ្យមានទំនុកចិត្តថា មើលឃើញខ្លួនឯងជាផលិតករភាពយន្តយ៉ាងពិតប្រាកដម្នាក់។
លោកបានប្រដូចអារម្មណ៍នាពេលនោះថា៖ «អារម្មណ៍នោះគឺបែបថា ‘អ៎ូ! ខ្ញុំគឺជាផលិតករភាពយន្តមួយយ៉ាងពិតប្រាកដ។ ហើយពីមុននោះគឺ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ការផលិតភាពយន្តប៉ុណ្ណោះ។»
នៅក្នុងដំណើរការផលិតភាពយន្ត ប៊ូឌីញ ស ដែលមានរយៈពេលជាង ៥ឆ្នាំ លោកកាវិច មិនមានក្តីរំពឹងខ្ពស់ពេកទេ ព្រោះនោះគឺជារឿងមួយ ដែលធ្វើតាមក្តីស្រមៃរបស់លោក ខណៈដែលលោកមិនបានរៀនផលិតភាពយន្តពីសាលាកុននោះឡើយ។
ដើមឡើយសាងសង់សម្រាប់ជាអគារស្នាក់នៅ សម្រាប់មន្ត្រីរាជការសម័យសង្គមរាស្រ្តនិយម ប៉ុន្តែបានប្តូរមុខងារក្រោយរបបខ្មែរក្រហមដួលរលំ ដែលត្រូវបានប្រើប្រាស់ជាអគារស្នាក់នៅសម្រាប់សិល្បករ ក្នុងអំឡុងទសវត្សរ៍ទី ៨០។ សាលមហោស្រពជាតិសុរាម្រិត ជាទីសម្រាប់ហាត់សម និងសម្តែងសិល្បៈ ស្ថិតនៅមិនឆ្ងាយពីអគារ ស ឡើយ។ ការស្នាក់នៅទីនោះ ផ្តល់ភាពងាយស្រួលយ៉ាងច្រើន សម្រាប់សិល្បករនិងក្រុមគ្រួសារ ក៏ដូចជាសម្រាប់វិស័យវប្បធម៌ទាំងមូល។ ការប្រមូលផ្តុំសិល្បករដែលនៅរស់រានមានជីវិត ពីរបបខ្មែរក្រហម គឺកិច្ចការសំខាន់មួយ នាពេលនោះ។ គ្រួសាររបស់លោក កាវិច ក៏ជាគ្រួសារសិល្បករមួយ ក្នុងចំណោមសិល្បករនានា ដែលបានទៅរស់នៅក្នុងអគារ ស នោះផងដែរ។
សម្រាប់លោក នាង កាវិច ផ្ទាល់ ជាអ្នកដឹកនាំរឿង ប៊ូឌីញ ស បានឲ្យដឹងថា លោកមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជាមួយភាពយន្តមួយនេះ ព្រោះវាបានឆ្លុះបញ្ចាំងពីសុបិន្ត ការពិត និងការចងចាំជាមួយអតីតកាលដ៏ល្អ នៅអគារប៊ូឌីញ នៅពេលដែលលោករស់នៅក្នុងអគារនោះ។
រឿង ប៊ូឌីញ ស ជាភាពយន្តដំបូងបង្អស់ដែលអ្នកដឹកនាំរឿងរូបនេះ សម្រេចយកមកបញ្ចាំង ក្នុងរោងភាពយន្តនានា នៅប្រទេសកម្ពុជា ព្រោះលោកគិតថា វាជារឿងមួយដែលមានលក្ខណៈពិសេសប្លែក ខុសពីភាពយន្តដទៃទៀត ដែលទស្សនិកជនធ្លាប់បានមើលតាមទូរទស្សន៍ ឬរោងភាពយន្ត។ លោកចង់បង្ហាញពីព្រឹត្តិការណ៍ពិត ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃសង្គម និងសារសំខាន់ៗនៅក្នុងរឿង ទៅកាន់ទស្សនិកជនកម្ពុជាផងដែរ។
បើទោះបីខ្សែភាពយន្តមួយនេះ មានកិត្តិសព្ទ ធ្លាប់ត្រូវបានចាក់បញ្ចាំងនៅតាម មហោស្រពភាពយន្តអន្តរជាតិ ជាច្រើនហើយក៏ដោយ ប៉ុន្តែនៅពេលដែលសួរអំពីការរំពឹងទុករបស់លោកចំពោះទស្សនិកជនខ្មែរ មកលើខ្សែភាពយន្តមួយនេះ លោកកាវិចបាននិយាយថា វាហួសពីដែនម្ចាស់ការរបស់លោក ។
«វាខុសពីកុនដែលពួកគាត់ធ្លាប់មើលតាមទូរទស្សន៍ ឬកុនកូរ៉េជាដើម។ វាឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃសង្គម។ អ៊ីចឹងខ្ញុំគិតថា ពួកគាត់គួរតែសាករសជាតិបែបហ្នឹង។ ពីព្រោះយើងអត់អាចមើលកុន[ប្រភេទ]ដដែលបានទេ។ អាហ្នឹងហើយ ដែលធ្វើឲ្យខ្ញុំរំភើបមែនទែន ថាតើ ពួកគាត់នឹងមានចំណាប់អារម្មណ៍បែបណា? »
លោកលើកឡើងថា គោលបំណងដែលលោកចង់ចែករំលែក និងអ្វីដែលអ្នកទស្សនាយល់ឃើញ គឺអាចមិនដូចគ្នានោះទេ។
«ខ្ញុំចង់និយាយថា ខ្សែភាពយន្ត ផ្តល់អត្ថន័យច្រើនជាងអ្វីដែលខ្ញុំចង់និយាយ។ ដូច្នេះហើយទើបខ្ញុំប្រដូច កុនទៅនឹងវេទមន្តអ៊ីចឹង។ វាលើសពីអ្វីដែលយើងចង់ឲ្យទៅទៀត»៕