តើអ្នកធ្លាប់ស្គាល់ពីបណ្តាញសង្គម LinkedIn ដែរឬទេ? តើអ្វីទៅជា LinkedIn?
យោងតាមការស្ទង់មតិប្រចាំឆ្នាំ ២០១៨ របស់ក្រុមហ៊ុនធនធានមនុស្សក្នុងសហរដ្ឋអាមេរិកមួយឈ្មោះ Jobvite បានបង្ហាញឱ្យឃើញថា បណ្តាញសង្គម LinkedIn គឺជាបណ្ដាញសង្គមដែល អ្នកផ្នែកធនធានមនុស្សនិយមប្រើប្រាស់ជាងគេ ក្នុងការស្វែងរកបុគ្គលិកថ្មីមកបម្រើការក្នុងក្រុមហ៊ុន ឬស្ថាប័នរបស់ខ្លួន។ ក្នុងនោះ ៧៧% នៃបុគ្គលិកផ្នែកធនធានមនុស្សជ្រើសរើសប្រើប្រាស់ LinkedIn ក្នុងគោលបំណងរកបុគ្គលិកថ្មី បើប្រៀបធៀបនឹងបណ្ដាញសង្គម Facebook មាន ៦៣% ។
ជាទូទៅបណ្ដាញសង្គម Facebook ត្រូវបានអ្នកជំនាញទីផ្សារ ចាត់ទុកជាបណ្ដាញសង្គម សម្រាប់ការបង្កើតអត្តសញ្ញាណឱ្យម៉ាកផលិតផល។ រីឯ LinkedIn ត្រូវបានគេចាត់ទុកជា បណ្ដាញសង្គមសម្រាប់ឱកាសការងារ និង ការបង្កើតទំនាក់ទំនងវិជ្ជាជីវៈ។
LinkedIn គឺជាបណ្តាញសង្គមមួយដែលមានអ្នកប្រើប្រាស់សរុប ៦៧៥លាន នាក់ ទូទាំងពិភពលោក គិតត្រឹមខែមីនា ឆ្នាំ២០២០។ ការប្រើប្រាស់ LinkedIn គឺជារឿងធម្មតាមួយនៅប្រទេសលោកខាងលិច។ ប្រជាជននៅទីនោះភាគច្រើន រួមទាំងសិស្ស និងនិស្សិត ស្គាល់ពីបណ្តាញសង្គមមួយនេះ និងប្រើប្រាស់បានត្រឹមត្រូវ។
នៅកម្ពុជាវិញ ចំនួនអ្នកប្រើប្រាស់ LinkedIn គិតត្រឹមខែសីហា មានសរុប ៤០១ ០០០នាក់ ដែលស្មើនឹង ២.៤% ប៉ុណ្ណោះនៃប្រជាជនសរុប ហើយក្នុងនោះ ក្រុមអាយុដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ គឺចន្លោះ អាយុ២៥ ដល់ ៣៤ឆ្នាំ ។ តួលេខនេះ សបញ្ជាក់ឱ្យឃើញថា យុវជនដែលជានិស្សិតនៅកម្ពុជាមិនសូវពេញនិយមប្រើប្រាស់ LinkedIn នោះទេ។
LinkedIn ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ ដោយលោក Reid Hoffman និងសហស្ថានិក៤ររូបទៀត ជាបណ្តាញសង្គមផ្តោតលើការងារ និង អាជីវកម្ម។ បច្ចុប្បន្ន LinkedIn អាចចូលប្រើប្រាស់បានទាំងនៅលើគេហទំព័រ និងតាមរយៈកម្មវិធីទូរស័ព្ទដៃ (app)។ អ្នកប្រើប្រាស់ អាចបង្កើតទំនាក់ទំនងការងារ ប្រកាសជ្រើសរើសរកបុគ្គលិក ស្វែងរកការងារ និងបង្កើតប្រវត្តិរូបសង្ខេប (C.V) អនឡាញ។
