លោក ង៉ែត រ៉ាឌី ជាសិល្បករជំនាញទម្រង់ល្ខោនខោល និងទម្រង់សហសម័យ។ ដោយទទួលការបណ្ដុះបណ្ដាលខាងផ្នែករបាំពីតាំងពីក្មេង ក្នុងសាលាមធ្យមវិចិត្រសិល្បៈ ជាតួស្វា ក្រោមទម្រង់ល្ខោនខោល លោករ៉ាឌីបានខិតខំដុសខាត់ជំនាញរបស់លោកផ្ទាល់ ក្នុងការបង្កើតស្នាដៃថ្មីៗ ដែលផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវនៅក្នុងសង្គមសម័យបច្ចុប្បន្ន។ ក្រៅពីផ្សព្វផ្សាយភាពច្នៃប្រឌិតនេះ ក្រោមលក្ខណៈជាទស្សនីយភាព លោកតែងតែមិនចោលនូវការបង្កប់អត្ថន័យអប់រំ និងផ្សព្វផ្សាយ ពីកេរមរតកសិល្បៈរបស់ខ្មែរទៅកាន់សាធារណជន។
និស្ស័យ សំណាង និងក្ដីស្រឡាញ់
ចាប់ពីអាយុ ១១ ឆ្នាំ លោករ៉ាឌី បានឈានជើងចូលក្នុងវិថីសិល្បៈ តាមរយៈការណែនាំពីបងជីដូនមួយ។ ពេលនោះ រ៉ាឌី បានមកភ្នំពេញ និងចូលហាត់រៀនរាំជាតួស្វាក្នុងល្ខោនខោល នៅសាលាមធ្យមវិចិត្រសិល្បៈ។ នាដក រូបនេះបានតស៊ូពុះពារ រហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក ដឹកនាំរឿងល្ខោនខោល ហើយអំឡុងពេលសិក្សានោះហើយដែល រ៉ាឌីបានខិតខំពង្រឹងទាំងសមត្ថភាព ទាំងទំនាក់ទំនងជាមួយសិល្បករជាតិ និងអន្តរជាតិតាមរយៈការចូលរួមកម្មវិធីផ្លាស់ប្ដូរវប្បធម៌ផ្សេងៗ។
ក្រៅពីការផ្សព្វផ្សាយកេរមរកតវប្បធម៌របស់ដូនតាខ្មែរ រ៉ាឌីក៏បានសម្រិតសម្រាំងស្នាដៃរបស់ខ្លួន ដោយប្រើបច្ចេកទេសទម្រង់សហសម័យ និងទម្រង់ដើមរបស់ក្បាច់បុរាណខ្មែរ។ ទាំងនេះ គឺក្នុងគោលបំណងឱ្យស្នាដៃនោះកាន់តែរស់រវើក និងបង្កប់ដោយខ្លឹមសារទាក់ទិនទៅនឹងជីវិត និងការយល់ឃើញនានារបស់លោក ចំពោះសង្គមនាពេលបច្ចុប្បន្ន។
យ៉ាងណាមិញ ជីវិតលើវិថីសិល្បៈក្នុងនាមជាអ្នកសម្ដែងមួយរូប មិនមានភាពរលូនឡើយ តួយ៉ាងដូចជាការជួបប្រទះបញ្ហាក្នុងរឿងទីផ្សារ។
ក្រោយពីរៀនចប់បាក់ឌុប លោក រ៉ាឌី បានជួបនឹងការសម្រេចចិត្តដ៏ពិបាកមួយ ដែល អាចឱ្យគាត់ទម្លាក់ចោលសិល្បៈ។ ដោយមានជីវភាពមិនសូវធូរធារ លោក រ៉ាឌី មានចិត្តចង់ជួយផ្គត់ផ្គង់គ្រួសារ តែនៅលើអាជីពលើវិថីសិល្បៈ មិនអាចផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់គាត់ទេ។ ដំណោះស្រាយចំពោះមុខនាពេលនោះ លោក រ៉ាឌី ពិចារណាគិតចង់ចូលរៀនគរុកោសល្យផង ឬទៅធ្វើការជាពលករកូរ៉េផង។ ហើយជម្រើសទាំងពីរនោះ សុទ្ធតែប្រឈមទៅនឹង ការឈានជើងចេញពីវិស័យសិល្បៈ។
