ការពុះពារជំនះឧបសគ្គ និងការដក់ចិត្តដក់អារម្មណ៍នឹងវិស័យភាពយន្ត បានជម្រុញឱ្យលោក កាវិច ក្លាយជាអ្នកដឹកនាំរឿងវ័យក្មេងដ៏មានទេពកោសល្យមួយរូប ដែលអាចប្រើប្រាស់ខ្សែភាពយន្តទៅរំញោចផ្នត់គំនិត អ្នកទស្សនា។
ក្នុងដំណើរជីវិតជាអ្នកដឹកនាំរឿងជាងមួយទសវត្សរ៍ លោកនាង កាវិច បានបង្កើតស្នាដៃប្រមាណ១០ រួមមានភាពយន្ត ភាពយន្តឯកសារ ភាពយន្តបែបប្រឌិត។ ថ្មីៗនេះលោកត្រូវបានមហាជនស្គាល់កាន់តែច្រើនបន្ថែមទៀត តាមរយៈភាពយន្ត «ប៊ូឌីញ ស ឬ WHITE BUILDING» របស់លោក ដែលត្រូវបានជ្រើសរើសទៅចាក់បញ្ចាំង ជាលើកដំបូង នៅមហោស្រពភាពយន្តទីក្រុងVenice លើកទី៧៨ និងទទួលបានពានរង្វាន់តារាសម្ដែងប្រុស ឆ្នើមផងដែរ។
ជាយុវជនម្នាក់ ដែលធំដឹងក្តីឡើងនៅក្នុងអគារប៊ូឌីញ ដែលធ្លាប់ជាអគារសម្រាប់សិល្បៈករខ្មែររស់នៅក្រោយរបប ប្រល័យពូជសាសន៍បានដួលរលំ លោក កាវិច បានចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង ដោយចាប់ផ្ដើមចូលរៀន ថ្នាក់របាំប្រពៃណីជាមួយវីរៈសិល្បៈករ អៀង ស៊ីធុល ដែលពេលនោះលោកជាអ្នកជិតខាងគ្នា និងបានបន្ត ការសិក្សារបាំនេះរហូតដល់លោកបញ្ចប់ ថ្នាក់វិទ្យាល័យនៅឆ្នាំ២០០៥។
ក្នុងនាមជាសិល្បៈករផ្នែករបាំប្រពៃណី លោកមានឱកាសបានទៅសម្ដែងនៅបរទេសជាច្រើនដង ដែលជាផ្នែកអាចស្វែងយល់ពីពិភពលោកខាងក្រៅបានច្រើនជាងមុន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យុវជនរូបនេះ បានយល់ច្បាស់ពីខ្លួនឯងថា ខ្លួនមិនមានបំណងក្នុងការបន្តអាជីពជាអ្នកសិល្បៈផ្នែករបាំនេះរហូតឡើយ។
ក្រោយមកនៅក្នុងឆ្នាំ២០០៧ សិល្បៈកររូបនេះបានទទួលឱកាសចូលហាត់ការនៅអង្គការសិល្បៈខ្មែរអមតៈ ជាអ្នកថតសម្លេង និង វីដេអូឱ្យសិល្បៈករជើងចាស់នៅក្នុងស្ទូឌីយោរយៈពេលមួយឆ្នាំ។ ឱកាសនោះហើយ ដែលបណ្ដាលឲ្យលោកអាចស្វែងរកឃើញថា ខ្លួនឯងមានចំណាប់អារម្មណ៍លើវិស័យភាពយន្តយ៉ាងពិតប្រាកដ។ ដោយសារពេលនោះ នៅកម្ពុជាមិនទាន់មានវគ្គសិក្សាណាមួយទាក់ទងនឹងការផលិតភាពយន្តច្បាស់លាស់នៅឡើយ វាបានក្លាយជាបញ្ហាប្រឈមមួយសម្រាប់លោក ក្នុងការពង្រឹងចំណេះដឹងរបស់ខ្លួនទាក់ទងនឹងជំនាញនេះផងដែរ។ រហូតដល់ឆ្នាំ ២០១០ អ្នកដឹកនាំរឿងវ័យក្មេងរូបនេះ បានចូលសិក្សាវគ្គសិក្សាថ្នាក់មូលដ្ឋានអំពីការផលិតភាពយន្ត លើកដំបូងជាមួយលោក ដេវី ជូ ដែលជាអ្នកដឹកនាំរឿង សញ្ជាតិខ្មែរ បារាំង ហើយក៍ជាស្ថាបនិកផលិតកម្ម ភាពយន្តឯករាជ្យមួយដែលមានឈ្មោះថា Anti-Archive។
