នៅពេលអត្រាអក្ខរកម្មជាមូលដ្ឋាន បានកើនឡើងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ការអាននៅតែជាសកម្មភាពមួយ ដែលមានតែក្នុងថ្នាក់រៀន និងបរិវេណសាលា។ ប៉ុន្តែមានក្រុមមួយចំនួន កំពុងធ្វើការដើម្បីជំរុញឱ្យមានការស្រឡាញ់ផ្នែកអក្សរសាស្ត្រ នៅក្នុងប្រទេស។ ការធ្វើការជាមួយអ្នកបង្កើតសៀវភៅក្នុងប្រទេស គឺជាគន្លឹះនៃភាពជោគជ័យរបស់ពួកគេ។
កំណត់សម្គាល់៖ អត្ថបទនេះត្រូវបានចេញផ្សាយដំបូងនៅលើគេហទំព័រ Southeast Asia Globe
សរសេរដោយ៖ STEW POST
ប្រសិនបើអ្នកអង្គុយនៅក្នុងហាងកាហ្វេណាមួយ ក្នុងចំណោមហាងកាហ្វេរាប់រយក្នុងរាជធានីភ្នំពេញ អ្នកទំនងជាព័ទ្ធជុំវិញដោយបរិយាកាស ដែលមានយុវជនជជែកគ្នាលេង ឬកំពុងចុចទូរស័ព្ទស្មាតហ្វូន ឬក៏ធ្វើការដោយប្រើកុំព្យូទ័រយួរដៃ។
ប៉ុន្តែប្រសិនបើអ្នកសម្លឹងរកមើល អ្នកកាន់សៀវភៅអានវិញ នោះមិនសូវជាមានប៉ុន្មានទេ។
គោលដៅដែលជំរុញឱ្យការអានជាសកម្មភាពកម្សាន្តនោះ នៅតែជាឧបសគ្គ ដោយសារកត្តាផ្សេងៗមួយចំនួន ដូចជាប្រព័ន្ធអប់រំដែលខ្វះកញ្ចប់ថវិកា វិស័យបោះពុម្ពផ្សាយដែលមានភាពទន់ខ្សោយ និងកង្វះចំណាប់អារម្មណ៍ទូទៅលើផ្នែកអក្សរសាស្ត្រ។
ទោះបីមានភារកិច្ចនៅនឹងដៃក៏ដោយ ក៏មានក្រុមមនុស្សមួយចំនួន កំពុងធ្វើការជំរុញទឹកចិត្ត ឱ្យមានការស្រឡាញ់អក្សរសាស្ត្រតាំងពីវ័យក្មេង តាមរយៈការបង្កើតបណ្ដាញអ្នកបង្កើតសៀវភៅក្នុងស្រុក ដើម្បីផលិតសៀវភៅរឿងសម្រាប់កុមារ។ សៀវភៅទាំងនេះ នឹងផ្ដល់ភាពរីករាយនៅក្នុងការអាន ជាលើកដំបូងដល់កុមារ នៅក្នុងដំណាក់កាលលូតលាស់របស់ពួកគេ។
លោក កាន់ ពុទ្ធី ជាអ្នកដែលជឿជាក់ក្នុងបេសកកម្មបណ្ដុះចំណង់ចំណូលចិត្ត ក្នុងការក្រេបជញ្ជក់ចំណេះដឹងតាមរយៈការអាន។ លោកមើលឃើញថា កង្វះសៀវភៅអាន ក្រៅពីសៀវភៅពុម្ពសិក្សា គឺជាឧបសគ្គដ៏ធំមួយ។ សព្វថ្ងៃនេះ លោកគឺជាអនុប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំយុវជននិងកីឡា។ សេចក្ដីព្រួយបារម្ភរបស់លោក បានចាក់ឫសនៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួន។
លោកបានមានប្រសាសន៍ថា៖ «នៅពេលខ្ញុំចាប់ផ្តើមបង្រៀនដំបូងនៅឆ្នាំ ២០០១ សាលានោះគ្មានបណ្ណាល័យទេ។»
