១ឆ្នាំក្រោយខកខានការប្រារព្ធ ដោយសារជំងឺកូវីដ១៩ ក្រុមការងារ អ្នកនិពន្ធ និងអ្នកគាំទ្រអក្សរសិល្ប៍ខ្មែរ បាននាំមកវិញនូវមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៤ តាមរយៈអនឡាញជាលើកដំបូងបង្អស់។
ច្រើនឆ្នាំក្រោយបញ្ចប់ការសិក្សាពីវិទ្យាល័យ យើងក៏នៅតែអាចចងចាំនៅការសិក្សា និងវិភាគអក្សរសិល្ប៍ខ្មែរ។ មរតកអក្សរសិល្ប៍ដូចជា សោកនាដកម្មស្នេហាទុំទាវរបស់ភិក្ខុសោម កូលាបបៃលិនរបស់លោកញ៉ុកថែម ផ្កាស្រពោនរបស់លោក នូ ហាច ជាដើម សុទ្ធសឹងជាស្នាដៃបង្កប់អត្ថន័យជ្រាលជ្រៅ ទៅតាមកាលនិពន្ធ និងតថភាពសង្គម នៅក្នុងស្នាដៃនីមួយៗ។
ភាពស្រស់ត្រកាលនៃអក្សរសិល្ប៍ខ្មែរនេះហើយ ដែលធ្វើអោយអ្នកនិពន្ធ និងអ្នកជំនាញខាងអក្សរសិល្ប៍ប្រឹងប្រែងធ្វើអោយចេញឡើងនៅ មហោស្រពអក្សរសិល្ប៍ខ្មែរ ជាលើកដំបូងកាលពីឆ្នាំ២០១៧។
ឆ្នាំនេះ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៤ នឹងធ្វើឡើងនៅថ្ងៃទី ២២-២៣តុលា តាមរយៈអនឡាញ ជាមួយកម្មវិធីជាច្រើន ដែលផ្តោតជុំវិញលើប្រធានបទ «សិល្បៈនៃការបកប្រែអក្សរសិល្ប៍»។
ក្នុងនាមជាកវីនិពន្ធ សហស្ថាបនិកគ្រឹះស្ថានបោះពុម្ពកម្ពុមេរា ព្រមទាំងជាសហស្ថាបនិក និងអ្នករៀបចំផ្ទាល់នៃមហោស្រពអក្សរសិល្ប៍ខ្មែរ អ្នកនាងសូភីណា លើកឡើងពីសារសំខាន់ និងធាតុផ្សំ នៃការបកប្រែអក្សរសិល្ប៍បរទេស។
«ការបកប្រែអក្សរសិល្ប៍មានសារសំខាន់ក្នុងការស្វែងយល់ពីវប្បធម៌ និងសង្គម នៃប្រទេសដទៃ បង្កើនចំណេះដឹងទូទៅ និងគំនិតឆ្នៃប្រឌិតក្នុងការនិពន្ធ។ ការស្វែងយល់ពីអក្សរសិល្ប៍បកប្រែ ពិតជាមានតម្លៃ ដែលធ្វើអោយមនុស្សជាតិអាចរៀនយល់ពីគ្នាទៅវិញទៅមក នាំទៅរកសន្តិភាព។ » អ្នកនាងបាននិយាយ។
«អ្នកបកប្រែអក្សរសិល្ប៍ត្រូវមានការយល់ដឹងច្បាស់ពីវប្បធម៌ សង្គម ភាសា ប្រវត្តិសាស្រ្ត របស់ប្រទេសម្ចាស់ស្នាដៃដើម។ ការបកប្រែអក្សរសិល្ប៍គឺដើម្បីមនុស្សជាតិ មិនមែនដើម្បីប្រាក់ចំនេញមួយមុខ ហើយអ្នកបកប្រែត្រូវតែមានភាពច្បាស់លាស់ ជាមួយការប្រើប្រាស់ភាសាជាតិរបស់ខ្លួន»។
