ជួបជាមួយព្រះតេជគុណថូ ធូរស់ ព្រះជន្ម៣៦ព្រះវស្សា ជាប្រធានសង្ឃសហគមន៍រុក្ខាវ័ន ចំពោះការលះបង់ព្រះកាយពល និងពេលវេលា ក្នុងកិច្ចការបន្តវេនថែរក្សាការពារព្រៃឈើ ដែលត្រូវបានចាត់ទុកជាសួតរបស់ផែនដី។
ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ឬព្រៃរុក្ខាវ័នមានទំហំ១៨,២៦១ហិតា មានទីតាំងស្ថិតនៅខេត្តឧត្តរមានជ័យភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ព្រៃដ៏សម្បូរបែបមួយនេះ ដែលប្រមូលផ្ដុំទៅដោយឈើប្រណិត សត្វព្រៃ មច្ឆាជាតិ ត្រូវបានផ្ដួចផ្ដើមកិច្ចការពារដោយលោកគ្រូ ប៊ុន សាលួត កាលនៅជាព្រះសង្ឃនៃវត្តសំរោង រួមជាមួយអ្នកស្រលាញ់ព្រៃឈើ និងអ្នកស្រុកក្នុងតំបន់ ក្នុងអំឡុងឆ្នាំ២០០០ ។ ក្នុងឆ្នាំ២០០៨ ព្រៃមួយនេះ ត្រូវបានទទួលស្គាល់ជាផ្លូវការ ដាក់ក្នុងការការពារ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា។
បន្ទាប់ពីបានចូលរួមក្នុងសកម្មភាពថែរក្សា ការពារព្រៃឈើជាមួយអតីតសង្ឃប៊ុន សាលួតតាំងតែពីឆ្នាំ២០០៤មកព្រះតេជគុណថូ ធូរស់ត្រូវបានជ្រើសតាំងជាប្រធានសង្ឃសហគមន៍រុក្ខាវ័ន កាលពីចុងឆ្នាំ ឆ្នាំ២០២០ បន្ទាប់ពីព្រះតេជគុណ ប៊ុន សាលួតបានលាចាកសិក្ខាបទ។
Focus បានសហការជាមួយកម្ពុអ៊ែរ៉ា ធ្វើបទសម្ភាសន៍ជាមួយព្រះតេជគុណថូ ធូរស់ អំពីមូលហេតុនៅពីក្រោយការតាំងចិត្ត ទំនោរ និងភាពអត់ធ្មត់ ក្នុងការបន្តវេនកិច្ចការថែរក្សាធនធានធម្មជាតិរបស់ព្រៃសង្ឃសហគមន៍រុក្ខវ័ន។
តើអ្វីជាកត្តាជម្រុញ ព្រះតេជគុណឲ្យធ្វើការងារនេះ?
ត្រលប់ទៅកាលដែលអាត្មាទើបតែបួសរៀនជាសាមណេរដំបូង មានព្រះជន្ម១៧ព្រះវស្សាក្នុងឆ្នាំ២០០៤។ កាលនោះអាត្មាមិនទាន់មានទឹកចិត្តស្រលាញ់ព្រៃឈើដូចពេលនេះទេ ប៉ុន្តែដោយសារអាត្មាបួសរៀននៅទីនោះ ទើបអាត្មាត្រូវចូលរួមជួយក្នុងសកម្មភាពល្បាតព្រៃដោយសារតែកាលនោះ ខ្វះកម្លាំងក្នុងការល្បាត។
ដោយភ្ជាប់ខ្លួនជាមួយធម្មជាតិ តាំងតែពីពេលនោះមកអាត្មាបានចាប់ផ្ដើមមើលឃើញពីភាពស្រស់ស្អាតនៃ ធម្មជាតិ និងសារសំខាន់នៃធម្មជាតិចំពោះជីវិតមនុស្សនិងសត្វ។ អាត្មាបានចាប់ផ្ដើមមានចំណាប់អារម្មណ៍ ចង់ដឹងចង់ឭជាមួយធនធានធម្មជាតិដែរយើងមាន ព្រោះឧស្សាហ៍មើលឃើញពីព័ត៌មាន ពីការកាប់បំផ្លាញព្រៃឈើជារៀងរាល់ឆ្នាំ។ ដូច្នោះហើយ អាត្មាចាប់ផ្ដើមចង់បន្តសកម្មភាពការពារព្រៃរុក្ខាវ័នបន្ថែមទៀត ដើម្បីចូលរួមចំណែក ការពារនូវព្រៃដ៌ស្រស់ស្អាតសម្រាប់ក្មេងជំនាន់ក្រោយ។ ទាំងនេះក៏ជាមូលហេតុ ដែលជម្រុញឲ្យអាត្មាព្រមទទួល នូវតួនាទីជាប្រធានសង្ឃសហគមន៍រុក្ខាវ័នបន្តពីលោកគ្រូ ប៊ុន សាលួតផងដែរ។
តើការងារនេះបានផ្លាស់ប្ដូរជីវិតព្រះតេជគុណនិងសហគមន៍យ៉ាងដូចម្ដេច?
