ដើម្បីជាផ្នែកមួយក្នុងការរួមចំណែកលើកកម្ពស់ជនពិការ និងឈានទៅរកសង្គមបរិយាបន្នមួយ ការផ្លាស់ប្តូរផ្នត់គំនិត ក្នុងការមើល ឬយល់ឃើញ លើជនពិការជាចំណុចមិនគួរមើលរំលងមួយ។

អបអរសាទរទិវាជនពិការអន្តរជាតិ!
ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាក់ទងនឹងការលើកកម្ពស់ជនពិការ ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធពេញលេញមួយ ក្នុងការចូលរួមក្នុងសង្គម លើកទឹកចិត្តឱ្យពួកគាត់ចាប់ផ្ដើមប្រកបការងារដែលអាចធ្វើទៅបាន និង ការកាត់បន្ថយការរើសអើងលើជនពិការ។
ការផ្លាស់ប្ដូរផ្នត់គំនិតដែលប្រជាជនភាគច្រើនមានលើជនពិការ ធ្វើយ៉ាងណាឱ្យចាប់ផ្ដើមមើលឃើញ លើសមត្ថភាពរបស់ជនពិការ ជាជាងការមើលលើពួកគាត់ដោយក្ដីអាណិត គឺជារឿងលំបាកមួយ។នេះបើតាមការលើកឡើងរបស់អ្នកនាង អុន សុខនី នាយិកាប្រចាំប្រទេស នៃអង្គការ Epic Arts កម្ពុជា ដែលជាអង្គការក្នុងស្រុក ធ្វើការលើកកម្ពស់ជនពិការនៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលសមត្ថភាពផ្នែកសិល្បៈ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នករាយការណ៍របស់ Focus ក្នុងការិយាល័យនៅអង្គការ Epic Arts ដែលមានទីតាំងនៅក្នុងទីរួមខេត្តកំពត អ្នកនាង សុខនី បានលើកឡើងពីគុណតម្លៃរបស់ជនពិការ ដែលអង្គការអ្នកនាង ព្យាយាមលើកកម្ពស់ ជាមួយទឹកមុខមានសង្ឃឹមថា៖
«អ្វីដែលយើងផ្ដោត ហើយចង់ឃើញ គឺការដែលមនុស្សគ្រប់គ្នាមើលឃើញពីតម្លៃ និងសិទ្ធស្មើគ្នារវាងជនពិការ និងអ្នកមិនពិការ។ យើងចង់ឱ្យពួកគាត់ [មនុស្សរាល់គ្នា] ឃើញអំពីភាពដែលអាចធ្វើបាន ប្រសើរជាងភាពដែលមិនអាចធ្វើបាន ឬមើលតែលើពិការភាពរបស់ជនពិការ»។

សិទ្ធក្នុងការទទួលបានការអប់រំនិងការងារសមស្រប ក៏ដូចជាកត្តាការរើសអើង គឺជាបញ្ហាប្រឈមចម្បងធំៗរបស់ជនពិការ។ ការកង្វះឧបករណ៍ជំនួយនៅតាមទីសាធារណៈ នៅតែជាឧបសគ្គដ៏ធំមួយ រាំងស្ទះជនពិការ ពីការចូលរួមក្នុងសង្គមនៅក្នុងប្រទេសកម្ពុជា។
ទិត្យ ច័ន្ទសត្យា និស្សិតឆ្នាំទី៥ ឯកទេសទន្តសាស្រ្ត នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឱ្យដឹងថា ពេលខ្លះ ខ្លួនមានអារម្មណ៍អាណិតនៅពេលឃើញជនពិការ ព្រោះខ្លួនគិតថា ការរស់នៅប្រចាំថ្ងៃរបស់ជនពិការប្រាកដជាពិបាក ហើយភាគច្រើនខ្លួនតែងតែបង្ហាញការគាំទ្រដល់ពួកគាត់ តាមរយៈការគោរព ដោយការឱ្យជាថវិកា និងការជួយតាមវិធីផ្សេងទៀតតាមដែលអាចធ្វើទៅបាន។
