ការយល់ដឹងពីទីកន្លែងងាយប្រឈមនឹងជំងឺគ្រុនឈីក អាចជួយកាត់បន្ថយហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺនេះបាន ជាពិសេសក្នុងឱកាសរដូវកាលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលមានការធ្វើដំណើរទៅកាន់បណ្តាខេត្តជាច្រើន។
ទោះបីគ្រប់គ្នានៅតែមានក្តីបារម្ភ និងយកចិត្តទុកដាក់ជានិច្ច ក្នុងការការពារខ្លួនឱ្យរួចផុតពីការរីករាលដាលនៃមេរោគកូវីដ១៩ ក៏ពិតមែនក្តី ប៉ុន្តែការបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនអ្នក និងអ្នកនៅជុំវិញខ្លួន ឱ្យរួចផុតពីការឆ្លងនៃជំងឺគ្រុនឈីក ដែលទើបតែផ្ទុះងើបឡើងវិញ ក៏កាន់តែសំខាន់។
ថ្វីបើជំងឺមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតក៏ពិតមែន ប៉ុន្តែ យើងក៏ត្រូវតែបង្កើនការយល់ដឹងបន្ថែមអំពីជំងឺដែលទើបផ្ទុះថ្មីនេះ ជាពិសេសនៅពេលដែលអ្នកធ្វើដំណើរទៅកាន់ខេត្តនានា ដែលត្រូវបានរាយការណ៍ថា កំពុងមានការរីករាលដាល ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខ។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃ ០៦ សីហា កន្លងទៅនេះថា អត្រាអ្នករងគ្រោះដោយសារជំងឺគ្រុនឈីកបានរាលដាលដល់ ១៥ ខេត្ត មានភាគរយខ្ពស់ នៅខេត្តមួយចំនួនដូចជា ខេត្តប៉ៃលិន កំពត ពោធិ៍សាត់ តាកែវ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ កណ្ដាល សៀមរាប និង មនុស្ស២០៧៤នាក់ ដែលត្រូវបានគេសង្ស័យថាមានជំងឺនេះ។
ជំងឺគ្រុនឈីកនេះ ត្រូវបានក្រសួងសុខាភិបាល ប្រកាសអំពីករណីផ្ទុះឡើងសារជាថ្មី កាលពី ថ្ងៃទី១៨ ខែ កក្កដា ២០២០ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមាន១៦៨ករណី ដោយប្រជាជនមកពីភូមិចំនួន៦ក្នុងខេត្តនេះ។ គួររំលឹកផងដែរថា ជំងឺគ្រុនឈីកនេះ កើតឡើងដំបូងបង្អស់នៅទ្វីបអាហ្វ្រិក ក្នុងឆ្នាំ១៩៥៣ និងបានរកឃើញដំបូងបង្អស់នៅកម្ពុជាក្នុងឆ្នាំ ១៩៦១។
ប្រសិនបើអ្នកដឹងថា អ្នកនឹងត្រូវធ្វើដំណើរទៅកាន់គោលដៅ ដែលជំងឺគ្រុនឈីកនេះបានរីករាលដាលទៅដល់ អ្នកគួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងការរៀបចំខ្លួនអោយបានត្រឹមត្រូវ ដើម្បីគេចផុតពីម្ជុលដ៏មុតស្រួចរបស់មូសខ្លាញីនេះ។ ភាគច្រើនមូសខ្លាញីនេះ តែងតែចេញប្រមាញ់នៅពេលថ្ងៃ ហើយសំងំលាក់ខ្លួនពួនអាត្មានៅពេលយប់ ជាពិសេសនិងទីកន្លែងដែលងងឹត មានឥវ៉ាន់រញ៉េរញ៉ៃជាដើម។
វិធីសាស្ត្រមួយចំនួន ដើម្បីបង្ការជំងឺនេះ៖
- ធ្វើការសំអាតផ្ទះសម្បែងរបស់អ្នកឱ្យបានរៀបរយ និងមានពន្លឺព្រះទិត្យចេញចូលគ្រប់គ្រាន់ ជាពិសេសលុបបំបាត់កន្លែងដែលមានដក់ទឹក
- ស្លៀកបំពាក់ ដៃវែង ជើងវែង ការពារស្បែករបស់អ្នកពីមូសខាំ
- ប្រើប្រាស់ ស្ព្រាយ៍ និង ឡេលាបសម្រាប់បណ្តេញមូស និងសត្វល្អិតផ្សេងៗ
- ជៀសវាងនៅទីកន្លែងដែលងងឹត សើម និងមានព្រៃស្តុកច្រើន
- ព្យាយាមគេងដាក់មុង ទោះបីជាគេងពេលថ្ងៃក្តី
- ទៅរកគ្រូពេទ្យជំនាញ ប្រសិនបើអ្នកមានអាការៈមិនស្រួលខ្លួន
ចុចនៅទីនេះដើម្បីឈ្វេងយល់ពីរោគសញ្ញានៃជំងឺគ្រុនឈីក
ប្រសិនបើអ្នកមានអាការមិនស្រួលខ្លួន ដូចរោគសញ្ញាដែលបានរៀបរាប់ខាងលើ សូមទៅមណ្ឌលសុខភាពដែលនៅជិតអ្នកបំផុត ដើម្បីធ្វើតេស្តឈាមរកមេរោគនេះ និង សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ឬតាមលេខ ០១២ ៨២៥ ៨២៤ ឬ ០១២ ៤៨៨ ៩៨១ ដោយឥតគិតថ្លៃ៕