ការធំដឹងក្តីឡើងនៅក្នុងរង្វង់សិល្បៈ អមជាមួយនឹងឆន្ទៈស្រឡាញ់វប្បធម៌ខ្មែរបានជំរុញឱ្យ អ្នកនាង ជុំវណ្ណ សូដាជីវី បានជ្រើសយករបាំបុរាណខ្មែរ ជាមូលដ្ឋានគ្រឹះនៃការសម្តែងរបស់ខ្លួន មុននឹងបោះជំហានចូល របាំសហសម័យ ហើយកែខៃជាស្នាដៃថ្មីៗ ដើម្បីរួមចំណែកលើកស្ទួយសិល្បៈវប្បធម៌ និងបង្កើតជាសមិទ្ធផលថ្មី សម្រាប់យុវជនជំនាន់ក្រោយ។

ជាទូទៅក្នុងវិស័យសិល្បៈ គាត់ត្រូវបានគេស្គាល់ថា «ប៊ែល» ដែលសព្វថ្ងៃជា នាដការីរបាំបុរាណ និងសហសម័យ និង គ្រូបង្រៀនផ្នែកនាដសាស្រ្ត នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមួយរូប។ កិច្ចការងារសំខាន់របស់អ្នកនាងបច្ចុប្បន្ន គឺ ការសម្ដែងរបាំ បង្កើតស្នាដៃ បង្ហាត់បង្រៀន និងជួយផ្ដល់ជាទីប្រឹក្សាក្នុងវិស័យសិល្បៈ។ មិនតែប៉ុណ្ណោះ អ្នកជំនាញរូបនេះ ជាស្ថាបនិកក្រុមរបាំសហសម័យ ស៊ីលវ័រប៊ែល (SilverBelle) បន្ទាប់ពីបានចូលប្រឡូកនៅក្នុងវិស័យរបាំ សហសម័យ អស់ជាងមួយទសវត្ស។
ចំណុចចាប់ផ្តើមបំផុតនៃដំណើរក្នុងវិថីសិល្បៈនេះ កកើតចេញពីការសម្ដែងរបាំបុរាណលើកដំបូងបំផុតសម្រាប់បង្ហាញ ជូនដល់ភ្ញៀវទេសចរណ៍។ ការអបអរសាទរជាមួយស្នាមញញឹម ជាកម្លាំងចិត្ត ដែលធ្វើឱ្យខ្លួនមានមោទនភាពថា ទោះបីជាខ្លួននៅក្មេង តែអាចធ្វើជាអ្នកតំណាងឱ្យសិល្បៈវប្បធម៌មួយរូប ដែលអាចសាយភាយអត្តសញ្ញាណជាតិ ទៅកាន់មនុស្សជុំវិញខ្លួន។
អ្នកនាង បានលើកឡើងថា «វាសម្បើម ហើយឡូយមែនទែន ដែលអាចធ្វើឱ្យមនុស្សជិត១០០នាក់មានស្នាមញញឹម សប្បាយរីករាយជាមួយនឹងវប្បធម៌របស់យើង។»
ដោយសារការចង់ចេះចង់ដឹងអ្វីដែលថ្មីៗ អ្នកនាដការីរូបនេះ បានមានឱកាសជួបជាមួយអ្នកគ្រូសិល្បៈ ជនជាតិឥណ្ឌាមួយរូប តាមរយៈកម្មវិធីផ្លាស់ប្ដូរវប្បធម៌។ កម្មវិធីនេះ បានជំរុញឱ្យអ្នកជំនាញទាំងពីររូបនេះ បានពួតដៃគ្នាបង្កើតស្នាដៃមួយ ដែលបញ្ចូលគ្នារវាងរបាំទាំងបី ដែលរួមមាន របាំខ្មែរ របាំឥណ្ឌា និងយូហ្កា ជាមួយភ្លេងថ្មី។
