លោកស្រី ចក់ សុភាព ជាស្ត្រីលេចធ្លោមួយរូប ក្នុងនាមជាថ្នាក់ដឹកនាំ ក្នុងស្ថាប័នដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ខណៈដែលលោកស្រី ធ្វើការក្នុងវិស័យមួយដែលមានការប្រឈមខ្លាំង លោកស្រី ក៏បានបង្ហាញការយកឈ្នះបញ្ហាយេនឌ័រ និងវ័យ តាមរយៈការបង្ហាញសមត្ថភាពជាអ្នកដឹកនាំ និងស្ត្រីមួយរូប។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការចូលរួមដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលត្រូវបានគេមើលឃើញថា ជាជំងឺសង្គមមួយនៅតែមិនអាចព្យាបាលឱ្យសះស្បើយនៅឡើយ។
បើយើងធៀបនឹងការព្យាបាលជំងឺទូទៅវិញ ឱសថ គ្រូពេទ្យ និងអ្នកជំងឺខ្លួនឯងផ្ទាល់ ដើរតួសំខាន់ក្នុងការព្យាបាលជំងឺ។ រីឯជំងឺសង្គមវិញ ក៏ត្រូវការគ្រូពេទ្យសង្គម និងឱសថសង្គមដូចគ្នា ដែលក្នុងនោះគឺវត្តមានរបស់រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល ជាពិសេសពលរដ្ឋខ្លួនឯងផ្ទាល់ ទាំងចាស់ ទាំងក្មេង ក្នុងការចូលរួមព្យាបាល។ នៅពេលដែលបញ្ហាសង្គមលេចឡើងម្តងៗ ជាពិសេសទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស អ្នកប្រហែលជាឃើញវត្តមាន អ្នកព្យាបាលជំងឺសង្គមម្នាក់ គឺ លោកស្រី ចក់ សុភាពនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលធ្វើការយ៉ាងសស្រាក់សស្រាំទាក់ទងទៅនឹងបញ្ហាទាំងអស់នេះ។ មិនថាការងារសង្កេតការណ៍សម្រាប់រឿងក្ដីនៅឯតុលាការ ឬការផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិ ឬសមភាពយេនឌ័រ យើងតែងឃើញមានវត្តមានរបស់លោកស្រី ចក់ សុភាព។
ឈ្វេងយល់ពីចំណុចសំខាន់ៗនៃដំណើរជីវិតការងារ និងបញ្ហាប្រឈមផ្សេងៗ ដែលអ្នកជំនាញរូបនេះ បានជួបប្រទះក្នុងការបំពេញការងារសង្គមមួយនេះ។
១/ហេតុអ្វីបានជាអ្នកចាប់ផ្ដើមប្រឡូកការងារ ក្នុងការកម្ពស់សិទ្ធមនុស្សនៅកម្ពុជា?

ខ្ញុំបានធំឡើងជាមួយក្តីស្រម៉ៃក្នុងការចង់ក្លាយខ្លួនជាគ្រូពេទ្យពូកែមួយរូបដែលប្រើប្រាស់ជំនាញដៃឆ្វេងរបស់ខ្លួន ក្នុងការព្យាបាលជំងឺ។ ប៉ុន្តែដោយសារកត្តាពេលវេលា និងលទ្ធភាពគ្រួសារមិនសូវអំណោយផល ខ្ញុំក៏សម្រេចចិត្តចាប់យកជំនាញផ្សេងជំនួសវិញ។ ដំណើរជីវិតការងារនៅក្នុងសង្គមស៊ីវិលរបស់ខ្ញុំចាប់ផ្ដើមជាមួយការងារ ជាកម្មសិក្សាការីមួយរូប នៅក្នុងវិទ្យាស្ថានដើម្បីសន្តិភាព និងសហប្រតិបត្តិការ(CICP)។ បន្ទាប់មកនៅក្នុងឆ្នាំ២០០៥ ខ្ញុំបានផ្លាស់ទៅបម្រើការ នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)ហើយវាក៏ជាចំណុចមួយ ដែលធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់ពីខ្លួនឯង និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈព្រឹត្តិការណ៍នៃការចាប់ខ្លួនលោក កឹម សុខា ក្រោយការចូលរួមរៀបចំកម្មវិធីអបអរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ដែលធ្វើឡើងដោយគ្មានមូលហេតុច្បាស់លាស់។ ព្រឹត្តិការណ៍នោះបានធ្វើឱ្យខ្ញុំមានការសម្រេចចិត្តមួយ ថាតើគួរបន្តនៅក្នុងជីវិតការងារនេះ ឬក៏ត្រូវបោះបង់។ ខ្ញុំក៏សម្រេចចិត្ត បន្តដំណើរជីវិតការងារនៅក្នុងវិស័យនេះ ព្រោះខ្ញុំចង់ចូលរួមជាចំណែកនៃការដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងតំណាងឱ្យសំឡេងរបស់ជនរងគ្រោះ ដែលសិទ្ធិត្រូវបានរំលោភបំពាន។
២/ តើការងារនះ បានផ្លាស់ប្តូរជីវិតរបស់អ្នក និងសហគមន៍អ្វីខ្លះ?
