ជួបជាមួយ សៀង សុខចេង ជាសហស្ថាបនិកគេហទំព័រវប្បធម៌ ដែលជាអ្នកបង្កើតមាតិកាទាក់ទងនឹងវប្បធម៌ ជំនាន់ថ្មីរបស់កម្ពុជា។
នៅក្នុងយុគឌីជីថលនេះ គឺមិនមានភាពងាយស្រួលនោះទេ គេចចេញពីឥទ្ធិពលនៃវប្បធម៌ដទៃ ដែលរីកសុះសាយនៅក្នុងអ៊ីនធើណិត។ សម្រាប់ កញ្ញា សៀង សុខចេង ជាសហស្ថាបនិកគេហទំព័រ វប្បធម៌ យល់ច្បាស់ពីតម្រូវការរបស់យុវជនកម្ពុជា។ នោះគឺជាប្រាជ្ញា ចំណេះដឹង ជាជំនួយក្នុងការបែងចែក ពីអ្វីដែលពួកគេគួរទទួលយក និងអ្វីដែលមិនគួរជៀសវាង។
នៅក្នុងដំណើរការបង្កើតគេហទំព័រ វប្បធម៌ កញ្ញា សុខចេង បានចាប់ផ្តើមនឹកឃើញដល់ ខ្មែរជំនាន់មុន អំពីរបៀបគិត ចំពោះរឿងរ៉ាវមួយចំនួន ជាពិសេសនៅអំឡុងពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង។ ក្នុងរយៈពេលគ្រប់គ្រងជិតមួយសតវត្សនោះ បារាំងក៏បាននាំយកមកនូវ ផ្នត់គំនិត ទស្សនៈថ្មី និងបែបផែននៃការរស់នៅថ្មី ចូលមកប្រទេសកម្ពុជា។
ផ្តើមចេញពីការចង់ដឹង ចង់ឭ និងងឿងឆ្ងល់ចំពោះទស្សនៈ ក៏ដូចជាការគិតរបស់ខ្មែរជំនាន់មុន ចំពោះរឿងរ៉ាវ ដែលកើតឡើង ទើបធ្វើអោយយុវតីសៀង សុខចេង ចាប់ផ្តើមរកអាននូវឯកសាររបស់ខ្មែរពីជំនាន់នោះ។
ក្នុងចំណោមឯកសារចាស់ៗនោះ កញ្ញាបានចាប់អារម្មណ៍ជាងគេ ចំពោះទស្សនាវដ្តី «កម្ពុជសុរិយា» ដែលនិយាយអំពីអក្សរសាស្ត្រខ្មែរ និងសាសនា ចេញផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត តាំងតែពីឆ្នាំ១៩២៦។ ដំណើរការបោះពុម្ពផ្សាយ ត្រូវបានបង្អាក់ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច។ សុខចេង បានបន្ថែមថាសម័យសង្គ្រាមស៊ីវិលនោះ ទើបធ្វើអោយវប្បធម៌ខ្មែរ ហាក់បាត់អស់រយៈពេល២០ទៅ៣០ឆ្នាំ។
ដោយមានកុមារភាពក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៩០ សុខចេងគិតថា ខ្លួនមានសំណាង ដែលបានធំដឹងក្តី និងទទួលបានការអប់រំត្រឹមត្រូវ ក្នុងពេលមួយដែលកម្ពុជាចេញផុតពីសង្គ្រាមស៊ីវិលរួចទៅហើយ។ ប៉ុន្តែសំណាងនោះ ក៏ភ្ជាប់មកជាមួយនឹងកាតព្វកិច្ចជំរុញវប្បធម៌ខ្មែរ ឱ្យរស់រានឡើង តទៅមុខ។