ដំបូងឡើយអ្នកនាង ប៊ែល គិតថាមិនអាចទៅរួចទេ ក្នុងការរួមបញ្ចូលស្នាដៃ ដែលមានប្រភពផ្សេងគ្នា។ ប៉ុន្តែពាក្យមួយ ដែលគាត់ចាំមិនភ្លេចពីបទពិសោធន៍ធ្វើការជាមួយអ្នកគ្រូឥណ្ឌារូបនោះ គាត់បានប្រាប់ថា «ហេតុអ្វីមិនអាចទៅរួច?» របាំនៅតែរបាំ ការរាំនៅតែការរាំ សំខាន់យើងជាអ្នករាំត្រូវស្របតាមភ្លេង។ អារម្មណ៍បន្ទាប់ពីបានយល់ និងសាកនូវអ្វីដែលថ្មី គឺសប្បាយហើយប្លែក ជាពិសេសមិនមានអ្វីខុសឬទៅមិនរួចនោះទេ យើងនៅតែអាចធ្វើបាន។
ជាងនេះទៅទៀត ក្រោយការបង្ហាញរបាំនេះចប់ លទ្ធផលនៃការសរសើរគាំទ្រច្រើន គាត់បានយល់ច្បាស់ថា «គេអាចធ្វើបាន បញ្ចូលគ្នាបាន» នេះហើយជាសេរីភាពមួយ ដែលបើកចំហទ្វារឈានចូលវិស័យមួយនេះ។

ហេតុនេះការចង់ស្គាល់ និងក្តីស្រឡាញ់បានជម្រុញឱ្យអ្នកនាង ប៊ែលបានវិវត្តន៍ខ្លួនចូលក្នុងរបាំសហសម័យ។ អ្នកនាងចាប់ផ្ដើមចូលរួមក្នុងអង្គការអម្រិតាសិល្បៈ ដែលបណ្ដុះបណ្ដាល យុវជនដែលចង់សាកល្បងអ្វីដែលថ្មី ជាអាហារូបករណ៍ខ្លីៗទៅសិក្សាជាសិក្ខាសាលា។ អ្នកនាងក៏មានឱកាសបានទៅសិក្សាបន្ថែមពីរបាំបែបទំនើបនេះ និងការចែករំលែកអំពីសិល្បៈរបាំខ្មែរ នៅប្រទេសជាច្រើននៅតំបន់អាស៊ី អាមេរិក និងអឺរ៉ុបផងដែរ។
បន្ទាប់ពីការសិក្សាស្រាវជ្រាវ និងយល់ដឹងពីរបាំសហសម័យ អ្នកនាងប៊ែល បានយករបាំបុរាណ ជាគ្រឹះមូលដ្ឋាន សម្រាប់ក្បាច់របាំសហសម័យរបស់ខ្លួន ហើយបង្កើតស្នាដៃថ្មីៗ ដែលនៅតែអាចរំលេចពីអត្តសណ្ណណខ្មែរដ៏រស់រវើក។
យ៉ាងណាមិញមានមនុស្សមួយចំនួនគិតថា របាំសហសម័យជារបាំចម្លងពីបរទេស ដោយសារទម្រង់នេះគេមានយូរមកហើយ។ អ្នកនាង បានឆ្លើយតបថា «ទម្រង់នេះមិនមែនចម្លងមកពីគេនោះទេ យើងបានទៅរៀន ស្វែងយល់ពីទម្រង់ រចនាសម្ព័ន្ធ ក្រឹត្យក្រម បន្ទាប់មកយើងបញ្ចូលគំនិត ការបង្កើតថ្មីតាមបែបរបស់ខ្មែរយើង ដោយសារយើងយកគ្រឹះមូលដ្ឋានជារបាំខ្មែរ និងបច្ចេកទេស បូកថ្មីផ្សំបញ្ចូលគ្នា និងផ្សារភ្ជាប់ជាមួយសាច់រឿងអត្ថន័យរបស់បុគ្គលម្នាក់ៗ ដែលរស់នៅក្នុងសង្គមខ្មែរ។»
អ្នកនាងប៊ែលបានបន្ថែមថា «របាំសហសម័យមានតំណាងឱ្យអត្តសញ្ញាណខ្មែរ ព្រោះនេះជាស្នាដៃរបស់ខ្មែរ គំនិតរបស់កូនខ្មែរ និងអារម្មណ៍ដែលទទួលបាននៅក្នុងជីវិត។»
