សុខចេង និង Alix បានចាប់ផ្ដើមដំណើរការ វប្បធម៌ ដោយបង្កើតមាតិកាឌីជីថលបែបកម្សាន្ត ក្នុងគោលបំណងផ្ដល់ឱ្យយុវជនកម្ពុជានូវព័ត៌មានដែលគួរឱ្យជឿទុកចិត្តបាន ដើម្បីជួយពួកគេដោះស្រាយបញ្ហាប្រឈមក្នុងជីវិត និងរស់នៅឱ្យបានពេញបរិបូរ ទៅតាមសក្ដានុពលដែលពួកគេមាន។
ការជួយតម្រង់ទិសយុវជនខ្មែរ និងការធ្វើឱ្យសង្គមមានភាពប្រសើរឡើង គឺជាការងារស្នូលរបស់កញ្ញា សៀង សុខចេង នៅឯ វប្បធម៌។
ដោយកើតនិងធំធាត់នៅក្នុងកម្ពុជា ជីវិតរបស់និពន្ធនាយកវ័យ ២៥ឆ្នាំរូបនេះ ចាប់ផ្តើមមានការផ្លាស់ប្តូរនៅអាយុ ១៣ឆ្នាំ គឺនៅពេលដែលខ្លួនចេះប្រើអ៊ីនធឺណិត ហើយជង្រុកព័ត៌មានដ៏សម្បូរបែប ភ្លាមៗនោះស្រាប់តែស្ថិតនៅចុងម្រាមដៃរបស់នាង។
អានបន្ថែម៖ បុគ្គលឆ្នើម៥រូបគួរតាមដានឆ្នាំ ២០២១
នៅមុនពេលដែលសុខចេងបានដំណើរការ «វប្បធម៌» ជាមួយសហស្ថាបនិក Alix Feschotte នៅក្នុងឆ្នាំ២០១៨ នាងបានបង្កើតកិត្តិនាមសម្រាប់ខ្លួនឯងរួចទៅហើយតាមរយៈការសរសេរប្លក់ នៅក្នុងវប្បធម៌យុវជនដែលកំពុងវិវត្តទៅកាន់ឌីជីថលយ៉ាងឆាប់រហ័សនៅកម្ពុជា ។
សុខចេង និង Alix បានចាប់ផ្ដើមជាមួយបង្កើតនូវមាតិកាឌីជីថលបែបកម្សាន្ត ក្នុងគោលបំណងផ្ដល់ឱ្យយុវជនកម្ពុជានូវព័ត៌មានដែលគួរឱ្យជឿទុកចិត្តបាន ដើម្បីជួយពួកគេដោះស្រាយបញ្ហាប្រឈមក្នុងជីវិត និងរស់នៅឱ្យបានពេញបរិបូរ ទៅតាមសក្ដានុពលដែលពួកគេមាន។
ពិភពលោក កំពុង មានការផ្លាស់ប្ដូរ ដែលក្នុងនោះយុវជនកម្ពុជា គឺត្រូវការជួបជាមួយនឹងគំនិតប្លែកៗថ្មីៗជាច្រើនដូច្នេះ ហើយពួកគាត់គួរតែទទួលបាន សិទ្ធិអំណាច ក៏ដូចជាចំណេះដឹងក្នុងការវិភាគអំពីទំនៀមទំលាប់ចាស់ៗដែលពួកគេបានទទួលពីសង្គមខ្មែរយើងក៏ដូចជា គំនិតថ្មីៗដែលទទួលបានពីប្រទេសផ្សេងដើម្បីឱ្យយុវជនអាចជ្រើសរើសយកគំនិតល្អៗប្រើប្រាស់នៅក្នុងជីវិតរបស់ពួកគេបាន។
សៀង សុខចេង – សហស្ថាបនិកវប្បធម៌
តាមរយៈការផលិតវីដេអូលើប្រធានបទដ៏សម្បូរបែប រាប់ចាប់តាំងពីសុខភាពផ្ទាល់ខ្លួននិងផ្លូវចិត្ត រហូតដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនក្នុងស្រុក កញ្ញាសុខចេងយល់ថា ការទទួលបានព័ត៌មានដែលគួរឱ្យជឿទុកចិត្ត និងដែលពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ពួកគេ គឺមានភាពចាំបាច់ជាខ្លាំង សម្រាប់ជំនាន់ក្រោយនៃអ្នកបង្កើតវប្បធម៌របស់ប្រទេសកម្ពុជា។
ពួកយើងកំពុងព្យាយាមជួយយុវជនឱ្យចេះស្រឡាញ់ខ្លួនឯង ចេះស្រឡាញ់អ្នកដទៃ និងចេះស្រឡាញ់ពិភពលោក។ ហើយបន្ថែមពីលើនេះទៀតនឹង យើងជួយឱ្យពួកគាត់មានជំនាញត្រិះរិះពិចារណាបានស៊ីជម្រៅ ដូច្នេះបើសិនជាមានក្ដីស្រលាញ់បូកជាមួយនឹងការត្រិះរិះពិចារណា គឺនាំឱ្យមានការដោះស្រាយបញ្ហាសង្គមបានយ៉ាងច្រើន៕
សៀង សុខចេង – សហស្ថាបនិកវប្បធម៌
អត្ថបទដោយ STEW POST និងបកប្រែដោយ សំ ដារ៉ា។ អត្ថបទនេះត្រូវបានចុះផ្សាយដំបូងនៅទស្សនាវដ្តី Focus Cambodia ឆ្នាំ២០២១-២០២២