លោក ពុទ្ធីបានរៀបរាប់ពីអារម្មណ៍រំភើប នៅពេលខ្លួនបានឃើញសៀវភៅសម្រាប់អាន នៅឯផ្ទះមិត្តភ័ក្ដិនៅគ្រានោះ។ «ខ្ញុំបានឃើញសៀវភៅមួយក្បាល។ ខ្ញុំនៅតែចាំចំណងជើងសៀវភៅនោះគឺ «កសាងខ្លួនឯង»។ ខ្ញុំបានអានសៀវភៅនោះប្រហែល ៣ ទៅ ៤ ដង ពីព្រោះខ្ញុំអត់មានសៀវភៅផ្សេងទៀតសម្រាប់អានទេ។»
ស៊ីប៉ា គឺជាអង្គការមួយ ដែលបានខិតខំបំពេញចន្លោះប្រហោងក្នុងវិស័យអក្សរសាស្ត្រខ្មែរ អស់ជាច្រើនទសវត្សមកហើយ។ ដើមឡើយកិច្ចការរបស់អង្គការបារាំងមួយនេះ គឺបកប្រែអត្ថបទបរទេស មកជាភាសាខ្មែរប៉ុណ្ណោះ។ ហើយនៅឆ្នាំ ២០០០ អង្គការស៊ីប៉ា បានបង្កើតកម្មវិធីបោះពុម្ពផ្សាយមួយ ដែលបានបណ្ដុះបណ្ដាលអ្នកបង្កើតសៀវភៅក្នុងស្រុក និងបានចេញផ្សាយសៀវភៅជាង ២០០ ចំណងជើង ព្រមទាំងបានបោះពុម្ពសៀវភៅជាភាសាខ្មែរជិត ២,៥ លានក្បាល។
កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក៏មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើទិដ្ឋភាពវិស័យបោះពុម្ពក្នុងស្រុកជារួមផងដែរ។ លោកហុក សុទ្ធិ នាយកស៊ីប៉ាបានពន្យល់ពីឥទ្ធិពលនៃកម្មវិធីនេះថា៖ «យើងបានចំណាយពេលច្រើន ក្នុងការបណ្ដុះបណ្ដាលធនធាន ហើយឥឡូវពួកគេទាំងនោះ បានក្លាយជាអ្នកបោះពុម្ពផ្សាយ នៅគ្រឹះស្ថានបោះពុម្ពផ្សាយផ្សេងៗទៀត។»
អ្នកនាង ហេង ដារី គឺជាអ្នកបោះពុម្ពផ្សាយនៅគ្រឹះស្ថានបោះពុម្ពផ្សាយក្នុងស្រុកមួយឈ្មោះ នគរអាន។ អ្នកនាងក៏ធ្លាប់បានចូលរួមកម្មវិធីបណ្ដុះបណ្ដាលរបស់អង្គការស៊ីប៉ា ហើយបានទទួលចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ក្នុងអំឡុងពេលធ្វើការនៅទីនោះ។ ដោយចាប់ផ្តើមការងារដំបូងជា ជំនួយការបណ្ណារក្ស ហើយចុងក្រោយធ្វើការនៅក្នុងកម្មវិធីបោះពុម្ពផ្សាយ។ ការងារនោះបានជំរុញទឹកចិត្តឱ្យអ្នកនាង ចាប់ផ្ដើមគ្រឹះស្ថានបោះពុម្ពផ្សាយដោយខ្លួនឯង។ ចាប់តាំងពីឆ្នាំ ២០១៥ មក គ្រឹះស្ថានរបស់អ្នកនាង ផលិតបានសៀវភៅរឿងនិទានកុមារចំនួន ១២ រឿង ប្រលោមលោកយុវវ័យចំនួន ២ រឿង ហើយចំណងជើងនីមួយៗ ត្រូវបានបោះពុម្ពចំនួន ១.០០០ ច្បាប់ ជារៀងរាល់ឆ្នាំ។ នេះគឺជាគំរូមួយ នៃឥទ្ធិពលក្នុងរយៈពេលយូរអង្វែង នៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការស៊ីប៉ា នៅក្នុងប្រទេសកម្ពុជា។