វាអាចជាជោគវាសនាក៏ថាបាន នៅឆ្នាំ ២០០៩ សិល្បករវ័យក្មេងរូបនេះ ត្រូវបានអង្គការអម្រឹតាសិល្បៈ ដែលជាអង្គការអន្ដរជាតិគាំទ្រវិស័យសិល្បៈសហសម័យ ជ្រើសរើសរូបលោកធ្វើជាតួអង្គក្នុងសិល្បៈសម្ដែង បែបសហសម័យមួយនៅភ្នំពេញ។
ថ្វីដ្បិតតែពេលនោះ ជាការសម្ដែងទម្រង់សហសម័យទីមួយរបស់គាត់ក៏ពិតមែន តែព្រឹត្តិការណ៍នេះហើយ ដែលបានជំរុញទឹកចិត្តស្រឡាញ់សិល្បៈរបស់លោក រ៉ាឌី ឱ្យដុះដាលកាន់តែខ្លាំងឡើងម្ដងទៀត។ លោកបន្តថា ក្នុងការសម្ដែងនេះ គេបានយកកាយវិការក្បាច់បុរាណ មកផ្សារភ្ជាប់ជាមួយសម័យ ដែលធ្វើឱ្យគាត់មានអារម្មណ៍រំភើប និងដក់ចិត្តស្រឡាញ់សិល្បៈបែបនេះកាន់តែខ្លាំង។
ក្រោយការសម្ដែងត្រូវបានបញ្ចប់ រ៉ាឌីបានសម្រេចចិត្តបន្តថ្នាក់ឧត្តមសិក្សា។ នៅឆ្នាំ ២០១៤ លោកក៏ទទួលបានបរិញ្ញាបត្រផ្នែកដឹកនាំរឿងល្ខោនខោល ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅពេលដែលនិយាយពីរឿងនេះម្ដងៗ រ៉ាឌីគិតថា «វាជានិស្ស័យដែលខ្ញុំស្រឡាញ់ [ទម្រង់សហសម័យ] តាំងពីពេលនោះមក»។
ភាពអត់ធន់ចំពោះឧបសគ្គ និងការគាំទ្រពីមនុស្សជុំវិញ
ស្របពេលលោកកំពុងហាត់រៀន និងដុសខាត់ទេពកោសល្យនៅសាកលវិទ្យាល័យ ដើម្បីច្នៃបង្កើតស្នាដៃសិល្បៈនានា ពេលនោះមានឧបសគ្គហិរញ្ញវត្ថុលេចចេញមក។ ការសិក្សាជារឿងចាំបាច់ រីឯការផ្គត់ផ្គង់ជីវភាពក៏ជាបញ្ហាចម្បង ព្រោះលោករ៉ាឌីមានក្រុមគ្រួសារដែលត្រូវទំនុកបម្រុង។
លោកបានលើកឡើងថា៖ «មានគេនិយាយថា សិល្បករខ្មែរជាច្រើនជួបនឹងបញ្ហា [ថវិកា]»
ដូច្នេះហើយ នេះក៏ជាកត្តាមួយដែលខ្លួនលោកផ្ទាល់ ក្នុងនាមជាសិល្បករមួយរូប ចាំបាច់ត្រូវរកដំណោះស្រាយ ដើម្បីរកចំណូល។ ទោះបីជាការរកចំណូលចោទជាបញ្ហាចម្បងក៏ដោយ លោកបន្តដោយមោះមុតថា៖ «យើងមានតែខ្លួនយើងទេ ជាអ្នករកដំណោះស្រាយ។ អ៊ីចឹងសង្ឃឹមថា ការខិតខំស្វែងរកវិធីផ្សេងៗ ដើម្បីឱ្យខ្លួនឯងប្រសើរឡើង គឺជាផ្នែកមួយនៃការបន្តទៅមុខទៀត»។
ដោយសង្កេតឃើញពីការតាំងចិត្តតស៊ូ និងទេពកោសល្យរបស់រ៉ាឌី សហសេវិក និងសាស្ត្រាចារ្យរបស់គាត់ បានជំរុញ និងលើកទឹកចិត្តឱ្យលោកបន្ដទៅមុខទៀត និងខិតខំប្រឹងប្រែងបញ្ចេញស្នាដៃ ព្រមទាំងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់បរទេស។ នាដករូបនេះ ធ្លាប់បានទៅចូលរួមសម្ដែង និងសិក្សាស្វែងយល់ តាមរយៈកម្មវិធីផ្លាស់ប្ដូរបទពិសោធនានា ស្ដីពីទម្រង់សិល្បៈ ហើយបានធ្វើដំណើរពីទ្វីបអាស៊ី ទៅអឺរ៉ុប ទៅអាម៉េរិកជាដើម។