ពេលសួរថា តើខ្លួនគិតថា ជនពិការមានលទ្ធភាព និងសមត្ថភាពក្នុងការប្រកបមុខរបរដូចបុគ្គល ដែលមានកាយសម្បទាលេចលេញដែរឬទេ និស្សិត វ័យ២១ឆ្នាំរូបនេះ បញ្ចេញគំនិតថា៖
«វាអាស្រ័យដែល [តាមប្រភេទការងារ] ប្រសិនការងារនោះមិនមែនជាការងារដែលត្រូវប្រើកម្លាំងច្រើន ខ្ញុំគិតថាពួកគាត់អាចធ្វើបានដូចមនុស្សទូទៅដែរ។ ឧទាហរណ៍ ការងាររដ្ឋបាល ឬការងារក្នុងការិយាល័យស្រាលៗផ្សេងៗ»។
អនុក្រឹត្យមួយ ក្នុងច្បាប់ស្តីពីសិទ្ធជនពិការ អនុម័តក្នុងខែកក្កដាឆ្នាំ ២០០៩ បានចែងថា ទីភ្នាក់ងាររដ្ឋាភិបាល ក្រុមហ៊ុនឯកជន និង អង្គការទាំងអស់ ត្រូវរាប់បញ្ចូលជនពិការយ៉ាងហោចណាស់២ភាគរយ នៃបុគ្គលសរុប។
ជាជនពិការពីកុមារភាពដោយជំងឺគ្រុនស្វិតដៃមួយរូប ក្នុងចំណោមជនពិការជាង ២%នៃប្រជាជនសរុប ក្នុងប្រទេសកម្ពុជា និង អ្នកធ្វើការដើម្បីលើកកម្ពស់ជនពិការជាង១០ឆ្នាំ អ្នកនាង សុខនី បានលើកឡើងថាការដែលប្រជាជនមានការអាណិតអាសូរលើជនពិការមិនមែនជារឿងមិនល្អទាំងស្រុងនោះទេ។
«តាមពិតទៅ វាជាចំណុចចាប់ផ្តើមដ៏ល្អមួយ។ ប៉ុន្តែ យើងក៏ត្រូវមើលលើនិរន្តភាពដែរ។ ក្នុងនោះសំដៅលើ ការជួយឱ្យជនពិការ ទទួលបានការសិក្សា ហើយមានការងារសមរម្យមួយ តាមដែលអាចធ្វើទៅបាន។ »

ការផ្តល់ចំណេះដឹង ការបណ្ដុះបណ្ដាលសមត្ថភាព ការផ្លាស់ប្តូរឱ្យមានការគិតវិជ្ជមាន និងការផ្តល់ការងារឱ្យជនពិការ តាមរយៈ កម្មវិធីធំៗដូចជា ការអប់រំបញ្ចូលគ្នា ថ្នាក់សិល្បៈរួមបញ្ចូលគ្នា និង កម្មវិធីអាជីវកម្មសង្គម គឺជាសកម្មភាពដែលអង្គការ Epic Arts បានធ្វើតាំងពីឆ្នាំ២០០៧មក ដើម្បីធានាថាជនពិការមិនត្រូវទទួលបានជំនួយ តែក្នុងរយៈពេលខ្លី។
ទោះបីស្ថានភាព និងកម្រិតនៃការយល់ដឹងមានលក្ខណៈប្រសើរច្រើន បើធៀបទៅកាលពី១០ឆ្នាំមុនក្តី អ្នកនាង សុខនី គិតថា កម្ពុជាមានកត្តារារាំងធំៗពី ដែលពិបាកធ្វើឱ្យប្រជាជនយល់ដឹងពីជនពិការនៅមានកម្រិត។
ទី១ គឺការដែលប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាម ព្រោះបន្ទាប់ពីសង្គ្រាម អ្វីដែលជា អាទិភាពសម្រាប់ថ្នាក់ដឹកនាំ និងប្រជាជនផ្ទាល់ គឺការរស់រានមានជីវិត ធ្វើយ៉ាងណាឱ្យមានជីវភាពប្រសើរ ជាជាងការជួយសម្របសម្រួលជនពិការ និងការផ្លាស់ប្តូរការគិតវិជ្ជមានលើជនពិការ។