ប៉ុន្តែ អង្គការក្រៅរដ្ឋាភិបាលបារាំងមួយនេះ គឺជាក្រុមតែមួយប៉ុណ្ណោះ ដែលបានជ្រើសយកការជម្នះឧបសគ្គ ដើម្បីបង្កើនលទ្ធភាព ក្នុងការទទួលបានសៀវភៅសម្រាប់កុមារជាភាសាខ្មែរ ដែលមានគុណភាពខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធី BookLab ដែលជាកម្មវិធីបង្កើតសៀវភៅកុមារ មានចំណុចលេចធ្លោកើតឡើង។ ព្រឹត្តិការណ៍នេះ ប្រមូលផ្ដុំអ្នកនិពន្ធ វិចិត្រករ និងអ្នកបង្កើតសៀវភៅនៅក្នុងប្រទេស មកសហការបង្កើតសៀវភៅរឿងកុមារ ជារឿងថ្មី បានចំនួន ៩៤ ចំណងជើង។ សៀវភៅទាំងនេះ នឹងក្លាយជាសៀវភៅជំរុញទឹកចិត្ត អ្នកអានជំនាន់ក្រោយរបស់ប្រទេសកម្ពុជា ជាមួយនឹងរឿងបែបកម្សាន្ត និងមានការអប់រំ។
ព្រឹត្តិការណ៍ BookLab ត្រូវបានបង្កើតនិងរៀបចំឡើងដោយគម្រោង Let’s Read នៃអង្គការមូលនិធិអាស៊ី (The Asia Foundation) ដើម្បីជំរុញអក្ខរកម្ម ដោយទទួលបានការគាំទ្រជារឿយៗពីក្រុមហ៊ុន Smart Axiata និងស្ថាប័នសំខាន់ៗដទៃទៀត នៅក្នុងប្រទេសកម្ពុជា។
កញ្ញា ឈាង ចាន់សុម៉ី ជាមន្ត្រីកម្មវិធីនៃអង្គការមូលនិធិអាស៊ី បានមានប្រសាសន៍ថា៖ «យើងកំពុងធ្វើដើម្បីគាំទ្រ និងពង្រឹង ចំនួននិងគុណភាពអ្នកនិពន្ធ និងវិចិត្រករ [នៅក្នុងប្រទេសកម្ពុជា]។»
«ដូច្នេះចំនួនអ្នកបង្កើតសៀវភៅនឹងកើនឡើង ទោះបីជាវាកើនឡើងម្តងបន្តិចៗក៏ដោយ។»
ព្រឹត្តិការណ៍ BookLab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយព្រឹត្តិការណ៍នេះ គឺជាផ្នែកសំខាន់មួយ នៃយុទ្ធសាស្ត្ររបស់គម្រោង Let’s Read ដោយប្រមូលផ្ដុំអ្នកមានទេពកោសល្យនៅក្នុងប្រទេស តាមរយៈការអញ្ជើញដាក់ពាក្យចូលរួម ដល់អ្នកបង្កើតសៀវភៅនានា និងអ្នកមានចំណាប់អារម្មណ៍ក្នុងវិស័យនេះ។ អ្នកចូលរួម ធ្វើការជាក្រុម សហការជាមួយអ្នកជំនាញដែលមានបទពិសោធន៍ ដើម្បីទទួលបានការណែនាំ និងទទួលបានចំណេះដឹង អំពីដំណើរការនៃការបង្កើតសាច់រឿងប្លែកៗ ដែលផ្ដល់ភាពសប្បាយរីករាយ អប់រំ និងមានសាច់រឿង និងគំនូរដែលកុមារកម្ពុជាអាចមើលដឹងឬស្គាល់ ជាបរិយាបទដែលកុមារកម្ពុជាបាននឹងកំពុងរស់នៅ។