ការបង្កើតស្នាដៃថ្មីៗ ជាចំណុចសំខាន់របស់សិល្បៈករគ្រប់រូប ហើយគាត់យល់ថា «ការបង្កើតថ្មី មិនមែនបង្កើតដោយចម្លងនិងតំណាងជាតិដទៃនោះទេ គឺបង្ហាញអ្វីជារបស់យើង អត្តសញ្ញាណវប្បធម៌យើង ដោយប្រើការគិត ការអភិវឌ្ឍ ការលើកស្ទួយ ការគាំទ្រពីទស្សនិកជន និងមនុស្សជុំវិញខ្លួន។
អ្នកនាង ប៊ែល មានក្ដីសង្ឃឹមទៅអនាគតថានឹងមានសិល្បៈករ និងទស្សនិកជន អាចស្វែងយល់ពីគុណតម្លៃនៃរបាំសហសម័យ ដែលមានផលប្រយោជន៍សម្រាប់ជាតិ និងវប្បធម៌យើង។ ម៉្យាងទៀតវាជួយឱ្យបុគ្គលម្នាក់ៗ គិតបែបវិជ្ជមានផ្សេងមួយទៀត ដែលមានដំណោះស្រាយដោយសារ ការច្នៃបង្កើតនៃការគិតថ្មីៗ។
គាត់បានលើកឡើងថា «របាំសហសម័យក្លាយ ជាទម្រង់របាំមួយសម្រាប់ខ្មែរ ដែលជាទម្រង់មួយមានច្បាប់ក្រឹត្យក្រម និងមានសេរីភាពពេញលេញ ដោយអ្នកធ្វើក៏អាចស្វែងយល់ អ្នកមើលក៏អាចយល់ ដែលមានសិល្បៈថ្មីៗមើលរហូត មិនធុញ និងជាចំណេះដឹងទូទៅមួយដែលជាស្ពានផ្សារភ្ជាប់ ទៅពិភពលោកខាងក្រៅ។»
បច្ចុប្បន្ន អ្នកនាងកំពុងបង្រៀនសិស្សពីរបាំសហសម័យ ដែលផ្សារភ្ជាប់នឹងជីវិតនៅពេលដែលមានបញ្ហា ដោយការផ្លាស់ប្ដូរទម្លាប់នៃដោះស្រាយតាមទម្លាប់ចាស់មិនមានលទ្ធផល មកងាករកមធ្យោបាយថ្មី ដើម្បីដោះស្រាយបញ្ហានោះ។ ការជួយបណ្ដុះឱ្យមនុស្សគិតរកដំណោះស្រាយ ជាការជួយក្នុងការ រស់នៅមានសន្តិភាពជាងមុន មិនសូវឆេវឆាវ អាចជួយព្យាបាលផ្លូវចិត្ត និងជួយបើកចិត្ត ក្នុងការ និយាយពីបញ្ហាអ្វីមួយ។
ជាចុងក្រោយ គ្រូបង្រៀនផ្នែកនាដសាស្រ្ត និងនាដការីរូបនេះបន្ថែមថា «បើស្រឡាញ់ពិតប្រាកដ ត្រូវតែតស៊ូ»។ បើសិនយើងសម្រេចចិត្តឈានជើងចូលវិស័យសិល្បៈ វាអាចជាការងារមួយដែលពិបាក ត្រូវការភាពអត់ធ្មត់ច្រើន តែត្រូវគិតមើលផងដែរថា ការងារណាក៏ពិបាកដែរ សុទ្ធតែទាមទារការប្រឹងប្រែង និងប្រឈមនឹងបញ្ហាជាច្រើន។ ហេតុនេះយើងត្រូវហ៊ានទទួលស្គាល់ការពិត និងចេះរកដំណោះស្រាយបញ្ហា ព្រោះប្រសិនបើយើង តស៊ូជម្នះនូវអ្វីដែលយើងស្រឡាញ់ គឺយើងនឹងទទួលបានជោគជ័យ៕