អមជាមួយប្រធានបទ «សិល្បៈនៃការបកប្រែអក្សរសិល្ប៍» មហោស្រពអក្សរសិល្ប៍ខ្មែរ ក៏បង្កើតឡើងនៅកម្មវិធីប្រកួតស្នាដៃបកប្រែអក្សរសិល្ប៍ ទៅលើរឿងខ្លីដែលមានចំនង Such a Girl ដកស្រង់ពីសៀវភៅកម្រងរឿងខ្លី When The Sky Turn Upside Down ដែលជាស្នាដៃរបស់អ្នកនិពន្ធជនជាតិឡាវ Dara Viravong Kanlagna។ អ្នកនាង សូភីណា បានលើកឡើងថា ក្រុមការងារទទួលស្នាដៃចូលរួមប្រកួតពីសាធារណៈជនបានជាង៤០ហើយ ដែលជាចំនួនមួយនឹកស្មានមិនដល់ និងបង្ហាញពីការគាំទ្រយ៉ាងខ្លាំងទៅលើការបកប្រែអក្សរសិល្ប៍។
ជាមួយការធ្វើឡើងតាមរយៈអនឡាញជាលើកទីមួយ មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ បន្ថែមនូវការចូលរួមពីវាយគ្មិនអន្តរជាតិ ធ្វើអោយអ្នកចូលរួមរឹតតែមានឱកាសស្ដាប់កិច្ចពិភាក្សាចម្រុះ ទៅលើប្រធានបទនៅក្នុងកម្មវិធី។ ថ្វីត្បិតកម្មវិធីអនឡាញមានភាពងាយស្រួលក្នុងការចូលរួមពីចំងាយ និងកាត់បន្ថយចំណាយនានាសម្រាប់ការរៀបចំ ក្រុមការងារ ក៏ត្រូវប្រឈមនឹងការរៀបចំខាងបច្ចេកទេស និងត្រៀមខ្លួនច្រើនមុននឹងកម្មវិធីមកដល់ ហើយអ្នកចូលរួមមហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ ពុំមានឱកាសជួបផ្ទាល់ជាមួយអ្នកនិពន្ធនោះទេ។ នេះបើតាមការលើកឡើងរបស់អ្នកនាងសូភីណា។
រយៈពេលពីរថ្ងៃនៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៤ កម្មវិធីជាច្រើនរាប់តាំងពី ការប្រកាសលទ្ធផលប្រកួតស្នាដៃបកប្រែអក្សរសិល្ប៍ មហោស្រពកំណាព្យតូច កិច្ចពិភាក្សាលើកម្មសិទ្ឋបញ្ញា វេទិការបកប្រែអក្សរសិល្ប៍ និងការបង្ហាញសិល្បៈទស្សនីយភាពនានា សុទ្ធតែសម្រិតសម្រាំងសម្រាប់អ្នកគាំទ្រអក្សរសិល្ប៍ខ្មែរ។
ពេលរំលឹកដល់ការបកប្រែអក្សរសិល្ប៍បរទេស មានស្នាដៃមួយចំនួនដែលយើងធ្លាប់ជួបប្រទះដូចជា រ៉ូមេអូ និងស៊ុយលីយ៉ែត(Romeo and Juliet) និងហាំលែត(Hamlet) ដែលជាស្នាដៃកវីនិពន្ធ វីលាម សេកស្ពៀរ (William Shakespeare)។ គ្រឹះស្ថានបោះពុម្ពកម្ពុមេរានាពេលថ្មីៗ នេះក៏បានចេញផ្សាយស្នាដៃអក្សរសិល្ប៍បកប្រែថ្មី ពីអ្នកនិពន្ធជនជាតិ ឥណ្ឌា ចំនងជើង «ភ្លើងព្រៃ» និងរឿងនិទានដទៃទៀត។