ដូចដែលខ្ញុំបានរៀបរាប់ពីដើមឡើយ គឺខ្ញុំចង់តែក្លាយខ្លួនជាគ្រូពេទ្យព្យាបាលជំងឺម្នាក់ ប៉ុន្តែដោយសារផែនការជីវិតមានការផ្លាស់ប្តូរ វាធ្វើឱ្យខ្ញុំជ្រើសរើសផ្លូវដើរផ្សេងទៀត។ ប៉ុន្តែយ៉ាងណាមិញ ខ្ញុំនៅតែសប្បាយចិត្តព្រោះទោះបីជាខ្ញុំមិនអាចក្លាយខ្លួនជាគ្រូពេទ្យ ដើម្បីព្យាបាលជំងឺផ្ទាល់របស់មនុស្ស តែខ្ញុំមានឱកាសចូលរួមចំណែកព្យាបាលជំងឺរបស់សង្គមយើង។ ដូច្នេះវាក៏មិនខុសឆ្ងាយពីក្តីស្រម៉ៃរបស់ខ្ញុំដែរ។តាមរយៈការងារដែលខ្ញុំបានធ្វើកន្លងមកនេះវាមិនត្រឹមតែអាចជួយពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនឱ្យស្គាល់ច្បាស់ពីបញ្ហាសិទ្ធិមនុស្សកាន់តែច្បាស់ប៉ុណ្ណោះទេ វាថែមទាំងអោយខ្ញុំស្គាល់ច្បាស់ពីគុណតម្លៃជាមនុស្ស។ ជាពិសេសវាជាមាគ៌ាមួយ ដែលខ្ញុំអាចចូលរួមចំណែក និងធ្វើការជាមួយស្ថាប័នដទៃទៀត ក្នុងការ កែប្រែការយល់ដឹងពីសិទ្ធិរបស់ប្រជាជនកម្ពុជានិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទៅលើប្រធានបទអ្វីមួយដែលកើតឡើងនៅក្នុងសង្គម។
៣/ តើអ្នកបានជួបប្របទះនូវឧបសគ្គអ្វីខ្លះ ក្នុងការបំពេញការងារនះ?
បញ្ហាចម្បងពីរដែលខ្ញុំបានជួបប្រទះក្នុងការបំពេញការងារមួយនេះគឺ តួនាទីជាអ្នកដឹកនាំ។ ដំបូងឡើយ នៅពេលដែលខ្ញុំទទួលបានឱកាសក្លាយជានាយកប្រតិបត្តិ វាប្រៀបបីជាការបោះជំហានមួយដ៏វែង ក្នុងជីវិតការងាររបស់ខ្ញុំ ស្របពេលនោះ វាក៏ជាអម្រែកមួយដ៏ធ្ងន់មួយសម្រាប់ខ្ញុំ ដើម្បីស្ពាយទៅមុខដូចគ្នា ពីព្រោះវាជាតួនាទីដែលធំ និងមានទំនួលខុសត្រូវខ្ពស់។ ចំណុចសំខាន់មួយទៀតនោះគឺ ចំណោទបញ្ហាយេនឌ័រ និងវ័យ។ នៅក្នុងសង្គមកម្ពុជា ស្ត្រីតែងតែគេយល់ឃើញថា ជាភេទទន់ខ្សោយ ដែលមិនអាចធ្វើការងារធំបាន ជាពិសេសនៅពេលដែលអ្នកមានវ័យក្មេង។ មនុស្សនៅជុំវិញខ្លួន តែងធ្វើការវិនិច្ឆ័យទៅលើសមត្ថភាពក្នុងការដឹកនាំ ហើយមិនសូវជឿជាក់ និងអោយតម្លៃទៅលើការងារដែលអ្នកធ្វើនោះទេ។ ប៉ុន្តែនៅទីបំផុត សម្រាប់ខ្ញុំ វានៅតែជាឱកាសមួយដ៏ល្អ ដែលអាចបង្ហាញសមត្ថភាពក្នុងនាមជាអ្នកនាំ និងស្ត្រីមួយរូប ក្នុងការចូលរួមដោះស្រាយបញ្ហាសង្គមដូចគ្នាទៅនឹងបុរសដែរ។ ម្យ៉ាងទៀត តាមរយៈពេលវេលា និងការខិតខំប្រឹងប្រែងក្នុងការបំពេញការងារ។ វាជាកត្តាសំខាន់ ដែលអាចអោយខ្ញុំអាចឆ្លងកាត់ឧបសគ្គទាំងអស់នោះបាន។
៤/ តើមានបញ្ហាចោទអ្វីខ្លះ ដែលជាកត្តារារាំងអោយសហគមន៍ និងយុវជនអោយមើលឃើញពីតម្លៃ និងចូលរួមធ្វើសកម្មភាពជាមួយអ្នក?

