ការបើកទូលាយទទួលយកក្តីស្រឡាញ់ នៅលើទឹកដីបុរាណ។
នៅក្នុងអតីតរាជធានីដ៏ចំណាស់មួយរបស់កម្ពុជា និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ហាងកាហ្វេមួយបានដំណើរការ ដើម្បីស្វាគមន៍ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTIQ+) ទាំងក្នុងនិងក្រៅប្រទេស នៅក្នុងខេត្តសៀមរាប។
ស្ថិតនៅម្តុំវត្តដំណាក់ ហាងកាហ្វេគ្រួសារ (Krousar Cafe) ដែលបង្កើតឡើងនៅឆ្នាំ ២០១៩ ដោយគូរស្នេហ៍ប្រុសចម្រុះជាតិសាសន៍គឺ លោក Jason ដែលជាជនជាតិអូស្ត្រាលី និងលោក តុលា ជនជាតិខ្មែរ រស់នៅខេត្តសៀមរាប។ ការដាក់ឈ្មោះថា «គ្រួសារ» ត្រូវបានជ្រើសរើស ក្នុងគោលបំណងឆ្លុះបញ្ចាំងនូវគ្រួសារតូចរបស់ខ្លួន បើកស្វាគមន៍ភ្ញៀវទាំងអស់ ជាពិសេសក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
ស្ថាបនិករបស់គ្រួសារកាហ្វេ លោក Jason បានលើកឡើងថា៖ “ដៃគូរខ្ញុំ តុលា ជាអ្នកជំនាញឆុងកាហ្វេ ហើយម្តាយខ្ញុំជនជាតិអ៊ីតាលី ជំនាញខាងចម្អិនអាហារ។ ចំណែកខ្ញុំវិញ ចង់លើកស្ទួយ និងគាំទ្រក្រុមឥន្ទធនូ ដូច្នេះ នេះពិតជាសំណាងណាស់ដែលពួកយើងមាននិស្ស័យជាមួយគ្នា។ ”
ហាងកាហ្វេមួយនេះត្រូវបានគេស្គាល់ថា តាមបណ្តាញសង្គមហ្វេសប៊ុក ជាកន្លែងគាំទ្រដែលក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ហើយមានបុគ្គលិកធ្វើការជាបុរសស្រឡាញ់បុរស និងអ្នកប្លែងភេទ(transgender)ផងដែរ។
កន្លែងនេះមិនត្រឹមតែផ្តល់ការងារដល់ពួកគេប៉ុណ្ណោះទេ ហើយថែមទាំងផ្តល់ភាពកក់ក្ដៅ ដែលបុគ្គលិកខ្លះមិនអាចទទួលបានពីឪពុកម្ដាយរបស់ខ្លួន ដោយសារខ្លួនជាអ្នកស្រឡាញ់ភេទដូចគ្នា។ ហាងកាហ្វេគ្រួសារជាកន្លែងសុវត្ថិភាព និងអបអរពីចម្រុះភាពរបស់បុគ្គលនីមួយៗនៅក្នុងសហគមន៍។
ទោះបីជា នៅពេលដំបូង ថវិកាជាការប្រឈមខ្លាំងសម្រាប់លោក និងដៃគូលោកក្នុងការផ្តល់កំណើតដល់ហាងកាហ្វេនេះក៏ដោយ ការជម្នះនូវឧបសគ្គនេះ រហូតអាចផ្តល់ការងារ ដល់មនុស្សជាង១០នាក់ ពិតជាភាពជោគជ័យ ដ៏គួរឱ្យសាទរមួយ។ បុគ្គលិកមួយចំនួន ដែលបានបាត់បង់ការងារក្នុងវិស័យកម្សាន្ត ដោយសារជំងឺកូវីដ១៩ ពុំមានបទពិសោធន៍ក្នុងការចម្អិន និងឆុងកាហ្វេក៏ដោយ ពួកគេបានខិតខំប្រឹងប្រែងបង្កើតជំនាញថ្មី ដែលរហូតពេលបានក្លាយជាសមាជិកដែលមិនអាចកាត់ថ្លៃបាននៃគ្រួសារតូចមួយនេះ។
