ក្រុមហ៊ុន GreenYellow បង្កើតឡើងក្នុងឆ្នាំ ២០១៨ នៅប្រទេសកម្ពុជា បានរកឃើញលក្ខណៈពិសេសរបស់ខ្លួន នៅក្នុងទីផ្សារផលិតថាមពលរបស់ប្រទេសនេះ។
ថាមពលកកើតឡើងវិញ សំដៅទៅលើដំណោះស្រាយបែបថាមពលបៃតង ដែលសន្យាផ្ដល់អនាគត ប្រកបដោយនិរន្តរភាពដល់ពិភពលោក។ ក្រុមហ៊ុនថាមពលGreenYellow របស់ប្រទេសបារាំង ដែលដំណើរការនៅក្នុងបណ្ដាប្រទេសតំបន់ត្រូពិកជាច្រើន គឺកំពុងព្យាយាមដោះស្រាយតម្រូវការថាមពល ដែលកំពុងកើនឡើង ហើយជាពិសេស នៅប្រទេសកម្ពុជា និងប្រទេសជិតខាងមួយចំនួន ដូចជាប្រទេសវៀតណាម និងប្រទេសថៃផងដែរ។ ក្រុមហ៊ុនគ្រប់គ្រងថាមពលមួយនេះ ធ្វើការលើគម្រោងចំនួនជាង ២០០០ សម្រាប់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងគម្រោង ថាមពលពីពន្លឺព្រះអាទិត្យ មានទំហំ ៣០០ មេហ្គាវ៉ាត់។
ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល សង្កត់ធ្ងន់លើការកាត់បន្ថយនៃការប្រើប្រាស់ថាមពលរបស់រោងចក្រ ឬទីតាំងណាមួយ ខណៈដែលអាចរក្សាបានកម្រិតសេវាកម្មដដែល ហើយព្រមទាំងអាចពង្រឹងនូវសមត្ថភាពឧបករណ៍អគ្គិសនី និងអាចនាំមកនូវស្វ័យប្រវត្តិកម្មចូលមក(automation)ទីតាំងនោះ។
ក្រុមហ៊ុនលក់ទំនិញរាយជាច្រើន ដូចជាផ្សារទំនើបនៅប្រទេសវៀតណាមនិងថៃ បានអនុវត្តគម្រោងនៃគំរូប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលពីក្រុមហ៊ុន GreenYellow រួចមកហើយ ដោយមានការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាសំខាន់ៗបី៖ គឺប្រព័ន្ធកំណត់ស្វ័យប្រវត្តិកម្ម ប្រសិទ្ធិភាពឧបករណ៍ប្រើប្រាស់ និងបច្ចេកវិទ្យាត្រួតពិនិត្យ។
គំរូអាជីវកម្មដែលផ្ដោតលើការផ្ដល់សេវាកម្មថាមពល (Energy Service Company) ដ៏គួរឱ្យចាប់អារម្មណ៍របស់ក្រុមហ៊ុនថាមពលនេះ អាចបង្កើតប្រាក់ចំណូលតាមរយៈ ការចែករំលែកផលចំណេញមកពីការសន្សំសំចៃថាមពលរបស់អតិថិជនខ្លួន ខណៈដែលក្រុមហ៊ុនផ្ដល់ជូននូវការដំឡើងឧបករណ៍។ គំរូអាជីវកម្មនេះបានធ្វើឱ្យក្រុមហ៊ុនទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសហគ្រាសឯកជនផ្សេងៗគ្នា។
ក្រុមហ៊ុនGreenYellow ប្រើប្រាស់ថវិកា ចំណេញមកពីការសន្សំថាមពល ចំនួន ៥០ ភាគរយ ដើម្បីចំណាយលើថ្លៃដើម (ឧបករណ៍) និង ថវិកាចំណេញចំនួន៥០ ភាគរយទៀត ត្រូវបានបែងចែកស្មើគ្នារវាងក្រុមហ៊ុននិងអតិថិជន (25%-25%)។ ដូច្នេះ ទាំងក្រុមហ៊ុន និងអតិថិជន ទទួលបានការចំណេញស្មើៗគ្នាពីការសន្សំថាមពល។
ក្រុមហ៊ុនថាមពល GreenYellow ផ្ដោតលើវិស័យពីរសំខាន់ៗ គឺប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងគម្រោងថាមពលពន្លឺព្រះអាទិត្យ។ យ៉ាងណាមិញ នៅប្រទេសកម្ពុជា គម្រោងស្នូលរបស់ក្រុមហ៊ុននេះ នៅពេលបច្ចុប្បន្ន ផ្ដោតទៅលើការផលិតថាមពលពីពន្លឺព្រះអាទិត្យ ជាជាងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដោយសារទីផ្សារកម្ពុជានៅមានចំនួនតិច បើប្រៀបធៀបនឹងបណ្ដាប្រទេសជិតខាង បើទោះបីជាមានការកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ថាមពលក៏ដោយ ។
