ដោយការស្រឡាញ់ធម្មជាតិតាំងពីវ័យក្មេង និងការមានជំនាញខាងផលិតវីដេអូស្រាប់ កញ្ញា អាត សុធាវី ប្រើហ្វេសប៊ុក ដើម្បីផលិតមាតិកា ដើម្បីលើកកំពស់ការយល់ដឹងពីសំណល់ប្លាស្ទិកប្រើបានតែមួយ មុខតាមរយៈយុទ្ធនាការ 'Think Plastic'។ ជំនួសនឹង ការរបៀបរស់នៅដែលផ្អែកលើភាពងាយស្រួល ប៉ុន្តែមានជីវិតរយៈពេលខ្លី កញ្ញាកំពុងជំរុញគំនិតនៃបែបផែនជីវិតរស់នៅ ដែលផ្អែកលើចីរភាពរបស់បរិស្ថានកម្ពុជាជារួម។
ធំធាត់ឡើងនៅជិតដងទន្លេមេគង្គ ដែលប្រៀបបីដូចជាសរសៃឈាមរបស់ប្រទេសកម្ពុជា កញ្ញា អាត សុធាវី ផ្សារភ្ជាប់ខ្លួនយ៉ាងខ្លាំងទៅនឹងធម្មជាតិ។
កុមារភាពរបស់សុធាវី ឧស្សាហ៍ឃើញសំណាត់ឈើ រសាត់អណ្ដែតតាមខ្សែទឹក តាមជំនន់នារដូវវស្សា ដែលក្រោយមកត្រូវអ្នកភូមិ យកទៅកែច្នៃប្រើប្រាស់ឡើងវិញ។ ក្រឡេកមកបច្ចុប្បន្ន ក្នុងទិដ្ឋភាពដូចគ្នា តែរបស់ដែលអណ្ដែតបានផ្លាស់ប្ដូរ។ សុធាវី ឃើញសំរាមប្លាស្ទិក អណ្ដែតនៅពេលទឹកជន់ឡើង ដែលវាបានបំពុលបរិស្ថាន ជាពិសេសគឺធនធានទឹក ដែល បានដើរតួយ៉ាងសំខាន់ក្នុងជីវភាពប្រជាជនកម្ពុជា។
កញ្ញា សុធាវី ដឹងថាខ្លួនត្រូវតែធ្វើអ្វីម៉្យាង ដើម្បីថែរក្សា និងការពារធនធានធម្មជាតិ ដែលខ្លួនស្រឡាញ់។
ចំណុចចាប់ផ្ដើមនៃយុទ្ធនាការ Think Plastic
យុទ្ធនាការ Think Plastic បានចាប់ផ្ដើមនៅកន្លែងមួយ ដែលកញ្ញា សុធាវី មិនបានព្រាងទុក។ នៅឆ្នេរសមុទ្រមួយឈ្មោះ ឆ្នេរអង្កោល នាខេត្តកែប ដែលកញ្ញាបានរៀបរាប់ថា ធ្លាប់មានទេសភាពប្រៀបបីដូចជាឋានសួគ៌ តែមានការប្រែប្រួលយ៉ាងខ្លាំង ពេលដែលកញ្ញាវិលត្រលប់ទៅកម្សាន្តម្ដងទៀត នាបីឆ្នាំបន្ទាប់។
កញ្ញា សុធាវី បានរំឭកដល់ទិដ្ឋភាពនោះថា ៖ «ពេលទៅដល់ភ្លាម គ្រាន់តែចុះពីឡាន ដើរមកជាន់សំរាមយកតែម្ដង»។ ពេលនោះហើយ ដែលសុធាវីចាប់ផ្ដើមចង់បង្វែរអារម្មណ៍ របស់អ្នកដែលមកលេងកម្សាន្តនៅឆ្នេរ ឲ្យគិតគូរពីការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើតែម្ដង រាល់ពេលខ្ចប់ម្ហូបអាហារ មកកាន់តំបន់ទាំងនោះ។
ដោយខ្លួនមានជំនាញផ្នែកផលិតវីដេអូស្រាប់ កញ្ញាយកទូរស័ព្ទថតផ្ដិតយកកង្វល់របស់ខ្លួន ចំពោះការបំពុលឆ្នេរ ដោយសំរាមប្លាស្ទិក ដោយគូសចង្អុលបង្ហាញពីទិដ្ឋភាពពិតៗ និងនិយាយចំៗ ពីផលវិបត្តិទាំងនោះ ទៅកាន់សាធារណៈ។
នោះគឺជាការចាប់ផ្ដើមយុទ្ធនាការ Think Plastic ឬ សូមគិតពីប្លាស្ទិក លើបណ្ដាញសង្គម Facebook ក្នុងគោលបំណងផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃប្លាស្ទិកដែលប្រើបានតែម្ដង ទៅលើបរិស្ថាន នៅក្នុងឆ្នាំ២០១៩។
«ខ្ញុំមិនជឿជាក់ថា ខ្ញុំជាមនុស្សម្នាក់អាចដោះស្រាយបញ្ហាហ្នឹងទេប៉ុន្តែគ្រាន់តែខ្ញុំគិតថា នៅចំណុចណាមួយ វាត្រូវតែមានអ្នកណានិយាយរឿងហ្នឹង ហើយបង្កើតការសន្ទនា បង្កើតការគិតឱ្យបានច្រើន ទើបខ្ញុំដាក់អ្នកឈ្មោះ យុទ្ធនាការខ្ញុំមួយនេះថា Think Plastic។
