នៅក្នុងខែមីនានេះ ក្លឹបសៀវភៅរបស់ Focus ផ្តោតលើស្ត្រីក្នុងភាពជាអ្នកដឹកនាំ។ នៅរៀងរាល់ខែមីនា ជាពេលដែលយើងអបអរទិវាសិទ្ធិនារីអន្តរជាតិ Focus ចង់ផ្តោតចំណាប់អារម្មណ៍ អ្នកអានទៅលើសៀវភៅ ដែលនិយាយអំពីប្រវត្តិស្ត្រីឆ្នើមក្នុងប្រវត្តិសាស្ត្រ ឬសៀវភៅប្រលោមលោក ដែលតួអង្គស្រីមានភាពម្ចាស់ការខ្ពស់នៅក្នុងដំណើររឿង (Strong Female Lead)។
នៅក្នុងខែមីនា ឆ្នាំនេះ យើងអបអរទិវាសិទ្ធិនារីអន្តរជាតិជាមួយនឹងប្រធានបទ «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ ៖ ការសម្រេចបាននូវអនាគតស្មើភាពមួយ ក្នុងសម័យកូវីដ» ដោយអង្គការស្ត្រីនៃអង្គការសហប្រជាជាតិ (UN Women)។
និយាយដល់ ស្ត្រីក្នុងភាពជាអ្នកដឹកនាំ នៅឯ Focus វិញ យើងបានផ្តោតការពិភាក្សាលើប្រធានបទនេះ តាមរយៈក្លឹបសៀវភៅរបស់យើង។ ជារៀងរាល់ដើមខែ យើងបានជំរុញទឹកចិត្តក្រុមការងារ ឱ្យអានសៀវភៅ ហើយប្រធានបទសម្រាប់ខែមីនានេះ យើងបានជ្រើសយកសៀវភៅ ដែលនិយាយអំពីប្រវត្តិស្ត្រីឆ្នើម ឬសៀវភៅប្រលោមលោក ដែលតួអង្គស្រីមានភាពម្ចាស់ការខ្ពស់ នៅក្នុងដំណើររឿង (Strong Female Lead)។
Kim Jiyoung, Born 1982 ដោយ Cho Nam-Joo
ណែនាំដោយ៖ គីមឡុង
Kim Jiyoung, Born 1982 រៀបរាប់ពីជីវិតនារីសាមញ្ញម្នាក់ ធំដឹងក្តីនៅក្នុងសង្គមប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងឆ្នាំ១៩៨២ ដល់ឆ្នាំ២០១៦ ជាអំឡុងពេលដែលកូរ៉េចាប់ផ្តើមមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
Kim Jiyoung ដូចនឹងស្ត្រីជាច្រើនទៀតដែរ ត្រូវឆ្លងកាត់នឹងបញ្ហាប្រឈមក្នុងមជ្ឈដ្ឋានជុំវិញខ្លួន ដូចជា ការបៀតបៀនផ្លូវភេទ វិសមភាពក្នុងការងារ និងជីវភាពរស់នៅរវាងបុរសនិងស្ត្រី ការលះបង់នានា ដើម្បីរៀបចំផែនការគ្រួសារ ការខិតខំតស៊ូប្រឹងប្រែងនៅក្នុងជីវិត និងការប៉ះទង្គិចផ្នែកស្មារតី រហូតដល់មានជំងឺបាក់ទឹកចិត្តក្រោយពេលមានកូន។
ថ្វីត្បិតតែរឿងនេះជារឿងប្រលោមលោក ប៉ុន្តែគ្រប់បញ្ហាដែលលើកឡើង គឺផ្អែកលើអ្វីដែលកើតឡើងក្នុងសង្គមកូរ៉េ ហើយអ្នកនិពន្ធ បានលើកយកតួលេខស្រាវជ្រាវជាក់ស្តែង មកបង្ហាញជាអំណះអំណាង។
សៀវភៅនេះ បានរំលេចរៀបរាប់ពីវិសមភាព និងបញ្ហាប្រឈមរបស់ស្ត្រីនៅក្នុងសង្គមប្រទេសកូរ៉េ នឹងធ្វើឱ្យអ្នកអានអាចយល់កាន់តែច្បាស់ អំពីបញ្ហាដែលស្ត្រីជួបប្រទះ។ បញ្ហាទាំងនោះ ជារឿយៗ មនុស្សប្រុសអាចនឹងចាត់ទុកវាថា ជារឿងសាមញ្ញ ដោយសារពួកគេមិនធ្លាប់ឆ្លងកាត់។
