លោក ជុំ បូរី តែងតែមានគំនិតចង់បង្កើតដំណោះស្រាយ ដើម្បីជាប្រយោជន៍ដល់សង្គមទាំងមូល ហើយនោះជាមូលហេតុដែលនាំឱ្យលោកបង្កើតក្រុមហ៊ុន LUMA System។
លោក ជុំ បូរី តែងតែដឹងខ្លួនថា គាត់ចង់ធ្វើការជាមួយនឹងប្រព័ន្ធកុំព្យូទ័រ សូម្បីតែមុនពេលដែលលោក មានចំណេះដឹងជ្រៅជ្រះផ្នែកបច្ចេកវិទ្យាទៅទៀត។ បន្ទាប់ពីរៀនចប់នៅវិទ្យាល័យ នៅក្នុងខេត្តសៀមរាប លោកក៏ដូចជាយុវជនកម្ពុជាជាច្រើននាក់ទៀតដែរ គឺរៀនចាប់យកជំនាញបដិសណ្ឋារកិច្ច តាមការចង់បានរបស់ម្ដាយឪពុក។
ដូច្នេះ ការមានចំណាប់អារម្មណ៍ទៅលើកុំព្យូទ័រ បានទាញឱ្យលោកបូរីចំណាយពេលនៅហាងអ៊ីនធឺណិតកាហ្វេ រាល់ពេលទំនេរតាមដែលខ្លួនឆ្លៀតបាន។
អានបន្ថែម៖ បុគ្គលឆ្នើម៥រូបគួរតាមដានឆ្នាំ ២០២១
នៅក្នុងអំឡុងពេលបម្រើការងារក្នុងវិស័យបដិសណ្ឋារកិច្ច លោកមានឱកាសបានហ្វឹកហាត់ជំនាញព័ត៌មានវិទ្យា តាមរយៈការដោះស្រាយបញ្ហានានា នៅសណ្ឋាគារដែលលោកធ្វើការ។ ហើយទីបំផុតក៏ជំរុញឱ្យលោកបង្កើតកម្មវិធីកុំព្យូទ័រ LM Systems ដែលជាកម្មវិធីសម្រាប់ការកក់តាមប្រព័ន្ធអនឡាញ។ កម្មវិធីនេះត្រូវបានប្រើប្រាស់ដោយអាជីវកម្មជាច្រើននៅទូទាំងប្រទេសកម្ពុជា វៀតណាម និងឡាវ។ ទោះបីជាយ៉ាងក៏ដោយ លោកតែងតែចង់បង្កើតដំណោះស្រាយ ដើម្បីជាប្រយោជន៍ដល់សង្គមទាំងមូល ហើយនោះជាមូលហេតុដែលនាំឱ្យលោកបង្កើតក្រុមហ៊ុន LUMA System។
គម្រោងមួយរបស់ក្រុមហ៊ុន LUMA នាពេលបង្កើតដំបូងៗ គឺឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៍របស់កម្ពុជា ដោយប្រើប្រាស់ការវិភាគទិន្នន័យទៅលើប្រភេទយានយន្ត ល្បឿន និងការកកស្ទះនៅតាមតំបន់ដែលបានកំណត់ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) Big Data និងស្វ័យប្រវត្តិកម្មកុំព្យូទ័រ។
ពួកគេក៏បានចាប់ផ្ដើមអភិវឌ្ឍទៅលើប្រព័ន្ធគ្រប់គ្រងកាកសំណល់រឹង ជាមួយក្រសួងបរិស្ថានផងដែរ។ តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទ ប្រព័ន្ធកម្មវិធីនោះនឹងផ្ដល់ទិន្នន័យជាក់ស្ដែងភ្លាមៗ អំពីកាលវិភាគនៃការប្រមូលសំរាម ការទូទាត់វិក្កយបត្រ និងអនុញ្ញាតឱ្យប្រជាជនរាយការណ៍ទៅលើការអនុវត្តការប្រមូលសំរាម និងការចោលសំរាមខុសច្បាប់ ក្នុងទីក្រុងភ្នំពេញ។
លោកបូរីបានពន្យល់អំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋថា៖
ខ្ញុំចង់បញ្ចូលបច្ចេកវិទ្យាទៅក្នុងការដោះស្រាយបញ្ហាសង្គម មិនមែនគ្រាន់តែនៅក្នុងបញ្ហាអាជីវកម្មតែមួយមុខទេ។ ខ្ញុំចង់ធ្វើអ្វីមួយ ដែលជះឥទ្ធិពលដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សជាច្រើន រួមបញ្ចូលទាំងរូបខ្ញុំផ្ទាល់ ក្រុមគ្រួសាររបស់ខ្ញុំ មិត្តភក្ដិ និងប្រជាជននៅទូទាំងប្រទេសកម្ពុជា៕
ជុំ បូរី – អគ្គនាយកក្រុមហ៊ុន LUMA System
អត្ថបទដោយ STEW POST និងបកប្រែដោយ សំ ដារ៉ា។ អត្ថបទនេះត្រូវបានចុះផ្សាយដំបូងនៅទស្សនាវដ្តី Focus Cambodia ឆ្នាំ២០២១-២០២២