លោកស្រី ម៊ែលឡូនី លីនប៊ឺក (Meloney Lindberg) តំណាងអង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា យល់ឃើញថា ការបញ្ចូលឱ្យមានការចូលរួមពីសំណាក់អ្នកបង្កើតសៀវភៅដែលមានភាពច្នៃប្រឌិតវ័យក្មេងទាំងនេះ គឺជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីធ្វើឱ្យសៀវភៅកុមារមានគុណភាពខ្ពស់ និងជំរុញឱ្យមនុស្សជំនាន់ក្រោយបណ្ដុះនូវទឹកចិត្តស្រឡាញ់ចំពោះសៀវភៅ។
លោកស្រីមានប្រសាសន៍ថា៖ «តាមរយៈការបង្កើតឱ្យមានបណ្ដាញដ៏ធំ នៃអ្នកនិពន្ធ និង វិចិត្រករ សម្រាប់រឿងនិទានកុមារ យើងជឿជាក់ថា នឹងជួយជំរុញការអាន មិនត្រឹមតែសម្រាប់ការសិក្សានៅក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការរៀនសូត្រពេញមួយជីវិត ព្រមទាំងមានភាពរីករាយ និងកម្សាន្តនៅក្នុងនោះផងដែរ។»
នៅក្នុងព្រឹត្តិការណ៍ BookLab ទាំង ៩ដង ដែលបានរៀបចំនាពេលកន្លងមក នៅចន្លោះឆ្នាំ ២០១៦ និង ២០២០ រឿងនិទាននានាដែលបានបង្កើតឡើង មានប្រធានបទចម្រុះជាច្រើន ដូចជាជម្រើសអាជីព ការសិក្សាមុខវិជ្ជាស្ទែម (STEM) រហូតដល់ការយល់ដឹងអំពីបរិស្ថាន និងសមភាពយេនឌ័រ។
នៅក្នុងព្រឹត្តិការណ៍នីមួយៗ អ្នកនិពន្ធថ្មីនីមួយៗ ត្រូវធ្វើការជាមួយការីនិពន្ធ ដើម្បីបង្កើតគ្រោងគំនិត អំពីប្រភេទរឿង ដំណើររឿង និងវិធីសាស្ត្រ ដើម្បីធ្វើអោយរឿងកុមារ មានអត្ថន័យ និងគួរឱ្យទាក់ទាញ។ នៅពេលសាច់រឿងលេចចេញរូបរាងហើយនោះ វិចិត្រករនិងនាយកសិល្បៈ បានរួមការងារគ្នា ដើម្បីបង្កើតផ្ទាំងសាច់រឿង ដែលនាំមកនូវស្ទីល និងចក្ខុវិស័យប្លែកៗរបស់ពួកគេ បញ្ចូលក្នុងតួអង្គ និងការនិទានរឿង។
ក្នុងចំណោមវិចិត្រករជាច្រើន ដែលបានចូលរួមដំណើរកម្មវិធី BookLab របស់គម្រោង Let’s Read នោះរួមមាន យុវនារី សាន សុម៉ានា ម្នាក់ផងដែរ។ សុម៉ានា មិនមែនជាអ្នកជំនាញ ដែលទទួលការបណ្តុះបណ្តាលនៅសាលានោះទេ នាងបានហ្វឹកហាត់រៀនដោយខ្លួនឯង ប៉ុន្តែការស្រឡាញ់សិល្បៈតាំងពីតូច ធ្វើឱ្យកូនអ្នកភ្នំពេញវ័យ ២៦ ឆ្នាំរូបនេះ ដាក់ពាក្យចូលរួម។ មិនយូរប៉ុន្មាន នាងបានមើលឃើញថា ខ្លួនបានជួយបង្កើតរឿងមួយក្បាល សម្រាប់ការកម្សាន្ត និងអប់រំ ដល់កុមារ ដែលនឹងក្លាយអ្នកចូលចិត្តសៀវភៅជំនាន់ក្រោយ។
ដោយខ្លួនមិនធ្លាប់មានបទពិសោធន៍ពីមុនមក នៅក្នុងវិស័យបោះពុម្ពផ្សាយ ដូច្នេះព្រឹត្តិការណ៍ BookLab នេះ គឺជាបទពិសោធន៍រៀនសូត្រមួយសម្រាប់ សុម៉ានា។