«យើងអាចនឹងមានកាតព្វកិច្ច ក្នុងការព្យាយាមជួយស្តារវប្បធម៌ឱ្យឡើងតទៅទៀត ព្រោះអីយើងបានឈប់អស់រយៈពេលយូរដែរ។» នេះបើតាមការលើកឡើងរបស់កញ្ញា សុខ ចេង នៅក្នុងវីដេអូនៃបទសម្ភាសន៍ជាស៊េរី #ADayInTheLife របស់ KampumEra។
វីដេអូស៊េរីនោះ គឺជាការជួបជាមួយយុវជនខ្មែរវ័យក្មេង ដែលបានបង្កើតភាពជោគជ័យដោយខ្លួនឯង។ ក្នុងនោះដែរ កញ្ញាសុខចេងត្រូវបានគេស្គាល់ថា ស្ថិតនៅក្នុងយុវជនដែលទទួលស្គាល់ភាពជឿនលឿន បង្កើតថ្មី និងការត្រិះរិះតាមរយៈការងាររបស់កញ្ញា តាមរយៈគេហទំព័រ វប្បធម៌។
ក្នុងដំណើរជាមួយ វប្បធម៌
គេហទំព័រនេះ គឺជាវេទិកាអនឡាញមួយ ផ្តោតលើវប្បធម៌ សង្គម និងសិល្បៈខ្មែរ បង្កើតឡើងដោយបុគ្គលសាមញ្ញម្នាក់ ដែលមានបំណងកសាងអនាគតប្រសើរមួយ។ ការផលិតមាតិកា មានភ្ជាប់ជាមួយនឹងផ្ទាំងរូបភាពតុក្កតារចនាបែបស្អាតៗ មានភាពទាក់ទាញសម្រាប់យុវវ័យ។
បន្ទាប់ពីដំណើរការ វប្បធម៌អស់រយៈពេលបួនឆ្នាំមក ការងារនេះបានបង្រៀនសុខចេងនូវមេរៀនជាច្រើន ដែលខ្លួនមិនបានរំពឹងទុក។ វាថែមទាំងធ្វើអោយកញ្ញា មានអារម្មណ៍ថាមានទំនាក់ទំនងជិតស្និទ្ធជាងមុន ជាមួយនឹងដូនតាខ្មែរ បន្ទាប់ពីចំណាយពេលអង្គុយអានសៀវភៅខ្មែរបុរាណ កត់ត្រា និងសរសេរជាអត្ថបទ ដើម្បីចែករំលែកបន្តនៅលើវប្បធម៌។
ការងារនោះ ផ្តល់ឱកាសអោយសុខចេង បានទៅជីកកកាយរកឃើញកំណប់ចាស់ ដែលត្រូវបានកប់ចោល និយាយទាក់ទងអំពីប្រវត្តិសាស្រ្តខ្មែរ ជាពិសេសគឺ ទស្សនៈខ្មែរជំនាន់មុខ។
«ភាពចង់ចេះចង់ដឹង និងការអត់ធ្មត់ គឺជាគ្រឿងផ្សំពីរ ដែលអាចបង្កើតឱកាសល្អៗឱ្យយើងបានជាច្រើន»
សំណាង និងការខិតខំប្រឹងប្រែង
បើនិយាយពីសំណាង សុខចេង ទទួលស្គាល់ថា ពេលខ្លះមានរឿងមួយចំនួនកើតឡើង ដែលមិនអាចបកស្រាយបាន ក្នុងការនាំអោយខ្លួនទទួលជោគជ័យ។ ប៉ុន្តែសុខចេង មិនមែនជាមនុស្សដែលជឿលើសំណាងខ្លាំងពេកដែរ។
«បទពិសោធន៍ខ្ញុំផ្ទាល់ ភាពជោគជ័យមួយ គឺអាចថាសំណាង២០% ដែលអត់អាចបកស្រាយបាន។ ប៉ុន្តែ ៨០%គឺមកពីយើង»។
សៀង សុខចេង – ស្ថាបនិក វប្បធម៌-Wapatoa