សៀវភៅនេះត្រូវបានគេចាត់ទុកជាសៀវភៅបែបស្ត្រីនិយម (FEMINISM)។ ម៉្យាងវិញទៀត សៀវភៅនេះក៏បានបង្កើតជាវេទិកាតស៊ូមតិដ៏ចម្រូងចម្រាស់ជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូងទាក់ទងនឹងតួនាទីស្រ្តីនៅក្នុងសង្គមផងដែរ។
Sojourner Truth: Ain’t I a Woman? ដោយ Patricia C. McKissack, Fredrick L. McKissack
ណែនាំដោយ៖ លក្ខិណា
សម្រាប់អ្នកដែលចាប់អារម្មណ៍ អំពីចលនាបំបាត់ទាសភាពនៅអាមេរិក អ្នកគួរតែស្គាល់ Sojourner Truth។
គាត់ធ្លាប់មានអតីតភាពជាទាសករ បន្ទាប់មកក្លាយជាសកម្មជនមិនសំចៃមាត់ ក្នុងការទាមទារឱ្យរំលាយទាសភាពនៅសហរដ្ឋអាមេរិក នៅក្នុងសតវត្សទី១៩ និងបានរស់នៅឆ្លងកាត់សង្គ្រាមស៊ីវិលអាមេរិក។
សៀវភៅនេះ គឺជាជីវប្រវត្តិបែបខ្លី រៀបរាប់អំពីដំណើរជីវិតរបស់គាត់ រាប់ចាប់ពីការរស់នៅជាទាសករ បម្រើច្រើនម្ចាស់ រហូតទទួលបានសិទ្ធិសេរីភាព និងក្លាយជាសកម្មជន។
ថ្វីបើប្រវត្តិរបស់ Sojourner Truth ហាក់នៅឆ្ងាយពីប្រវត្តិសាស្ត្រកម្ពុជា ប៉ុន្តែដំណើរជីវិតរបស់គាត់ នឹងធ្វើឱ្យអ្នកអាន ជាពិសេសស្រ្តីៗ ទទួលបានការជំរុញទឹកចិត្ត ដើម្បីជំនះទៅតាមជំនឿដែលខ្លួនមាន។
អ្នកស្រី Sojourner Truth មិនចេះសរសេរ ឬអានទេ ប៉ុន្តែគាត់មានទេពកោសល្យ ក្នុងការនិយាយជាសាធារណៈ ដែលធ្វើឱ្យអ្នកផងចូលចិត្តស្តាប់។ គាត់ធ្លាប់ថ្លែងសុន្ទរកថាមួយ ដែលមានការជំរុញចិត្តជាខ្លាំង និងល្បីរហូតមកដល់សព្វថ្ងៃ គឺ «Ain’t I a Woman (តើខ្ញុំមិនមែនជាស្ត្រីម្នាក់ទេឬ?)»។
អាន៖ Focus អានប្រចាំខែ «កុម្ភៈ»
Adele: The Biography ដោយ Chas Newkey-Burden
ណែនាំដោយ៖ ដារ៉ា
សៀវភៅជីវប្រវត្តិសង្ខេបនេះ បានលើកយកនូវព្រឹត្តិការណ៍សំខាន់ៗនៅក្នុងឆាកជីវិត របស់តារាចម្រៀង Adele មកបង្ហាញ។
ចាប់ផ្តើមចេញពីជីវិតកាលពីកុមារភាព បន្តមកដល់ការចូលរៀននៅសាលាសិល្បៈដ៏ល្បីនៅចក្រភពអង់គ្លេស និងការបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈអាល់ប៊ុមទោលដំបូងដែលមានចំណងជើងថា ១៩។
ភាពជោគជ័យលើកដំបូងរបស់នាង បានជម្រុញអោយនាងផលិតអាល់ប៊ុមពីរបន្ថែមទៀត នោះគឺ ២១ និង ២៥ និងទទួលបានជោគជ័យជាបន្តបន្ទាប់។
យ៉ាងណាមិញ សៀរភៅមួយនេះពុំមែនផ្តោតលើភាពជោគជ័យរបស់ Adele នោះទេ ព្រោះសារពិតប្រាកដគឺផ្តោតទៅលើកត្តាដែលនាំអោយ Adele អាចទទួលបានជោគជ័យ ខុសពីសិល្បករដទៃផ្សេង រួមជំនាន់ជាមួយនាង ថ្វីបើនាងមិនសូវបង្ហាញខ្លួនជាសាធារណៈ និងការកម្រចេញអាល់ប៊ុម។