ដោយសារការប្រើប្រាស់ LinkedIn នៅកម្ពុជាមិនទាន់មានភាពទូលំទូលាយ ហើយនៅមានលក្ខណៈស្រពេចស្រពិលនៅឡើយ ទើបគេហទំព័រ Geeks in Cambodia ជាសារព័ត៌មានអំពីធុរកិច្ចបង្កើតថ្មី និងបច្ចេកវិទ្យាថ្មីៗ បានធ្វើការស្ទង់មតិមួយក្នុងហ្វេសប៊ុក អំពីការប្រើប្រាស់បណ្តាញសង្គម LinkedIn។ អ្នកឆ្លើយតបនឹងការស្ទង់មតិភាគច្រើនគិតថា LinkedIn មានអត្ថប្រយោជន៍សម្រាប់ការងារ ដោយហេតុថា ពួកគាត់អាចផ្សព្វផ្សាយពីអាជីវកម្ម ការងារ ចំណង់ចំណូលចិត្ត និងការធ្វើទីផ្សារពីខ្លួនឯងដល់អ្នកដទៃបាន។
ទោះបី យើងមិនអាចធានា១០០%បានថា និស្សិតដែលមានគណនី LinkedIn ទាំងអស់នឹងទទួលបានឱកាសការងារក៏ដោយ។ ប៉ុន្តែ យើងអាចនិយាយបានថា ការដែលមានគណនី LinkedIn សម្រាប់និស្សិតតាំងពីពេលមិនទាន់បញ្ចប់ការសិក្សា គឺជារឿងដែលមិនគួរមើលរំលងមួយ។
ថ្វីបើមិនទាន់មានបទពិសោធន៍ការងារអាជីព នៅក្នុងចន្លោះពេលសិក្សា និស្សិតអាចបង្ហាញពីព័ត៌មានរបស់ខ្លួន ដូចជា រាយរាប់ អំពីចំណង់ចំណូលចិត្ត មុខវិជ្ជា ឬ ប្រធានបទដែលខ្លួនចូលចិត្ត និងបទពិសោធន៍របស់ខ្លួនជាដើម។ ក្នុងករណីនេះ សម្រាប់និស្សិតដែលធ្លាប់មានឱកាស បានចូលរួមវគ្គសិក្សាឬកម្មវិធីផ្លាស់ប្តូរនានា ទាំងក្នុងនិងក្រៅប្រទេស ចូលហាត់ការនៅស្ថាប័នផ្សេងៗ ឬ ធ្លាប់ចូលរួមធ្វើការស្ម័គ្រចិត្តនានា ពួកគេគួរតែចំណាយពេលចងក្រងឱ្យបានក្បោះក្បាយពីបទពិសោធន៍ធំៗទាំងនោះ ក្នុងនាមជានិស្សិត ព្រោះព័ត៌មានទាំងនោះនឹងមានប្រយោជន៍ដល់ពួកគេ នៅពេលបញ្ចប់ការសិក្សា ហើយនិងពេលត្រូវរកការងារ។
មួយវិញទៀត សម្រាប់និស្សិតដែលដឹងខ្លួនច្បាស់ថា ក្នុងថ្ងៃអនាគត មានបំណងប្រាថ្នាប្រឡូកក្នុងវិស័យអ្វី និងជំនាញបង្គោលច្បាស់លាស់ ពួកគេគួរតែចាប់ផ្តើម ធ្វើការសិក្សាពីជំនាញនោះ និងតាមដានបុគ្គលសំខាន់ៗ ឬក្រុមហ៊ុន ដែលធ្វើការទាក់ទងនឹងវិស័យនោះតាមបណ្តាញ LinkedIn បណ្តើរៗផងដែរ។ ពួកគេអាចចុច តាមដាន (Follow ) បុគ្គល និង គណនីផ្លូវការរបស់ស្ថាប័ន ឬ ក្រុមហ៊ុននោះផងដែល ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យក្នុងក្តីស្រមៃរបស់ខ្លួន។
ដើម្បីប្រើប្រាស់ LinkedIn ឱ្យមានប្រសិទ្ធភាព ប្រធាននាយកប្រតិបត្តិ (Executive Chairman) របស់បណ្ដាញសង្គមមួយនេះ គឺលោក Jeff Weiner បានណែនាំអ្នកប្រើប្រាស់ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន CBS News ពីគន្លឹះងាយៗ៣ចំណុច រួមមាន បន្ទាន់សម័យព័ត៌មានគណនីរបស់អ្នក ដឹងច្បាស់ពីជំនាញដែលខ្លួនមាន និងឧស្សាហ៍សរសេរពីបទពិសោធន៍ចុងក្រោយរបស់អ្នក៕