ថ្វីបើទីផ្សារសិល្បៈនៅកម្ពុជា មិនសូវទូលំទូលាយ អ្នករបាំសហសម័យរូបនេះ នៅតែទទួលបានការអញ្ជើញសម្ដែង ក្នុងកម្មវិធី ឬគម្រោងសិល្បៈនានាជាមួយសិល្បករដទៃ។
នៅឆ្នាំ ២០១៧ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានផ្តល់ជាអាហារូបករណ៍រយៈពេល ៧ ខែ ឱ្យអ្នករបាំវ័យក្មេងរូបនេះ ទៅសិក្សាស្រាវជ្រាវទាក់ទិននឹងក្បាច់រាំសហសម័យ នៅទីក្រុងញ៉ូវយ៉ក។ ក្នុងអំឡុងពេលនោះ លោក រ៉ាឌី បានទទួលការហ្វឹកហាត់របាំ និងចូលរួមសិក្ខាសាលា ព្រមទាំងព្រឹត្តិការណ៍វប្បធម៌នានា ដែលអនុញ្ញាតឱ្យលោក រ៉ាឌី បន្តពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង លើឆាកអន្តរជាតិ។
សិល្បកររូបនេះ ចង់ឱ្យសិល្បៈខ្មែរទទួលបានមុខមាត់នៅក្រៅប្រទេស ដើម្បីឱ្យគេឯងបានស្គាល់ពីប្រទេសកម្ពុជា និងមរតកវប្បធម៌ដ៏ផូរផង់នៃប្រទេសមួយនេះ។ លោករ៉ាឌីបានចាត់ទុកឱកាសធ្វើដំណើរសម្ដែងជុំវិញពិភពលោក គឺជាការអនុញ្ញាតឱ្យលោកពាំនាំកេរមរតកដូនតាខ្មែរ ដើរដល់ឆាកអន្ដរជាតិដែរ ហើយមនុស្សជាច្រើនចម្រុះជាតិសាស្ត្រ បានស្គាល់ពីអត្តសញ្ញាណរបស់ខ្មែរ និងយល់ពីតម្លៃរបស់សិល្បៈវប្បធម៌របស់ប្រទេសនេះដែរ។
លោក រាឌី បានរំឭកពីបទពិសោធនៃការសម្ដែងនៅក្រៅប្រទេសមួយ។ លោកនិយាយថា ពេលមុនចាប់ផ្ដើម គ្មាននរណាមើលមកគាត់ និងស្គាល់ថាគាត់ជានរណាទេ។ ប៉ុន្ដែក្រោយពីបានឡើងសម្ដែងលើកឆាកភ្លាម ក្រសែភ្នែកទាំងអស់បានផ្ដោតមកលើលោក។ ស្នូរទះដៃបានបញ្ចប់ អ្នកទាំងអស់បានមកឈរកុះករជុំវិញ និងសួរនាំគាត់ពីស្នាដៃនោះ។
លោក រ៉ាឌី នៅតែបន្តធ្វើការជាមួយអង្គការអម្រឹតាសិល្បៈ និងជាមន្ត្រីបម្រើកានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ជាអ្នកដឹកនាំក្រុុមរបាំក្រោមដំបូល។
សិល្បៈគឺលើសពីការកម្សាន្ដ
លោក រ៉ាឌី បានទទួលការហ្វឹកហាត់ ក្រោមទម្រង់ល្ខោនខោល ហើយបានឈានជើង ប្រឡូកក្នុងទម្រង់របាំសហសម័យ។ ចំណេះទាំងនេះ បានធ្វើសិល្បកររូបនេះ មានសមត្ថភាពសម្តែង ផលិត និងដឹកនាំ ស្នាដៃមួយចំនួនដូចជា The Feeling for Street Children, My Memory, Tension, Seasons of Cambodia។