កត្តារឹតត្បិតមួយផ្សេងទៀត គឺទំហំនៃប្រសិទ្ធិភាព និងកង្វះនៃប្រភេទក្រុមហ៊ុនដែលទីតាំងនៅច្រើនកន្លែង នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ នៅប្រទេសថៃ ក្រុមហ៊ុនលក់ទំនិញរាយមួយ អាចមានទីតាំងចែកចាយចំនួន ៣០០ កន្លែង នៅទូទាំងប្រទេស ដូច្នេះ ការសម្រេចបានកិច្ចសន្យាមួយជាមួយក្រុមហ៊ុននោះ អាចនាំចូលនូវគម្រោងជាច្រើនទៀតសម្រាប់ទីតាំងផ្សេងៗគ្នា។
ដោយឡែកនៅប្រទេសកម្ពុជា ក្រុមហ៊ុន GreenYellow ត្រូវកំណត់គោលដៅគម្រោង ម្ដងមួយៗ ជាមួយក្រុមហ៊ុនលក់រាយផ្សេងៗគ្នា។ ជាមួយគ្នានេះផងដែរ ដំណើរការនីមួយៗ មានបញ្ហាប្រឈមច្រើន ដូចជាហេតុផលបច្ចេកទេស ជាពិសេសអស្ថិរភាពនៃបណ្ដាញអគ្គិសនី កម្រិតថាមពល(វ៉ុល)មិនទៀងទាត់ និងការដាច់ចរន្តអគ្គិសនីជាដើម។
នាពេលថ្មីៗនេះ ក្រុមហ៊ុនថាមពល GreenYellow បានសាងសង់គម្រោង កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យមួយ នៅខេត្តកំពង់ចាម បង្កើតថាមពលអគ្គិសនីរហូតទៅដល់ ១,៥ មេហ្គាវ៉ាត់ ហើយក្រុមហ៊ុននេះក៏កំពុងគ្រប់គ្រងគម្រោងជាច្រើន ជាមួយក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីផ្គត់ផ្គង់ថាមពលប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Green Yellow មានគម្រោងថាមពលពន្លឺព្រះអាទិត្យផ្សេងៗទៀត ដែលកំពុងស្ថិតនៅដំណាក់កាលសាងសង់ ហើយនឹងអាចបបង្កើតថាមពលសរុបប្រហែលជាង ៥ មេហ្គាវ៉ាត់ ក្រោយពេលដំណើរការ។
ថាមពលពន្លឺព្រះអាទិត្យ គឺចំណាយអស់ថ្លៃទាប រហូតដល់ ៦ សេនក្នុងមួយគីឡូវ៉ាត់ម៉ោង (kWh) សម្រាប់ប្រតិបត្តិការធំៗ និងពី ៧ ទៅ ១០ សេនក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់ក្រុមហ៊ុនដែលមានគម្រោងតូចៗ។
ក្រុមហ៊ុនថាមពល GreenYellow ផ្ដោតលើការផ្ដល់ជូននូវដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ដល់ក្រុមហ៊ុនឯកជន និងអភិវឌ្ឍគម្រោងផលិតថាមពលអគ្គីសនីតូចៗ ដើម្បីធ្វើការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងដំណាក់កាលនៃការផ្លាស់ប្ដូរការប្រើប្រាស់និងការកើនឡើងនូវតម្រូវការថាមពលរបស់ខ្លួន។
ដោយឡែកថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន GreenYellow ពុំទាន់មានការផ្គត់ផ្គង់ សម្រាប់ការប្រើប្រាស់ ជាលក្ខណៈគ្រួសារនៅឡើយនោះទេ។
យ៉ាងណាមិញ ក្រុមហ៊ុនធំៗមួយចំនួននៅក្នុងប្រទេសកម្ពុជា អាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីថាមពលបៃតងនិង ឬប្រភពថាមពលដែលមិនមានកាបូន ជាពិសេសនោះ គឺថាមពលពន្លឺព្រះអាទិត្យ៕
អត្ថបទនេះ គឺជាផ្នែកមួយនៃកម្មវិធីសប្តាហ៍ថាមពលស្អាត២០២០ (Clean Energy Week Cambodia 2020)។ ស្វែងយល់បន្ថែមពី កម្មវិធីសប្តាហ៍ថាមពលស្អាត២០២០នៅទីនេះ៖ http://cleanenergycambodia.org/cleanenergyweek