ដោយសង្កត់ធ្ងន់លើពាក្យ ៨០% កញ្ញាបានលើកយកការប្រៀបធៀប ទាក់ទងទៅនឹងភាពជោគជ័យរបស់វប្បធម៌ដែលកើតឡើងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារផ្ទាល់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ ក្នុងនោះរួមមានដូចជា ការខិតខំប្រឹងរកចំណូល រៀបចំយុទ្ធសាស្រ្ត និងផែនការប្រចាំឆ្នាំ ដើម្បីអោយគេហទំព័រ វប្បធម៌ អាចបន្តដំណើរទៅមុខទៀតបាន។
រយៈពេលពីរឆ្នាំចុងក្រោយនេះកញ្ញា និងក្រុមការងារបានចាប់ផ្តើម សាកល្បងជាមួយគម្រោងថ្មីមួយ មានឈ្មោះថា «Wapatoa Media Collective»។ គម្រោងនេះ ជួយអ្នកបង្តើតមាតិកាតូចៗ ដទៃទៀត ដើម្បីពង្រឹងគុណភាពក្នុងការផលិតមាតិកាល្អៗ ដោយមានការណែនាំដោយក្រុមការងារ វប្បធម៌ នៅពីក្រោយផងដែរ។
ក្តីស្រមៃចំពោះវប្បធម៌
សុខចេង បានបន្ថែមថា សិល្បៈ វប្បធម៌ និងភាពច្នៃប្រឌិត មានសមត្ថភាពពិសេស ដែលអាចជ្រាបដល់បេះដូងរបស់ទស្សនិកជន ឬអ្នកទទួលមាតិកាប្រភេទនោះ។
«វាជាចលករដែលអាចជួយឱ្យប្រទេសយើងអភិវឌ្ឍបាន ទៅផ្លូវល្អ។ ហើយវាក៏ជាចលករដែលធ្វើឱ្យពិភពលោកយើង វិលទៅមុខផងដែរ។»
ក្តីស្រមៃរបស់សុខចេងចំពោះគេហទំព័រវប្បធម៌ គឺកញ្ញាចង់ឃើញយុវជនខ្មែរយើង ចាប់ផ្តើមចាប់អារម្មណ៍មកលើវប្បធម៌ ហើយចាប់ផ្តើមមើល និងអានច្រើនជាងមុន។
សម្រាប់សុខចេង នៅក្នុងផ្នែកមួយនៃការអភិរក្សវប្បធម៌ ឬទំនៀមទម្លាប់ខ្មែរដែលយើងមាន គឺត្រូវផ្តើមចេញពីក្តីស្រឡាញ់ ដែលចេញពីចិត្ត ប៉ុន្តែមិនមែនជាការបង្ខំខ្លួនឯងឱ្យស្រឡាញ់នោះទេ។
ហើយអ្វីដែលជាចំនុចចាប់ផ្តើមនោះ គឺជាការចំណាយពេល ដើម្បីស្វែងយល់ពីរបស់ទាំងនោះ។ វាគឺជាក្តីស្រឡាញ់ដែលចេញពីចិត្ត ដូចអ្វីដែលសុខចេង កំពុងធ្វើជាមួយគេហទំព័រ វប្បធម៌ ដែរ។
ការស្រឡាញ់វប្បធម៌ខ្មែរ ត្រូវចាប់ផ្តើមចេញពីការឈ្វេងយល់ពីប្រភពដើម។ នេះគឺជាអ្វីដែលសុខចេង លើកទឹកចិត្តដល់យុវជនខ្មែរ នៅក្នុងកិច្ចការលើកស្ទួយវប្បធម៌ខ្មែរ ឱ្យរស់រាន រីកចម្រើនតទៅមុខទៀត៕
កំនត់សម្គាល់៖ នេះគឺជាកម្រងអត្ថបទជាមួយដៃគូផ្សព្វផ្សាយ KampumEra ដែលរាយការណ៍អំពីរឿងរ៉ាវរបស់យុវជនខ្មែរវ័យក្មេងដែលបានបង្កើតភាពជោគជ័យដោយខ្លួនឯង