ក្រោយបញ្ចប់ការសិក្សារយៈពេល៦ខែជាមួយលោកដេវី ជូ រួចមក។ កាវិច បានទទួលឱកាស មួយផ្សេងទៀតសម្រាប់វគ្គសិក្សាពីការផលិតភាពយន្តឯកសារ រយៈពេល២ឆ្នាំកន្លះ ជាមួយលោក ប៉ាន់ រិទ្ធី ជាអ្នកផលិតភាពយន្តឯកសារល្បីល្បាញម្នាក់ ដែលមានឈ្មោះបោះសម្លេងទាំងនៅក្នុង និងក្រៅប្រទេស។ គ្រានោះ លោកបានចាប់ផ្ដើមផលិតស្នាដៃភាពយន្តឯកសារជាលើកដំបូងចំនួនពីរគឺ A SCALE BOY and WHERE I GO និងបន្តផលិតភាពយន្តផ្សេងៗរហូតមកទល់ពេលបច្ចុប្បន្ន។
ដោយសារកត្តាសង្គម ដែលលោកកំពុងរស់នៅមិនបានផ្ដល់នូវឱកាស និងសេរីភាពគ្រប់គ្រាន់ ក្នុងការបង្ហាញ អ្វីដែលលោកមាន បូកផ្សំជាមួយផ្នត់គំនិតក្នុងគ្រួសារ ប្រពៃណី និងសង្គម។ រលកបញ្ហាទាំងនោះ បានជម្រុញ ឱ្យយុវជនរូបនេះ ចាប់យកវិស័យផលិតខ្សែភាពយន្ត ដែលអាចផ្តល់ជាសេរីភាពក្នុងការបញ្ចេញមតិតាមរយៈ ការផលិតខ្សែភាពយន្ត។ បុរសវ័យកណ្ដាលរូបនេះ បានប្រដូចភាពយន្តទៅនឹងវេទមន្តដោយហេតុថាភា ពយន្តអាចផ្តល់អត្ថន័យ លើសពីអ្វីដែលអ្នកនិពន្ធចង់បង្ហាញ ដោយវាអាស្រ័យលើការយល់ឃើញខុសគ្នាៗរបស់ទស្សនិកជនម្នាក់ៗ នៅពេលដែលពួកគេបានទស្សនា។ គាត់បានលើកឡើងថា « ភាពយន្តផ្តល់អត្ថន័យច្រើនជាងអ្វី ដែលខ្ញុំចង់និយាយ។ ដូច្នេះ ហើយទើបខ្ញុំប្រដូចកុនទៅនឹងវេទមន្តអុីចឹង។ វាលើសពីអ្វី ដែលយើងចង់ឲ្យទៅទៀត»។
ទោះបីជាមានការលំបាកក្នុងដំណើរនៃការផលិតស្នាដៃ និងបញ្ហាប្រឈមផ្សេងៗដូចជា បញ្ហាហិរញ្ញវត្ថុក្តី លោក កាវិច នៅតែបន្តការផលិតស្នាដៃខ្លួន។ លោកគិតថានេះជាវិធីមួយ ដែលអាចជួយឲ្យទស្សនិកជនបានឆ្លុះបញ្ចាំងពីជីវិតពិត និងផ្សារភ្ជាប់ខ្លួនឯងទៅនឹងភាពយន្តដើម្បីឲ្យពួកគេបានស្គាល់ខ្លួនឯង យល់ពីខ្លួនឯង និងអាចដឹងពីរឿងរ៉ាវផ្សេងៗ ដែលបានកើតឡើងក្នុងសង្គម។
សម្រាប់លោក ក្នុងនាមជាអ្នកផលិតភាពយន្តមួយរូប គឺត្រូវតែមានភាពអំណត់ ព្រោះពេលខ្លះវាមានភាពងាយស្រួល ក្នុងការបរាជ័យ ហើយការផលិតភាពយន្តទៀតសោតវាលំបាកទាំងការសរសេរ ការថត និង ការកាត់ត។ ហេតុនេះការអំណត់អត់ធ្មត់ជារឿងសំខាន់ ហើយប្រសិនបើយើងបរាជ័យត្រូវក្រោកឡើងវិញ និងបន្តទៅមុខទៀត។
ទន្ទឹមនឹងនេះ លោក កាវិច បានចែករំលែកការយល់ឃើញថា សិល្បៈករបានដើរតួយ៉ាងសំខាន់ ក្នុងការផ្ដល់ផលវិជ្ជមានទៅកាន់សង្គម ហើយការចូលរួមពីសំណាក់មនុស្សទាំងអស់ក្នុងសង្គម ដោយការបើកចិត្តទូលាយក្នុងការទទួលយកអ្វីដែលថ្មី និងការយល់ច្បាស់ពីសារៈសំខាន់នៃសិល្បៈសម្រាប់ពួកគេ និងសង្គម ពិតជាសំខាន់ខ្លាំងណាស់។ ជាចុងក្រោយ លោកបង្ហាញក្តីសង្ឈឹមយ៉ាងមុតមាំថា នាពេលអនាគតឧស្សាហកម្មភាពយន្ត នឹងមានភាពប្រសើរឡើង និងត្រូវបានគេទទួលស្គាល់ទាំងនៅក្នុង និងក្រៅស្រុក។