នាងបាននិយាយថា៖ «មានពេលមួយ ខ្ញុំហាក់ដូចជាបាត់បង់ទិសដៅ នៅពេលដែលពួកយើងបានបញ្ចប់ ផ្ទាំងសាច់រឿង។ ខ្ញុំចេះតែបន្តសួរនិងពិភាក្សាជាមួយនាយកសិល្បៈថា តើខ្ញុំត្រូវធ្វើអ្វីបន្ទាប់ទៀត?» «ប៉ុន្តែពួកគាត់ [អ្នកនិពន្ធ និងការីនិពន្ធ] បានបង្ហាញយើង ពីអ្វីដែលពួកគាត់ចង់បាន ហើយពួកគាត់បានផ្ដល់គំនិតខ្លះដល់ខ្ញុំ អំពីតួអង្គរឿង និងការគូរបង្ហាញទឹកមុខតួអង្គដោយរបៀបណា។»
បច្ចុប្បន្ន សុម៉ានា ធ្វើការក្រៅម៉ោងនៅស្ថាប័នផ្សព្វផ្សាយទើបបង្កើតថ្មីមួយ។ នាងបានឱ្យដឹងថា ខ្លួនរីករាយនឹងឱកាសនេះ ដោយបានប្រើជំនាញសិល្បៈរបស់នាង ដើម្បីធ្វើឱ្យសាច់រឿងនោះមានភាពរស់រវើក។ នាងប្រហែលជានឹងមិនឈប់ពីការងារបច្ចុប្បន្ន ដើម្បីចាប់យកអាជីពជាវិចិត្រករ សម្រាប់រឿងកុមារនោះទេ ប៉ុន្តែបទពិសោធន៍នេះ បានបើកទ្វារឱ្យសុម៉ានា សម្លឹងរកមើលលទ្ធភាពការងារសិល្បៈផ្សេងទៀត នាពេលអនាគត។
«បន្ទាប់ពីគម្រោងនេះ ខ្ញុំចង់ព្យាយាមធ្វើគម្រោងសិល្បៈខ្លះ ដែលលើសពីចំណង់ចំណូលចិត្ត។ ប៉ុន្តែ ចាំមើលសិន។»
ទោះយ៉ាងណា ព្រឹត្តិការណ៍ BookLab គឺគ្រាន់តែជាផ្នែកមួយនៃការងារអក្ខរកម្មរបស់គម្រោង Let’s Read នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឆ្នាំ ២០១៨ នៅក្នុងផ្នែកមួយនៃគម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង ដែលទទួលបានការឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមបេសកកម្មរបស់ខ្លួន ក្នុងការចែកចាយសៀវភៅរឿង សម្រាប់កុមាររៀននៅសាលារដ្ឋ ថ្នាក់ទី ១ និងទី ២ រួមជាមួយសៀវភៅពុម្ពរបស់ពួកគេ។
ជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា គម្រោង Let’s Read បានចូលរួមនៅក្នុងគម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូងនោះ ដោយផ្អែកលើគំរូនៃភាពជោគជ័យរបស់ព្រឹត្តិការណ៍ BookLab របស់ពួកគេ។ ចាប់តាំងពីពេលនោះមក គម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង បានបង្កើតសៀវភៅរឿងកុមារបានចំនួន ៦០ ចំណងជើង ដើម្បីលើកទឹកចិត្តដល់កុមារ ដើម្បីបន្ថែមការអាននៅខាងក្រៅថ្នាក់រៀន ហើយសៀវភៅចំនួន ១០.០០០ ក្បាល ដែលបានបោះពុម្ពនាពេលកន្លងមកនេះ បានបង្ហាញពី សក្ដានុពលនៃក្រុមអ្នកនិពន្ធ និងវិចិត្រករ ដែលប្រកបដោយគំនិតច្នៃប្រឌិតនៅកម្ពុជា ក្នុងការលើកកម្ពស់អក្ខរកម្មនៅក្នុងប្រទេស។