Adele បាននិយាយថានាងមិនគិតថានឹងអាចទទួលបានជោគជ័យធំធេងបែបនេះទេ។ អ្វីដែលនាងចង់ធ្វើគឺគ្រាន់តែចង់បង្ហាញពីទេពកោសល្យ ក្នុងការតែងបទចម្រៀង និងសម្លេងជាអំណោយផលពីធម្មជាតិរបស់នាងតែប៉ុណ្ណោះ។ នៅចុងបញ្ចប់នៃសៀរភៅ Adele បាននិយាយពាក្យមួយឃ្លាថា «I don’t make music for eyes. I make music for ears.»។ មួយឃ្លានេះ Adele ចង់បង្ហាញថា សិល្បៈរបស់នាងមានតម្លៃគឺស្ថិតនៅត្រង់ភាពសាមញ្ញ មិនស្មុគស្មាញ នៅក្នុងការតែងនិពន្ធរបស់នាង។
នាងចង់អោយគេទទួលស្គាល់តាមរយៈបទចម្រៀងរបស់នាង មិនមែនរូបរាងខាងក្រៅរបស់នាងឡើយ ដែលជាញឹកញាប់នាងរមែងទទួលបាននូវការរិះគន់ និងការប្រៀបធៀបរវាងនាង ជាមួយអ្នកចម្រៀងមុនៗដែលទទួលបានជោគជ័យដូចគ្នា។ សម្រាប់ Adele ជោគជ័យកើតចេញមកពីការទទួលយក និងអោយតម្លៃលើខ្លួនឯង។ ប្រសិនបើនាងមិនមានជំនឿចិត្តមោះមុត តស៊ូព្យាយាមលើអ្វីដែលនាងបង្កើតទេនោះ ហើយព្យាយាមធ្វើអ្វីដូចគ្នាទៅនឹងអ្វីដែលតារាចម្រៀងភាគច្រើនធ្លាប់បានធ្វើកន្លងមក ម្ល៉េះនាងប្រហែលជាមិនទទួលបានជោគជ័យដែលនាងសាកសមនឹងទទួលបានដូចសព្វថ្ងៃនេះទេ។
Little Women ដោយ Louisa May Alcott
ណែនាំដោយ៖ ណាសា
ចេញផ្សាយនៅឆ្នាំ ១៨៦៨ សម្រាប់ភាគ១ និង ភាគទី២ នៅឆ្នាំ ១៨៦៩ សៀវភៅរឿង Little Women ឆ្លុះបញ្ចាំងពី ជីវិតក្មេងស្រីនៅអាមេរិក នាសតវត្សទី១៩។ សៀវភៅនេះស្ថិតក្នុងចំនោម អក្សរសិល្ប៍បុរាណល្បីៗ ដែលនៅតែពេញនិយមក្នុងចំនោមអ្នកអាន នាពេលបច្ចុប្បន្ន ។
Jo ជាកូនទី២ក្នុងចំនោម បងប្អូនស្រីទាំង៤នាក់ រស់នៅរដ្ឋ Massachusetts ជាមួយម្ដាយ និងឪពុក ដែលជាទាហានបម្រើក្នុងសង្គ្រាមស៊ីវិល។ បងប្អូនស្រីទាំង៤ មានអត្តចរិត និងគោលបំណងខុសគ្នា។ Meg កូនបង ជានារីរម្យទម និងចូលចំណោមសង្គមនាសម័យកាលនោះ។
ខុសពីបងស្រីខ្លួន Jo ជាមនុស្សមានឆន្ទៈខ្លាំង លើគោលបំណងនិងអនាគតរបស់នាង ហើយទេពកោសល្យខាងនិពន្ធនិងចំណូលចិត្តអានរបស់ខ្លួនធ្វើឲ្យ Jo កំណត់គោលដៅ ជីវិតខ្លួន ជាជាងការជ្រើសរើសការរៀបការមានគ្រូសារ ដូចនារីដ៏ទៃនាសម័យកាលនោះ។
Beth កូនទី៣ មាននិស្ស័យជាមួយតន្រ្តីនិងជាមនុស្សមានក្ដីស្រលាញ់ខ្លាំងលើគ្រួសារ និងមនុស្សជុំវិញខ្លួន ចំណែក Amy ជាសិល្បករគំនូរ រស់នៅក្នុងពិភពផ្ទាល់ខ្លួន។ Little Women បង្ហាញពីដំណើរជីវិតរបស់ បងប្អូនទាំង ៤ និងទំនាក់ទំនងរបស់ពួកគេជាមួយអ្នកជិតខាងដ៏ល្អ Laurie និងលោកតារបស់គេ។ Little Women ក៏និយាយពីការអប់រំរបស់ម្ដាយ មកលើជីវិតកូនស្រីនីមួយៗ ទោះបីជាពេលខ្លះអ្នកទាំង៤ មិនចុះសម្រុះគ្នា ដោយសារគំនិតខុសគ្នាទៅលើសង្គមដែលគររស់នៅ ក៏ដោយក៏អ្នកទាំង៤នៅតែមានភាពជាបងប្អូន។ សៀវភៅនេះ ក៏បង្ហាញពីការតស៊ូរបស់ Jo ដើម្បីក្លាយជាអ្នកនិពន្ធក្នុងនាមជា នារីរស់នៅក្នុងសម័យមួយដែលសង្គមគិតថា មនុស្សស្រីគួរតែផ្ដោតសំខាន់លើ រៀបការចូលគ្រូសារល្អមួយនិងគ្រប់គ្រងគ្រួសារក្នុងនាមជាស្ត្រី។