ក្រឡេកមើលទៅទិដ្ឋភាពអក្សរសិល្ប៍ខ្មែរនាពេលបច្ចុប្បន្ន អ្នកនាង សុភីណា បានកោតសសើរនូវការគាំទ្រ និងគុណភាពស្នាដៃអ្នកនិពន្ធ។ «គុណភាពនៃអក្សរសិល្ប៍ខ្មែរកាន់តែល្អជាងមុន ខណៈការបោះពុម្ពក៏មានការកើតឡើង។ មានអ្នកអាន អ្នកនិពន្ធ ច្រើនដែលយល់ពីតម្លៃអក្សរសិល្ប៍ខ្មែរ។» នាពេលបច្ចុប្បន្ន មានស្នាដៃជាច្រើនដែលតាក់តែងដោយអ្នកនិពន្ធក្មេងៗ មានថ្វីដៃ ពាំនាំតថភាពសង្គមផ្សេងៗគ្នា ចូលក្នុងអក្សរសិល្ប៍ខ្មែរសម័យថ្មី។
នៅក្នុងការសន្ទនាជាមួយក្រុមការងារ Focus អ្នកនាង សូ ភីណា បានរំលឹកពីការបង្កើតឡើងដំបូងនៃព្រឹត្តិការណ៍នេះ។
កាលពីមុន នៅពេលចូលរួមមហោស្រពអក្សរសិល្ប៍ប្រចំាតំបន់ អ្នកនាងបានជួបជាមួយករីនិពន្ធមកប្រទេសផ្សេងដែលបានសួរសំនួរដូចគ្នាថា តើកម្ពុជាមានមហោស្រពអក្សរសិល្ប៍ដែរឬទេ ខណៈដែលប្រទេសដ៏ទៃសុទ្ធតែមានមហោស្រពអក្សរសិល្ប៍ជាតិ រហូតដល់មហោស្រពអក្សរសិល្ប៍ប្រចាំតំបន់នៅក្នុងប្រទេសទៀតផង ដូចជានៅឥណ្ឌូនេស៊ីជាដើម។
អ្នកនាង សូ ភីណា ខំគិតរកនឹកថាប្រទេសយើងមានដែឬអត់ ប៉ុន្តែពេលនោះយើងពុំមាននោះទេ។ នេះហើយជាការចាប់ផ្ដើមនៃ មហោស្រពអក្សរសិល្ប៍ខ្មែរ ។
ពីដំបូង អ្នកនាង និងក្រុមកវីនិពន្ធកម្ពុជា ដែលចាប់ផ្ដើមគម្រោងនេះមានបំណងធ្វើជាទម្រង់តូចមួយ ប៉ុន្តែនៅពេលដែលសំណើរគម្រោងត្រូវបានផ្ញើចេញទៅ សន្ទុះនៃការគាំទ្រមានលើសពីអ្វីដែល អ្នកនាងសូ ភីណា និងក្រុមការងាររំពឹងទុក ហើយសំណើរគម្រោងត្រូវគេបានទទួល និងគាំទ្រជាថវិការជាច្រើន។ សន្ទុះនៃការគាំទ្រនេះហើយដែលធ្វើអោយមហោស្រពអក្សរសិល្ប៍ខ្មែរ ក្លាយជាព្រឹត្តិការណ៍ធំមួយ។
មហោស្រពអក្សរសិល្ប៍ខ្មែរ ដែលធ្វើឡើងដំបូងនៅខេត្តសៀមរាប លើកទី២នៅបាត់ដំបង និងលើកទី៣នៅក្រុងភ្នំពេញ៕
សម្រាប់អ្នកដែលមានចំនាប់អារម្មណ៍ចូលរួម សូមចូលទៅកាន់គេហទំព័រ facebook ផ្លូវការរបស់ មហោស្រពអក្សរសិល្ប៏ខ្មែរ https://www.facebook.com/khmerliteraturefestival