សម្រាប់សកម្មភាពនៃការការពារព្រៃសង្ឃរុក្ខាវ័ននេះ សកម្មភាពខ្លះមានការផ្លាស់ប្ដូរ រីឯសកម្មភាពខ្លះវិញនៅតែដដែល។ បន្ទាប់ពីបានធ្វើសកម្មភាពអភិរក្សព្រៃឈើនេះអស់ពេលច្រើនឆ្នាំមក អាត្មាឃើញថាប្រជាជននៅក្នុងសហគមន៍មួយចំនួនមិនពេញចិត្តចំពោះការការពារព្រៃឈើមួយនេះទេ ព្រោះពួកយើងបានហាមឃាត់ពួកគេមិនឲ្យធ្វើការកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វខុសច្បាប់ និងធ្វើការនេសាទនៅតំបន់ហាមឃាត់ ដោយសារតែសកម្មភាពទាំងនេះផ្ដល់ប្រាក់ចំណូលដល់ពួកគាត់។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏សកម្មភាពទាំងនេះនូវតែកើតមានឡើងមួយចំនួនដែរ។
ជាមួយគ្នានេះផងដែរ ចាប់ពីឆ្នាំ២០០០មកដល់ពេលនេះ ព្រៃសង្ឃរុក្ខាវ័នអាចរក្សាបាននូវរូបរាងដដែល។ ហើយនេះជារឿងមួយដែលអាត្មាមានមោទនភាពចំពោះសហគមន៍យើង។ យើងមានព្រៃដែលអាចផ្ដល់អនុផលមួយចំនួន ដូចជាផ្សិត ត្រី និងផ្លែឈើជាដើម ទៅកាន់ប្រជាសហគមន៍ និងប្រជាជនដែលស្ថិតនៅខេត្តជិតគ្នា ហើយវាក៏បានជួយលើកកម្ពស់ជីវភាពប្រជាជនបានមួយកម្រិតផងដែរ។
តើការងារនេះ មានការលំបាកអ្វីខ្លះ? ហើយព្រះតេជគុណជម្នះឧបសគ្គ ទាំងនេះដោយរបៀបណា?
និយាយដោយស្មោះត្រង់ទៅ អាត្មាធ្លាប់អស់សង្ឃឹមរហូតដល់មានគំនិតចង់បោះបង់សកម្មភាពនេះចោលតែម្ដង។ នៅពេលដែលសហគមន៍យើងខ្វះខាតនូវការគាំទ្រ សម្ភារៈនិងថវិកា ដើម្បីធ្វើសកម្មភាពថែរក្សាព្រៃ។ ព្រោះថាដើម្បីធ្វើសកម្មភាពល្បាតព្រៃបាន សមាជិកដើរល្បាតត្រូវការនូវសម្ភារៈដើរព្រៃ អាហារនិងរបស់របរផ្សេងៗ ជាពិសេសនាពេលវិបត្តិកូវីដកន្លងមកនេះ។
គ្រប់ពេលដែលអាត្មាមានគំនិតចង់បោះបង់ អាត្មាតែងនឹកដល់ លោកគ្រូប៊ុន សាលួត ដែលបានលះបង់ញើសឈាមក្នុងការបង្កើតសង្ឃសហគមន៍រុក្ខាវ័នឡើង ដើម្បីការពារព្រៃរុក្ខាវ័ន និងជីវចម្រុះតាំងពីឆ្នាំ២០០០មក។
បន្ថែមពីនេះទៀតអាត្មាតែងតែចោទសួរខ្លួនឯងថា តើក្នុងចំណោមមនុស្សប្រមាណ១៦លាននាក់ និងព្រះសង្ឃប្រមាណ៦ម៉ឺននាក់ក្នុងប្រទេសកម្ពុជា តើមានប្រជាជន ឬព្រះសង្ឃប៉ុន្មាននាក់/អង្គ ដែលនឹងស្ម័គ្រចិត្តមកការពារព្រៃឈើដូចជាសង្ឃសហគមន៍រុក្ខាវ័ន។
មួយវិញទៀតរាល់ពេលដែលអាត្មាឃើញក្រុមយុវជន ឬប្រជាជនដែលស្រលាញ់ជីវចម្រុះ ចុះមកសួរសុខទុក្ខឬចូលរួមគាំទ្រសកម្មភាពរបស់យើង អាត្មាតែងតែមានអារម្មណ៍កក់ក្ដៅនិងមិនឯកានោះទេ។
តើព្រះតេជគុណមានចក្ខុវិស័យយ៉ាងណា ចំពោះការងាររបស់ព្រះតេជគុណ? តើព្រះតេជគុណចង់ឃើញការផ្លាស់ប្ដូរអ្វីខ្លះ នាពេលអនាគត?
