អានបទសម្ភាសន៍ Focus ជាមួយកញ្ញា ពៅ ស៊ីនួន ជានារីឆ្នើមមួយរូប ដែលធ្វើការងារ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងមានមហិច្ឆតាចង់ទម្លុះរនាំងយេនឌ័រដែលចាក់ឬសចាក់គល់នៅក្នុងសង្គមខ្មែរ។
កញ្ញា ពៅ ស៊ីនួន គឺជាសហស្ថាបនិករបស់ចលនាទម្លុះ(Breakthrough) ជាចលនាមួយបង្កើតឡើងដោយក្រុមស្រ្តីវ័យក្មេងក្នុងគោលបំណងពង្រឹងសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជាតាមរយៈការបង្កើតមាតិកា និងវីដេអូនៅលើបណ្ដាញសង្គម។
មុនប្រឡូកក្នុងការងារនេះ កញ្ញាធ្លាប់ធ្វើការលើផ្នែកស្រាវជ្រាវទាក់ទងនឹងការរំលូតកូន ការពន្យារកំណើត និងសុខមាលភាពស្ត្រី។ តាមរយៈបទពិសោធន៍ប្រមាណ៣ឆ្នាំ បម្រើការងារក្នុងវិស័យនេះ គាត់ជឿជាក់លើអំណាចនៃការនិយាយរឿងរ៉ាវ និងចែករំលែកបទពិសោធន៍ទៅកាន់ស្ត្រី និងក្មេងស្រី ដែលអាចជួយបង្កើតឱ្យមានការផ្លាស់ប្តូរ និងសមភាពសង្គម។
Focus បានសហការជាមួយ កម្ពុអ៊ែរ៉ា ដើម្បីស្វែងយល់ពីដំណើរដើមទង នៃជីវិតការងាររបស់អ្នកដឹកនាំវ័យក្មេងរូបនេះ ដែលធ្វើការយ៉ាងសកម្មក្នុងការពង្រឹងសមភាពយេនឌ័រនៅកម្ពុជា។
១. ហេតុអ្វីបានជាអ្នក ចាប់ផ្ដើមចូលរួមការលើកកម្ពស់ស្ត្រីនិងសមភាពយេនឌ័រ?
ខ្ញុំបានមើលឃើញពីភាពអយុត្តិធម៌ច្រើន ដែលកើតមានទៅលើស្ត្រីនិងក្មេងស្រី តាមរយៈបទដ្ឋានសង្គមមួយចំនួន ដែលបានដាក់គំនាបមកលើស្ត្រីដូចជា ការរើសអើងភេទ ឱកាសទទួលបានការសិក្សាខ្ពស់។ ជាពិសេស វប្បធម៌ស្តីបន្ទោសជនរងគ្រោះ ការរឹតត្បិតសិទ្ធិសេរីភាពក្នុងការសម្រេចចិត្ត។ ខ្ញុំយល់ថាទង្វើទាំងនេះ បានធ្វើឱ្យស្ត្រី មិនហ៊ានធ្វើការសម្រេចចិត្ត និងមិនអាចរស់នៅដោយភាពជាខ្លួនឯង និងឯករាជ្យបាន។
សូម្បីតែរូបខ្ញុំផ្ទាល់ ព្រមទាំងគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ យល់ថាស្ត្រីត្រូវបានសង្គមកំណត់ទិសដៅច្រើន ហើយត្រូវបានគេឱ្យវាយតម្លៃគ្រប់ជំហាន។ ខ្ញុំគិតថាបញ្ហាទាំងអស់នេះមិនអាចបន្តដូចនេះទៀតបានឡើយ ព្រោះវាមិនមែនជាបញ្ហាតូចតាចនោះទេ ប៉ុន្តែវាជាបញ្ហាដ៏ធំមួយ ដែលត្រូវការផ្លាស់ប្ដូរ។ ហេតុនេះ ខ្ញុំសម្រេចចិត្តធ្វើការក្នុងវិស័យនេះ ដើម្បីចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ។
២. តើការងារនេះ បានផ្លាស់ប្តូរខ្លួនអ្នក និងសង្គមដូចម្ដេចខ្លះ?