នៅក្នុងស្នាដៃ ការចងចាំរបស់ខ្ញុំ ឬ My Memory ដែលលោកបានសម្ដែងនៅទីក្រុងញ៉ូវយ៉ក គឺបង្ហាញពីការហាត់រៀនរាំរបស់លោក រ៉ាឌី ពីវ័យក្មេង។ ការសម្ដែងនេះ ចាប់ផ្ដើមមុនដំបូងដោយ រ៉ាឌីបង្ហាញពីមូលដ្ឋាននៃការកម្ដៅសាច់ដុំ មុននឹងចូលចលនាក្បាច់បាត ដោយភ្ជាប់ជាមួយនឹងជំនាញនីមួយៗ ដូចជា តួយក្ស ស្វា និងតួនាយរោង។ ក្នុងការសម្ដែងនេះ រ៉ាឌី ប្រើបច្ចេកទេសសហសម័យ និងរំលេចលាយឡំជាមួយទម្រង់បុរាណ ដើម្បីឱ្យស្នាដៃនេះប្រកបដោយភាពរស់រវើក និងគួរឱ្យចង់ស្វែងយល់ផងដែរ។
ក្រៅពីនេះ លោកក៏បានធ្វើការជាមួយសិល្បករឆ្នើមៗ តួយ៉ាងដូចជា លោក ខ្វៃ សំណាង ដែលមានជំនាញខាងសិល្បៈចក្ខុទស្សនៈ ក្នុងស្នាដៃ “Where is my Land” ។ នៅក្នុងស្នាដៃនេះ បានបង្ហាញពីបញ្ហាបាក់ដី ដែលបានប៉ះពាល់ដល់ជីវភាពប្រជាជនមួយក្រុមនៅភ្នំពេញ។
ស្នាដៃនេះ បានថតនៅទីក្រុងភ្នំពេញនាទីតាំងបីផ្សេងៗគ្នា។ ស្នាដៃនេះជាវីឌីអូ បញ្ចាំងលើផ្ទាំងបីដាក់ទន្ទឹមគ្នា ដែលបង្ហាញពីតួអង្គ បញ្ចេញកាយវិការ តបទៅនឹងកម្រិតនៃការគំរាមកំហែងដល់ទីតាំងនីមួយៗ។ លោក រ៉ាឌី រួមនឹងអ្នកដឹកនាំរឿង បានធ្វើការបង្ហាញពីទុក្ខវេទនារបស់ប្រជាជន ដែលរស់នៅក្បែរច្រាំងទន្លេ ដែលត្រូវបានបង្ខំឱ្យចេញ និងបញ្ហាបរិស្ថាន ដែលត្រូវរងការគំរាមកំហែងពីការបូមដីខ្សាច់ពីទន្លេ។
ក្តីសង្ឃឹមសម្រាប់ជំនាន់ក្រោយ និងការបង្កើតជោគជ័យសម្រាប់ខ្លួនឯង
សិល្បករវ័យ៣៣ឆ្នាំរូបនេះ បាននិយាយថា សិល្បៈមានច្រើនទម្រង់ណាស់ ដូច្នេះក្រៅពីតួនាទីក្នុងការផ្សព្វផ្សាយ វាក៏អាចផ្តល់ការអប់រំផងដែរ។ លោកមានចក្ខុវិស័យមួយ គឺចង់ប្រើសិល្បៈ ជាមាគ៌ាសម្រាប់ផ្សព្វផ្សាយគំនិត និងខ្លឹមសាររបស់គាត់ទៅកាន់ទស្សនិកជន។
លោកក៏សង្ឃឹមផងដែរថា សិល្បករជំនាន់ក្រោយដែលប្រកបដោយទេពកោសល្យ នឹងស្វែងយល់ពីការប្រើប្រាស់សិល្បៈជាយាន ដើម្បីផ្សព្វផ្សាយពីការលើកកម្ពស់ការយល់ដឹង និងសកម្មភាពនានាដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវក្នុងសង្គម។
លោក រ៉ាឌី ជឿជាក់ថា ភាពជោគជ័យគឺអាចទទួលបានដោយសារតែការខិតខំតស៊ូ។ ចំពោះសិល្បករជំនាន់ក្រោយ គួរតែព្យាយាមផ្សារភ្ជាប់ស្នាដៃរបស់ខ្លួនជាមួយនឹងទីផ្សារបច្ចុប្បន្ន និងប្រកបដោយខ្លឹមសារដែលមានគុណប្រយោជន៍ដល់សង្គម។ គាត់សង្កត់ធ្ងន់ថា «ទាល់តែយើងខិតខំពង្រឹងសមត្ថភាពខ្លួនឯង រៀនបង្កើតឱកាសឱ្យខ្លួន ទើបពេលនោះហើយសំណាងនឹងមកដល់»៕
កំណត់សម្គាល់៖ នេះគឺជាកម្រងអត្ថបទជាមួយដៃគូផ្សព្វផ្សាយ KampumEra ដែលរាយការណ៍អំពីរឿងរ៉ាវរបស់យុវជនខ្មែរវ័យក្មេងដែលបានបង្កើតភាពជោគជ័យដោយខ្លួនឯង៕