មានរឿងមួយដែលអាត្មាចង់ឃើញឲ្យមានការផ្លាស់ប្ដូរ ហើយអាត្មាគិតថាវាជារឿងសាមញ្ញមួយ ដែលមនុស្សគ្រប់គ្នានៅលើផែនដីមួយនេះអាចធ្វើបាន នោះគឺអាត្មាសង្ឃឹមនឹងឃើញមាន ការផ្លាស់ប្ដូរឬការវិវត្តន៍នៃផ្នត់គំនិតរបស់ប្រជាជនខ្មែរ ក្នុងការស្រលាញ់និងថែរក្សាធនធានធម្មជាតិនិងជីវចម្រុះដែលយើងមាន។
ហេតុអ្វីបានប្រជាជនគ្រប់រូបមិនអាចស្រលាញ់ធនធានធម្មជាតិ ដូចនឹងការស្រលាញ់គ្រួសាររបស់ខ្លួន?
តាមការយល់ឃើញរបស់ព្រះតេជគុណ តើយុវជនអាចធ្វើអ្វីបានខ្លះ ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថាន?
សព្វថ្ងៃ អាត្មាបានឃើញយុវជនរបស់យើង បង្ហាញការចាប់អារម្មណ៍និងយកចិត្តទុកដាក់ ចំពោះធនធានធម្មជាតិច្រើនជាងមុន។ ជាពិសេសទៅលើព្រៃឈើនិងសត្វព្រៃដ៏សម្បូរបែបរបស់កម្ពុជា។
រឿងមួយដែលអាត្មាចង់ឃើញយុវជនចូលរួមធ្វើនោះ គឺការផ្សព្វផ្សាយពីការការពារព្រៃឈើ នៅលើបណ្ដាញសង្គមរបស់ពួកគេ ដូចដែលក្រុមសង្ឃសហគមន៍រុក្ខាវ័ន បាននឹងកំពុងធ្វើសព្វថ្ងៃនេះ នៅលើទំព័រហ្វេសប៊ុករបស់ពួកយើងដូចជា Jungle GMCFឆ្នាំព្រៃ និង Bun Saluth – ប៊ុន សាលួត។ ជាពិសេសផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយផ្នែកច្បាប់ ទាក់ទិននឹងបទល្មើសព្រៃឈើ ដើម្បីឲ្យប្រជាជនយើងមានការយល់ដឹងកាន់តែច្បាស់ពីច្បាប់ក្នុងការការពារបរិស្ថាន។
ម្យ៉ាងទៀតយុវជននិងប្រជាជនគ្រប់គ្នាអាចចូលរួមបរិច្ចាគថវិកា អាហារនិងសម្ភារៈផ្សេងៗទៀតមកកាន់សង្ឃសហគមន៍រុក្ខាវ័ន ដើម្បីឲ្យក្រុមរបស់អាត្មាអាចបន្តការការពារព្រៃឈើមួយនេះបន្តទៀត។ អ្នកទាំងអស់គ្នាអាចចូលរួមក្នុងសកម្មភាពល្បាតព្រៃជាមួយក្រុមអាត្មាក៏បាន។
គួរបញ្ជក់ផងដែរថា នាថ្ងៃទី០៥ ០៦ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះសង្ឃសហគមន៍រុក្ខាវ័ននឹងប្រារព្ធពិធីបុណ្យខួបព្រៃសង្ឃសហគមន៍រុក្ខាវ័នលើកទី២២ផងដែរ។ ទីតាំងស្ថិតនៅភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅទីស្នាក់ការកណ្ដាលរបស់សង្ឃសហគមន៍រុក្ខាវ័នផ្ទាល់តែម្ដង។ អាត្មាសង្ឃឹមថានឹងឃើញវត្តមានរបស់ប្រជាជនគ្រប់រូបនាថ្ងៃនោះ ឬក៏ចូលរួមជាការឧបត្ថម្ភមកកាន់សហគមន៍យើងតាមរយៈការផ្សព្វផ្សាយមួយនេះ៕