ទោះបីជាធ្លាប់ជួបប្រទះការគំរាមកំហែងនិង ការកោះហៅទៅតុលាការយ៉ាងណាក្តី សម្រាប់ខ្ញុំវាគ្រាន់តែជាផលប៉ះពាល់មួយផ្នែកនៃការងាររបស់ប៉ុណ្ណោះ។ ខ្ញុំក៏ដាក់ចិត្តនឹងទទួលយកនូវគ្រប់បញ្ហា ដែលអាចនឹងជួបប្រទះក្នុងដំណើរមួយនេះ ហើយជាធម្មតាការងារនីមួយៗសុទ្ធតែមានគំនាបបញ្ហាខុសៗពីគ្នា។ ដើម្បីឱ្យមនុស្ស មើលឃើញពីតម្លៃការងារ និងចូលរួមជាសកម្មភាពផ្សេងៗជាមួយយើង វាតម្រូវឱ្យមានការខិតខំប្រឹងប្រែងច្រើន ពីព្រោះមានព្រឹត្តិការណ៍ និងឧទាហរណ៍ជាច្រើន ដែលកើតមានសង្គម ហើយវាអាចជារបាំងមួយ ដែលរារាំងការចូលរួមរបស់យុវជន និងអ្នកដែលមើលឃើញពីបញ្ហាដូចគ្នាដែរ។ យ៉ាងណាមិញ តម្លាភាព គណនេយ្យភាព និងលទ្ធផលនៃសកម្មភាពការងារនីមួយៗរបស់យើង ជាឫសគល់សំខាន់ដែលអាចទាក់ទាញមនុស្សនៅក្នុងសង្គម ក៏ដូចជាក្រុមការងារទាំងអស់នៅតែបន្តដំណើរធ្វើការជាមួយគ្នាដោយមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់។
៥/តាមបទពិសោធន៍របស់បងតើយុវជនអាចចូលរួមធ្វើអ្វីខ្លះដើម្បីឱ្យមានការផ្លាស់ប្ដូរវិជ្ជមាន?
មនុស្សម្នាក់ៗសុទ្ធតែមានសក្ដានុពល ក្នុងការបង្កើតអោយបានការផ្លាស់។ ជាពិសេស យុវជនដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតថ្មីៗ និងជាចលករសំខាន់ក្នុងការបង្កើតអោយមានការផ្លាស់ប្តូរ។ ហេតុនេះ ការប្រើប្រាស់ភាពវ័យឆ្លាតក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួន ប្រកបដោយឆន្ទៈ គឺជារឿងសំខាន់។ ការកំណត់គោលដៅច្បាស់លាស់សម្រាប់ជីវិតខ្លួន និងប្រកាន់នូវគុណតម្លៃរបស់ខ្លួន ដែលអាចញាំងអោយមានការផ្លាស់ប្តូរផងដែរ ពីព្រោះមិនថា អ្នកធ្វើការអ្វី ឬប្រកបរបររកស៊ីអ្វីនោះទេ វាសុទ្ធតែអាចជួយអោយសង្គមមានការរីកចម្រើន និងការផ្លាស់ប្តូរ ដរាបណាវាជាការងារសុចរិត និងប្រព្រឹត្តិទៅដោយសម្មាអាជីវ។ ជាពិសេស សម្រាប់យុវជន គួរមានចេះបណ្ដុះស្មារតីខ្លួនឯង អោយក្លាយជាប្រជាពលរដ្ឋដែលសកម្មក្នុងការចូលរួមសកម្មភាពផ្សេងៗក្នុងសង្គម និងមានចំណេះដឹងគ្រប់គ្រាន់មុននឹងធ្វើការសម្រេចចិត្តទៅលើបញ្ហាអ្វីមួយ ដែលកើតមកលើខ្លួនឯង និងសង្គម ដោយការហ៊ានបញ្ចេញមតិយោបល់ជាដើម៕