ខណៈពេលដែលព្រឹត្តិការណ៍ BookLab និងគម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង មានទំនួលខុសត្រូវ ក្នុងការបង្កើតសៀវភៅថ្មីៗរាប់សិបចំណងជើង គម្រោង Let’s Read ក៏បានទទួលស្គាល់ផងដែរ ចំពោះការប្រើប្រាស់ពេលវេលា និងកម្លាំងពលកម្មជាច្រើន ទៅលើដំណើរការផលិតនេះ។ ដើម្បីព្យាយាមពន្លឿនក្នុងការបង្កើនចំនួនសៀវភៅ សម្រាប់កុមាររាប់លាននាក់ គម្រោងនេះ បានរៀបចំកម្មវិធីបកប្រែ និងកម្មវិធីបកប្រែតាមបណ្ដាញអ៊ីនធឺណិត ដើម្បីប្រមូលផ្ដុំអ្នកស្ម័គ្រចិត្ត ក៏ដូចជាអ្នកជំនាញសៀវភៅកុមារ និងអ្នកបកប្រែអាជីព ដើម្បីបកប្រែសៀវភៅរឿងពីភាសាបរទេស មកជាភាសាខ្មែរ។
ទន្ទឹមនឹងការបង្កើនចំនួនសៀវភៅរឿង ជាភាសាខ្មែររាប់រយចំណងជើងក្នុងបណ្ណាល័យឌីជីថលរបស់គម្រោង Let’s Read ការប្រើប្រាស់វេទិកាបកប្រែតាមឌីជីថលនៅក្នុងព្រឹត្តិការណ៍ទាំងនេះ ក៏បានបង្ហាញពីប្រសិទ្ធិភាពមុខងារ នៃការប្រើប្រាស់ឧបករណ៍ឌីជីថល សម្រាប់ធ្វើការបកប្រែ។ បទពិសោធន៍នេះបានក្លាយទៅជា វត្ថុមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបន្តកើតមាន។
ទន្ទឹមនឹងព្រឹត្តិការណ៍បកប្រែទាំងនេះ និងបណ្ណាល័យឌីជីថល ដែលបានផ្ដល់លទ្ធភាព ឱ្យចូលអានសៀវភៅរឿងនិទានរាប់រយចំណងជើង តាមរយៈកម្មវិធីទូរស័ព្ទ Android គម្រោងនេះ ក៏យល់ពីសារៈសំខាន់នៃការបង្កើតទម្លាប់អាន ដើម្បីកសាងវប្បធម៌នៃការអាន ដូច្នេះហើយយុទ្ធនាការ តោះអានរាល់ថ្ងៃ បានក្លាយជាផ្នែកសំខាន់មួយទៀតនៃគម្រោង Let’s Read ក្នុងឆ្នាំ២០២០។
ដោយមានកិច្ចសហការជាមួយក្រសួងអប់រំយុវជននិងកីឡា និងដៃគូចំនួន ១២ ផ្សេងទៀត វីដេអូចំនួន ១០ ត្រូវបានផលិតឡើង ដើម្បីបង្ហាញគន្លឹះ ដល់ឪពុកម្ដាយ និងអ្នកអប់រំ អំពីរបៀបដឹកនាំការអាន ប្រកបដោយភាពសប្បាយរីករាយ ដែលធ្វើឱ្យកុមាររំភើបនឹងសៀវភៅ។ វីដេអូនោះមានគោលដៅ បង្ហាញឱ្យឃើញពីសារសំខាន់ នៃការនិទានរឿងសម្រាប់កុមារ ហើយវីដេអូទាំងនោះត្រូវបានចែកចាយដល់ គ្រូបង្រៀន បណ្ណារក្ស និងឪពុកម្ដាយ តាមរយៈបណ្ដាញផ្សព្វផ្សាយសង្គម និង វិទ្យុ ។ មិនតែប៉ុណ្ណោះ វីដេអូនោះត្រូវបានបញ្ចាំងនៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅក្នុងពេលប្រារព្ធទិវាជាតិអំណាន ដើម្បីបង្ហាញពីយុទ្ធនាការរយៈពេល ១០ ថ្ងៃ «តោះអានរាល់ថ្ងៃ»។