ជំនឿលើបាបបុណ្យ កម្មផល ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនាដ៏ធំក្នុងប្រទេសកម្ពុជា ក៏ជាកត្តាទី២ ដែលបង្កឱ្យមានការរើសអើង និង ការដែលការលើកកម្ពស់ជនពិការមិនមែនជាអាទិភាព។នាយិកាប្រចាំប្រទេស នៃអង្គការ Epic Arts រូបនេះមានយោបល់ថា៖
«ប្រជាជនយើងភាគច្រើន ជឿលើកម្មផល និងបាបកម្ម។ ដូចនេះ ទើបគាត់មានផ្នត់គំនិតមួយថា ជនពិការជាមនុស្សដែលមិនល្អពីជាតិមុនមក។ ផ្នត់គំនិតបែបនេះ គឺជាការដាក់បន្ទុកលើជនពិការរួចទៅហើយ ព្រោះ អ្នកខ្លះខ្លាច ដល់ថ្នាក់មិនហ៊ាននៅជិត ព្រោះខ្លាចជនពិការនាំសំណាងអាក្រក់»។
មន្ត្រីរាជការចូលនិវត្តន៍ វ័យ៦០ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ ជាពុទ្ធសាសនិកជនម្នាក់ បានបញ្ចេញយោលបល់នៅក្នុងហាងកាហ្វាមួយ ដែលមានទីតាំងនៅម្តុំសួនច្បារវត្តបទុមវតីថា ជនពិការជាមនុស្សដែលបានប្រព្រឹត្តរឿងមិនល្អក្នុងអតីតជាតិ។ ក៏ប៉ុន្តែ គាត់ជឿជាក់ថា ជនពិការនៅតែអាចធ្វើអ្វីបានដូចមនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ដែរ ដរាបណាពួកគាត់ មានឆន្ទៈនិង ខិតខំពង្រឹងជំហរខ្លួនឯង។
កត្តាបង្កឱ្យមានពិការភាពនៅក្នុងប្រទេសកម្ពុជា មានការផ្លាស់ប្ដូរ។ ពីមុន មនុស្សភាគច្រើន ធ្លាក់ខ្លួនក្នុងពិការភាពដោយសារ សង្គ្រាម ការជាន់មីន និងពិការពីកំណើត ។ ប៉ុន្តែ ក្នុងរយៈពេលចុងក្រោយនេះ កត្តាបង្កឱ្យមានពិការភាព គឺគ្រោះថ្នាក់ចរាចរណ៍ និង គ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ។
សិល្បករពិការដៃសង ម៉ន ជា និងជាអតីតសិស្សនៅអង្គការ Epic Arts វ័យ៣០ឆ្នាំ ជាបុគ្គលម្នាក់ដែលធ្លាក់ខ្លួនពិការដោយគ្រោះថ្នាក់ដោយយថាហេតុមួយក្នុងឆ្នាំ២០១០។ លោកនិយាយថា លោកបានចំណាយពេលជាង៣ឆ្នាំ ដើម្បីធ្វើចិត្តទទួលយកការពិតដែលលោកត្រូវបាត់បង់ដៃសងខាង។លោកខិតខំប្រើប្រាស់សមត្ថភាព និង ទេពកោសល្យផ្នែកសិល្បៈ ដើម្បីបន្តជីវិតទៅមុខ។
ក្នុងនាមជាជនពិការ និងជាសិល្បករគំនួរប្រភេទប្លក់ព្រីន (Block Print)ម្នាក់ ម៉ន ជាបានឱ្យដឹងថា៖ «ខ្ញុំមិនចង់ឱ្យបងប្អូនណាម្នាក់ ទិញស្នាដៃខ្ញុំដោយសារការអាណិតនោះទេ។ ខ្ញុំចង់ឱ្យពួកគាត់ទិញដោយក្តីស្រឡាញ់លើរូប[គំនូរ]នោះផ្ទាល់»៕