លោក សុឈិគន្ធ ជាអ្នកកំពង់ឆ្នាំង ស្ថិតក្នុងវ័យ២៤ឆ្នាំ ចាប់ផ្តើមធ្វើការនៅហាងកាហ្វេ បន្ទាប់ពីបាត់បង់ការងារក្នុងវិស័យបដិសណ្ឋារកិច្ច អស់រយៈពេល ២-៣ខែហើយ។ លោកនិយាយថា៖ “ហាងកាហ្វេនេះមានន័យសម្រាប់ខ្ញុំណាស់ ពីព្រោះខ្ញុំអាចសន្សំលុយបានខ្លះ ហើយរៀនចេះជំនាញថ្មី ក៏ដូចជាបង្កើតមិត្តភ័ក្ដិបាន។”
“នេះដូចជាផ្ទះទី២របស់ខ្ញុំ ពីព្រោះយើងចំណាយពេលវេលា ហូបបាយជាមួយគ្នា ហើយជួយគ្នាធ្វើនេះធ្វើនោះ។ មើលទៅហាក់ដូចជាគ្រួសារធំមួយអញ្ចឹង។”
ភ្ញៀវរបស់គ្រួសារកាហ្វេ ភាគច្រើនស្គាល់ហាងនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវបានស្គាល់ និងទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់សហគមន៍នៃក្រុមឥន្ទធនូខេត្តសៀមរាប។ ថ្វីបើការរាតត្បាតនៃជំងឺកូវីដ១៩បានប៉ះពាល់វិស័យទេសចរណ៍ លោកJasonបានឱ្យដឹងថា ហាងរបស់លោកមិនសូវទទួលរងការប៉ះពាល់ខ្លាំងនោះទេ ដោយសារ ភ្ញៀវភាគច្រើនជាជនបរទេសរស់នៅខេត្តសៀមរាប។ លោកក៏បានប្ដូរយុទ្ធសាស្ត្រ ដោយមានការផ្ដល់សេវាដឹកជញ្ជូនដល់កន្លែង។
នៅខាងក្រោយហាងកាហ្វេ ចំហៀងចង្ក្រានបាយ មានបន្ទប់ឯកជនមួយ បើកស្វាគមន៍ដល់ក្រុម LGBTIQ+ ពីម៉ោង៤ ដល់ ៧ រសៀលពីម៉ោង ៤ រសៀល ដល់ ៧ ល្ងាច ដើម្បីជួបគ្នាស្វែងយល់ពីបញ្ហាសុខភាព និងការលើកស្ទួយសិទ្ធិក្រុមរបស់ខ្លួននៅក្នុងសង្គម។ អង្គការកន្លែងដែលអ្នកអាចជាខ្លួនឯង (A Place To Be Yourself) បង្កើតឡើងក្នុងគោលបំណងចែករំលែកព័ត៌មានត្រឹមត្រូវពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជាអាចផ្តល់ជាកន្លែងសម្រាប់ឱ្យពួកគេអាចជាខ្លួនឯងបាន។
លោក Jason ផ្ទាល់ កាលរស់នៅប្រទេសអូស្ត្រាលី មិនមានការលំបាកក្នុងការប្រាប់អ្នកជុំវិញ ថាខ្លួនជាអ្នកស្រឡាញ់បុរសដូចគ្នា ដូចក្រុមឥន្ទធនូនៅប្រទេសកម្ពុជានោះទេ ដូច្នេះលោកសង្ឃឹមថា តាមរយៈកន្លែងដែលអ្នកអាចជាខ្លួនឯង និងហាងកាហ្វេគ្រួសារ អាចជួយសម្រួលដល់ចំណុចផ្លូវអារម្មណ៍ដល់ពួកគេបាន។
ម្ចាស់ហាងកាហ្វេគ្រួសារក៏មានសារផ្ដាំផ្ញើដល់ក្រុមឥន្ទធនូថា៖ “អ្នកមានភាពស្រស់ស្អាត និងគុណតម្លៃទោះបីជាខ្លួនជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នាក៏ដោយ។ ប្រសិនបើមិនទទួលស្គាល់ខ្លួនឯង មិនពង្រឹងអំណាចខ្លួនឯង មិនមានទំនុកចិត្ត នោះយើងមិនអាចបន្តស្វែងរក និងបង្ហាញនូវសក្ដានុពលរបស់ខ្លួនបានឡើង”៕