Little Women រំលេចពីជីវិតនារីនាសតវត្សទី ១៩ និងឧបសគ្គដែលពួកគេជួបប្រទះ បូករួមជាមួយទិដ្ថភាពសង្គមនិងគំនាបនានា។ សៀវភៅនេះដាស់អារម្មណ៏អ្នកអាន ឲ្យស្វែងយល់ពីគំនិតស្ត្រី ខុសគ្នាៗចំពោះសង្គម ហើយជាមួយគ្នានោះក៏បង្ហាញថា មនុស្សស្រីមានការតស៊ូដើម្បីគោលដៅជីវិតខ្លួន តាំងតែពីសម័យបុរាណមកម្លេះ។ ភាពរឹងមាំ និងឯករាជ្យលើជីវិត គួរតែជាអ្វីដែលនារី គ្រប់សម័យកាល ផ្តោតលើ។
The Handmaid’s Tale ដោយ Margaret Atwood
ណែនាំដោយ៖ ជីហេ
រឿង “The Handmaid’s Tale” ត្រូវបាននិទានឡើងនៅតំបន់ Gilead ដែលជាពិភពដ៏អនាធិបតេយ្យមួយ ជាអតីតសហរដ្ឋអាមេរិក។ តំបន់ Gilead គឺស្ថិតក្រោមការគ្រប់គ្រងដោយរបបក្រុមយោធាបែបសាសនាមួយ ដែលមិនបានផ្តល់សិទ្ធិសេរីភាពអ្វីទាំងអស់ដល់ស្ត្រី។
ដំណើរសាច់រឿងនៃសៀវភៅនេះ និយាយអំពី ស្រ្តីម្នាក់ឈ្មោះ Offred ដែលមានគោលបំណងចម្បង គឺបង្កើតកូនឱ្យប្តីប្រពន្ធមួយគូដែលគ្មានគភ៌។ ឈ្មោះរបស់ Offred មានន័យម៉្យាងទៀតគឺ “Of Fred” រឺមានន័យថាគាត់ស្ថិតក្រោមកម្មសិទ្ធិរបស់លោក Fred ដែលជាឈ្មោះរបស់ស្វាមីនៃគូស្រករ ដែលគាត់ត្រូវបានគេចាត់ឱ្យធ្វើការក្រោមបង្គាប់។
គាត់នៅតែចងចាំមិនភ្លេចពីការរស់នៅ និងសេរីភាពរបស់គាត់ ជាមួយនឹងប្តីនិងកូនស្រី មុនពេលដែលរបប Gilead ចូលមកកាន់អំណាច។ តើគាត់នឹងអាចបន្តរស់នៅជាមួយនឹងតួនាទីថ្មី នៅក្នុងសង្គមមួយនេះបានដែរឬទេ?
សៀវភៅនេះត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ ១៩៨៥ ជាមួយនឹងការជម្រុញទឹកចិត្តពីព្រឹត្តិការណ៍សង្គម និងនយោបាយក្នុងតំបន់អាមេរិកខាងជើងកាលពីជំនាន់នោះ។
ដំណើររឿង មេរៀន និង ប្រធានបទនៅក្នុងសៀវភៅនេះ នៅតែជាប់ដិតដាននាពេលបច្ចុប្បន្ន ទោះបីជាវាចេញផ្សាយតាំងពីប្រហែល៤០ឆ្នាំមុនមកម្ល៉េះ។ អ្នកអានប្រាកដជាអាចឆ្លុះបញ្ចាំងពីរបៀបរបប ដែលសង្គមមើលមកលើស្ត្រី ទាំងសិទ្ធិសេរីភាព និងរាងកាយរបស់ពួកគេ។
ជីវិតនៅ Gilead គឺជារូបភាពដ៏គួរឱ្យតក់ស្លុតមួយ តែវាក៏រឿងរ៉ាវដែលនៅតែអាចកើតឡើងផងដែរ។ ទាំងនេះហើយ គឺជាហេតុផលដែលក្នុងនាមយើងជាអ្នករស់នៅក្នុងសង្គមមួយ ត្រូវតែបន្តងើបឈរឡើងដើម្បីសិទ្ធិរបស់ស្ត្រី និងគាំទ្រលើកទឹកចិត្តឱ្យពួកគេ មានការគិតបែបស៊ីជម្រៅ បញ្ចេញមតិ និងមានឯករាជ្យភាព៕