សម្រាប់ខ្លួនឯងផ្ទាល់ គឺមានការផ្លាស់ប្ដូរច្រើន។ ពីមុនខ្ញុំធ្លាប់ជាមនុស្ស ដែលមិនសូវនិយាយច្រើន និងមិនចូលចិត្តចូលរួមសកម្មភាពសង្គមឡើយ ។ ប៉ុន្តែតាមរយៈការងារទាំងអស់នេះ វាបានធ្វើឱ្យខ្ញុំងាកទៅធ្វើការងារ ដែលមិនធ្លាប់ធ្វើពីមុនមក ហើយបេ្តជ្ញាចិត្តចង់ដោះស្រាយបញ្ហាប្រឈមក្នុងជីវិតការងារនេះ ។ ម្យ៉ាងទៀត តាមរយៈការចែករំលែកបទពិសោធន៍ និងនិយាយរឿងរ៉ាវ បានជួយឲ្យខ្ញុំស្វែងយល់បញ្ហាកាន់តែច្រើន មានភាពក្លាហានជាងមុន និងហ៊ានប្រឈមមុខច្រើន ជាពិសេសខ្ញុំអាចរកឃើញខ្លួនឯង និងអ្វីដែលខ្ញុំចង់ធ្វើ។
សម្រាប់សង្គមវិញ ការជះឥទ្ធិពល និងការផ្លាស់ប្ដូរ ជាអ្វីដែលខ្ញុំបានមើលឃើញ។ ស្ថានភាពមួយដែលខ្ញុំចងចាំមិនភ្លេច គឺនៅពេលបំពេញការងារជាអ្នកផ្សព្វផ្សាយក្នុងសហគមន៍ នៅឯតំបន់ដាច់ស្រយាលមួយក្នុងខេត្តមណ្ឌលគីរី
ដែលការយល់ដឹងពីលើរឿងបញ្ហាយេនឌ័រនៅមានកម្រិតនៅឡើយ។ តាមរយៈវគ្គសិក្សាដែលយើងបានធ្វើនៅទីនោះ បានធ្វើឱ្យនារីម្នាក់ផ្លាស់ប្តូរគំនិតដែលចង់សម្លាប់ខ្លួនជាច្រើនដង ព្រោះគាត់គិតថាគ្មានអ្នកណាឱ្យតម្លៃមកលើគាត់ ហើយជីវិតគាត់ក៏គ្មានន័យដែរ។ ប៉ុន្តែវគ្គសិក្សានោះ បានធ្វើអោយគាត់ចេះផ្ដល់តម្លៃឱ្យខ្លួន និងយល់ពីខ្លួនឯងបានច្រើន។ ហើយទោះបីគ្មានអ្នកណាស្រឡាញ់គាត់ តែគាត់ក៏ស្រឡាញ់ខ្លួនឯងដែរ។ ដូច្នេះហើយ ខ្ញុំគិតថាការងារនេះមិនត្រឹមតែជួយផ្លាស់ប្តូរផ្នត់គំនិតនោះទេ ពេលខ្លះ វាថែមទាំងជួយដល់អាយុជីវិតមនុស្សទៀតផង។
ក្រៅពីនេះ ខ្ញុំឃើញមានការផ្លាស់ប្ដូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកចូលរួម តាមរយៈ ចលនាទម្លុះ(Breakthrough) ដែលបានផ្សព្វផ្សាយនិងផ្តល់ជាចំណេះដឹងក្នុងទម្រង់ជាការផលិតវីដេអូ ដោយមានអ្នកទស្សនាច្រើន និងទទួលបានមតិវិជ្ជមាន និងសាកសួរតាមផេកជារឿយៗ។ ទោះបីជាមានការផ្លាស់ប្ដូរច្រើន ប៉ុន្តែនៅមានបញ្ហាច្រើនទៀត ដែលយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយ ហើយយើងខ្ញុំនឹងនៅតែបន្តបេសកម្មនេះបន្តទៀត។
៣. តើអ្នកបានជួបឧបសគ្គអ្វីខ្លះ ក្នុងការធ្វើឱ្យមនុស្សនៅជុំវិញខ្លួនមើលឃើញបញ្ហាទាំងនេះ?
ដើម្បីឱ្យមនុស្សនៅជុំវិញខ្លួនយល់ពីសមភាពយេនឌ័រ លុះត្រាតែយើងឱ្យពួកគេយល់ថាវាជាបញ្ហាជាមុនសិន។ ការកែប្រែផ្នត់គំនិតរបស់មនុស្សជារឿងលំបាក ព្រោះពួកគាត់បានរស់នៅជាមួយស្ទើរតែ២០ ទៅ៥០ឆ្នាំទៅហើយ។ ការមិនចូលរួម មិនខ្វាយខ្វល់ មិនបើកចំហចិត្តក្នុងការទទួលយកអ្វីដែលថ្មី និងពាក្យសម្តីបំបាក់ទឹកចិត្ត នៅតែជាឧបសគ្គចម្បង។
សម្រាប់បញ្ហាចម្បងមួយទៀតគឺ ទម្លាប់ប្រពៃណីមិនល្អមួយចំនួននៅតែបន្តអនុវត្ត រហូតវាក្លាយជារឿងធម្មតា និងគំរូអវិជ្ជមានក្នុងសង្គម។ ម៉្យាងទៀតសង្គមយើងពិបាកត្រង់ថា មនុស្សចូលចិត្តធ្វើអ្វីតាមគ្នា នៅពេលយើងឃើញមនុស្សជុំវិញខ្លួនថាត្រូវ នោះយើងច្រើនគិតថាវាត្រឹមត្រូវដូចគ្នា។ ដូច្នេះ ដើម្បីអាចធ្វើការកែប្រែទៅមុខបាន ទាល់តែយើងត្រូវមានអ្នកតំណាងស្ត្រី ឬស្ត្រីគំរូ ដែលបង្ហាញថាស្ត្រីក៏អាចធ្វើបានដែរ។ ដោយឡែក វានៅតែជាឧបសគ្គ ខណៈពេលដែលស្ត្រីនៅរងគំនាបច្រើន ហើយត្រូវមកជម្នះសម្ពាធទាំងនេះ ដើម្បីក្លាយជាស្រ្តីគំរូបាន។
៤.តើបងធ្វើយ៉ាងណា ដើម្បីឲ្យមនុស្សនៅជុំវិញខ្លួនផ្ដល់តម្លៃនិងចូលរួមសកម្មភាព?