ដំបូងឡើយ គម្រោង Let’s Read បានកំណត់កុមារចំនួន ១០០.០០០ នាក់ ជាគោលដៅដើម្បីសម្រេច កម្មវិធីផ្សព្វផ្សាយការអានដ៏ធំធេងនេះ។ ទោះយ៉ាងណានៅចុងបញ្ចប់នៃយុទ្ធនាការនៅឆ្នាំ ២០២០ មានកុមារជាង ២២០.០០០ នាក់បានទទួលបានផលពីព្រឹត្តិការណ៍នេះ។
សម្រាប់គម្រោងដែលបានបង្ហាញភាពជោគជ័យទាំងអស់នេះ កញ្ញា ឈាង ចានសុម៉ី នៃអង្គការមូលនិធិអាស៊ី មានសុទិដ្ឋិនិយម ចំពោះអនាគតរបស់អ្នកចូលចិត្តការអានជំនាន់ក្រោយ នៃប្រទេសកម្ពុជា។
ទោះបីពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ ២០២០ ត្រូវបានលុបចោលដោយសារតែជំងឺកូវីដ១៩ ប៉ុន្តែពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ ២០១៩ មានចំនួនមនុស្សចូលរួមកើនឡើងបីដងលើសអ្នកចូលរួមក្នុងពិព័រណ៍នេះនៅឆ្នាំ ២០១៧។ ក្នុងនោះ អ្នកចូលរួមជិត ១៦០.០០០ នាក់ ភាគច្រើនជាយុវជន និងកុមារ នៅក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល ៣ ថ្ងៃ។ ចំនួនស្តង់ដែលដាក់តាំងបង្ហាញសៀវភៅរបស់កម្ពុជានិងបរទេស ក៏បានកើនឡើងផងដែរ គឺពី ៨០ស្តង់ ក្នុងឆ្នាំ ២០១៧ ដល់ ១៤០ស្តង់ នៅឆ្នាំ ២០១៩ ដែលនេះជាសក្ខីកម្ម បញ្ជាក់ថា មិនត្រឹមតែកំណើនវិស័យក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែចំណាប់អារម្មណ៍របស់ប្រជាជនក៏កើនផងដែរ។
នៅពេលដែលរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល បន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹងវប្បធម៌នៃការអាន តាមរយៈការបង្កើនលទ្ធភាពឱ្យសៀវភៅទៅដល់ដៃកុមារនៅទូទាំងប្រទេស គម្រោង Let’s Read ក៏កំពុងបន្តធ្វើការផងដែរ។
កញ្ញាបន្តថា៖ «យើងនឹងបន្តបង្កើតសៀវភៅ និងភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនក្នុងសហគមន៍។» «យើងនឹងចេញទៅក្រៅ និងធ្វើការជាមួយសហគមន៍ឱ្យបានច្រើនជាងពេលមុន ដើម្បីធ្វើឱ្យការអានជាសកម្មភាពកម្សាន្ត សម្រាប់កុមារនិងមិនមែនគ្រាន់តែជាកិច្ចការសាលានោះទេ៕»