ការចូលរួមពីសាធារណជន និងការផ្លាស់ប្ដូរឥរិយាបថចំពោះប្លាស្ទិក
យុទ្ធនាការមួយនេះ ដែលផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក ប្រើប្រាស់យុទ្ធសាស្ត្រ ពញ្ញាក់ស្មារតី ពីផលប៉ះពាល់នៃផលិតផលប្លាស្ទិកដែលប្រើបានតែម្ដង ដើម្បីបរិស្ថានកម្ពុជា។
តាមវីដេអូដែលផលិតកន្លងមក កញ្ញាក៏បំផុសលើកទឹកចិត្តឲ្យផ្លាស់ប្ដូរ តាមរយៈការបង្ហាញគំរូល្អៗពីកញ្ញាផ្ទាល់ ចំពោះសម្ភារដែលអាចប្រើឡើងវិញបាន ដូចជាកន្ត្រកទៅផ្សារ ដបទឹក និងកែវកាហ្វេ ព្រមទាំងការផ្លាស់ប្ដូរយោបល់ ឆ្លើយឆ្លងទៅវិញទៅមក លើបណ្ដាញសង្គម។
តាមរយៈកិច្ចការងារផ្សព្វផ្សាយលើការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកធ្វើឱ្យកញ្ញា អាត សុធាវី ទទួលពានរង្វាន់ផ្នែក ប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ (Media & Communications Award Winner) ពី Women of the Future Southeast Asia 2020 ស្រ្តីនៃអនាគតប្រចាំអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ ២០២០។
សមិទ្ធិផលកើតពីការខិតខំប្រឹងប្រែង ខណៈសំណាងគ្រាន់ជារឿងដើរទន្ទឹម។
អាត សុធាវី – ស្ថាបនិក Think Plastic
សំណាង ឬការខិតខំប្រឹងប្រែង?
ចំពោះសុធាវី យល់ឃើញថា សមិទ្ធិផលគ្រប់យ៉ាងសុទ្ធតែកើតពីការខិតខំប្រឹងប្រែង និងសមត្ថភាពពិតៗ ហើយសំណាងគ្រាន់តែជារឿងមួយដែលដើរទន្ទឹមហ្នឹងគ្នាតែប៉ុណ្ណោះ។
បើនិយាយពីសំណាង និងជោគជ័យ កញ្ញាបន្តថា៖ «ពេលខ្លះ យើងក៏ពឹងលើសំណាងដែរ តែបើយើងចង់ជោគជ័យមែនទែន ចំពោះខ្ញុំ ខ្ញុំជឿលើការខិតខំប្រឹងប្រែង»។
សម្រាប់កញ្ញា សុធាវី វាគឺជារឿងគាប់ចួនមួយដែរ ខណៈដែលខ្លួនចាប់ផ្ដើមយុទ្ធនាគិតពីប្លាស្ទិកនេះ ស្របពេល
ដែលប្រជាជនកម្ពុជាចាប់ផ្ដើមយកចិត្តទុកដាក់ និងយល់ពីគុណតម្លៃនៃការថែរក្សាការពារបរិស្ថាន។ នេះហើយគឺជាសំណាងដែល «Think Plastic» ទទួលបាន។
តើអ្នកអាចចូលរួមកិច្ចការសង្គមដោយរបៀបណា?
ពេលនិយាយដល់ថា តើយុវជនគួរចាប់ផ្ដើមពីណា កញ្ញា សុធាវី បានសង្កត់ធ្ងន់ទៅលើ ការកំណត់បុព្វហេតុ ព្រោះវាគឺជារឿងសំខាន់ណាស់ ដើម្បីឱ្យយុទ្ធនាការនីមួយៗអាចបន្តវិវឌ្ឍភាពបាន។
«បើកាលណាបុគ្គលម្នាក់មានគោលដៅ គាត់គួរតែចាប់ផ្ដើមមួយណាភ្លាម ព្រោះតាមពិតទៅ គ្រប់យ៉ាងមិនខុស មិនត្រូវ។ សំខាន់ត្រូវមានគោលបំណងល្អចំពោះសង្គម និងបុព្វហេតុច្បាស់លាស់។»
ម្យ៉ាងទៀត យុវជនខ្លួនឯងផ្ទាល់ គួរកុំភ្លេចងាកមកវិនិច្ឆ័យរកចំណុចខ្លាំង និងខ្សោយរបស់ខ្លួន។ ដោយកញ្ញា សុធាវីគិតថា ការចាប់ផ្ដើមពីជំនាញដែលខ្លួនប៉ិនប្រសប់ អាចជំរុញឲ្យការងារមានសន្ទុះទៅមុខ ជាជាងការចាប់ពីចំណុចខ្សោយ ដែលងាយធ្វើឱ្យបុគ្គលបាក់ទឹកចិត្តនៅពេលទទួលលទ្ធផលមិនល្អ៕