ទីមួយ គឺត្រូវចាប់ផ្តើមចេញពីខ្លួនឯង ព្យាយាមកុំបោះបង់។ នៅពេលដែលយើងនិយាយម្ដងគេអាចនឹងមិនខ្វាយខ្វាល់ មិនអើពើ សូមព្យាយាមនិយាយឱ្យបានច្រើនដង ដើម្បីទាញចំណាប់អារម្មណ៍របស់ពួកគាត់ក្នុងការចូលរួម។ ម្យ៉ាងទៀត ព្យាយាមចែករំលែករឿងរ៉ាវ និងបទពិសោធន៍របស់អ្នក ទៅកាន់មនុស្សជុំវិញខ្លួន។
ទីពីរ គឺសាមគ្គីភាព។ ការចូលរួមដោះស្រាយបញ្ហានៅក្នុងសង្គមជាគន្លឹះសំខាន់ ព្រោះយើងជាមនុស្សដែលរស់ក្នុងសង្គមតែមួយ ត្រូវចេះជួយនិងចូលរួមសាមគ្គីគ្នាដើម្បីផ្សព្វផ្សាយបញ្ហាទាំងអស់ដែលបានកើតឡើង និងជម្រុញឲ្យមនុស្សជុំវិញខ្លួនបានដឺង និងទទួលស្គាល់ពីបញ្ហា។
ទីបី ជាគន្លឹះមួយរបស់ ចលនាទម្លុះ (Breakthrough) ផងដែរ ដែលពាក់ព័ន្ធនឹងការបន្តដំណើរទៅមុខ ជាមួយនឹងការច្នៃប្រឌិត និងការទាក់ទាញ។ ចលនាទម្លុះ (Breakthrough) ជាមាតិកាថ្មីមួយ ដែលអាចទាក់ទាញមនុស្សមកយល់ពីបញ្ហាសង្គម ជាពិសេសសមភាពយេនឌ័រ តាមរយៈការបង្កើតជាវីដេអូដែលមានភាពច្នែប្រឌិត និងទាក់ទាញ។
៥. តាមរយៈបទពិសោធន៍ការងារនិងការចូលរួមរបស់អ្នក តើយុវជនអាចធ្វើបានអ្វីខ្លះក្នុងការធ្វើឱ្យផ្លាស់ប្ដូរបញ្ហានេះជាវិជ្ជមានក្នុងសង្គម?
តាមរយៈទស្សនៈខ្ញុំផ្ទាល់យល់ថា យុវជនជាគន្លឹះនៃការផ្លាស់ប្ដូរ មិនថាជាស្រ្តី បុរស ឬអ្នកស្រឡាញ់ភេទដូចគ្នា ។ អ្វីដែលយុវជនអាចធ្វើបាន គឺត្រូវចាប់ផ្តើមចេញពីខ្លួនឯងជាមុនសិន មានន័យថា យើងត្រូវមើលឃើញនិងទទួលស្គាល់នូវបញ្ហាដែលកើតមាន ហើយត្រូវចេះថ្លឹងថ្លែងរាល់សកម្មភាព និងមិនរំលោភលើសិទ្ធិអ្នកដទៃឡើយ។
មួយទៀត គឺការបន្លឺសម្លេង។ ភាពក្លាហានក្នុងការចែករំលែកបទពិសោធន៍ និងរឿងរ៉ាវ ជាអំណាចមួយដ៏សំខាន់ ហើយជាអ្វីដែលយុវជនអាចធ្វើបាន។ ជាក់ស្ដែងដូចជាចលនាទម្លុះកំពុងធ្វើ គឺការយកសាច់រឿងជាក់ស្ដែង មកចែករំលែក និងផ្តល់ចំណេះដឹង ដើម្បីលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រទទួលបាននូវបានសមភាពយេនឌ័រ។
ចុងក្រោយ គឺយុវជនអាចចូលរួមជាសកម្មភាពផ្សេងៗ ក្នុងសង្គមដើម្បីចូលរួមលុបបំបាត់បញ្ហាទាំងអស់នេះ។ យុវជនអាចចូលរួមធ្វើការងារស្ម័គ្រចិត្ត ចែករំលែកពីបញ្ហានិងរឿងរ៉ាវដែលខ្លួនដឹង។ ម្យ៉ាងទៀត វាជាការលើកទឹកចិត្តដល់យុវជនដទៃទៀត មិនឱ្យមានអារម្មណ៍ថាឯកោ ។ ជាពិសេស ការក្រោកឈររបស់យុវជនចំពោះបញ្ហា អាចធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមានក្នុងសង្គមបាន៕